A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 June 2015

ជនជាតិ​ព្នង​រក​អន្តរាគមន៍​ទប់ស្កាត់​ការ​កាប់​ឈើ

Mon, 1 June 2015 ppp
ផាក់ ស៊ាងលី

ឈើ​ដែល​គេ​កាប់​ក្នុង​ព្រៃ​សហគមន៍​ ហើយ​ដឹក​ចូល​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​។ រូបថត សហការី

ស្ទឹងត្រែងៈ ជនជាតិ​ដើម​ភាគតិច​ព្នង​ចំនួន ៥៧ គ្រួសារ​ នៅក្នុង​ឃុំ​ក្បាលរមាស​ស្រុក​សេសាន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត ដើម្បី​សុំ​អន្តរាគមន៍​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ចំនួន ៣ កន្លែង ដែល​កំពុង​ទិញ​ឈើ​ខុសច្បាប់ និង​បាន​គំរាម​បាញ់​សម្លាប់​ប្រជាសហគមន៍​។

ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ទំហំ ៥៥៥ ​ហិកតា​ស្ថិត​ក្នុង​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស​ស្រុក​សេសាន​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​កម្មករ​ប្រមាណ​ជា​ ៣០ នាក់​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ ​​មក បើ​ទោះបី​ជា​សហគមន៍​ចំនួន​ ៥៧ គ្រួសារ​ខំ​ព្យាយាម​ទប់ស្កាត់​យ៉ាង​ណា​ក៏ដោយ។ ដោយ​អស់​លទ្ធភាព​ប្រជាសហគមន៍​ចំនួន ៣២ នាក់​តំណាង​ឲ្យ ៥៧ គ្រួសារ​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្តរាគមន៍​ពី​អង្គការ​អាដហុក​ខេត្ត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ នេះ​បើ​យោង​តាម​លោក​ គឹម ឌឿង ​អាយុ ៥៦ ឆ្នាំ​ជា​តំណាង​សហគមន៍។

លោក​ ឌឿង ​បាន​អះអាង​ថា៖ ​«​យើង​សុំ​ដក​សិប្បកម្ម​ហ្នឹង​ចេញ ព្រោះ​ធ្វើ ២ ឆ្នាំ​ហើយ ដែល​វា​បង្ក​ភាព​អាណាធិបតេយ្យ​កាប់​បំផ្លាញ​ព្រៃឈើ​ពេញ​ទំហឹង​តែ​ម្តង។ គេ​ទិញ​ឈើ​ពី​អ្នក​កាប់​ឈើ​ខុស​ច្បាប់»​។



លោក​បាន​បន្ត​ថា សហគមន៍​លោក​បាន​ជំទាស់​ទៅ​នឹង​ការ​ចូល​កាប់​ឈើ​ខុស​ច្បាប់​នោះ ដែល​ធ្វើឲ្យ​អ្នក​ពូកែ​កាប់​ឈើ​លក់​ឲ្យ​សិប្បកម្ម​នោះ​ម្នាក់​ឈ្មោះ​សៀង ឃេនខឹង ហើយ​គំរាម និង​ប្រមាថ​បាញ់​សម្លាប់​ប្រជាសហគមន៍​ចោល​ទៀត។

លោក​បាន​ថ្លែង​ថា ប្រភេទ​ឈើ​ល្អៗ ត្រូវ​គេ​កាប់​អស់​ហើយ​។ នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​គេ​កំពុង​តែ​កាប់​ឈើ​សុក្រំ​លក់​ឲ្យ​សិប្បកម្ម​បី​កន្លែង​តម្លៃ ៤៥ ម៉ឺន​រៀល​ក្នុង ១ ម៉ែត្រ​គុប។ ​

លោក​​ គឹម ឌឿង ​បាន​បញ្ជាក់​ថា៖ «ហិន​ហោច​ព្រៃឈើ​អស់​ហើយ គ្មាន​អី​នៅសល់​សម្រាប់​កូនចៅ​ទេ បើ​មិន​បិទ។ អាជ្ញាធរ​ធ្វើ​មិន​ដឹង​មិន​ឮ។ គេ​បើក​ដៃ​ឲ្យ​សិប្បកម្ម​ឈ្មោះ​ទ្រី​ឈ្មោះ​ប្រុស​តែ​ម្តង»​។

លោក​ ហូ សំអុល ​អ្នក​សម្របស្រួល​អង្គការ​អាដហុក​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​បន្ទាប់ពី​ទទួល​ពាក្យ​បណ្តឹង​នោះ​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ប្តឹង​ «​ឧក្រិដ្ឋជន» បំផ្លាញ​ព្រៃឈើ និង​សិប្បកម្ម​អត់​ច្បាប់​មួយ​ចំនួន​នៅក្នុង​ភូមិ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «បើ​យោង​តាម​ការ​ចុះ​អង្កេត​ឃើញ​ថាៈ ពិតជា​មាន​សកម្មភាព​នេះ​ពិត​មែន។​ ករណី​នេះ​បណ្តាល​មកពី​អាជ្ញាធរ ភូមិ ឃុំ មិន​មាន​ឆន្ទៈ​បង្ក្រាប ជាពិសេស​ជំនាញ​មេព្រៃ​តែ​ម្តង។ បើ​អស់​លោក នៅ​តែ​បណ្តែតបណ្តោយ​ទៀត ព្រៃឈើ និង​ត្រូវ​រលាយ​ជា​មិន​ខាន»។

អង្គការ​អាដហុក​នឹង​ធ្វើ​លិខិត​អម​ជាមួយ​នឹង​ពាក្យបណ្តឹង​របស់​សហគមន៍ ហើយ​គ្រោង​នឹង​ដាក់​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​សប្តាហ៍​នេះ។

លោក ហូ សំអុល ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​បញ្ហា​ព្រៃឈើ​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​ជា​ជនរងគ្រោះ​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ផង​ដែរ។

លោក​ វឿន សម្បត្តិ ​មេឃុំ​ក្បាលរមាស​បាន​ឲ្យ​ដឹង​ថា​ សិប្បកម្ម​ទាំងនោះ មាន​លក្ខណៈ​តូចតាច​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ឯកភាព​គ្នា​ឲ្យ​មាន​ការ​បើក​សិប្បកម្ម​នោះ​ផង​ដែរ​។ លោក​បាន​អះអាង​ថា ឈើ​ដែល​ទិញ​ចូល​សិប្បកម្ម​ទាំងនោះ មិនមែន​កាប់​ព្រៃ​សហគមន៍​ទេ ប៉ុន្តែ​គេ​កាប់​មកពី​តំបន់​ស្តារ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

លោក​ សុវណ្ណ ពិសេត អភិបាលរង​ស្រុក​សេសាន​បាន​ថ្លែង​ថា លោក​មិន​ធ្លាប់​បាន​ដឹង​ពី​បញ្ហា​នេះ​នោះ​ទេ។

ភ្នំពេញ ​ប៉ុស្តិ៍​ មិន​អាច​ទាក់ទង ដើម្បី​សុំ​អធិប្បាយ​ពី​ម្ចាស់​សិប្បកម្ម និង​អ្នក​កាប់​ឈើ​ឈ្មោះ​ សៀង ឃេន ដែល​រង​ការ​ចោទប្រកាន់​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ៕

No comments: