A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 June 2015

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ប្ដឹង​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អាដហុក​ពី​បទ​បរិហារ​កេរ្តិ៍

ដោយ ហង្ស សាវយុត
2015-06-01 rfa
ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ដាក់​ពាក្យ​​ប្ដឹង​​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Leng Maly


ការ​ខ្វែង​គំនិត​គ្នា​រវាង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ជាមួយ​នឹង​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប អំពី​រឿង​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ២​នាក់ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​សហគមន៍​ដី​សម្បទាន​វៀតណាម បាន​កើត​មាន​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ ដោយ​មិន​អាច​សម្រប​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន។

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា កាល​ពី ៣​ថ្ងៃ​មុន ព្រះរាជអាជ្ញា​រង និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ២​រូប ដែល​ធ្លាប់​ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដោយ​ចោទ​ប្រកាន់​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អះអាង​ថា គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​តតាំង​រឿង​ក្តី​តាម​ផ្លូវ​ច្បាប់​ជាមួយ​នឹង​ព្រះរាជអាជ្ញា​រង ព្រម​ទាំង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ចំនួន ២​រូប ប្រសិន​បើ​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​ទៅ​សាកសួរ​នៅ​ពេល​ណា​មួយ។



ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក នី ចរិយា។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១ ខែ​មិថុនា ថា រហូត​មក​ដល់​ពេល​នេះ គឺ​លោក​នៅ​តែ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់ ជុំវិញ​រឿង​មន្ត្រី​តុលាការ​ខ្លះ​នៅ​ខេត្ត​សៀមរាប ដាក់​ពាក្យ​ប្ដឹង​រូប​លោក​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ឡើយ​ទេ។ លោក នី ចរិយា បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ខាង​មុខ លោក​នឹង​ចាត់​មេធាវី​ឲ្យ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឆែក​រឿង​នេះ។ លោក​បង្ហាញ​ជំហរ​មិន​តក់ស្លុត​ទេ បើ​ទោះ​បី​ជា​មន្ត្រី​តុលាការ​ខ្លះ​នៃ​ខេត្ត​សៀមរាប ប្ដឹង​ចោទ​ប្រកាន់​រូប​លោក​មែន​ក៏ដោយ៖ «យើង​ត្រូវ​តែ​ហ៊ាន​ប្រឈម​ជាមួយ​បញ្ហា​ទាំង​ហ្នឹង ពីព្រោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​តែ​ជួប​បញ្ហា​ដូច​នេះ​ហើយ គឺ​មិន​មែន​តែ​រឿង​មួយ​នេះ​ទេ មាន​រឿង​ច្រើន​ហើយ​ដែល​យើង​បាន​ជួប»។

ប្រភព​ពី​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប បាន​បង្ហើប​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប គឺ​លោក សុក កែវបណ្ឌិត បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​ម្នាក់​ឈ្មោះ លោក ច័ន្ទ វិចិត្រ ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ប្រឆាំង​នឹង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សុក កែវបណ្ឌិត និង​លោក ច័ន្ទ វិចិត្រ ដែល​ជា​មេធាវី ដើម្បី​សុំ​ការ​អធិប្បាយ​បាន​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​ទាំង​ពីរ​មិន​ទទួល​ទូរស័ព្ទ​សន្ទនា។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) តាំង​តែ​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា កន្លង​ទៅ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​រឿង​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ប្ដឹង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នេះ។ ការ​ដកស្រង់​មក​ផ្សព្វផ្សាយ​បញ្ជាក់​ថា លោក​មេធាវី ច័ន្ទ វិចិត្រ បាន​ដាក់​ពាក្យ​ប្ដឹង លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ចំនួន ៣​ករណី គឺ​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ (តុលាការ) តាម​មាត្រា​៣០៥ មាត្រា​៣១១ និង​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី លោក នី ចរិយា បាន​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា កន្លង​ទៅ រិះគន់​ព្រះរាជអាជ្ញា​រង លោក សុក កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ម្នាក់​ទៀត គឺ​លោក គឺ ឬទ្ធី ថា​បាន​ចាប់​ឃុំ​ខ្លួន​អ្នក​ភូមិ ២​នាក់ នៅ​ភូមិ​ជប់រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ ដែល​មាន​ទំនាស់​ជាមួយ​សហគមន៍​ដី​សម្បទាន​វៀតណាម មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់។

សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​តុលាការ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​អង្គការ​សិទ្ធិ​មនុស្ស​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​សិន​ជា​ព្រះរាជអាជ្ញា​រង និង​ចៅក្រម​ស៊ើបសួរ​ទាំង​ពីរ​រូប​របស់​តុលាការ​ខេត្ត​សៀមរាប មិន​បាន​អនុវត្ត​ខុស​ច្បាប់​ក្នុង​រឿង​ចាប់​ប្រជាពលរដ្ឋ ២​នាក់​ឃុំ​ខ្លួន​នោះ​ទេ ហេតុ​អ្វី​ក៏​មិន​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការ​រិះគន់ ចាំបាច់​ខ្វែង​គំនិត​គ្នា​រហូត​ដល់​ដាក់​ពាក្យ​ប្ដឹង​ធ្វើ​អ្វី៖ «ប្រព័ន្ធ​តុលាការ ហើយ​ប្រព័ន្ធ​អយ្យការ​ក៏​ជា​អ្នក​អនុវត្តន៍​ច្បាប់ ជា​អ្នក​ផ្ដល់​យុត្តិធម៌។ អ៊ីចឹង​មួយ​ចង់​បាន​យុត្តិធម៌ និង​មួយ​ទៀត​ជា​អ្នក​ផ្ដល់​យុត្តិធម៌។ តើ​វា​ចាំបាច់​អី​ត្រូវ​ប្ដឹងផ្ដល់ និង​ឌឺដង​ដាក់​គ្នា?»។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ យល់​ថា ការ​ដែល​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ប្ដឹង​សកម្មជន​សិទ្ធិ​មនុស្ស​នេះ គឺ​ជា​រឿង​មួយ​មិន​ល្អ​ទេ ពីព្រោះ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​រិះគន់​មន្ត្រី​ខ្លះ​នៃ​តុលាការ​ខេត្ត​សៀមរាប គ្មាន​ចេតនា​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ការ​ចង់​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឡើយ៕

No comments: