A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 June 2015

ពិធី​បុណ្យ​សព​លោក ជា ស៊ីម ប្រារព្ធ​តាម​បែប​ផែន​ពលរដ្ឋ​ទូទៅ

ដោយ ប្រាជ្ញ ចេវ
2015-06-09 rfa

សាច់ញាតិ​កាន់​ទុក្ខ​សព លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev
---

School of Vice: Why not? Only in Cambodia is one "honoured" and rewarded from royals to commoners -even in death - for acting the role of traitor and puppet without asking questions!

---  

ពិធី​បុណ្យ​សព លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​អះអាង​ថា ត្រូវ​ធ្វើ​ឡើង​យ៉ាង​មហោឡារិក ព្រោះ​លោក​ជា​ឥស្សរជន​ជាន់​ខ្ពស់​របស់​ជាតិ។ ប៉ុន្តែ​គេ​មិន​ធ្វើ​ឲ្យ​ដូច​ព្រះរាជ​ពិធី​បុណ្យ​សព​របស់​ព្រះមហាវីរៈក្សត្រ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ថាប័ន​ជាតិ បន្ត​គ្នា​ចូលរួម​ពិធី​បុណ្យ​សព លោក ជា ស៊ីម ចាប់​តាំង​ពី​ថ្ងៃ​លោក​ទទួល​មរណភាព រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​យ៉ាង​គគ្រឹកគគ្រេង ក្នុង​ទឹក​មុខ​ក្រៀមក្រំ​សម្ដែង​ពី​ការ​សោកស្ដាយ។

មក​ទល់​ពេល​នេះ ការ​រៀបចំ​ពិធី​បុណ្យ​សព​គេ​មិន​ទាន់​បើក​ឲ្យ​សាធារណជន​ទូទៅ ចូល​គោរព​វិញ្ញាណក្ខន្ឋ​សព​នៅ​ឡើយ​ទេ។



លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជា​មិត្ត​ប្រកៀក​ស្មា​រួម​គ្នា​រំដោះ​ទឹក​ដី​កម្ពុជា ជាមួយ លោក ជា ស៊ីម នោះ ថ្លែង​ក្រោយ​ចូលរួម​ពិធី​បុណ្យ​សព​ថា ការ​តស៊ូ​លំបាក​វេទនា​នៃ​ការ​រំដោះ​ទឹក​ដី​ពី​ការ​គ្រប់គ្រង​របស់​ក្រុម ប៉ុល ពត ជា​អនុស្សាវរីយ៍​ដែល​លោក​មាន​ជាមួយ លោក ជា ស៊ីម ដែល​មិន​អាច​បំភ្លេច​បាន។

ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ជួប​មុខ លោក ជា ស៊ីម ចុង​ក្រោយ​បង្អស់ គឺ​ចំ​ពេល លោក ជា ស៊ីម សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ និង​នៅ​ពេល លោក ជា ស៊ីម រលត់​សង្ខារ៖ «អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន គឺ​ការ​លំបាក​វេទនា​គ្រប់​ជំនាន់​កន្លង​មក​នៃ​ការ​តស៊ូ​រំដោះ​ទឹក​ដី»។

លោក ជា ស៊ីម បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ មិថុនា វេលា​ម៉ោង ៣ និង ៤៥​នាទី នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន។

រដ្ឋាភិបាល​កម្ពុជា ប្រកាស​យក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ជា​ថ្ងៃ​កាន់​ទុក្ខ​នៃ​ការ​ស្លាប់​របស់ លោក ជា ស៊ីម ដែល​តម្រូវ​ឲ្យ​គ្រប់​ស្ថាប័ន​នានា វត្ត​អារាម មន្ទីរពេទ្យ​ទូទាំង​ប្រទេស បង្ហូត​ទង់ជាតិ​ត្រឹម​មួយ​ភាគ​បី​នៃ​ដង​ទង់ជាតិ។ គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ត្រូវ​ផ្អាក​ផ្សាយ​កម្មវិធី​ដែល​មាន​លក្ខណៈ​សប្បាយ​គគ្រឹកគគ្រេង។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ថ្លែង​អះអាង​ថា មរណភាព លោក ជា ស៊ីម មិន​ប៉ះពាល់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ទេ ព្រោះ​គណបក្ស​បាន​ត្រៀម​រៀបចំ​អ្នក​បន្ត​ការងារ លោក ជា ស៊ីម រួច​រាល់​ហើយ៖ «មិន​មាន​អី​ទេ ព្រោះ​នៅ​ក្នុង​គណបក្ស​យើង (គណបក្ស​ប្រជាជន​កម្ពុជា) មាន​ត្រៀម​រៀបចំ​អ្នក​បន្ត​វេន​ច្បាស់លាស់»។

កម្មវិធី​បុណ្យ​សព លោក ជា ស៊ីម ត្រូវ​ចែក​ចេញ​ជា​ពីរ​ផ្នែក គឺ​ពិធី​សាសនា​ដែល​ជា​ពិធី​វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ និង​រំកិល​សព​ឡើង​លើ​រថយន្ត​បុស្បុក ជាដើម។ ចំណែក​ពិធី​គោរព​វិញ្ញាណក្ខន្ធ​វិញ ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​គ្រប់​ស្ថាប័ន​រដ្ឋ ចូល​គោរព​សព លោក ជា ស៊ីម ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ត​ទៅ។

ទាក់ទង​ពិធី​នេះ​ដែរ ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​ត្រាស់​បង្គាប់​ឲ្យ​បង្កើត​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​សព លោក ជា ស៊ីម ដែល​មាន​ប្រធាន​រដ្ឋសភា ប្រមុខ​រដ្ឋាភិបាល​ជា​ក្រុម​កាន់​ការ ដើម្បី​ឲ្យ​ពិធី​បុណ្យ​នេះ​សក្ដិសម​នឹង​វីរភាព និង​កិត្តិយស​របស់ លោក ជា ស៊ីម។

ព្រះ​ញាណវង្ស ឃឹម សន ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ​មាន​ថេរ​ដីកា​ថា ពិធី​បុណ្យ​សព លោក ជា ស៊ីម ធ្វើ​ឡើង​យ៉ាង​មហោឡារិក ព្រោះ​លោក​ជា​ឥស្សរជន​របស់​ជាតិ ប៉ុន្តែ​ពិធី​បុណ្យ​ធ្វើ​តាម​បែប​ទំនៀម​ពលរដ្ឋ​ទូទៅ មិន​ធ្វើ​ដូច​ទៅ​នឹង​ព្រះរាជ​ពិធី​ព្រះមហាវីរៈក្សត្រ ព្រះបាទ​នរោត្តម សីហនុ ទេ។ ព្រះអង្គ​បន្ត​ថា ពិធី​បូជា​សព​នឹង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មិថុនា ក្នុង​ទីធ្លា​សួនច្បារ​មុខ​វត្ត​បទុមវតី ហើយ​ព្រះមហាក្សត្រ​ជា​អ្នក​ថ្វាយ​ភ្លើង​បូជា​សព លោក ជា ស៊ីម៖ «ពិធី​កិច្ច​រៀបចំ​ពិធី​នេះ​ត្រូវ​ធ្វើ​យ៉ាង​មហោឡារិក​ដូច​គ្នា ព្រោះ​សម្ដេច ជា ស៊ីម ជា​ឥស្សរជន​ឆ្នើម​មួយ​រូប ប៉ុន្តែ​ពិធី​នេះ​ធ្វើ​ឡើង​តាម​បែប​រាស្ត្រ​សាមញ្ញ»។

សព លោក ជា ស៊ីម ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនា នៅ​ភូមិគ្រឹះ​របស់​លោក​នា​ក្រុង​ភ្នំពេញ។ ក្រោយ​បាត់​មុខ​មួយ​រយៈ​ពី​ពិភព​នយោបាយ​ព្រោះ​បញ្ហា​សុខភាព លោក ជា ស៊ីម ទទួល​មរណភាព​ក្នុង​អាយុ ៨៣​ឆ្នាំ​ដោយ​រោគាពាធ៕

No comments: