A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 17 June 2015

អង្គការ​សិទ្ធិ​មនុស្ស​បង្ហាញ​ចំណុច​អាក្រក់​នៃ​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

ដោយ សុជីវី
2015-06-16 rfa

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
Photo: RFA

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​ការ​វិភាគ​របស់​ខ្លួន​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​សេចក្ដី​ព្រាង​ចុង​ក្រោយ​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី។ ការ​វិភាគ​នោះ​រក​ឃើញ​ថា នៅ​មាន​ចំណុច​បារម្ភ​ជាច្រើន ដែល​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ចាត់​ទុក​ថា ជា​ការ​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​ខាង​សមាគម និង​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​សាធារណៈ ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។

ការ​លើក​ឡើង​របស់​អង្គការ​សិទ្ធិ​មនុស្ស​នេះ ស្រប​ពេល​ដែល​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម ត្រូវ​មន្ត្រី​អះអាង​ថា​ត្រូវ​បញ្ជូន​ចេញ​ពី​ស្ដីការ​គណៈរដ្ឋមន្ត្រី​ទៅ​កាន់​រដ្ឋសភា។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រក​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដែល​ចេញ​ពី​គណៈរដ្ឋមន្ត្រី ឬ​សេចក្ដី​ព្រាង​លើក​ទី​៥ នៃ​ច្បាប់​ស្ដីពី​អង្គការ​សមាគម មាន​ចំណុច​ធំៗ​ចំនួន​៥ ដែល​នៅ​ចោទ​ជា​បញ្ហា ហើយ​អង្គការ​នេះ​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​កែលំអ។

នៅ​ក្នុង​អត្ថបទ​វិភាគ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា បាន​បញ្ជាក់​ថា ចំណុច​ទាំង​៥ នោះ​បង្ហាញ​ថា សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម បាន​ប្រគល់​អំណាច​យ៉ាង​ច្រើន​ដល់​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល បើ​ទោះ​បី​ជា​បាន​លុប​ចោល​ការ​ដាក់​កំហិត​លើ​ថវិកា​ចំណាយ​រដ្ឋបាល​ក៏ដោយ។



ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​ដែល​អង្គការ​អ្នកស្រី​វិភាគ​នេះ គឺ​ទទួល​បាន​ដោយ​ក្រៅ​ផ្លូវ​ការ ឬ​ហៅ​ថា ជា​ការ​បែក​ធ្លាយ​ដែល​ពុំ​មែន​ជា​ការ​ផ្ដល់​ឲ្យ​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ឡើយ។ អ្នកស្រី​ថា ជា​លទ្ធផល សេចក្ដី​ព្រាង​ច្បាប់​នេះ​មាន​ស្ថានភាព​អាក្រក់​ជាង​សេចក្ដី​ព្រាង​ច្បាប់​ក្នុង​ដំណាក់​កាល​ដំបូងៗ៖ «បង្ហាញ​ពី​ចេតនា​ច្បាស់​ក្នុង​ការ​គ្រប់គ្រង និង​រឹត​បន្តឹង​លើ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ប្រតិបត្តិ​ការងារ​ក្នុង​ប្រទេស​កម្ពុជា យើង​នេះ។ យើង​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់ ដែល​ឲ្យ​បាន​ពេញលេញ និង​មាន​អត្ថន័យ ដែល​អាច​ឲ្យ​យើង​ឈរ​លើ​មូលដ្ឋាន​មួយ ដែល​មាន​ច្បាប់​មួយ​ដែល​សម្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ប្រតិបត្តិការ មិន​មែន​ជា​ការ​រឹត​បន្តឹង​សេរីភាព និង​ការ​ប្រតិបត្តិ​របស់​អង្គការ​សមាគម​នោះ​ទេ»។

ចំណុច​ទាំង​៥ ដែល​អង្គការ​នេះ​ព្រួយ​បារម្ភ​នោះ​រួម​មាន ការ​មិន​ចែង​ពី​អង្គការ​សហគមន៍​មូលដ្ឋាន ដែល​អាច​ឲ្យ​មាន​ការ​បកស្រាយ​ប៉ះពាល់​ដល់​ដំណើរ​ការ​ពួក​គេ។ សមាគម និង​អង្គការ តម្រូវ​ឲ្យ​ចុះ​បញ្ជី​ដែល​លែង​ជា​ជម្រើស ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គការ​សមាគម ដែល​ត្រូវ​គេ​បដិសេធ​មិន​ឲ្យ​ចុះ​បញ្ជី ចំណែក​អង្គការ​អន្តរជាតិ ក៏​តម្រូវ​ឲ្យ​ចុះ​បញ្ជី​តាម​នីតិវិធី​សាំញ៉ាំ។ ការ​បង្ហាញ​បញ្ញត្តិ​មិន​ច្បាស់លាស់​ពី​ឯករាជ​ភាព​របស់​អង្គការ​សមាគម​ពី​គណបក្ស​នយោបាយ និង​ការ​ផ្ដល់​អំណាច​ឲ្យ​ក្រសួង​មហាផ្ទៃ លុប​ឈ្មោះ​អង្គការ​សមាគម​ពី​បញ្ជី ដែល​ជា​ចំណុច​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ផុត​ពី​ដៃ​គណៈរដ្ឋមន្ត្រី​ហើយ គឺ​បាន​បញ្ជូន​ទៅ​រដ្ឋសភា​រួច​ហើយ។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​រក​ប្រភព​ណា​ដែល​អាច​បញ្ជាក់​បាន​ថា តើ​រដ្ឋសភា​នឹង​ចាត់​ឲ្យ​មាន​កិច្ច​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

យ៉ាង​ណា អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ធ្លាប់​បញ្ជាក់​ថា ច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​បង្កើត​នៅ​ពេល​នេះ គឺ​ដើម្បី​គាំពារ​អង្គការ​សមាគម​ទៅ​វិញ​ទេ៖ «បាន​សេចក្តី​ព្រាង​ច្បាប់​មក​យើង​ផ្ទៀង​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​ថ្មី តើ​បើ​ប្រៀបធៀប​ជាមួយ​ច្បាប់​អាមេរិក វា​យ៉ាង​ម៉េច? ជាមួយ​ឥណ្ឌា ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អាស៊ី យ៉ាង​ម៉េច? សិង្ហបុរី ថា​ម៉េច? ថៃ ថា​ម៉េច? គេ​នឹង​ធ្វើ​ការ​ប្រៀបធៀប​ច្បាប់​របស់​យើង​មិន​ខុស​គេ​ទេ បើ​ខុស​គេ យើង​មិន​មែន​មនុស្ស​ជាតិ​ទេ»។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទទួល​បាន​មិន​ផ្លូវ​ការ​នោះ មាន ៩​ជំពូក និង ៣៩​មាត្រា បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​លុប​ចេញ​មាត្រា​ចំនួន​២ ទាក់ទង​នឹង​ថវិកា​អង្គការ​សមាគម។ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន​ក្ដី​រំពឹង​ចុង​ក្រោយ​ថា រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ទទួល​យោបល់ និង​ក្ដី​បារម្ភ​របស់​ពួក​គេ​ដែល​មិន​មែន​គ្រាន់​តែ​ជា​ការ​ជួប​ជុំ ដើម្បី​ធ្វើ​បទ​បង្ហាញ៕

No comments: