A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 June 2015

ប្រជា​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​បារម្ភ​សត្វ​ព្រៃ​ប្រឈម​ផុត​ពូជ

ដោយ សូត សុខប្រាថ្នា
2015-06-06 rfa

បណ្ដាញ​អ្នក​ការពារ​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ព្រួយ​បារម្ភ​ថា​ប្រភេទ​សត្វ​ព្រៃ​មួយ​ចំនួន​កាន់​តែ​ថយ​ចុះ​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ការ​ថយ​ចុះ បណ្ដាល​មក​ពី​សកម្មភាព​បរបាញ់ និង​ចរាចរ​សត្វ​ព្រៃ​ដោយ​គ្មាន​ការ​ទប់ស្កាត់ រួម​នឹង​ការ​បំផ្លាញ​ជម្រក​សត្វ​ទាំង​នោះ​ផង។ យ៉ាង​ណា មន្ត្រី​ជំនាញ​ព្រៃ​ឈើ អះអាង​ដដែលៗ​ថា​គ្មាន​សកម្មភាព​បរបាញ់​ជា​លក្ខណៈ​ធ្វើ​ជំនួញ​នោះ​ទេ ព្រោះ​អាជ្ញាធរ​តែង​ចាត់​វិធានការ​ជា​ប្រចាំ​លើ​បញ្ហា​នេះ។

សកម្មភាព​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​ពី​សំណាក់​ពលរដ្ឋ​មួយ​ចំនួន ព្រម​ទាំង​ដាក់​លក់​សាច់​សត្វ​ព្រៃ​តាម​ផ្លូវ​នៅ​ស្រុក​សណ្ដាន់ ចេះ​តែ​បន្ត​កើត​មាន​ឡើង។ លើស​ពី​នេះ​ទៀត តម្រូវ​ការ​ឈ្មួញ​កាន់​តែ​ច្រើន រហូត​ពួក​គេ​ចុះ​ទៅ​បង្គាប់​បញ្ជា​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន ខិតខំ​ដើរ​ប្រមាញ់​សត្វ​ព្រៃ​យក​មក​លក់​ឲ្យ​ពួក​គេ​ទៀត​ផង។

សកម្មជន​ការពារ​ព្រៃ​ឡង់​ម្នាក់​នៅ​ឃុំ​មានរិទ្ធិ លោក ឈាង វុទ្ធី ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​ចំនួន នាំ​គ្នា​ទៅ​ដាក់​អន្ទាក់​ចាប់​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ដើម្បី​យក​មក​លក់​ឲ្យ​ឈ្មួញ ឬ​ម្ចាស់​អាជីវកម្ម​អាហារដ្ឋាន​មួយ​ចំនួន​នៅ​ស្រុក​សណ្ដាន់ ឬ​ក៏​បញ្ជូន​មក​ខេត្ត​កំពង់ធំ ឬ​ចែក​ចាយ​ទៅ​តំបន់​ផ្សេង​ទៀត​ផង។ លោក​បន្ត​ថា ប្រភេទ​សត្វ​ព្រៃ​ទាំង​នោះ​រួម​មាន សត្វ​ជ្រូកព្រៃ ឈ្លូស ប្រើស ទន្សាយ និង​ពពួក​ល្មូន ជាដើម៖ «ពេល​គេ​ទិញ​ពី​ប្រជាពលរដ្ឋ​បាន​ហើយ គេ​តាំង​ឲ្យ​រយោង​នៅ​តាម​ដង​ផ្លូវ អត់​មាន​ជំនាញ ឬ​អាជ្ញាធរ​ទប់ស្កាត់​ផង បើក​ដៃ​រលុង​ហ្មង។ ហើយ​ខ្ញុំ​គិត​ថា រឿង​សត្វ​ព្រៃ​ហ្នឹង​បើ​អត់​មាន​ជំនាញ អត់​មាន​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ទប់ស្កាត់​ទេ អនាគត​ទៅ​ហិនហោច​អត់​មាន​សល់​ទេ»។



ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា សត្វ​ព្រៃ​កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ខុស​ប្លែក​ពី​ដើម​ឆ្នាំ​២០០០ ព្រោះ​ការ​ចុះ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍​កាល​ណោះ តែង​ប្រទះ​ឃើញ​ប្រភេទ​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ដូចជា​ទន្សោង ខ្ទីង ខ្លាឃ្មុំ ខ្លាធំ ប្រើស ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​កម្រ​នឹង​ប្រទះ​ឃើញ​សត្វ​ទាំង​នេះ​ណាស់។ សកម្មជន​រូប​នេះ​បញ្ជាក់​ថា មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សត្វ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ ចេះ​តែ​បាត់​បង់​ទៅៗ គឺ​ដោយសារ​ការ​បំផ្លាញ​ជម្រក​របស់​វា​តាម​រយៈ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ។ ការ​បរបាញ់ ឬ​ដាក់​អន្ទាក់​ពី​សំណាក់​ពលរដ្ឋ និង​ក្រុម​អ្នក​យាម​កាម​ឲ្យ​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​សត្វ​ព្រៃ​ទាំងឡាយ​ភិតភ័យ នាំ​គ្នា​រត់​ទៅ​ជ្រក​កោន​នៅ​តំបន់​ផ្សេងៗ​ដែល​មាន​ព្រៃ​ឈើ​ក្រាស់ៗ។

យ៉ាង​ណា​ក៏ដោយ​ចុះ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​សណ្ដាន់ លោក សៅ វន្នី មាន​ប្រសាសន៍​ថា មិន​មាន​បទល្មើស​សត្វ​ឯណា​កើត​ឡើង​នៅ​ក្នុង​ស្រុក​សណ្ដាន់ នោះ​ទេ ហើយ​បើ​មាន​ខ្លះ គឺ​អ្នក​ភូមិ​ចាប់​ពី​ព្រៃ​សម្រាប់​តែ​បរិភោគ​ក្នុង​គ្រួសារ មិន​មែន​ជា​លក្ខណៈ​ជួញ​ដូរ​ឡើយ៖ «បើ​សិន​ជា​គាត់​មាន​អ៊ីចឹង សុំ​ឲ្យ​លេខ​ទូរស័ព្ទ ឈ្មោះ​ហ្នឹង​ឲ្យ​ច្បាស់​មក​ខ្ញុំ​មក ព្រោះ​យើង​មិន​អនុញ្ញាត​ឲ្យ​ឈ្មួញ​ឯណា​ទៅ​ដើរ​ទិញ​អ៊ីចឹង​ទេ»។

មន្ត្រី​ជំនាញ​ព្រៃ​ឈើ​ដដែល​ឲ្យ​ដឹង​ទៀត​ថា លោក​មិន​សូវ​ប្រទះ​ឃើញ​ពពួក​សត្វ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ គឺ​ចាប់​តាំង​ពី​លោក​ទៅ​កាន់​តួនាទី​នៅ​ស្រុក​សណ្ដាន់ ម្ល៉េះ ព្រោះ​សត្វ​ព្រៃ​ទាំង​នោះ​ច្រើន​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​ផ្សេង​ទៀត។

បើ​ទោះ​បី​ជា​មាន​អះអាង​បែប​នេះ​ក៏ដោយ ក៏​នៅ​តាម​ភោជនីយដ្ឋាន​ក្នុង​ស្រុក​សណ្ដាន់ និង​នៅ​ភោជនីយដ្ឋាន ឬ​ហាង​ស៊ី​ផឹក​មួយ​ចំនួន​ក្នុង​ទី​រួម​ខេត្ត​កំពង់ធំ គឺ​មាន​លក់​ម្ហូប​ជា​ប្រភេទ​សត្វ​ព្រៃ។ កន្លែង​ទាំង​នោះ ខ្លះ​លក់​ម្ហូប​សត្វ​ព្រៃ​ដោយ​លួច​លាក់ ក៏ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​ទៀត​ហាក់​បើក​ចំហ ព្រោះ​ម្ចាស់​ហាង ឬ​អ្នក​ទទួល​ភ្ញៀវ​មក​ប្រាប់​អ្នក​ចូល​ទៅ​បរិភោគ​អាហារ​នៅ​ទីនោះ​តែ​ម្តង។

ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាត្រា​៤៨ ចែង​ថា ពពួក​សត្វ​ព្រៃ​គ្រប់​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​សម្បត្តិ​របស់​រដ្ឋ និង​ជា​សមាសភាគ​នៃ​ធនធាន​ព្រៃ​ឈើ ដូចជា ថនិកសត្វ បក្សី​សត្វ ឧរង្គសត្វ​ជាដើម។ ពពួក​សត្វ​ទាំង​នោះ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង និង​ការ​អភិរក្ស​ដោយ​រដ្ឋបាល​ព្រៃ​ឈើ លើក​លែង​តែ​សត្វ​ត្រី និង​សត្វ​បង្ក​កំណើត​ក្នុង​ទឹក។ ចំណែក​មាត្រា​៤៩ វិញ គឺ​គេ​ហាម​ឃាត់​ដាច់​ខាត​រាល់​សកម្មភាព​បរបាញ់ យាយី​បំផ្លិចបំផ្លាញ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ដោយ​ការ​ប្រើប្រាស់​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ដល់​សត្វ​ទាំង​នោះ ការ​ប្រមាញ់​ក្នុង​រដូវ​កាល​ហាម​ឃាត់ និង​នៅ​តំបន់​ការពារ ព្រម​ទាំង​ទី​សាធារណៈ ជាដើម​។

ទាក់ទិន​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី កត់​សម្គាល់​ថា ការ​បរបាញ់​សត្វ​ព្រៃ​សម្រាប់​ធ្វើ​អាជីវកម្ម គឺ​បង្ក​វិនាសកម្ម​មួយ​ផ្នែក ប៉ុន្តែ​ការ​ឈូស​ឆាយ និង​ដុត​បំផ្លាញ​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ គឺ​ជា​ចំណែក​យ៉ាង​ធំ​ធ្វើ​ឲ្យ​សត្វ​ព្រៃ​ត្រូវ​ប្រឈម​ការ​ផុត​ពូជ៖ «ហើយ​ទាំងអស់​ហ្នឹង​បើ​អាជ្ញាធរ​គាត់​ចង់​ចាប់​គាត់​ចង់​បិទ​ជិត​ឈឹង​តែ​ម្តង មិន​អាច​យក​ចេញ​បាន​ទេ ព្រោះ​ផ្លូវ​នៅ​ព្រៃ​ឡង់​តូច​ចង្អៀត ហើយ​ផ្លូវ​មិន​មាន​ច្រើន។ ហើយ​អាជ្ញាធរ​បណ្ដាក់​គ្នា​ឈរ ប៉ុន្តែ​ឈរ​យក​លុយ​តែ​ម្តង​ហ្នឹង»។

លោក​បន្ថែម​ទៀត​ថា សត្វ​ព្រៃ​អាច​នៅ​គង់វង្ស​ទៅ​មុខ​ទៀត​បាន លុះ​ណា​តែ​រាជ​រដ្ឋាភិបាល​បង្កើត​ច្បាប់​រក្សា​ព្រៃ​ឡង់ និង​ជីវចម្រុះ​ទុក​ជា​តំបន់​ព្រៃ​អភិរក្ស ហើយ​បង្កើត​ច្បាប់​ពិសេស​សម្រាប់​ដាក់​ទោស​ទណ្ឌ​ដល់​ក្រុម​អ្នក​បំផ្លាញ​សត្វ និង​ព្រៃ​ឈើ​ទាំង​នោះ។ ក្រៅ​ពី​នេះ រដ្ឋ​គប្បី​ដក​សិទ្ធិ​គ្រប់គ្រង​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ទាំងអស់ ហើយ​ប្រគល់​ទៅ​ឲ្យ​ក្រុម​អ្នក​ស្រឡាញ់​ព្រៃ​ឈើ​គ្រប់គ្រង​វិញ៕

No comments: