A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 1 June 2015

ក្រសួង​រ៉ែ​និង​ថាមពល​ប្រកាស​ដេញ​ថ្លៃ​ខ្សាច់​នៅ​ដើម​ខែ​មិថុនា

ដោយ អ៊ុក សាវបូរី
2015-05-31

ក្មេងៗ​ចង្អុល​ទៅ​សាឡង់​បូម​ខ្សាច់​នា​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

ក្រុមហ៊ុន​លក់​បេតុង សង្ឃឹម​ថា ខ្សាច់​អាច​នឹង​ធ្លាក់​តម្លៃ​ខ្លះ​មក​វិញ។ ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​ខ្សាច់​អះអាង​ថា ខ្សាច់​មិន​អាច​ចុះ​ថ្លៃ​បាន​ទេ បើ​ទោះ​បី​មាន​ការ​ប្រកួតប្រជែង​ដេញ​ថ្លៃ​ផ្គត់ផ្គង់​ខ្សាច់​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ដើម​ខែ​ក្រោយ​នេះ​ក៏ដោយ។

រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ឌិត ទីណា ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ថា ខ្សាច់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួតប្រជែង​ដេញ​ថ្លៃ​ពី​តម្លៃ ០.៤​ដុល្លារ ទៅ ៣.៣​ដុល្លារ ក្នុង ១​ម៉ែត្រត្រីគុណ ខណៈ​អគ្គនាយកដ្ឋាន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ផ្គត់ផ្គង់​ខ្សាច់​បច្ចុប្បន្ន ២​ម៉ឺន​ម៉ែត្រត្រីគុណ​ក្នុង​មួយ​ថ្ងៃ​លើ​វិស័យ​សំណង់។

លោក ឌិត ទីណា បន្ត​ថា ពាក្យ​ស្នើ​សុំ​ដេញ​ថ្លៃ​ខ្សាច់​មាន​ចំនួន ៥៧ ដែល​នឹង​ចូល​រួម​ដេញ​ថ្លៃ​ខ្សាច់​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ខាង​មុខ។ លោក​បន្ថែម​ថា កន្លែង​ដេញ​ថ្លៃ​បូម​ខ្សាច់​គឺ​នៅ​ឃុំ​ស្តៅ ឃុំ​រកាកោង ព្រំប្រទល់​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ចាម៖ «យើង​ដាក់​ឲ្យ​ដេញ​ថ្លៃ​ទៅ គឺ​មាន​អ្នក​ផ្គត់ផ្គង់​ច្រើន អ៊ីចឹង​យើង​មិន​អាច​ទៅ​ពិនិត្យ​ដល់​ដេប៉ូ​ទៀត​ទេ យើង​គិត​ថា ត្រឹម​អ្នក​ផ្គត់ផ្គង់​ទៅ​ដល់​ដេប៉ូ​បាន​ហើយ។ អ៊ីចឹង​ក្នុង​ហ្នឹង​ហើយ​ដែល​ការ​សិក្សា​របស់​យើង​កំណត់​នៅ​ត្រឹម​មិន​ឲ្យ​លើស​ពី ៣.៣$ នេះ​កំណត់​ឲ្យ​គាត់​គិត​ក្នុង​ការ​ដេញ​ថ្លៃ​របស់​គាត់​ហ្នឹង គឺ​ដាក់​តម្លៃ​យ៉ាង​ណា​ដែល​មិន​ដែល​មិន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង​ទៅ​តម្លៃ​ទីផ្សារ​សព្វ​ថ្ងៃ​នេះ»។



​បញ្ហា​ដេញ​ថ្លៃ​ខ្សាច់​នៅ​ដើម​ខែ​មិថុនា​នេះ តំណាង​ក្រុមហ៊ុន​លក់​បេតុង ជី ធាន លោក ឆាយ ថ្លែង​ថា ក្រោយ​ពី​អាជីវកម្ម​ខ្សាច់​ម្តង​បិទ​ម្តង​បើក បាន​ប៉ះពាល់​ការ​លក់​បេតុង ហើយ​ខ្សាច់​ឡើង​ថ្លៃ​ពី ៣​ដុល្លារ មុន​បិទ និង​បច្ចុប្បន្ន​តម្លៃ ៦,៥​ដុល្លារ ដែល​ក្រុមហ៊ុន​បាន​ទិញ ហើយ​គេ​ដឹក​ខ្សាច់​មក​ដល់​ក្រុមហ៊ុន។ លោក​ថា ការ​ដេញថ្លៃ​ខ្សាច់​នេះ បើ​មាន​ក្រុមហ៊ុន​ច្រើន​ផ្គត់ផ្គង់​ខ្សាច់ គឺ​តម្លៃ​ខ្សាច់​អាច​ធ្លាក់​ចុះ៖ «អ៊ីចឹង​វា​តម្លៃ​ចុះ ការងារ​ផ្គត់ផ្គង់​បេតុង​ទៅ​អតិថិជន​ក៏​វា​ធូរ​ដែរ អ្នក​ដែល​ថា ជួយ​ទិញ​បេតុង ក៏​មាន​តម្លៃ​ថោក​ជាង​មុន​ដែរ»។

ផ្ទុយ​ពី​ការ​សង្ឃឹម​ថា ខ្សាច់​នឹង​ចុះ​ថ្លៃ​អាជីវករ​ផលិត​ខ្សាច់​បក ឬ​ខ្សាច់​លើក​គោក នៅ​ភូមិ​វាលកណ្តោល ឃុំ​បាគូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល លោក ម៉ៅ នាង អះអាង​ថា ខ្សាច់​បក​លេខ​១ ត្រូវការ​​ច្រើន​ណាស់​សម្រាប់​យក​ទៅ​លាយ​ស៊ីម៉ងត៍ ដែល​មិន​អាច​ចុះ​តម្លៃ​បាន។ លោក​ថា ខ្សាច់​លេខ​១ គាត់​លក់ ១​ឡាន​ចំណុះ ៥ ទៅ ៧​ម៉ែត្រត្រីគុណ គឺ​ថ្លៃ ៣០​ដុល្លារ លក់​នៅ​ការដ្ឋាន​ខ្សាច់។

លោក​ថា បើ​មាន​ការ​ដេញ​ថ្លៃ​ផ្គត់ផ្គង់​ខ្សាច់​ទន្លេ ធ្វើ​ឲ្យ​ចុះថ្លៃ​ខ្លាំង ក៏​ខ្សាច់​បក ឬ​ខ្សាច់​លើគោក​នៅ​មាន​តម្លៃ​លើស​​ខ្សាច់​ទន្លេ ៥​ដុល្លារ ក្នុង​១​រថយន្ត​ដែរ៖ «ខ្សាច់​បូក​នេះ​គេ​ហៅ​លេខ​១ បើ​ខ្សាច់​គេ​រៀប​ឥដ្ឋ​ហ្នឹង គេ​ហៅ លេខ​២ អ៊ីចឹង​អា​ខ្សាច់​បូក​ហ្នឹង​វា​ថ្លៃ​ជាង ៥​ដុល្លារ​ទេ ១​ឡាន យើង​លក់​ម៉ៅ​ឡាន»។

​បញ្ហា​បូម​ខ្សាច់​អនាធិបតេយ្យ​តាម​ទន្លេ​បាន​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​សេចក្ដី​ប្រកាស​លេខ ២០ សសរ ចុះ​ថ្ងៃ​ទី​២០ ខែ​មីនា សម្រេច​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​រ៉ែ និង​ថាមពល ជា​អ្នក​ចេញ​អាជ្ញាប័ណ្ណ ហើយ​ហាម​ចេញ​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន និង​សុំ​ឲ្យ​គណៈកម្មាធិការ​ធនធាន​ខ្សាច់ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រួត​ពិនិត្យ និង​ផ្តល់​អនុសាសន៍​លើ​ចំណុច​បច្ចេកទេស និង​ធ្វើ​ការ​កែ​លំអ​ក្នុង​ពេល​អនុវត្ត​អាជីវកម្ម។

បន្ទាប់ពី​បាន​ទទួល​ភារកិច្ច​ផ្ដាច់មុខ ក្រសួង​រ៉ែ​និង​ថាមពល ទើប​បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​អគ្គនាយកដ្ឋាន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នៅ​ថ្ងៃ​១០ ខែ​មេសា ឲ្យ​ការ​ស្តា​ទន្លេ​មេគ្គង​លើ និង​​មេគង្គ​ក្រោម។ អាជ្ញាប័ណ្ណ​ទី​១ គែ​ផ្តល់នៅ​ឃុំ​ស្តៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម និង​ឃុំ​រកាកោង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ អាជ្ញាប័ណ្ណ​ទី​២ គឺ​ផ្ដល់​នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្តារ​ទន្លេ​ទៅ​ដល់​ប្រឡាយ​កោះកែវ ស្ថិត​នៅ​ក្នុង​ឃុំ​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល៕

No comments: