A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

ប៊េកខេម ជួប​កុមារ​រងគ្រោះ​ដោយ​ហិង្សា​​មុន​ចាកចេញ​ពី​សៀមរាប

សកម្មភាព​ជួប​ជាមួយ​កុមារ​នៅ​ខេត្ត​សៀមរាប។ រូបថត UNICEF




សៀមរាបៈ ក្រោយ​ពី​បំពេញ​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការ​យូនីសេហ្វ កីឡាករ​បាល់ទាត់​ដ៏ល្បី និង​ចូល​និវត្តន៍​​របស់​អង់គ្លេស លោក ដេវិដ ប៊េកខេម ​បាន​​ឡើង​យន្តហោះ​ចាកចេញ​ពី​ទឹកដី​ប្រាសាទ​អង្គរ​នៅ​រសៀល​ម៉ោង​ ៣ កាលពី​​ថ្ងៃ​ចន្ទ​ទី​ ១៥ ខែ​មិថុនា​ក្រោយពី​បាន​ស្នាក់នៅ​សណ្ឋាគារ Amansara Resort មួយ​រាត្រី​បាន​ទទួលទាន​អាហារ​ខ្មែរ​​ភោជនីយដ្ឋាន​ខ្មែរ ច័ន្ទរី ទ្រី និង​ជិះ​រ៉ឺម៉ក​កង់បី​ក្នុង​ទឹកដី​​សៀមរាប​អង្គរ​។
វត្តមាន​របស់​តារា​បាល់ទាត់​រូប​សង្ហា​វ័យ​ ៤០ ​ឆ្នាំ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​លោក​មក​នេះ​ដើម្បី​បំពេញ​ការងារ​មនុស្សធម៌​គម្រប់​ខួប​ ១០ ​ឆ្នាំ​របស់​ខ្លួន​ក្នុង​នាម​ជា​តំណាង​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​នៃ​អង្គការ​យូនីសេហ្វ (Unicef) ​ផង និង​ឆ្លៀត​ឱកាស​ទស្សនា​ប្រាង្គ​ប្រាសាទ​​ដ៏អស្ចារ្យ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ផង​ដែរ​។
ដេវិដ ប៊េកខេម បាន​មក​ទស្សនា​តំបន់​ប្រាង្គ​ប្រាសាទ​អង្គរ​ដែល​ជា​​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​ស្ថិត​នៅលើ​ទឹកដី​ខេត្ត​​សៀមរាប​នៃ​​ប្រទេស​កម្ពុជា​ បន្ទាប់ពី​បាន​ចាកចេញ​ពី​​​ក្រុង​ម៉ាកាវ​ប្រទេស​​ចិន​ក្នុង​ពិធី​​សម្ពោធ​សម្លៀកបំពាក់​​​​ម៉ាក​ H& M ​​នា​​ថ្ងៃ​សៅរ៍​ទី​ ១៣ ខែ​មិថុនា​​មក​​។
សព្វថ្ងៃ ប៊េកខេម កំពុង​តែ​មមាញឹក​ខ្លាំង​​ជាមួយ​នឹង​របរ​​​​ថ្មី​ក្រៅពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ដូចជា ការ​ធ្វើ​ដំណើរ​​​មក​ទឹកដី​អាស៊ី​ជាមួយ​​​គោលដៅ​ពាណិជ្ជកម្ម សកម្មភាព​មនុស្សធម៌​ និង​ទេសចរណ៍​។
បើ​តាម​អ៊ីនស្តាក្រាម​ផ្លូវការ davidbeckham របស់​លោក​បាន​បង្ហោះ​រូបថត​ច្រើន​សន្លឹក​ជាមួយ​ស្នាម​ញញឹម​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។ រូបថត​ច្រើន​​សន្លឹក​ទៀត​ជាមួយ​បុគ្គលិក​បម្រើការ​នៅ​​ភោជនីយដ្ឋាន​​ខ្មែរ ច័ន្ទរី ទ្រី ក៏​ត្រូវ​បាន​បង្ហោះ​តាម​ហ្វេសប៊ុក​ផង​ដែរ​។លោក ប៊េកខាំ បង្ហាញ​ពី​អារម្មណ៍​រីករាយ​របស់​ខ្លួន​ពេល​ទស្សនា​អង្គរវត្ត​​​ថា៖ «នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា​ព្រោះ​បាន​មក​ដល់​តំបន់​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ ដែល​ជា​ទីកន្លែង​មួយ​ក្នុង​​ចំណោម​កន្លែង​ដ៏​ស្រស់​ស្អាត​​បំផុត​​​លើ​​ពិភពលោក»។
ប៊េកខេម ថត​ជាមួយ​បុគ្គលិក​ហាង និង​​រូប​លោក​ជិះ​រ៉ឺម៉ក​ម៉ូតូ​។
ប៊េកខេម ថត​ជាមួយ​បុគ្គលិក​ហាង និង​​រូប​លោក​ជិះ​រ៉ឺម៉ក​ម៉ូតូ​។ ហ្វេសប៊ុក
រូបភាព​ថត​មុខ​អង្គរវត្ត​ដែល​ ដេវិដ ប៊េកខេម បាន​បង្ហោះ​នោះ​មាន​អ្នក​ចុច «Like» ជាង​ ៦ សែន​នាក់​តែ​​ត្រឹម​រយៈ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។
ដំណើរ​មក​ក្រុង​សៀមរាប​អង្គរ​របស់​តារា​បាល់ទាត់​ល្បី​រូប​នេះ​បើ​តាម​ប្រសាសន៍​​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ម្សិលមិញ​​ថា៖ «លោក ដេវិដ ប៊េកខេម ពិតជា​មាន​វត្តមាន​នៅលើ​ទឹក​ដី​ប្រាសាទ​អង្គរ​យើង​មែន​ហើយ​បាន​ស្នាក់នៅ​ឯ​សណ្ឋាគារ​ Amansara Resort។ តែ​គាត់​មក​ជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ ធ្វើ​ដំណើរ​តាម​រ៉ឺម៉ក​កង់បី​យ៉ាង​សាមញ្ញ​ពេល​ទស្សនា​ប្រាសាទ​អង្គរ។ ទោះ​បី​ពេល​មក​កាន់​ទឹកដី​សៀមរាប​ លោក ប៊េកខេម​ មិន​បាន​ជូន​ដំណឹង​អ្វី​ដល់​ខាង​អាជ្ញាធរ​យើង​ក្តី​ក៏​យើង​បាន​ជួយ​សម្របសម្រួល​ផ្នែក​រក្សា​សុវត្ថិភាព​ដល់​រូប​គាត់​ដែរ»។
មន្ត្រី​មន្ទីរ​ទេសចរណ៍​រូប​នេះ​បន្ត​ថា៖ «គាត់​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​ការងារ​មនុស្សធម៌​របស់​អង្គការ​យូនីសេហ្វដែរ មុន​នឹង​ឡើង​យន្តហោះ​ចាកចេញ​ពី​ទឹកដី​ខេត្ត​សៀមរាប​នៅ​រសៀល​ម៉ោង​ ៣ ​ថ្ងៃ​នេះ»។


សកម្មភាព​លោក​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​។
សកម្មភាព​លោក​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​។ រូបថត UNICEF
យោង​តាម​គេហទំព័រ​អង្គការ​យូនីសេហ្វ​ដែល​បាន​ចុះ​ផ្សាយ​ម្សិលមិញ​បាន​រៀបរាប់​ឲ្យ​ដឹង​ពី​វត្តមាន​របស់​តារា​បាល់ទាត់​កូន​បួន​នេះ​ដែរ​ថា ដេវិដ ប៊េកខេម មក​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ដំណើរ​របស់​អង្គការ​យូនីសេហ្វ និង​ដៃគូ​សហការ​របស់​អង្គការ​កំពុង​តែ​ផ្តោត​សំខាន់​លើ​ការ​ជួយ​កុមារ​ដែល​រងគ្រោះ​ផ្នែក​កាយសម្បទា ផ្លូវ​ភេទ ការ​រំលោភបំពាន​ផ្នែក​សតិ​អារម្មណ៍​ ស្មារតី​ និង​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ នា​ខួប​ឆ្នាំ​ទី ១០ ​ក្នុង​នាម​លោក​តំណាង​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​នៃ​អង្គការ​យូនីសេហ្វ។
ប៊េកខេម ក៏​បាន​ថ្លែង​នៅក្នុង​គេហទំព័រ​យូនីសេហ្វដែរ​ថា៖ «ខ្ញុំ​មក​កម្ពុជា​ដើម្បី​ជួប​ក្មេងៗ​ដែល​ធ្លាប់​ទទួល​រង​នូវ​អំពើ​ហិង្សា​នានា និង​ស្ដាប់​រឿងរ៉ាវ​​តាមរយៈ​អង្គការ​ UNICEF ហើយ​​ក៏​នឹង​ខិតខំ​រក​វិធី​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​​ដែរ។​ ខ្ញុំ​មាន​ក្តី​រន្ធត់​ចិត្ត​ខ្លាំង​ណាស់​​ពេល​ឮ​របាយការណ៍​ថា​នៅលើ​ពិភពលោក​យើង​នេះ​យ៉ាង​ហោច​ក៏​​មាន​កុមារ​ស្លាប់​ម្នាក់​ដែរ​ដោយ​អំពើ​ហិង្សា​នូវ​រាល់​​ ៥ ​នាទី​នោះ! សុំ​ពិភពលោក​ទាំង​មូល​ចូលរួម​គ្នា​​បញ្ឈប់​ទង្វើ​នេះ​!»។
ដេវិដ ប៊េកខេម​ បាន​បញ្ចប់​​ពី​​អាជីព​ជា​កីឡាករ​នៅ​​ត្រឹម​ឆ្នាំ​ ២០១៣ ខណៈ​​លោក​​ធ្លាប់​ជា​អតីត​ខ្សែបម្រើ​ឆ្នើម​នៃ​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស និង​លេង​​ឲ្យ​ក្លិប​​ល្បីៗ​មាន​ Manchester United ក្លិប Real Madrid ក្លិប Ac Milan ក្លិប LA Galaxy និង​ចុង​ក្រោយ​ក្លិប Paris Saint-Germain។
លោក​ជួប​នឹង​តារាចម្រៀង​​ដ៏​ល្បី​នាង វ៉ិចតូរៀ និង​ជា​ពាណិជ្ជករ​ស្រី​ផ្នែក​ច្នៃម៉ូដ​ដ៏ល្បី​របស់​អង់គ្លេស​តាំងពី​ឆ្នាំ ១៩៩១ និង​មាន​កូន​បួន​នាក់ ​(ប្រុស​ ៣ ស្រី ១ )ជា​ចំណង​ស្នេហ៍៕

No comments: