A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 7 June 2015

ក្រុម​យុវជន​ព្រួយ​បារម្ភ​បាត់បង់​ព្រៃ​ឡង់​ដោយសារ​ការ​កាប់​បំផ្លាញ​និង​ដី​សម្បទាន

ដោយ ប្រាជ្ញ ចេវ
2015-06-07 rfa
គល់​ឈើ​ដែល​ត្រូវ​បាន​គេ​ដុត​​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥
 RFA/Brach Chev

ក្រុម​យុវជន​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឡង់ ស្រប​ពេល​ដែល​ព្រៃ​ទាំង​នោះ​កំពុង​រង​ការ​បំផ្លាញ​ក្នុង​រូបភាព​ស្រប​ច្បាប់ និង​ដោយ​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន។ យ៉ាង​ណា​មិញ នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៥ ខែ​មិថុនា ទាំង​វាគ្មិន និង​លោក​អ្នក​ស្តាប់​ទូរស័ព្ទ​ចូលរួម នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​កាប់​បំផ្លាញ​នេះ។

ក្រៅ​ពី​ព្រួយ​បារម្ភ​ពី​វិនាសកម្ម​ព្រៃ​ឡង់ ការ​បង្ហាញ​ពី​សកម្មភាព​ស្ម័គ្រ​ចិត្ត​ចំពោះ​កិច្ច​ការពារ​ព្រៃ​ឡង់ ក្រុម​យុវជន​ទាមទារ​រក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ពេល​ព្រៃ​ឡង់​បាត់បង់។

វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កញ្ញា ខេង ស្រីហ័ង ដែល​ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ ទើប​មាន​អាយុ ១៤​ឆ្នាំ ដែល​ធ្លាប់​ចុះ​ល្បាត​ព្រៃ​ឡង់ លើក​ឡើង​ថា ព្រៃ​ឡង់​មិន​មែន​ជា​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ ប៉ុន្តែ​ជា​សម្បត្តិ​ទ្រព្យ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា។ កញ្ញា ស្រីហ័ង ថា សម្រស់​ព្រៃ​ឡង់​បូក​រួម​នឹង​សំឡេង​សត្វ​យំ លាយ​ឡំ​ជ្រោះ​ជ្រង​ជ្រលង​ដង​អូរ ធ្វើ​ឲ្យ​កញ្ញា​មាន​អារម្មណ៍​ស្រស់ស្រាយ ចង់​ថែ​រក្សា​ព្រៃ​ឡង់​មិន​ឲ្យ​បាត់បង់​សូម្បី​តែ​មួយ​ដើម។ យុវតី​វ័យ​ក្មេង​រូប​នេះ ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចេះ​ស្រឡាញ់​ការពារ​ព្រៃ​ឡង់ ដូច​អ្វី​ដែល​កញ្ញា​ស្រឡាញ់​ព្រៃ​ឡង់៖ «យើង​ឃើញ​ឈើ​មួយ​ដូចជា​ថូ​ផ្កា​ដែល​លាប​ថ្នាំ​ស្អាត ប៉ុន្តែ​សុំ​ប្រាប់​ថា អត់​ស្មើ​អ្វី​ដែល​យើង​ឃើញ​អ្វី​ពិត​ក្នុង​ព្រៃ​ឈើ​ក្នុង​ព្រៃ​មាន​សត្វ មាន​ចាប​យំ​ទេ»។



នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ទី​៥ ខែ​មិថុនា មាន​វាគ្មិន​ពីរ​រូប​ចូលរួម គឺ​លោក កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម និង​កញ្ញា ខេង ស្រីហ័ង អ្នក​ស្ម័គ្រ​ចិត្ត​ការពារ​ព្រៃ​ឡង់។

អ្នក​ស្តាប់​វេទិកា​វិទ្យុ​អាស៊ីសេរី គឺ​លោក សៅ ដែល​ទូរស័ព្ទ​ចូលរួម​កម្មវិធី កោត​សរសើរ​យុវជន​ដែល​បាន​ចូលរួម​ការពារ​តំបន់​ព្រៃ​ឡង់។ ជាង​នេះ​ទៅ​ទៀត លោក​ចោទ​សួរ​ថា តើ​ការ​អភិវឌ្ឍ​ដែល​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ធនធាន​ធម្មជាតិ ចំណេញ​ឬ​ខាត​ដល់​សេដ្ឋកិច្ច​ជាតិ?៖ «ពាក្យ​សម្ដី​របស់​ប្អូនស្រី ហ័ង បាន​ធ្វើ​ឲ្យ​ទឹក​ចិត្ត​របស់​ខ្ញុំ​ប៉ះ​ដល់​បេះដូង​តែ​ម្តង»។

ឆ្លើយ​នឹង​សំណួរ​នេះ លោក កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ ដាក់​បន្ទុក​ទៅ​ស្ថាប័ន​ថ្នាក់​កំពូល​ជា​អ្នក​ទទួល​ខុស​ត្រូវ ជាពិសេស​គឺ​រដ្ឋាភិបាល។ លោក កែម ឡី រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់៖ «ទទួល​ខុស​ត្រូវ​ធំ​ជាង​គេ គឺ​នាយក​រដ្ឋមន្ត្រី ការ​អភិវឌ្ឍ​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ការ​អភិវឌ្ឍ​ដែល​ផុយ​ស្រួយ»។

ជា​ញឹកញាប់​គេ​អង្កេត​ឃើញ​ថា ក្រុម​យុវជន​តែង​តែ​ចុះ​អង្កេត​ការពារ​តំបន់​ព្រៃ​ឡង់ ដោយ​ចំណាយ​ពេលវេលា​ទំនេរ​ពី​ការ​សិក្សា និង​ថវិកា​ផ្ទាល់​ខ្លួន​ចុះ​ល្បាត​ព្រៃ។ កន្លង​មក សកម្មភាព​ចុះ​ល្បាត​ការពារ​តំបន់​ព្រៃ​ឡង់ ក៏​ធ្លាប់​ជួប​គ្រោះថ្នាក់ និង​ឧបសគ្គ​ដែរ។

យ៉ាង​ណា​មិញ កាល​ពី​ខែ​ឧសភា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដឹក​នាំ​អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ ចេញ​មក​រារាំង​ក្រុម​យុវជន សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​ឡង់​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ដោយ​ទាមទារ​ឲ្យ​ការ​អនុញ្ញាត។

ជាង​នេះ​ទៅ​ទៀត ក្នុង​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ឡង់​កន្លង​មក មាន​យុវជន​ខ្លះ​លង់​ទឹក មួយ​ចំនួន​ទៀត​ឈឺ​រហូត​ដល់​សន្លប់។ ករណី​ធ្ងន់ធ្ងរ​មួយ​ទៀត កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ក្រុម​សហគមន៍​ការពារ​ព្រៃ​ឡង់ ជួប​គ្រោះថ្នាក់​ក្រឡាប់​គោយន្ត​នៅ​ក្នុង​សកម្មភាព​របស់​ខ្លួន ធ្វើ​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត និង​ពីរ​នាក់​ទៀត​របួស​ធ្ងន់ ម្នាក់​បែក​ក្បាល និង​ម្នាក់​ទៀត​បាក់​ឆ្អឹង​កង​ក។ ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។

កញ្ញា ហ៊ិន ស៊ីណា ដែល​ធ្លាប់​ចុះ​ល្បាត​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ រៀបរាប់​ថា មូលហេតុ​នៃ​ការ​ចុះ​ល្បាត​ព្រៃ​ឡង់ ព្រោះ​ចង់​ឃើញ​ព្រៃ​ឡង់​ដែល​ធ្លាប់​តែ​ឮ​គេ​និយាយ​ថា ព្រៃ​ឡង់​ព្រៃ​ស្រោង​ក្រាស់ៗ​សម្បូរ​សត្វ​ព្រៃ និង​ជីវចម្រុះ ប៉ុន្តែ​ក្តី​សង្ឃឹម កញ្ញា ហ៊ិន ស៊ីណា ប្រែ​ជា​សោកសង្រេង ព្រោះ​ព្រៃ​ដែល​កញ្ញា​ឃើញ បាន​ក្លាយ​ជា​វាល​រហោឋាន​ទៅ​ហើយ៖ «នៅ​ពេល​ខ្ញុំ​បាន​ទៅ​ដល់​ហ្នឹង ព្រៃ​ឡង់​មិន​ដូច​អ្វី​ដែល​ខ្ញុំ​គិត​ទេ សូម្បី​តែ​សត្វ​មួយ​ក្បាល​ក៏​គ្មាន​ផង ចឹង​ហើយ​វា​ខុស​ស្រឡះ​ពី​រំពឹង​ទុក​របស់​ខ្ញុំ»។

របាយការណ៍​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ឆ្នាំ​២០១៣-២០១៤ បង្ហាញ​ថា ទំហំ​ព្រៃ​ឡង់​បច្ចុប្បន្ន​នៅ​សល់​តែ​ប្រមាណ ៣៦​ម៉ឺន​ហិកតារ ដែល​ពី​មុន​នៅ​ក្នុង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ គឺ​មាន​ផ្ទៃដី​ទំហំ​ជាង ៦១​ម៉ឺន​ហិកតារ លាត​សន្ធឹង​ចាប់​ពី​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង។

ព្រៃ​ឡង់​រិច​រិល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។ យ៉ាង​ណា​មិញ ព្រៃ​ឡង់​នៅ​ក្នុង​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ឈើ​ក្នុង​ព្រៃ​ឡង់​ត្រូវ​បាន​គេ​កាប់​ដេក​ដួល​ពេញ​ដី ព្រៃ​ខ្លះ​ត្រូវ​ពលរដ្ឋ​ដុត​ចោល​ឆេះ​ឆួល​ផ្សេង​ហុយ​ពេញ​ព្រៃ ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​កាប់​រាន​ដើម្បី​យក​ដី​ធ្វើ​ចម្ការ។

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ថ្លែង​ថា ជន​ណា​ក៏ដោយ​ឲ្យ​តែ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ លោក​ស្វាគមន៍។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ ចង់​ឃើញ​សកម្មភាព​ណា​ជា​លក្ខណៈ​ផ្លូវ​ប្រព្រឹត្ត​ទៅ​តាម​នីតិវិធី ទើប​មាន​ប្រសិទ្ធភាព៖ «ការ​ចូលរួម​ការពារ​ព្រៃ​ឡង់​របស់​យុវជន ឬ​ក្រៅ​ផ្លូវ​ការ យើ​មិន​អាច​សន្និដ្ឋាន​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ណា​ទេ យើង​ទាមទារ​ឲ្យ​ធ្វើ​ការ​ចូលរួម​ការពារ​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវ​ច្បាប់»។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម លោក កែម ឡី និយាយ​ថា ព្រៃ​ឡង់​ជា​កន្លែង​សាធារណៈ​របស់​រដ្ឋ ដូច្នេះ​ប្រសិន​បើ​ប្រជាពលរដ្ឋ ឬ​យុវជន​ចង់​ទៅ​ទស្សនៈ អង្កេត​សិក្សា ពុំ​ចាំបាច់​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ។ លោក កែម ឡី លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​យុវជន ចូលរួម​សកម្មភាព​ចុះ​ទៅ​ទស្សនកិច្ច​សិក្សា​តំបន់​ព្រៃ​ឡង់។ ដោយ​ឡែក​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​អាច​ទៅ​ចូលរួម​បាន ពួក​គេ​អាច​ចូលរួម​ចំណែក​តាម​រយៈ​ថវិកា ឬ​សម្ភារៈ​ដល់​អ្នក​ដែល​ចុះ​តំបន់​ព្រៃ​ឡង់៕

No comments: