A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 June 2015

ព្រឹទ្ធាចារ្យ​ជនជាតិ​ចារ៉ាយ​អះអាង​ថា​ដី​ខ្មែរ​បាត់បង់​មិន​តិច​ជាង​១០​គីឡូម៉ែត្រ​ពី​ព្រំដែន

ដោយ រដ្ឋា វិសាល
2015-06-09RFA

ចាស់​ព្រឹទ្ធាចារ្យ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រតនគិរី ៦២០
ចាស់​ព្រឹទ្ធាចារ្យ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និយាយ​ពី​ការ​បាត់បង់​ដី​ព្រំដែន​ទៅ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Ratha Visal


ជម្លោះ​ដណ្ដើម​ទឹក​ដី​នៅ​តំបន់​ព្រំដែន​ខេត្ត​រតនគិរី រវាង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ដែល​ភាគី​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន ដែល​ហៅ​ថា​តំបន់​ស​នោះ កាន់​តែ​រីក​រាល​ដាល​ធំ​ឡើង បន្ទាប់​ពី​ពលរដ្ឋ​វៀតណាម ចូល​ជីក​ស្រះ​ចំនួន​៧ នៅ​លើ​តំបន់​ព្រំដែន​ត្រួត​ស៊ី​គ្នា។

ភាគី​ពលរដ្ឋ​វៀតណាម អះអាង​ថា ដី​ដែល​គេ​ជីក​ស្រះ​ជា​ដី​របស់​វៀតណាម ចំណែក​ពលរដ្ឋ​ខ្មែរ​អះអាង​ថា នេះ​ជា​ការ​រំលោភ​បំពាន​បន្ថែម​ទៀត​ទៅ​លើ​ដី​ខ្មែរ​ដែល​ភាគី​វៀតណាម បាន​បំពាន​មក​លើ​ដី​តំបន់​ព្រំដែន​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។

ចាស់​ព្រឹទ្ធាចារ្យ​ដើម​កំណើត​ជា​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ ចំនួន​បី​នាក់ រស់នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ព្រំដែន​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កត់​សម្គាល់​ថា ជាង ៣០​ឆ្នាំ​កន្លង​ទៅ​នេះ ដី​ខ្មែរ​នៅ​តំបន់​គាត់​ធ្លាប់​រស់នៅ​បាន​បាត់បង់​អស់​មិន​តិច​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​បច្ចុប្បន្ន​ឡើយ។



លោក សល់ ហ្លឹច អាយុ ៨២​ឆ្នាំ​រៀបរាប់​ជា​ភាសា​ចារ៉ាយ និង​ត្រូវ​បាន​បកប្រែ​ថា កាល​ពី​ទសវត្ស​ឆ្នាំ​៨០ បង្គោល​ព្រំដែន​ខ្មែរ​ឋិត​នៅ​តំបន់​អូរឡាង ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ព្រំដែន​បច្ចុប្បន្ន ដែល​ភាគី​កម្ពុជា និង​វៀតណាម កំណត់​ថា​ជា​ខ្សែ​បន្ទាត់​ព្រំដែន​តំបន់​ស ហាម​ឃាត់​មិន​ឲ្យ​ភាគី​ណា​ប៉ះពាល់។ លោក​កត់​សម្គាល់​ថា តំបន់​នោះ​ជា​ព្រៃ​ក្រាស់​មិន​មាន​ពលរដ្ឋ​ទៅ​រស់នៅ​ទេ។ រហូត​មក​ទល់​នឹង​ឆ្នាំ​១៩៨២ ក្រោយ​ពេល​ចាក​ចេញ​ពី​របប​ខ្មែរ​ក្រហម ជនជាតិ​ចារ៉ាយ​ខ្មែរ ៩​គ្រួសារ​រស់នៅ​ភូមិ​ឡំ បាន​ទៅ​កាប់​ឆ្ការ​ព្រៃ​លើក​ដំបូង​នៅ​ខាង​កើត​អូរ​ហ្គ្រឹម ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ​ពី​ភូមិ ដើម្បី​ដាំ​ស្រូវ​នៅ​ទីនោះ៖ «លើស​ពី​ហ្នឹង​ទៀត ព្រំដែន​ហ្នឹង​អូរឡាង តែ​គេ​កាប់​ចម្ការ​ឆ្នាំ​៨១-៨២។ កាប់​ចម្ការ​ហ្នឹង​កាប់​ដោយ​កម្លាំង ដើម​ឈើ​ធំៗ​ណាស់​ព្រៃ​ស្រោង សត្វ​ព្រៃ​សម្បូរ​ណាស់ ខាង​វៀតណាម អត់​មាន​មក​ដល់​ដែរ មាន​តែ​ខាង​ភូមិ​ឡំ ទៅ​ដល់​ហ្នឹង​មាន ៩​គ្រួសារ​កាប់​ចម្ការ​ដាំ​ស្រូវ»។

សាក្សី​មួយ​រូប​ទៀត គឺ​លោក រម៉ាស ហ្គ្រូប អាយុ ៦២​ឆ្នាំ រៀបរាប់​ដែរ​ថា បី​ឆ្នាំ​ក្រោយ​មក​ដោយសារ​តំបន់​ធ្វើ​ស្រែ​ចម្ការ​ពួក​គាត់​នៅ​ឆ្ងាយ​ពី​ភូមិ​ពេក ទើប​អ្នក​ភូមិ​ទាំង ៩​គ្រួសារ​បោះបង់​ចម្ការ​នោះ ហើយ​មក​កាប់​ឆ្ការ​ព្រៃ​ជិត​ភូមិ​ដើម្បី​ធ្វើ​កសិកម្ម។ រហូត​មក​ទល់​នឹង​អំឡុង​ឆ្នាំ​១៩៩៣ ទើប​មាន​ជនជាតិ​ចារ៉ាយ​ខ្មែរ​មក​ពី​ភូមិ​ឆ្ងាយៗ​ក្នុង​ស្រុក​អូរយ៉ាដាវ មក​កាប់​ឆ្ការ​ដី​តំបន់​នោះ​ធ្វើ​ចម្ការ​បន្ត។ ក្នុង​អំឡុង​ពេល​នោះ​ដែរ ជនជាតិ​ចារ៉ាយ នៅ​តំបន់​ម៉ក់ស៊ឺង ប្រទេស​វៀតណាម រស់នៅ​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​តំបន់​នោះ ក៏​បាន​មក​កាប់​ឆ្ការ​ព្រៃ​ធ្វើ​ចម្ការ​ជាមួយ​អ្នក​ភូមិ​ខ្មែរ​នៅ​តំបន់​នោះ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ដូច​គ្នា៖ «ព្រៃ​សហគមន៍​ភូមិ​ឡំ ហើយ​ចុះ​មក​នៅ​ហ្នឹង​កាល​មុន​នៅ​ភូមិ​អូរកម នោះ។ កាប់​តាម​អូរ​ហ្គ្រឹម រហូត​មក​ទល់​ចុង​វា កាល​ហ្នឹង​អត់​មាន​វៀតណាម មក​ឃាត់​ទេ ក្នុង​ចម្ការ​គេ​ដាំ​ចេក​ដាំ​អំពៅ​ដាំ​ស្រូវ​ហ្នឹង ហើយ​អត់​មាន​ស្អី​ទេ»។

សាក្សី​អាយុ ៧០​ឆ្នាំ​មួយ​រូប​ទៀត គឺ​លោក សេវ ជិល កត់​សម្គាល់​ជា​ភាសា​ចារ៉ាយ និង​បាន​បកប្រែ​ដែរ​ថា នៅ​អំឡុង​ឆ្នាំ​១៩៩៩ រដ្ឋាភិបាល​វៀតណាម បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​នោះ​យក​ដី​ដាំ​កៅស៊ូ ហើយ​បញ្ចុះបញ្ចូល​អ្នក​ភូមិ​ជនជាតិ​ដើម​នៅ​តំបន់​នោះ ឲ្យ​ប្រគល់​ដី​ចម្ការ​សម្រាប់​គម្រោង​ដាំ​កៅស៊ូ ដោយ​សន្យា​ថា​រដ្ឋ​នឹង​ប្រគល់​ដើម​កៅស៊ូ​ដែល​ដាំ​បាន ឲ្យ​ទៅ​ពលរដ្ឋ​ទាំង​នោះ​វិញ​តាម​ទំហំ​ដី​ដែល​ពួក​គាត់​មាន នៅ​ពេល​ដើម​កៅស៊ូ​ផ្តល់​ផល។ ជាក់ស្តែង បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម ដាំ​កៅស៊ូ​នៅ​តំបន់​នោះ​រួច​ហើយ ជនជាតិ​ចារ៉ាយ នៅ​តំបន់​នោះ​ត្រូវ​បាន​បណ្ដេញ​ចេញ ហេតុ​នេះ​អ្នក​ភូមិ​ចារ៉ាយ ខ្លះ​រត់​ទៅ​ភូមិ​ចាស់​របស់​ខ្លួន​នៅ​ទឹក​ដី​វៀតណាម ខ្លះ​មក​រស់នៅ​ទឹក​ដី​ខ្មែរ​នា​តំបន់​ព្រំដែន​នោះ​រហូត​មក ដោយ​មិន​មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឡើយ៖ «វា​ថា​ចម្ការ​ឯង​នេះ​ដាំ​កៅស៊ូ កាល​កៅស៊ូ​មិន​ទាន់​ធំ​ដាំ​ស្រូវ។ ចម្ការ​ឯង​នេះ​ប៉ុណ្ណា​វាស់​ឲ្យ​ប៉ុណ្ណឹង សង​ឯង​ប៉ុណ្ណឹង កៅស៊ូ​ធំ​ឲ្យ​ឯង​ចៀរ ដល់​កៅស៊ូ​ធំ​ហើយ​វា​មិន​ឲ្យ​ចៀរ​ទេ វា​ដេញ​ហើយ»។

មុន​ឆ្នាំ​២០០០ រាជ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​កំណត់​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។ នៅ​ខេត្ត​រតនគិរី ចាប់​ពី​បង្គោល​គីឡូម៉ែត្រ​លេខ​៣១ រហូត​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​៣៩ ចម្ងាយ​ប្រមាណ ៤០ ទៅ ៥០​គីឡូម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ទល់​នឹង​តំបន់​អូរលាវ ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី បច្ចុប្បន្ន ភាគី​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​បោះ​បង្គោល​បាន​នៅ​ឡើយ។ ដោយ​ឡែក​នៅ​ចំណុច​អូរ​ហ្គ្រឹម ស្ថិត​នៅ​ក្បែរ​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចាត់​ទុក​ជា​តំបន់​ស។ តំបន់​ស ត្រូវ​បាន​កំណត់​ត្រឹម​អ័ក្ស​កណ្ដាល​នៃ​អូរ​ហ្គ្រឹម និង​ចម្ងាយ ៥០០​ម៉ែត្រ​ពី​សង​ខាង​អ័ក្ស ហាម​មិន​ឲ្យ​ភាគី​ទាំង​ពីរ​សាងសង់ ឬ​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ឯកភាព​គ្នា​នោះ​ឡើយ លើក​លែង​តែ​តំបន់​ដែល​ភាគី​ទាំង​ពីរ​បាន​ឈរ​ជើង​មុន​ការ​កំណត់​ឲ្យ​រក្សា​ស្ថានភាព​ដដែល។

កាល​ពី​ខែ​ឧសភា កន្លង​ទៅ អាជ្ញាធរ​ខេត្ត​រតនគិរី បាន​អះអាង​ថា វៀតណាម បាន​រំលោភ​កិច្ច​ព្រមព្រៀង​តំបន់​ស ហើយ​ជីក​ស្រះ​ចំនួន​៧ ក្នុង​តំបន់​ហាម​ឃាត់​នេះ។ បន្ទាប់​ពី​ការ​រំលោភ​នេះ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ចាត់​ទុក​ករណី​ភាគី​វៀតណាម ជីក​ស្រះ​នៅ​តំបន់​ហាម​ឃាត់​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​ស នៅ​ខេត្ត​រតនគិរី ថា​ជា​ការ​ធ្វេសប្រហែស​របស់​តម្រួត​ព្រំដែន និង​មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ហ្មត់ចត់ ការពារ​កុំ​ឲ្យ​វៀតណាម រំលោភ​មក​លើ​អធិបតេយ្យភាព​ដែនដី​នៅ​តំបន់​ខ្សែ​បន្ទាត់​ព្រំដែន។

តម្រួត​ព្រំដែន​វៀតណាម នៅ​ចំណុច​ជីក​ស្រះ បាន​ព្យាយាម​បណ្ដេញ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ជិត​នោះ និង​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​និស្សិត ព្រះសង្ឃ ចូល​ទៅ​ពិនិត្យ​កន្លែង​ជីក​ស្រះ កាល​ពី​ថ្ងៃ​ទី​៨ មិថុនា។ ករណី​នេះ ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភាគី​ស្ទើរ​ផ្ទុះ​ចេញ​អំពើ​ហិង្សា ដោយសារ​ពលរដ្ឋ​ខ្មែរ​ចោទ​ថា វៀតណាម រំលោភ​ដី​តំបន់​ហាម​ឃាត់ ចំណែក​ពលរដ្ឋ​វៀតណាម អះអាង​ថា​ជា​ដី​របស់​ខ្លួន។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី សម្ដែង​ការ​បារម្ភ​ចំពោះ​ជម្លោះ​ព្រំដែន​នេះ ដែល​អាច​នឹង​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រវាង​ពលរដ្ឋ​ទាំង​ពីរ​ភាគី ប្រសិន​បញ្ហា​ជីក​ស្រះ​មិន​ត្រូវ​បាន​ដោះស្រាយ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ក្រៅ​ពី​ជីក​ស្រះ​ថ្មីៗ​ចំនួន​៧ ពលរដ្ឋ​វៀតណាម កំពុង​ទន្ទ្រាន​យក​ដី​ចម្ងាយ ៥០០​ម៉ែត្រ​ពី​អ័ក្ស​អូ (O) ជា​ដី​តំបន់​ស ដើម្បី​ដាំ​កាហ្វេ​បន្ថែម​ទៀត។ លោក​បន្ត​ថា ការ​បាត់បង់​ទឹក​ដី​នឹង​បន្ត​កើត​មាន​ថែម​ទៀត ប្រសិន​ដំណោះស្រាយ​បោះ​បង្គោល​ព្រំដែន​អូស​បន្លាយ​យូរ​ត​ទៅ​ទៀត៖ «ទៅ​ពិនិត្យ​ឃើញ​ជាក់ស្តែង គឺ​ដី​ថ្មីៗ​មិន​មែន​បាន​ន័យ​ថា ស្រះ​នេះ​ខែ​មុន​កន្លង​មក​នោះ​ទេ។ នេះ​ជា​ចលនា​មួយ​ដែល​ឃើញ​ថា អាជ្ញាធរ​វៀតណាម មាន​ចេតនា​បំពាន​ដែនដី​យើង»។

ដូច​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​កត់​សម្គាល់​ដែរ​ថា កន្លង​ទៅ​នេះ​រាជ​រដ្ឋាភិបាល​ខ្វះ​យន្តការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ ហើយ​ជា​លទ្ធផល ដី​ខ្មែរ​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់។ លោក​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ទប់ស្កាត់​កុំ​ឲ្យ​ភាគី​វៀតណាម រំលោភ​បាន​ត​ទៅ​ទៀត៖ «បើ​វៀតណាម រំលោភ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​មាន​ឆន្ទៈ​ហាម​ឃាត់​កុំ​ឲ្យ​បញ្ហា​ហ្នឹង​កើត​មាន​ត​ទៅ​ទៀត។ ជា​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​មួយ ត្រូវ​តែ​មាន​ការ​ទប់ស្កាត់ យើង​មាន​ថ្នាក់​ជាតិ និង​អន្តរជាតិ យើង​អាច​ធ្វើ​កិច្ចការ​ហ្នឹង​បាន»។

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ចំពោះ​មុខ​ពលរដ្ឋ​ដែល​តវ៉ា​ការ​រំលោភ​ជីក​ស្រះ​ក្នុង​តំបន់​ហាម​ឃាត់ ក្នុង​ខេត្ត​រតនគិរី ដោយ​ប្រកាស​សន្យា​ថា​នឹង​ធ្វើ​របាយការណ៍​ជូន​ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​ជាមួយ​វៀតណាម ស្ដីពី​ការ​រំលោភ​ឈ្លាន​ពាន​ទឹក​ដី​នេះ នឹង​ទាមទារ​ឲ្យ​វៀតណាម លុប​ស្រះ​នោះ​វិញ។ ចំណែក​ពលរដ្ឋ​ជនជាតិ​ដើម​ភូមិ​ឡំ ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល ប្រយ័ត្ន​ប្រយែង​ទាមទារ​ដី​ដែល​វៀតណាម រំលោភ​នៅ​តំបន់​អ្នក​ភូមិ​ធ្លាប់​កាន់​កាប់ មុន​នឹង​សម្រេច​បោះ​បង្គោល​ព្រំដែន​ផ្លូវ​ការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម៕

No comments: