A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 June 2015

អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ផ្ដន្ទាទោស​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ចាប់​ពី​ឆ្នាំ​២០១២


ដោយ ជី វិតា
2015-06-07 rfa  

បាតុករ​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Jeevita

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Amnesty International) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វែក​មុខ និង​នាំ​ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា ការ​ចេញ​តវ៉ា​តាម​ថ្នល់៖ សេរីភាព​នៃ​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​នៅ​កម្ពុជា (Taking to the Streets: Freedom of Peaceful Assembly in Cambodia) លាត​ត្រដាង​យ៉ាង​លម្អិត​អំពី​កង​កម្លាំង​នៃ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​បាញ់​សម្លាប់ និង​វាយ​បង្ក្រាប​ក្រុម​បាតុករ​អ្នក​តវ៉ា​ហួស​ពី​ភាព​ស្រប​ច្បាប់ ដែល​រហូត​មក​ដល់​ពេល​នេះ ជន​រងគ្រោះ​ទាំង​នោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ របាយការណ៍ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល បើក​វគ្គ​បណ្តុះបណ្តាល​ដល់​កង​កម្លាំង​សន្តិសុខ​អំពី​វិធី​ឆ្លើយ​តប​ចំពោះ​បាតុកម្ម​នានា តាម​របៀប​គោរព​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ផង​ដែរ។

របាយការណ៍​ដែល​មាន​កម្រាស់​ជាង ១២០​ទំព័រ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ រក​ឃើញ​ថា មិន​មាន​កម្លាំង​អាជ្ញាធរ ឬ​មន្ត្រី​សន្តិសុខ​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ ដោយសារ​អំពើ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​ពួក​គេ​ទៅ​លើ​ក្រុម​បាតុករ​អហិង្សា ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឡើយ។

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។

របាយការណ៍​សង្កត់​ធ្ងន់​លើ​ព្រឹត្តិការណ៍​បាតុកម្ម​ធំៗ​២ ដែល​ផ្ដើម​ឡើង​ដោយ​សន្តិវិធី​ទាក់ទង​នឹង​លទ្ធផល​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ និង​ព្រឹត្តិការណ៍​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​រោងចក្រ​នៅ​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​បាតុករ​តវ៉ា​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ប្រើ​កម្លាំង​បង្ក្រាប​ជ្រុល​ហួស​ពី​ភាព​ចាំបាច់ ដូចជា​ការ​ប្រើ​អាវុធ​បាញ់​សម្លាប់​អ្នក​តវ៉ា​ដែល​មាន​កម្លាំង​មិន​សមាមាត្រ ជា​ការ​ផ្ទុយ​ពី​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា ជា​ហត្ថលេខី។



ដូច​សព្វ​មួយ​ដង​ដែរ រដ្ឋាភិបាល​កម្ពុជា តែង​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ភ្លាមៗ ដោយ​ចាត់​ទុក​អ្នក​ដែល​ធ្វើ​របាយការណ៍ ថា​អត់​ស្គាល់​កម្ពុជា ច្បាស់។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា បាតុកម្ម​ដោយ​កម្មករ​រោងចក្រ​កាល​ពី​ដើម​ឆ្នាំ​២០១៤ គឺ​ជា​បាតុកម្ម​បង្ក​ឡើង​ដោយ​ក្រុម​ញុះញង់ ដើម្បី​ធ្វើ​បដិវត្តន៍​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល៖ «បរទេស​គាត់​នៅ​តែ​ពី​ក្រៅ ហើយ​គាត់​ចេះ​តែ​និយាយ​ទៅ ប៉ុន្តែ​គាត់​អត់​បាន​រួម​ចំណែក​សុខ​ទុក្ខ​ជាមួយ​យើង​ទេ យើង​ដឹង​គេ​ចង់​ចម្លង​ផ្ដួល​រំលំ​តាម​រយៈ People’s Power ប៉ុន្តែ People’s Power បាន​អនុវត្ត​នៅ​ប្រទេស​មួយ​ចំនួន ចុះ​បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​តឹងរ៉ឹង រហូត​ដល់​ថ្ងៃ​នេះ​មិន​ដឹង​ប៉ុន្មាន​នាក់​ស្លាប់​នោះ​ទេ»។

លោក​បន្ត​អះអាង​ថា ចំពោះ​ការ​ស៊ើប​អង្កេត​វិញ ក៏​បាន​ធ្វើ​ឡើង​រួច​រាល់​ដែរ។ ការ​ស៊ើប​អង្កេត​រួច​រាល់​ដែល លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នេះ មិន​បាន​ចេញ​លទ្ធផល​ក្នុង​ការ​នាំ​ខ្លួន​ជន​ដៃ​ដល់ ឬ​អ្នក​ទទួល​ខុស​ត្រូវ​ណា​ម្នាក់​មក​កាត់​សេចក្តី​នៅ​តុលាការ ដូច​ការ​ទាមទារ​របស់ Amnesty International ទេ។

លោក ចន ខសលេន (Jhon Coughlan) មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​នៃ​អង្គការ អេមណេស្ទី អេនថឺណែសិនណល (Amnesty International) និយាយ​ថា លទ្ធផល​ស្រាវជ្រាវ​ស៊ើប​អង្កេត​របស់​អង្គការ​លោក​រក​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​មិន​ទាន់​ដោះស្រាយ​ជូន​ជន​រងគ្រោះ​ណា​ម្នាក់​ពី​ការ​បង្ក្រាប​ក្រោយ​ឆ្នាំ​២០១៣ ឡើយ៖ «យើង​បាន​សិក្សា​ស្រាវជ្រាវ​អំពី​បាតុកម្ម​រយៈពេល ២​ឆ្នាំ ដែល​ចាប់​ផ្តើម​ពី​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣។ យើង​ពិនិត្យ​ឃើញ​ថា បាតុកម្ម​តវ៉ា​នានា​ក្រោយ​ពេល​បោះ​ឆ្នោត​ទាក់ទង​នឹង​លទ្ធផល​បោះ​ឆ្នោត​ក្តី ឬ​ទាក់ទង​នឹង​ប្រាក់​ខែ​កម្មករ​ក្តី គឺ​ធ្វើ​ឡើង​ដោយ​សន្តិវិធី ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​អាជ្ញាធរ មិន​បាន​ឆ្លើយ​តប​ដោយ​សន្តិវិធី​ឡើយ។ អាជ្ញាធរ​ឆ្លើយ​តប​ដោយ​រឹតត្បិត រារាំង និង​ចាប់​ចង​តាម​ទំនើង​ចិត្ត។ បើ​ទោះ​ជា​បាតុកម្ម​អហិង្សា​ខ្លះ​ក្រោយ​មក​ប្រែ​ក្លាយ​ទៅ​ជា​ហិង្សា ប៉ុន្តែ​អាជ្ញាធរ​ប្រើ​កម្លាំង​ខ្លាំង​ហួស ដែល​គ្មាន​ភាព​ចាំបាច់ ដោយ​ប្រើ​អាវុធ​បង្ក​ការ​ឈឺ​ចាប់ និង​ផ្តាច់​ជីវិត ហើយ​បន្ទាប់​មក​កាត់​ទោស​ដោយ​អយុត្តិធម៌។ ការ​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា​ក្នុង​រយៈពេល ២​ឆ្នាំ​នោះ បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ៧​នាក់ បាត់​ខ្លួន​ម្នាក់ និង​រង​របួស​ធ្ងន់​ស្រាល​រាប់​សិប​នាក់។ បើ​ទោះ​ជា​មាន​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​បែប​នេះ​ក្តី ក៏​រហូត​មក​ដល់​ពេល​នេះ មិន​មាន​មន្ត្រី ឬ​ភ្នាក់ងារ​សន្តិសុខ​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ បើ​ទោះ​ជា​មាន​ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ជន​រងគ្រោះ​ក៏ដោយ»។

លោក ចន ខសលេន បន្ត​ថា ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នេះ មន្ត្រី​អង្គការ Amnesty International ក៏​បាន​ជួប​ជាមួយ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ដែរ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​ឆ្លើយ​ថា នោះ​ជា​កិច្ចការ​របស់​តុលាការ។ ក្រៅ​ពី​ការ​ទាមទារ​រក​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ឧក្រិដ្ឋកម្ម​នេះ របាយការណ៍​របស់​អង្គការ Amnesty International ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ផង​ដែរ។

អនុសាសន៍​ទាំង​នោះ​រួម​មាន៖

១. ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​ស្រប​តាម​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេរីភាព​ជួប​ជុំ​ដោយ​សន្តិវិធី។

២. ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​របស់​នគរបាល​ទាំងអស់​ចេញ​ពី​កង​សន្តិសុខ​តាម​ខណ្ឌ​នានា ទៅ​ឲ្យ​នគរបាល ឬ​មន្ត្រី​អនុវត្តន៍​ច្បាប់​ដែល​មាន​អំណាច​ចែង​ច្បាស់​ក្នុង​ច្បាប់ ដែល​ទទួល​បាន​ការ​ហ្វឹកហ្វឺន និង​បំពាក់​ឧបករណ៍​ត្រឹមត្រូវ ដើម្បី​អនុវត្ត​ភារកិច្ច​ក្នុង​ការ​ប្រើប្រាស់​កម្លាំង និង​អាវុធ​ឲ្យ​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

៣. ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​មន្ត្រី​អនុវត្តន៍​ច្បាប់​អំពី​វិធី​គ្រប់គ្រង​ហ្វូង​មនុស្ស ដើម្បី​ឲ្យ​ចេះ​វាយ​តម្លៃ​ស្ថានភាព​គំរាម​កំហែង និង​វិធី​កាត់​បន្ថយ​ភាព​ប្រឈម​តានតឹង​ជាមួយ​បាតុករ។

៤. រដ្ឋាភិបាល ក៏​ត្រូវ​ធានា​ថា រាល់​ករណី​សង្ស័យ​អំពី​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ការ​ស្លាប់​ជីវិត​មនុស្ស និង​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​តែ​ស៊ើប​អង្កេត​ភ្លាមៗ​ដោយ​ឯករាជ្យ មិន​លម្អៀង និង​ឲ្យ​បាន​ពេញលេញ។

៥. ផ្តល់​ព័ត៌មាន​អំពី​ការ​ស៊ើប​អង្កេត​ដល់​ជន​រងគ្រោះ និង​សាធារណជន រួម​ទាំង​ព័ត៌មាន​ទាក់ទង​នឹង​ជន​រងគ្រោះ​ដែល​ស្លាប់ និង​រង​របួស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ព្រម​ទាំង​បោះពុម្ព​ផ្សាយ​លទ្ធផល​នៃ​ការ​រក​ឃើញ​ទាំង​នេះ​ផង​ដែរ។

៦. ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ និង​ផ្តល់​ព័ត៌មាន​ដល់​គ្រួសារ​កុមារ​បាត់​ខ្លួន​ដោយ​បង្ខំ ឈ្មោះ ខឹម សាផាត អាយុ ១៦​ឆ្នាំ។

៧. ធានា​ថា ជន​សង្ស័យ​ទាំងឡាយ​ដែល​ទទួល​ខុស​ត្រូវ​ទាក់ទង​នឹង​បទល្មើស​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​ឆ្លង​កាត់​ការ​កាត់​សេចក្តី​ត្រឹមត្រូវ​តាម​ច្បាប់​បទដ្ឋាន​អន្តរជាតិ។

៨. ធានា​ថា មិន​ត្រូវ​មាន​ជន​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន ចោទ​ប្រកាន់ ផ្ដន្ទាទោស ឬ​ដាក់​ពន្ធនាគារ ដោយសារ​តែ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ដើម្បី​ជួប​ជុំ​បង្កើត​សមាគម និង​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​ឡើយ និង​នៅ​ចុង​ក្រោយ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ ក៏​ទទូច​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​ទាំងអស់ ហើយ​លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ជន​ទាំងឡាយ​ដែល​កាត់​ទោស​ហើយ ប៉ុន្តែ​មាន​ភស្តុតាង​បញ្ជាក់​ថា ពួក​គេ​គ្មាន​ទោស​អ្វី​ក្រៅ​តែ​ពី​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដោយ​សន្តិវិធី​តែ​ប៉ុណ្ណោះ។

នៅ​ពេល​សួរ​ថា តើ​ហេតុ​អ្វី​ទើប​រដ្ឋាភិបាល​កម្ពុជា គួរ​ស្តាប់ និង​ទទួល​អនុសាសន៍​ទាំង​នេះ? លោក ចន ខសលេន មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​នៃ​អង្គការ Amnesty International ឆ្លើយ​តប​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ឆក់​ឱកាស​នេះ​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឲ្យ​ល្អ​ប្រសើរ​ឲ្យ​ស្រប​តាម​ច្បាប់​កម្ពុជា របស់​ខ្លួន និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​កម្ពុជា ទទួល​ស្គាល់ និង​ផ្តល់​សច្ចាប័ន​ជា​ឱឡារិក៖ «ខ្ញុំ​យល់​ថា នៅ​កម្ពុជា បច្ចុប្បន្ន ខណៈ​គណបក្ស​នយោបាយ​ទាំង​ពីរ​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា​ដូច្នេះ គេ​គួរ​តែ​ឆក់​ឱកាស​នេះ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​កង​កម្លាំង​សន្តិសុខ។ នេះ​ហើយ​ជា​អ្វី​ដែល​យើង​កំពុង​ជំរុញ​ឲ្យ​កើត​មាន​ឡើង ដើម្បី​ចៀសវាង​មិន​ឲ្យ​ព្រឹត្តិការណ៍​បែប​នេះ​កើត​ឡើង​ម្តង​ទៀត​នៅ​ថ្ងៃ​មុខ។ ម្យ៉ាង​វិញ​ទៀត យើង​ត្រូវ​ដឹង​ថា បើ​ទោះ​ជា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត និង​បាតុកម្ម​ប្រឆាំង​នឹង​ប្រាក់​ខែ​គោល​របស់​កម្មករ​បាន​ស្ងប់ស្ងាត់​នៅ​ពេល​នេះ​ក៏ដោយ វា​មិន​ប្រាកដ​ថា នឹង​អត់​កើត​ឡើង​ទៀត​នៅ​ថ្ងៃ​អនាគត​នោះ​ទេ។ កម្ពុជា នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​អត់​ទាន់​ដោះស្រាយ។ ដូច្នេះ បាតុកម្ម​អាច​នឹង​កើត​ឡើង​ទៀត​នៅ​ថ្ងៃ​អនាគត។ ហេតុ​ដូច​នេះ​ហើយ ខ្ញុំ​គិត​ថា វា​ដល់​ពេល​ហើយ​ដែល​កង​កម្លាំង​សន្តិសុខ​កម្ពុជា ត្រូវ​ទទួល​ការ​ហ្វឹកហ្វឺន និង​រៀន​សូត្រ​អំពី​វិធី​ប្រើប្រាស់​កម្លាំង​ប៉ូលិស ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បាតុកម្ម​នានា​តាម​របៀប​មួយ​ដែល​គោរព​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

ព្រះរាជក្រឹត្យ​ឆ្នាំ​២០០១ ស្ដីពី​លក្ខន្តិកៈ​គ្រប់គ្រង​មន្ត្រី​នគរបាល​ជាតិ និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រី​យោធា​នៃ​កង​កម្លាំង​ខេមរភូមិន្ទ ចែង​ថា រាល់​បទបញ្ជា​ទាំងឡាយ​ដែល​ផ្ទុយ​ពី​ច្បាប់ ឬ​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ​ត្រូវ​ហាម​ឃាត់។ នៅ​ពេល​ណា​បទបញ្ជា​ផ្ទុយ​ពី​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ដាក់​ចេញ និង​អនុវត្ត ទាំង​អ្នក​ចេញ​បញ្ជា និង​អ្នក​អនុវត្តន៍ នឹង​ត្រូវ​ចាប់​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​តាម​ច្បាប់​ជា​ធរមាន។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International បាន​ពិភាក្សា​អំពី​លទ្ធផល​រក​ឃើញ​ក្នុង​របាយការណ៍​នេះ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ប៉ុន្តែ​ការ​ព្យាយាម​ជួប​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​មិន​បាន​សម្រេច​ឡើយ។ ទោះ​ជា​យ៉ាង​ណា នៅ​មុន​ការ​ចេញ​ផ្សាយ​របាយការណ៍​ជាង ១២០​ទំព័រ​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International ក៏​បាន​ដាក់​សេចក្តី​ព្រាង​របាយការណ៍​នេះ​ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទុក​ឱកាស​ឲ្យ​ផ្តល់​អត្ថាធិប្បាយ​ផង​ដែរ ប៉ុន្តែ​រហូត​ដល់​ថ្ងៃ​ចេញ​ផ្សាយ​របាយការណ៍​នេះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ អង្គការ​នេះ​មិន​បាន​ទទួល​ព័ត៌មាន​អ្វី​សោះ​ពី​រដ្ឋាភិបាល​កម្ពុជា៕

No comments: