A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 June 2015

អ្នក​វិភាគ​ជំរុញ​ឲ្យ​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​បើ​វៀតណាម​នៅ​តែ​បន្ត​ឈ្លាន​ពាន


ដោយ យាង សុជាមេត្តា
2015-06-13 rfa

សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។
 រូបថត​សហគមន៍

ក្រុម​អ្នក​វិភាគ​ព្រឹត្តិការណ៍​នយោបាយ និង​សង្គម​កម្ពុជា លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ប្រសិន​បើ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​កម្ពុជា។ ការ​ជំរុញ​របស់​អ្នក​វិភាគ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម កំពុង​បន្ត​មហិច្ឆតា​ឈ្លាន​ពាន​យក​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ជា​បន្តបន្ទាប់ រហូត​ដល់​កម្ពុជា ធ្វើ​កំណត់​ទូត​តវ៉ា​ផ្លូវ​ការ​ពី​ការ​ទន្ទ្រាន​នេះ។
បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​ក្លាយ​ជា​ប្រទេស​អ្នក​ភូមិ​ផង​របង​ល្អ​ជាមួយ​គ្នា ឬ​កសាង​នូវ​ព្រំដែន​មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដោយ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្តី ប៉ុន្តែ​ជា​រឿយៗ គេ​សង្កេត​ឃើញ​ថា ភាគី​វៀតណាម តែង​តែ​រំកិល​ព្រំដែន​ចូល​ទន្ទ្រាន​មក​លើ​ដែនដី​ដែល​ជា​អធិបតេយ្យភាព​របស់​កម្ពុជា ដោយ​មិន​មាន​ខ្លាច​រអា​កម្ពុជា បន្តិច​សោះ​ឡើយ។
ការ​ទន្ទ្រាន​របស់​ប្រទេស​វៀតណាម មក​លើ​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​តាម​តំបន់​ព្រំដែន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ឥត​ឈប់​ឈរ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​តាម​តំបន់​ព្រំដែន សិស្ស និស្សិត សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ផ្ទុះ​ការ​តវ៉ា និង​បាន​នាំ​គ្នា​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​នៅ​តាម​ព្រំដែន​ជា​ហូរហែ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ ព័ត៌មាន​នៃ​ការ​ទន្ទ្រាន​របស់​ប្រទេស​វៀតណាម មាន​ចាប់​តាំង​ពី​នៅ​តំបន់​ព្រំដែន​តន់ហន់ ខេត្ត​កំពត ភ្នំ​ដិន ខេត្ត​តាកែវ មេមត់ ខេត្ត​ត្បូងឃ្មុំ រំដួល ខេត្ត​ស្វាយរៀង ហើយ​ថ្មីៗ​នេះ គឺ​ការ​ជីក​ស្រះ​ចូល​ដី​ខ្មែរ​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។
បើ​ទោះ​ជា​ការ​ឈ្លាន​ពាន​របស់​វៀតណាម មក​លើ​ដី​ខ្មែរ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដែល​បាន​រៀបរាប់ មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​អស់​ចិត្ត​នៅ​ឡើយ​ក្តី ប៉ុន្តែ​ការ​ជីក​ស្រះ​របស់​ភាគី​វៀតណាម ចូល​ក្នុង​ទឹក​ដី​កម្ពុជា នៅ​តំបន់​ភូមិ​ឡំ ខេត្ត​រតនគិរី ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា ធ្វើ​កំណត់​ទូត​តវ៉ា​ទៅ​កាន់​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា។
អ្នក​វិភាគ​នយោបាយ​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា មែន​ទែន​ទៅ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ចេញ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ចាប់​តាំង​ពី​ពេល​ដែល​អាជ្ញាធរ​វៀតណាម ចូល​បាញ់​ថ្នាំ​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ខែ​មេសា ម្ល៉េះ។ លោក​ថា បើ​ទោះ​ជា​ដី​នៅ​តំបន់​ភូមិ​ជាំ ត្រូវ​បាន​គេ​កំណត់​ថា​ជា​ដី​របស់​ភាគី​ណា​មួយ​រួច​ហើយ​ក៏ដោយ ក៏ប៉ុន្តែ​ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​ជាមួយ​គ្នា វៀតណាម មិន​ត្រូវ​ចូល​មក​បាញ់​ថ្នាំ​ដោយ​កម្រោល​នោះ​ទេ គឺ​ត្រូវ​ប្រើ​ដំណោះស្រាយ​រវាង​រដ្ឋ និង​រដ្ឋ ឬ​ច្បាប់​អន្តរជាតិ។


យ៉ាង​ណា​ក៏ដោយ ចំពោះ​ការ​ជីក​ស្រះ​ចូល​ដី​ខ្មែរ​នៅ​ខេត្ត​រតនគិរី ដោយ​អាជ្ញាធរ​វៀតណាម នៅ​ពេល​នេះ លោក​បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម នៅ​តែ​បន្ត​បំពាន​លើ​អធិបតេយ្យភាព​កម្ពុជា ឬ​មិន​ព្រម​ចេញ​មក​បកស្រាយ​កំណត់​ទូត​របស់​កម្ពុជា ទេ កម្ពុជា អាច​ចាត់​វិធានការ​ឯកតោ​ភាគី​លុប​ស្រះ​ទឹក​ទាំង​នោះ​វិញ​តែ​ម្តង៖ «យើង​ឃើញ​ហើយ​ថា យើង​បាន​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ​ស្តី​អំពី​រដ្ឋ​មួយ ដែល​ត្រូវ​តែ​បំភ្លឺ​ទៅ​រដ្ឋ​មួយ។ ដូច្នេះ​យើង​អាច​កោះ​អញ្ជើញ​ទូត​វៀតណាម ប្រចាំ​កម្ពុជា ឲ្យ​មក​បំភ្លឺ។ ការ​ដែល​មក​បំភ្លឺ​នេះ សួរ​ថា វៀតណាម ធ្វើ​បែប​ហ្នឹង​អាង​ទៅ​លើ​អី? យោង​តាម​ផែនទី​អី? ហើយ​ច្បាប់​អី? អា​ហ្នឹង​ដែល​យើង​ត្រូវ​តែ​ឲ្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ធ្វើ​ការ​បកស្រាយ»
នេះ គឺ​ជា​លើក​ទី​១​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​កំណត់​ទូត​ជា​សាធារណៈ​ទៅ​កាន់​ប្រទេស​វៀតណាម ជុំវិញ​ការ​បំពាន​លើ​អធិបតេយ្យភាព​ទឹក​ដី​កម្ពុជា ចាប់​តាំង​ពី​វៀតណាម បាន​លើក​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៧៩ មក។
ក្នុង​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី​១២ មិថុនា រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វៀតណាម ថា អាជ្ញាធរ​វៀតណាម បាន​ជីក​ស្រះ​ចំនួន​៥ ទំហំ ៥​ម៉ែត្រ​គុណ​នឹង ១៣​ម៉ែត្រ​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ពី ៣៨០​ម៉ែត្រ ដល់ ៥៤៥​ម៉ែត្រ​ពី​ខ្សែ​ព្រំដែន។ រដ្ឋាភិបាល​កម្ពុជា អះអាង​ដែរ​ថា តំបន់​ដែល​វៀតណាម ទន្ទ្រាន​នោះ គឺ​ឋិត​ក្នុង​កំណាត់​ព្រំដែន ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ធ្វើ​ការ​កំណត់​ខណ្ឌ​សីមា​នៅ​ឡើយ។
រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម គោរព​តាម​ខ្សែ​ផែនទី​បោន​ខ្នាត ១/១០០.០០០ និង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដែល​បាន​ចុះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥។ សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នោះ​ចែង​ថា ភាគី​កម្ពុជា-វៀតណាម ឯកភាព​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ដដែល មិន​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ ឬ​ដក​ទីតាំង​កំណត់​សម្គាល់​ព្រំដែន និង​អប់រំ​ទប់ស្កាត់​ពលរដ្ឋ​ទាំង​សង​ខាង មិន​ត្រូវ​ធ្វើ​ការ​ដាំ​ដុះ ឬ​តាំង​ទីលំនៅ​ឆ្លង​ដែន និង​សហការ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ព្រំដែន រហូត​ដល់​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នេះ។
កំណត់​ទូត​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ផ្ញើ​ទៅ​កាន់​ស្ថានទូត​វៀតណាម ធ្វើ​ឡើង ៣​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ឡេ ហុងអាញ់ (Lê Hồng Anh)។ ក្នុង​ជំនួប​នោះ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ការ​ទន្ទ្រាន​របស់​ភាគី​វៀតណាម មក​លើ​ទឹក​ដី​កម្ពុជា។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សន្ទរី ឲ្យ​ដឹង​ថា ក្រសួង​ការ​បរទេស​កម្ពុជា មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វៀតណាម យ៉ាង​ណា​នៅ​ឡើយ​ទេ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៣ មិថុនា។
លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​វៀតណាម មិន​ព្រម​ឆ្លើយ​តប ឬ​មិន​ព្រម​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ទេ រដ្ឋាភិបាល​កម្ពុជា អាច​ប្រើ​យន្តការ​អន្តរជាតិ ដោយ​ប្ដឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ​តែ​ម្តង។
ចំណែក​អ្នក​វិភាគ​ព្រឹត្តិការណ៍​សង្គម លោក​បណ្ឌិត កែម ឡី វិញ សម្ដែង​ការ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ញើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម។ លោក​ថា សកម្មភាព​នេះ​អាច​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​វៀតណាម ចូល​ទន្ទ្រាន​ទឹក​ដី​កម្ពុជា បន្ថែម​ទៀត។ យ៉ាង​ណា​ក៏ដោយ លោក​ថា រឿង​ព្រំដែន​នេះ​រដ្ឋាភិបាល​កម្ពុជា គួរ​ធ្វើ​សកម្មភាព​ឲ្យ​ធំ​ធេង​ជាង​នេះ ព្រោះ​ថា ការ​រំលោភ​បំពាន​របស់​វៀតណាម មក​លើ​កម្ពុជា បាន​កើត​ឡើង​ស្ទើរ​គ្រប់​កន្លែង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម។
ព្រំដែន ត្បូងឃ្មុំ ៦២០
ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​លើ​តំបន់​ដី​មាន​ជម្លោះ នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៥។ RFA/Saut Sokprathna



លោក​បណ្ឌិត កែម ឡី ចាត់​ទុក​ការ​ទន្ទ្រាន​របស់​ប្រទេស​វៀតណាម មក​លើ​បូរណភាព​ទឹក​ដី​កម្ពុជា ថា​ជា​ការ​រំលោភ​បំពាន​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ដូច្នេះ លោក​ថា រដ្ឋាភិបាល​កម្ពុជា គួរ​សិក្សា​អំពី​ការ​ទន្ទ្រាន​នេះ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​រួម ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដូចជា​បក្ស​ប្រឆាំង​ជាដើម រួច​ទៅ​ស្វែងរក​ភាគី​ទី​៣ ដើម្បី​ធ្វើ​ជា​សាក្សី៖ «ភាគី​ទី​៣ អ្នក​ដែល​ដឹង​ឮ​ច្រើន​ជាង​គេ អាច​ប្រទេស​បារាំង។ ទី​២ អាច​បទ​អន្តរាគមន៍​ពី​អាស៊ាន​ដែរ ហើយ​បើ​យក​ល្អ​មែន​ទែន សិក្សា​ស្រាវជ្រាវ​ក្នុង​រយៈពេល​ខ្លី​ចងក្រង​ឯកសារ មិន​ត្រឹម​តែ​ធ្វើ​កំណត់​ទូត​អ៊ីចឹង​ទេ គឺ​យើង​ត្រូវ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ដូច​ដែល​ប្រាសាទ​ព្រះវិហារ អ៊ីចឹង ព្រោះ​នេះ​វា​ជា​របៀប​ឈ្លាន​ពាន​ដូច​គ្នា។ ថៃ ឈ្លាន​ពាន​មក​ប្រាសាទ​ព្រះវិហារ។ យួន ឈ្លាន​ពាន​តាម​ព្រំដែន​គ្រប់​ជ្រុង។ អ៊ីចឹង ​យើង​ត្រូវ​តែ​ប្ដឹង​ដូច​គ្នា បើ​យើង​អត់​ប្ដឹង​មាន​ន័យ​ថា យើង​នៅ​ក្រោម​អាណានិគម​គេ​ហើយ»
កម្ពុជា វៀតណាម ៣០៥
នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។
ប្រទេស​កម្ពុជា មាន​ព្រំប្រទល់​ដែន​គោក​ជាប់​នឹង​ប្រទេស​វៀតណាម ប្រមាណ ១.២៧០​គីឡូម៉ែត្រ។ រដ្ឋាភិបាល​អះអាង​ថា ចំនួន​បង្គោល​ព្រំដែន​ដែល​កម្ពុជា គ្រោង​នឹង​បោះ​ជាមួយ​ប្រទេស​វៀតណាម មាន​ទាំងអស់​ចំនួន ៣១៤​បង្គោល ហើយ​រហូត​មក​ទល់​ពេល​នេះ ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ការ​បោះ​បង្គោល​ព្រំដែន​បាន​ប្រហែល ៨២​ភាគរយ​រួច​ហើយ។
កន្លង​មក គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​បាត់​ដី​ទៅ​កាន់​ប្រទេស​វៀតណាម ជាច្រើន។ ការ​បាត់​បង់​ដី​នេះ ដោយសារ​រដ្ឋាភិបាល​កម្ពុជា កំណត់​ព្រំដែន​ថ្មី​ដោយ​យក​តាម​សន្ធិសញ្ញា​ដែល​បាន​ចុះ​ជាមួយ​វៀតណាម ក្នុង​ពេល​វៀតណាម គ្រប់គ្រង​កម្ពុជា និង​តាម​សន្ធិសញ្ញា​ព្រំដែន​បន្ថែម​ឆ្នាំ​២០០៥។ ប៉ុន្តែ​រដ្ឋាភិបាល​វិញ អះអាង​ថា ការ​កំណត់​ខណ្ឌ​សីមា​ព្រំដែន​ថ្មី​នេះ ធ្វើ​ឡើង​ដោយ​យក​ផែនទី​ដែល​គូរ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ជា​គោល ហើយ​ថា ផែនទី​នេះ​ឯង​ដែល​ត្រូវ​បាន​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះអង្គ​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៦៤។
យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច យល់​ឃើញ​ថា កម្ពុជា គួរ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​កុំ​ឲ្យ​វៀតណាម ចូល​ទន្ទ្រាន​បន្ត​ទៀត។ ប៉ុន្តែ​លោក​ថា ការ​បោះ​បង្គោល​ព្រំដែន​គួរ​ធ្វើ​ឡើង​ដោយ​តម្លាភាព។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​ធ្វើ​ការ​រួម​គ្នា រក​យុទ្ធសាស្ត្រ​អភិវឌ្ឍ​តំបន់​ក្បែរ​ព្រំដែន​ឲ្យ​រីក​ចម្រើន ហើយ​ជៀសវាង​យក​បញ្ហា​ព្រំដែន​នេះ​ធ្វើ​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ៕

No comments: