A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 June 2015

សហគមន៍​ខ្មែរ​ឥស្លាម​ជួបជុំ​គ្នា​រក​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​អប់រំ​និង​សេដ្ឋកិច្ច

ដោយ ខែ សុណង
2015-06-05

ជនជាតិ​ចាម​ចូល​រួម​ក្នុង​សិក្ខាសាលា​អន្តរជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ មិថុនា ឆ្នាំ​២០១៥។
RFA/Khe Sonorng

ថ្នាក់​ដឹកនាំ តំណាង​អង្គការ​សមាគម អ្នក​ជំនាញ អ្នក​វិនិយោគ និង​និស្សិត​ប្រមាណ ១០០​នាក់ បាន​ជួបជុំ​គ្នា​រិះគន់​យុទ្ធសាស្ត្រ​ដើម្បី​កសាង​សហគមន៍​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា។ ការ​ជួបជុំ​គ្នា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​អន្តរជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ ខែ​មិថុនា ក្នុង​រាជធានី​ភ្នំពេញ។

ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​កំពុង​ប្រមូល​យក​អនុសាសន៍​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ពិសេស​បញ្ហា​អប់រំ និង​សេដ្ឋកិច្ច​គ្រួសារ​ដែល​កើត​មាន​នៅ​ក្នុង​សហគមន៍​ខ្មែរ​ឥស្លាម។

ប្រធាន​ក្រុម​ប្រឹក្សា​ឥស្លាម​អភិវឌ្ឍន៍​កម្ពុជា លោក ហូសេន មហាម៉ាត់ ហ្វារីត ថ្លែង​នៅ​ថ្ងៃ​ទី​៥ មិថុនា ថា ថ្វីត្បិត​តែ​សហគមន៍​ខ្មែរ​ឥស្លាម​មាន​ការ​រីកចម្រើន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក្ដី ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ពិសេស​ការ​អប់រំ និង​រឿង​សេដ្ឋកិច្ច​គ្រួសារ​របស់​ខ្មែរ​ឥស្លាម​ដែល​ត្រូវ​ដោះស្រាយ​ថែម​ទៀត។

លោក​បញ្ជាក់​ថា អត្រា​បោះបង់​ចោល​ការ​សិក្សា​របស់​សិស្ស​ខ្មែរ​ឥស្លាម​មាន​កម្រិត​ខ្ពស់ ហើយ​ពួកគេ​ពុំ​មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ។ រី​ឯ​បញ្ហា​វិស័យ​អប់រំ​ឥស្លាម​ក៏​មិន​ទាន់​ឆ្លើយ​តប​នឹង​កម្រិត​បទដ្ឋាន​ជាតិ។ ទន្ទឹម​នឹង​គ្នា​នេះ គ្រឹះស្ថាន​ឧត្ដមសិក្សា​សម្រាប់​សិក្សា​ផ្នែក​សាសនា​ក៏​មិន​ទាន់​មាន។



លោក ហូសេន មហាម៉ាត់ ហ្វារីត អះអាង​ថា នៅ​ពេល​រក​ដំណោះស្រាយ​បាន​ពី​កិច្ច​ជំនួប​នេះ ពួកគេ​នឹង​យក​ទៅ​អភិវឌ្ឍន៍​ក្នុង​សហគមន៍​ផ្ទាល់៖ «យើង​នឹង​ពិភាក្សា​បាន​អនុសាសន៍ និង​រក​កន្លែង​គោលដៅ​ណា​ដែល​នឹង​ត្រូវ​អភិវឌ្ឍន៍​មុន»។

ការ​ថ្លែង​នេះ​នៅ​ក្នុង​សិក្ខាសាលា​អន្តរជាតិ ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច រយៈពេល ២​ថ្ងៃ ក្នុង​រាជធានី​ភ្នំពេញ។

ឆ្លើយ​តប​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា លោក អៈម៉ាត់ យ៉ះយ៉ា មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ជនជាតិ​ចាម​ទទួល​បាន​ការ​អប់រំ​តិច​នៅ​ឡើយ។ ចំណែក​ឯ​ការ​កសាង​ផ្នែក​សេដ្ឋកិច្ច​ក៏​នៅ​មាន​កម្រិត​ដែរ។ លោក​ថា បញ្ហា​នេះ​​ទាមទារ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល​មនុស្ស​ជំនាន់​ក្រោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់ និង​យក​ចិត្ត​ទុកដាក់​កសាង​សេដ្ឋកិច្ច​គ្រួសារ​ក្នុង​សហគមន៍ ថែម​ទាំង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ បញ្ហា​នេះ​គឺ​ពាក់ព័ន្ធ​នឹង​សហគមន៍​ខ្មែរ​ឥស្លាម​ទាំង​មូល ត្រូវ​ជួបជុំ​ពិគ្រោះ​យោបល់​គ្នា ដើម្បី​រក​ដំណោះស្រាយ៖ «ការងារ​នេះ​មិន​អាច​ធ្វើ​លឿន​បាន​ទេ អាច ១០​ឆ្នាំ ២០​ឆ្នាំ ឬ​ដល់ ១០០​ឆ្នាំ ឯ​ណោះ ទើប​មើល​ឃើញ​ការ​អភិវឌ្ឍ​ច្បាស់លាស់»។

នៅ​កម្ពុជា​មាន​ជនជាតិ​ចាម​ប្រមាណ ៥០​ម៉ឺន​នាក់ កំពុង​រស់នៅ​ក្នុង​ភូមិ​ជាង ៦០០ តាម​តំបន់​ដង​ទន្លេ​ដែល​មាន​ដូច​ជា​ខេត្ត​កំពង់ចាម និង​ខេត្ត​ស្ទឹងត្រែង ជា​ដើម៕

No comments: