A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

យុវជន​ប្រតិកម្ម​លើ​គម្រោង​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​ការ​ប្រមាថ​រដ្ឋាភិបាល​តាម​អនឡាញ


Wed, 10 June 2015 ppp

Add caption

ខណៈ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា កំពុង​តែ​ស្ថិត​នៅក្នុង​ភាព​ចម្រូងចម្រាស កាលពី​ពេល​ថ្មីៗ​នេះ អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក​ ​ផៃ ស៊ីផាន បាន​អំពាវនាវ​ជា​ផ្លូវការ​​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទូរគមនាគមន៍​ឲ្យ “​ចាត់​វិធានការ​ផ្លូវ​ច្បាប់​“ ចំពោះ​មនុស្ស​ដែល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​វាយប្រហារ​មន្ត្រី​រាជការ និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​។

ក្នុង​លិខិត​នេះ លោក បាន​សរសេរ​នៅក្នុង​សមត្ថភាព​របស់​លោក​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ «​អន្តរ​ក្រសួង​ក្រុម​ការងារ​សម្របសម្រួល​ព័ត៌មាន​សមរភូមិ​»​។ លោក​ ផៃ ស៊ីផាន បាន​ថ្លែង​ថា លោក​ទើប​តែ​បាន​កត់សម្គាល់​ឃើញ​ថា​ «​មាន​បុគ្គល​ខ្លះ បាន​ប្រើ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​គួរ​ស្អប់ខ្ពើម និង​ពាក្យ​ប្រមាថ​» ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​មន្ត្រី​រដ្ឋាភិបាល​។

នៅក្នុង​លិខិត​ដដែល លោក ផៃ ស៊ីផាន បាន​បន្ត​ថា​៖ «​ប្រមាថ និង​បទ​បរិហារកេរ្តិ៍ មិនមែន​ជា​ផ្នែក​នៃ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ទេ ប៉ុន្តែ​ជា​ការ​រំលោភ​លើ​​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​ដែល​ប្រឈម​នឹង​ការ​ប្រមាថ​មួយ​»​។



លិខិត​របស់​លោក ផៃ ស៊ីផាន មាន​ខ្លឹមសារ​បន្ត​ដូច្នេះ​ថា​៖ «​ការ​ប្រមាថ និង​ការ​បរិហារ​បង្កាច់​កេរ្តិ៍ គឺ​មិន​ស្ថិត​នៅក្នុង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ឡើយ ក៏​ប៉ុន្តែ​វា​ជា​ការ​រំលោភសិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​ដែល​ត្រូវ​ទទួល​បាន​ការ​គោរព រួម​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​»​។

សំណើ​របស់​លោក ផៃ ស៊ីផាន ក៏​ត្រូវ​បាន​គាំទ្រ​ដោយ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក​ ខៀវ កាញារីទ្ធ​ផង​ដែរ​។

ទាក់ទិន​នឹង​បញ្ហា​នេះ មាន​ការ​ជជែក​​ពិភាក្សា​ជាច្រើន នៅក្នុង​ចំណោម​យុវជន អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក សាធារណជន​ទូទៅ និង​អង្គការ​សង្គម​ស៊ីវិល​នានា​។

ជាក់ស្តែង កញ្ញា កែវ គូនីឡា ដែល​ជា​អ្នក​សរសេរ​ប្លុក​មួយ​រូប​បាន​និយាយ​ថា​៖ «​សិទ្ធិ​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ គឺជា​សិទិ្ធ​មូលដ្ឋាន​របស់​មនុស្ស មិនមែន​ផ្តល់​ដោយ​អ្នក​ណា​នោះ​ឡើយ ខណៈ​ពេល​ដែល​អ៊ីនធឺណិត គឺជា​មធ្យោបាយ​ក្នុង​ការ​ផ្លាស់ប្តូរ​យោបល់ និង​បង្ហាញ​ថា ជា​ឱកាស​មួយ​ដែល​មិន​ធ្លាប់​មាន​សម្រាប់​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ប្រសើរ​»​។

កញ្ញា បន្ត​ថា​៖ «​ប្រសិន​បើ​ជា​ដូច្នេះ​មែន សិទ្ធិ​សេរីភាព​នៅក្នុង​បញ្ចេញ​មតិ ហាក់​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​»​។

យុវជន​និស្សិត គឹម ហុង វ័យ ២១ ​ឆ្នាំ និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ចែក​រំលែក​ព័ត៌មាន នយោបាយ បើ​សិន​ជា​មាន​ច្បាប់​នេះ បង្កើត​ឡើង​វា​អាច​ជា​បញ្ហា​ធំ​នៅក្នុង​សិទិ្ធ​នៅក្នុង​បញ្ចេញ​មតិ បើ​សិន​ជា​អ្នក​បង្កើត​ច្បាប់​នេះ បង្កើត​មិន​បាន​ល្អ វា​នឹង​ប៉ះពាល់​ដល់​សិទិ្ធ​នៅក្នុង​សង្គម​តែ​ម្តង​»​។

លោក​បន្ត​ថា បណ្តាញ​អ៊ីនធឺណិត ជា​កន្លែង​ទូលាយ​មួយ​សម្រាប់​ឲ្យ​មនុស្ស​បញ្ចេញ​មតិ និង​យោបល់ ព្រោះ​ដើម្បី​ស្ថាបនា និង​ធ្វើឲ្យ​ប្រសើរ​សម្រាប់​ជាតិ វា​តែងតែ​មាន​ហើយ​ចំពោះ​ការ​និយាយ​ប៉ះពាល់ ឬ​ក៏​រិះគន់​តិចតួច​ដល់​នយោបាយ ក៏​មាន​ទោស ឬ​ក៏​ជាប់គុក​ដែរ​​នោះ វា​នឹង​ក្លាយ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​។

ស្រប​គ្នា​នេះ​ដែរ កញ្ញា បញ្ញា ដែល​ជា​និស្សិត កំពុង​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ដែរ​ថា​៖ «​ដើម្បី​អភិវឌ្ឍ​ប្រទស​មួយ​វា​ទាល់​តែ​មាន​ការ​រិះគន់​ដើម្បី​ស្ថាបនា​មន្ត្រី​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ នោះ​ក៏​ខុស វា​ហាក់បី​ដូចជា​ហួស​ហេតុ​បន្តិច​ហើយ​»​។

កញ្ញា បន្ត​ថា​៖ «​វា​មិន​មាន​អ្វី​កំណត់​ច្បាស់លាស់​ថា តើ​ការ​រិះគន់ ឬ​ប្រមាថ​បែប​ណា ទើប​ខុស​ច្បាប់​នោះ​ដែរ​»​។

ដោយ​ឡែក លោក ដារ៉ា ជា​និស្សិត​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​និយាយ​ថា​៖ «​ការ​ដាក់ទោស​ទៅលើ​អ្នក​ដែល​ជេរ​ប្រមាថ ឬ​រិះគន់​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ទៅលើ​អ្នក​ដែល​រិះគន់​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​មួយ​​នោះ​វា​មិន​​ត្រឹមត្រូវ​ទេ ប៉ុន្តែ​វា​គួរ​តែ​មាន​ការ​ដាក់​ទោស​ផង​ដែរ ចំពោះ​អ្នក​​ដែល​ជេរ​ប្រមាថ​ទៅលើ​មន្ត្រី​គណៈបក្ស​ប្រឆាំង​ផង​ដែរ ដូច្នេះ​ទើប​វា​មាន​សមភាព​»​។

លោក បន្ថែម​ថា​៖ «​យ៉ាង​ណា​ក៏​ខ្ញុំ​គិត​ថា វា​មិន​គួរ​ឲ្យ​មាន​នោះ​ទេ ព្រោះ​ថា​វា​ខុស​នឹង​សិទ្ធិ​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុក សំអឿន អ្នក​ឯកទេស​ច្បាប់ និង​មេធាវី​ឯករាជ្យ បាន​រៀបរាប់​ថា វា​នឹង​អាច​ប៉ះពាល់​ដល់​សិទិ្ធ​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ពិសេស គឺ​បណ្តា​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​នៅក្នុង​បញ្ហា​នយោបាយ​។ លោក សំណូមពរ​ឲ្យ​អ្នក​នយោបាយ កុំ​ឲ្យ​ធ្វើ​ដើម្បី​ទៅ​បម្រើ​ផលប្រយោជន៍​និនា្នការ​នយោបាយ​ណា​មួយ​។

ទន្ទឹម​គ្នា​នេះ​ដែរ កញ្ញា ឆាយ ឈុនលី មន្ត្រី​សម្រួបសម្រួល​គម្រោង​សិទិ្ធ​​មូលដ្ឋាន​របស់​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​រៀបរាប់​ថា​៖ «​រាល់​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ឬ​បង្កើត​ច្បាប់​នានា គួរតែ​បម្រើ​ដល់​ប្រយោជន៍​សាធារណ​ជន មិនមែន​ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុម​ណា​មួយ​ជាក់លាក់​ណា​មួយ​​ឡើយ​»​។

ប៉ុន្តែ មន្ត្រី​សម្របសម្រួល​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា​៖ «​ប្រសិន​បើ​ការ​រិះគន់​នៅក្នុង​ន័យ​ស្ថាបនា​រាជរដ្ឋាភិបាល​នោះ ដូចជា​បញ្ហា​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ ឬ​បញ្ហា​ផ្សេងៗ​នោះ វា​គួរតែ​ជា​បញ្ហា​​មួយ​ដែល​រាជរដ្ឋាភិបាល​គួរ​តែ​ពិចារណា​»​។

ទស្សនាវដ្ដី LIFT បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​ ផៃ ស៊ីផាន សុំ​ធ្វើ​អត្ថាធិប្បាយ​ពី​ដំណើរការ​នៃ​ការ «​ចាត់​វិធានការ​ផ្លូវ​ច្បាប់​»នេះ​ថា វា​បាន​វិវឌ្ឍ​ដល់​ណា​ហើយ ប៉ុន្តែ​យើង​មិន​អាច​ទាក់ទង​លោក​បាន​នៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ​។

សម្រាប់​ កញ្ញា ធី សុវណ្ណថា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អ្វី​ដែល​លោក ផៃ ស៊ីផាន បាន​ធ្វើ​នេះ​វា​ហាក់បី​ដូចជា​មើល​ងាយ​ទៅ​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង ក្រសួង​មហាផ្ទៃ គាត់​ធ្វើ​បែប​នេះ​ដូចជា​​រំលោភ​ដែនអាជ្ញាធរ ដូចជា​ក្រសួង​ទាំង​ពីរ​នេះ​មិន​បាន​ធ្វើ​ការងារ​អ៊ីចឹង​។

កញ្ញា បាន​បន្ត​ទៀត​ថា​៖ «​ចំណាត់ការ​នេះ នឹង​អាច​ធ្វើឲ្យ​ប្រជាជន​បាក់ស្បាត និង​មិន​ហ៊ាន​នៅក្នុង​ការ​បញ្ចេញ​មតិ​»​។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​​ យ៉ែម បុញ្ញប្ញទ្ឋិ ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា សំណើ​របស់​លោក​ផៃ ស៊ីផាន ហាក់​​ «​ចម្លែក​»​។ លោក​ថា​៖ «​លោក​ ផៃ ស៊ីផាន គ្មាន​អំណាច​ណា​ដើម្បី​បញ្ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ជា​ឧបនាយករដ្ឋ​មន្ត្រី​ផង​នោះ​ទេ ឬ​ក៏​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​នោះ​ឡើយ។​ លោក​គ្រាន់តែ​ជា​អ្នក​នាំពាក្យ​ម្នាក់​ប៉ុណ្ណោះ​។ យើង​កម្រ​ឃើញ​ប្រទេស​ប្រជាធិបតេយ្យ​ណា ព្យាយាម​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​ប្រជាជន​ខ្លួនឯង​ណាស់​»៕

អត្ថបទដោុ ឃុន ពិសិដ្ឋ & សរ ពិសី

No comments: