A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 June 2015

ពលរដ្ឋ​ជាង​ ១០០ គ្រួសារ​កំពុង​បារម្ភ​ពី​ការ​បណ្តេញ​ចេញ


ពលរដ្ឋ​ដែល​រង​ប៉ះពាល់​ពី​ការ​បណ្តេញ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​។ រូបថត ឃុត សភចរិយា


បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ១០០ ​គ្រួសារ​ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​កង្វល់​ជា​ខ្លាំង​ អំពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ បន្ទាប់ពី​អាជ្ញាធរ​ក្រុង​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើការ​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​ដែល​ពួកគាត់​កំពុង​រស់នៅ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ៣១ ខែ​ឧសភា ឆ្នាំ​ ២០១៥។

លោក ប៉ែន ស៊ីកែវ អាយុ​ ៣៦ ​ឆ្នាំ ដែល​អះអាង​ថា​ បាន​រស់នៅ​ក្នុង​តំបន់​នោះ​នៅ​អស់​រយៈពេល ១៥ ​ឆ្នាំ បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​ ២២ ខែ ឧសភា​អាជ្ញាធរ​ភូមិ បាន​យក​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​មាន​ចុះហត្ថលេខា និង​ត្រា របស់​លោក​អភិបាល​ក្រុង​ប៉ោយប៉ែត ង៉ោ ម៉េងជ្រួន ចុះ​ថ្ងៃ​ទី​ ១៩ ខែ​ឧសភា ឆ្នាំ​ ២០១៥ មក​បិទ​លើ​ជញ្ជាំង​ផ្ទះ​របស់​ពួកគាត់ និង​ដែល​ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ បាន​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​រដ្ឋាបាល​ក្នុង​ការ​រុះរើ​លំនៅឋាន​របស់​ពួកគាត់ ប្រសិន​បើ​ពួកគាត់​មិន​រុះរើ​ចេញ​ដោយ​ស្ម័គ្រចិត្ត​ពី​ទីតាំង​ដែល​ពួកគាត់​កំពុង​រស់នៅ​នេះ​ទេ។

លោក ស៊ីកែវ បាន​បន្ត​ថា​៖ «ពួក​យើង​នៅ​ទី​នេះ យ៉ាង​តិច​ជាង​​ ១៥ ​ឆ្នាំ​ទៅ​ហើយ គឺ​នៅ​តាំងពី​តំបន់​នេះ នៅ​ជា​បឹង​មក​ម្ល៉េះ ពេល​នេះ​មាន​ការ​អភិវឌ្ឍ បែរ​ជា​ដេញ​ពួកយើង​ចេញ​ដោយ​​គ្មាន​ដំណោះស្រាយ​គោល​នយោបាយ​ដីធ្លី​សម្រាប់​ពួកយើង​រស់នៅ​អ្វី​ទាំងអស់។ ពួកយើង​នឹង​មិន​ចាកចេញ​ទេ ប្រសិន​បើ​គ្មាន​ដី​ឲ្យ​ពួកយើង​រស់នៅ​ក្បែរ​ទីផ្សារ និង​សាលារៀន​សម្រាប់​កូន​តូចៗ​របស់​យើង»។



ពាក់ព័ន្ធ​បញ្ហា​នេះ លោក នុត លី ចៅសង្កាត់​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នក​ភូមិ​ទាំងនោះ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ដែល​រដ្ឋ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​ពង្រីក​ផ្លូវ​ចំនួន​ ២ ខ្សែ​នៅក្នុង​តំបន់​នេះ ប៉ុន្តែ​យ៉ាង​ណា​ក្ដី អាជ្ញាធរ​នឹង​មិន​បណ្ដេញ​ពួកគាត់​ឲ្យ​ចាកចេញ​ដោយ​ដៃ​ទទេ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «​នៅពេល​នេះ​អាជ្ញាធរ​ក្រុង​កំពុង​ពិនិត្យ​មើល​ដី​សង្គមកិច្ច​ដែល​នៅ​សេសសល់ សម្រាប់​យក​មក​ធ្វើការ​គណនា និង​បែងចែក​ជូន​អ្នក​ភូមិ​ដែល​ស្ម័គ្រ​ចិត្ត​ចាកចេញ»។

លោក បាន​បញ្ជាក់​ទៀត​ថា៖ «​ដរាប​ណា​គ្មាន​ការ​ឯកភាព​យល់​ព្រម​ពី​ប្រជាពលរដ្ឋ នោះ​គ្មាន​ការ​រុះរើ ឬ បណ្ដេញ​ចេញ​នោះ​ទេ»។

ទោះ​ជា​បែប​ណា​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅលើ​តំបន់​នៃ​គម្រោង​សាងសង់​ផ្លូវ​ពីរ​ខែ្ស​នោះ​កំពុង​រង់ចាំ​ពិនិត្យ​មើល​ថា​តើ​អាជ្ញាធរ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពួកគាត់​យ៉ាង​ដូចម្ដេច ឬ មួយ​ចាំបាច់​ត្រូវ​ធ្វើការ​រុះរើ​លំនៅឋាន​ពួកគាត់​មុន​ពេល​ផ្ដល់​ដំណោះស្រាយ។

លោក ស៊ុំ ចន្ទគា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​កំពុង​ធ្វើការ​ចុះ​អង្កេត​នៅក្នុង​រឿង​នេះ ពីព្រោះ​ករណី​នេះ​ហាក់​ដូចជា​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់​នោះ ដោយសារ​ពួកគេ​បាន​រស់នៅ​តាំងពី​យូរ​ឆ្នាំ​ណាស់​មក​ហើយ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​សំណង​សមរម្យ​សម្រាប់​គាត់។

លោក​បាន​ថ្លែង​ថា៖ «​យើង​កំពុង​ចុះ​ស៊ើប បើ​និយាយ​តាម​ច្បាប់​ភូមិ​បាល​គឺ​ពួកគាត់​ជា​ម្ចាស់ដី នោះ​ស្រប​ច្បាប់​»។

លោក​ថា បើ​តាម​ការ​កត់សម្គាល់​គឺ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ពុំ​ដែល​គិតគូរ​អំពី​ផលប៉ះពាល់​ជា​មុន មុន​នឹង​ចាប់ផ្តើម​ធ្វើការ​អភិវឌ្ឍ​នេះ​ទេ បង្កើត​បញ្ហា​ហើយ​ទើប​ដោះ​ជា​ក្រោយ​។

យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​លីកាដូ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ បាន​រក​ឃើញ​ថា មាន​ពលរដ្ឋ ១០៦២៥ គ្រួសារ​ប្រមាណ ៤៩៥១៩ នាក់ ដែល​បាន​រង​ផលប៉ះពាល់​ថ្មី​ដោយសារ​ជម្លោះ​ដីធ្លី ក្នុង​ខេត្ត​ចំនួន ១៣ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៣ ដែល​មាន ៣៤៧៥ គ្រួសារ និង​កើន​ជាង ២ ​ដង បើ​ធៀប​នឹង ឆ្នាំ​ ២០១២ ដែល​មាន​ចំនួន ៥៦៧២ គ្រួសារ៕

No comments: