A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 June 2015

ខ្មែរ​ក្រោម​នៅ​ប្រទេស​អូស្ត្រាលី​ធ្វើ​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម

ដោយ យាង សុជាមេត្តា
2015-05-31 rfa
ព្រះសង្ឃ
ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទីក្រុង​អាឌែលឡេដ (Adelaide) ប្រទេស​អូស្ត្រាលី (Australia) ជួបជុំគ្នា​នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៥ ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើក​ទី​៦៦ នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម។
Photo Supplied



ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទីក្រុង​អាឌែលឡេដ (Adelaide) ប្រទេស​អូស្ត្រាលី (Australia) ជួបជុំគ្នា​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ដើម្បី​ប្រារព្ធ​ពិធី​រម្លឹក​ខួប​លើក​ទី​៦៦ ថ្ងៃ​ដែល​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម កាន់កាប់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ពិធី​នេះ​នឹង​ត្រូវ​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

ពេល​វេលា​នៃ​ការ​ប្រារព្ធ​ខួប​រម្លឹក​បាត់បង់​ទឹក​កម្ពុជា​ក្រោម បាន​កក្រើក​ឡើង​វិញ​ទៀត​ហើយ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ពិសេស​នៅ​ក្នុង​ប្រទេស​ដែល​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ លើកលែងតែ​ក្នុង​ប្រទេស​វៀតណាម ដែល​អាជ្ញាធរ​ហាម​ឃាត់។

​អនុ​ប្រធាន​ទី​១​គណៈកម្មការ​វត្ត​ពុទ្ធិក​ខ្មែរ​ក្រោម និង​ជា​ឧត្ដម​ប្រឹក្សា​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទីក្រុង​អាឌែលឡេដ ប្រទេស​អូស្ត្រាលី ព្រះតេជព្រះគុណ លី រ៉ាន់។ ព្រះអង្គ​មាន​ថេរដីកា​ពី​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៣១ ឧសភា ថា ការ​ជួបជុំ​នោះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង ២០០​នាក់ ក្នុង​នោះ​មាន​ទាំង​ព្រះសង្ឃ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែល​រស់​នៅ​ទី​នោះ។

ព្រះតេជព្រះគុណ​មាន​ថេរដីកា​បន្ត​ថា ក្រៅ​ពី​ធ្វើ​ពិធី​បែប​សាសនា រាប់​បាត្រ​ព្រះសង្ឃ សូត្រមន្ត​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​វីរជន​ខ្មែរ​ដែល​បាន​បូជា​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​-​មាតុភូមិ​កម្ពុជា​ក្រោម ពិធី​នោះ​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ឬ​ច្បាប់​ដែល​បារាំង កាត់​ទឹកដី​កម្ពុជា​ក្រោម ដល់​អ្នក​ចូល​រួម​ផង​ដែរ។



​ព្រះតេជព្រះគុណ លី រ៉ាន់ មាន​ថេរដីកា​ថា ថ្ងៃ​ទី​៤ មិថុនា គឺ​ជា​ទិវា​ចងចាំ​សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​មិន​ថា​ខ្មែរ​ក្រោម ឬ​ខ្មែរ​ណា​ឡើយ ហើយ​ថា ការ​ប្រារព្ធ​ពិធី​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បំភ្លេច​ចោល​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម។ មួយ​វិញ​ទៀត ពិធី​នេះ​ក៏​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ បាន​ស្គាល់ និង​ដឹង​ពី​បញ្ហា​របស់​ខ្មែរ​កម្ពុជា​ក្រោម ដូច្នេះ​ពួកគេ​អាច​ចូល​រួម​ជួយ​ខ្មែរ​ក្រោម​នៅ​ពេល​ដែល​ខ្មែរ​ក្រោម​មាន​បញ្ហា ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ជាដើម។

​ព្រះតេជព្រះគុណ លី រ៉ាន់៖ «បើ​ទោះ​ជា​អង្គការ​យើង​បង្កើត​យ៉ាង​ណា​ក៏ដោយ បើ​សិន​បើ​យើង​មិន​ឆ្លៀត​ឱកាស ធ្វើ​ពិធី​ជួបជុំ​ដូច​នេះ​ទេ ប្រជារាស្ត្រ​នៅ​តែ​មិន​យល់ មិន​ដឹង​ច្រើន ដូច្នេះ​យើង​ចង់​ឲ្យ​ពួកគាត់ បាន​ដឹង​បាន​យល់​ឲ្យ​ច្រើន​ទើប​យើង​ធ្វើ​ពិធី​នេះ ដើម្បី​ឆ្លៀត​ឱកាស​ផ្សព្វផ្សាយ​នៅ​ពេល​ជួប​ជុំ ដើម្បី​ឲ្យ​ពួកគេ​ដឹង​ថា អង្គការ​កំពូល​របស់​ខ្មែរ​ក្រោម​រាល់​ថ្ងៃ​ធ្វើ​បាន​អ្វី​ខ្លះ ហើយ​បាន​ចូលរួម​ការពារ​សិទ្ធិ​របស់​ខ្មែរ​ក្រោម​បាន​យ៉ាង​ណា»។

គិត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ គឺ​មាន​រយៈពេល ៦៦​ឆ្នាំ​គត់​ដែល​អាណានិគមនិយម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្ដេច​យួន បាវ ដាយ កាល​ពី​ឆ្នាំ​១៩៤៩។ ចាប់​តាំង​ពី​ពេល​នោះ​មក​ខ្មែរ​ក្រោម​បាន​យក​ថ្ងៃ​ទី​៤ មិថុនា គឺ​ជា​ទិវា​ចងចាំ​តៗ​រៀង​មក។

ព្រះតេជព្រះគុណ លី រ៉ាន់ មាន​ថេរដីកា​ថា មូលហេតុ​ដែល​យក​ថ្ងៃ​ទី​៣១ ឧសភា ដើម្បី​ប្រារព្ធ​ខួប​នៅ​ឆ្នាំ​នេះ ដោយសារ​វា​ជា​ថ្ងៃ​អាទិត្យ ពលរដ្ឋ​ភាគ​ច្រើន​ទំនេរ​ពី​ការងារ និង​អាច​ចូល​រួម​បាន​ច្រើន ដូច្នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ទី​នោះ មិន​នាំ​គ្នា​ធ្វើ​ពិធី​រំលឹក​ខួប​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

​ដោយ​ឡែក​សម្រាប់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ក៏​បាន​ដាក់​កាលបរិច្ឆេទ​ខុសៗ​គ្នា​ក្នុង​ខែ​មិថុនា សម្រាប់​ធ្វើ​ពិធី​រម្លឹក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នេះ​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា​នៅ​សហរដ្ឋអាមេរិក ប្រទេស​កាណាដា បារាំង អ៊ីតាលី ហុឡង់ដ៍ ដាណឺម៉ាក និង​ប្រទេស​ស្វីស ជាដើម។

​ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ ពិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា នា​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទល់​មុខ​ព្រះបរមរាជវាំង ត្រើយ​ខាង​កើត​ទន្លេ។ ការ​សម្រេច​ធ្វើ​ពិធី​រំលឹក​ខួប​នៅ​សង្កាត់​ជ្រោយចង្វារ នេះ នៅ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ មិន​ផ្ដល់​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ អង្គការ-​សមាគម ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ពី​ប្រវត្តិសាស្ត្រ​បាត់បង់​អំណាច​គ្រប់គ្រង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នេះ។

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ពិធី​នេះ​អាច​មាន​មនុស្ស​ច្រើន​ពាក់​នាក់​ចូល​រួម​ក្នុង​នោះ​ព្រះសង្ឃ​ជិត ២​ពាន់​អង្គ​នឹង​ត្រូវ​និមន្ត​ឲ្យ​ចូលរួម​ក្នុង​ពិធី​រាប់​បាត្រ។ លើស​ពី​នេះ ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ គឺ​សម្ដេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ក៏​នឹង​យាង​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​នោះ​ផង​ដែរ៕

No comments: