A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 June 2015

Analysts say Hun Sen is grooming his "Hun" clan to succeed him អ្នក​វិភាគ​សង្គម​ថា​លោក ហ៊ុន សែន កំពុង​ត្រៀម​ត្រកូល​ហ៊ុន​ឲ្យ​ស្នង​តំណែង​ពី​លោក

ហ៊ុន សែន ហ៊ុន ម៉ាណែត ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
Photo courtesy of camnews.com

ក្រុម​អ្នក​វិភាគ​និយាយ​វាយ​តម្លៃ​ថា នៅ​ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្លឹង​វែង​ឆ្ងាយ​ក្នុង​ការ​បណ្ដុះ​យុវជន​ជំនាន់​ក្រោយ ឲ្យ​បន្ត​វេន​ដឹក​នាំ​បក្ស​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បោះ​ពួយ​យ៉ាង​ខ្លាំង​ក្នុង​ការ​លើក​តម្កើង​ត្រកូល ហ៊ុន របស់​ខ្លួន ឲ្យ​មាន​មុខ​មាត់​បុណ្យ​ស័ក្តិ និង​កេរ្តិ៍​ឈ្មោះ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ស្នង​តំណែង​របស់​លោក​ទៀត​ផង។
មជ្ឈដ្ឋាន​ជាច្រើន​វាយ​តម្លៃ​ថា ត្រកូល ហ៊ុន របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ក្ដោបក្ដាប់​វិស័យ​ធំៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស ក្នុង​នោះ​រួម​មាន វិស័យ​យោធា និង​បណ្ដាញ​យុវជន ហើយ​ថ្មីៗ​នេះ​ត្រកូល ហ៊ុន កំពុង​ទាត់​ចោល​តួនាទី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថែម​ទៀត។
សម្រាប់​កិត្តិយស និង​មុខ​មាត់​ជូន​កូន​ពៅ​របស់​លោក កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៥ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់ លោក ហ៊ុន ម៉ានី ជា​អ្នក​ដឹក​នាំ​ដោយ​មិន​ប្រើប្រាស់​យន្តការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្នុង​ការ​រៀបចំ​ពិធី​ទាំង​នេះ។
ចំណែក​អំណាច និង​យស​ស័ក្តិ​សម្រាប់​កូន​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត វិញ​កាន់​តែ​ឡើង​ខ្ពស់​ត្រដែត​ទៅៗ។ លោក​ជា​អគ្គ​មេ​បញ្ជាការ​រង​នៅ​កង​យោធពល​ខេមរភូមិន្ទ​ផង និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស «ង​៧០» ផង។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន ម៉ាណែត តែង​បង្ហាញ​មុខ​ក្នុង​ទូរទស្សន៍​ក្នុង​ស្រុក​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​ជា​ញឹកញាប់ ក្នុង​ការ​ចុះ​ចែក​អំណោយ​ដល់​កងទ័ព និង​កម្មវិធី​ផ្សេងៗ។

ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍​ផ្កាយ​បី ទទួល​បាន​យ៉ាង​ឆាប់​រហ័ស ខណៈ​មន្ត្រី​យោធា​ឯ​ទៀតៗ​ដែល​គ្មាន​សែស្រឡាយ ឬ​បក្ខពួក បើ​ទោះ​ខំ​តស៊ូ​សឹង​អស់​ជីវិត​ទៅ​ទៀត​ក៏ដោយ ក៏​មិន​បាន​ផ្កាយ​មក​ពាក់​នៅ​លើ​ស្មា​ដែរ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា កម្ពុជា កំពុង​រៀន​សូត្រ​តាម​ការ​ដឹក​នាំ​ដោយ​ការ​ស្នង​ត្រកូល​ដូច​ប្រទេស​កូរ៉េ​ខាង​ជើង៖ «នៅ​ស្រុក​ខ្មែរ​នេះ​របៀប​ជា​កូរ៉េ​ខាង​ជើង មាន​ន័យ​ថា ឡើង​កាន់​អំណាច​ចេញ​ពី​ទាហាន ដល់​ពេល​ធ្វើ​ជា​ប្រធានាធិបតី គឺ​ចេញ​ពី​ទាហាន។ នៅ​ស្រុក​ខ្មែរ​យើង​វិញ​អត់​ខុស​គ្នា​ប៉ុន្មាន​ទេ ស្នង​ត្រកូល គឺ​ស្នង​របៀប​ជា​ទាហាន ពីព្រោះ​តាម​ការ​យល់​ឃើញ​របស់​គាត់ ប្រសិន​បើ​ត្រួតត្រា​កង​កម្លាំង​ប្រដាប់​អាវុធ​មិន​បាន មិន​បាច់​ចាំ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទេ។ ពាក្យ​ពេចន៍​ទាំងអស់​ហ្នឹង​ហើយ ដែល​ជំរុញ​ឲ្យ​មាន​ការ​រៀបចំ​ជា​ស្រេច​នៅ​ក្នុង​ការ​ចង​ជា​បណ្ដាញ​យុវជន តាម​រយៈ​សែស្រឡាយ​ហ្នឹង ហើយ​ឲ្យ​អាច​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី»
ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក ហ៊ុន ម៉ាណែត មាន​សមត្ថភាព​គ្រប់គ្រាន់​សម​នឹង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី៖ «ហ៊ុន ម៉ាណែត គេ​រៀន​បាន​ខ្ពស់​រហូត​បាន​ដល់​ទៅ ភី.អេច្ឆ.ឌី (Phd) ហើយ​គេ​មាន​ចំណេះ​ខាង​យោធា​នៅ​អាមេរិក និង​ខាង​ផ្សេងៗ​ទៀត។ បើ​យើង​យក​អាយុ​មក​គិត យក​សមត្ថភាព​មក​គិត ម៉ាណែត គេ​មាន​អាយុ​ចូល​សែសិប​ហើយ គេ​មាន​សមត្ថភាព រឿង​អី​មិន​ឲ្យ​គេ​មាន​សិទ្ធិ និង​លទ្ធភាព​ចូលរួម​ក្នុង​តួនាទី។ អ៊ីចឹង​មិន​មែន​រឿង​ចេតនា​ស្នង ឬ​មិន​ស្នង​នោះ​ទេ រឿង​សំខាន់ ថា​តើ​អ្នក​ដែល​មក​ទទួល​តួនាទី​គេ​មាន​សមត្ថភាព​ប៉ុណ្ណា?»
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​យុវជន​រិះគន់​ថា ប្រសិន​បើ លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ស្នង​ពី​ឪពុក​មែន មិន​តាម​រយៈ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ទេ​នោះ កម្ពុជា នឹង​មាន​ឈ្មោះ​ថា ជា​ប្រទេស​ពាក់​ស្រោម​ប្រជាធិបតេយ្យ តែ​ខ្លឹមសារ​ខាង​ក្នុង​ជា​របប​ផ្ដាច់​ការ បក្ខពួក​និយម និង​គ្រួសារ​និយម​ដូច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។
កាល​ពី​ខែ​កុម្ភៈ លោក ហ៊ុន សែន បាន​បញ្ចូល​យុវជន​ជំនាន់​ក្រោយ​ដែល​ជា​កូន​របស់​មន្ត្រី​មាន​អំណាច​ជាច្រើន ទៅ​ក្នុង​សមាសភាព​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ចំណោម​សមាជិក​ថ្មី​ទាំង ៣០៦​នាក់ មាន ៧០​នាក់ គឺ​ស្មើ​នឹង ២២​ភាគរយ ជា​សមាសភាព​យុវជន​ដែល​គេ​ទើប​បញ្ចូល​ថ្មី។
មេ​ដឹក​នាំ​ចលនា​យុវជន​ក្រៅ​ប្រព័ន្ធ លោក សន តារា មាន​ប្រសាសន៍​ថា ការ​បញ្ចូល​ចំនួន​យុវជន​ដ៏​ច្រើន​នេះ ទំនង​ដូចជា​ការ​រៀបចំ​ទុក​រួច​ជា​ស្រេច​ក្នុង​ការ​បង្កើន​សំឡេង​របស់​ខ្លួន​សម្រាប់​គ្រប់គ្រង​លើ​គណៈ​អចិន្ត្រៃយ៍​បក្ស​ទាំង​មូល និង​អាច​ត្រៀម​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ឲ្យ លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ណា​មួយ​ដែល​ឱកាស​មក​ដល់៖ «ការ​បញ្ចូល​ហ្នឹង​អាច​ជា​យុទ្ធសាស្ត្រ​មួយ​ដែរ ពីព្រោះ​អា​ហ្នឹង​ធម្មតា គណបក្ស​ជា​អ្នក​តែង​តាំង ហើយ​អាច​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើន​កម្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គាត់​ចង់​មាន​ការ​តែង​តាំង​កូន​គាត់ គឺ​មាន​សំឡេង​គ្រប់​តែ​ម្តង»
លោក​បន្ត​ថា ការ​រៀបចំ​ទាយាទ​របស់ លោក ហ៊ុន សែន ទំនង​ជា​បាន​ជោគជ័យ​ច្រើន​ដូច​ការ​គ្រោង​ទុក​របស់​លោក គឺ​នៅ​គ្រា​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម បាន​ស្លាប់ ដោយសារ​រោគាពាធ។
មរណភាព​របស់ លោក ជា ស៊ីម ហាក់​ធ្វើ​ឲ្យ លោក ហ៊ុន សែន កាន់​តែ​មាន​ឥទ្ធិពល​ប្រៀប​ដូចជា​រាជិសី​ដុះ​ស្លាប និង​ប្រៀប​ដូចជា​ការ​ដក​បន្លា​ចេញ​ពី​កែវ​ភ្នែក ដោយសារ​អំណាច​ប្រឆាំង​ក្នុង​ជួរ​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាន់​តែ​ចុះ​ទន់​ខ្សោយ ហើយ​អាច​នាំ​ឲ្យ លោក ហ៊ុន សែន អាច​ជិះ​សេះ​លែង​ដៃ​បាន​យ៉ាង​ងាយ។
ភាព​តានតឹង​រវាង លោក ហ៊ុន សែន និង​លោក ជា ស៊ីម ធ្លាប់​កើត​មាន​ឡើង​កន្លង​មក ដែល​គេ​នៅ​ចាំ​បាន​ថា ក្នុង​ពេល​កម្ពុជា ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០០៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ដោយ​បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​បន្ថែម​មួយ ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​ក្នុង​ពេល​តែ​មួយ ដែល​អ្នក​វិភាគ និង​អ្នក​ច្បាប់​និយាយ​ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ។ យ៉ាង​ណា​ក៏ដោយ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​នោះ លោក ជា ស៊ីម មិន​ព្រម​ចុះ​ហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​បន្ថែម​នោះ​ទេ។
ក្នុង​ពេល​ប្រឈម​មុខ​គ្នា​នោះ លោក ជា ស៊ីម ក៏​ត្រូវ​បាន លោក ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ បង្ខំ​ឲ្យ​ចាក​ចេញ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​យក​ឱកាស​នោះ​ទុក​ឲ្យ លោក ញឹក ប៊ុនឆៃ ដែល​ពេល​នោះ​ជា​អនុប្រធាន​ព្រឹទ្ធសភា ចុះ​ហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​បន្ថែម​នោះ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០០៤។
បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​នៅ​ពេល​នោះ​ថា លោក ជា ស៊ីម ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ​ក៏ដោយ ប៉ុន្តែ​ការ​ចាក​ចេញ​របស់​លោក​នៅ​ពេល​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ខ្វែង​គំនិត​គ្នា​រវាង លោក ជា ស៊ីម និង​លោក ហ៊ុន សែន។
ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា បរិបទ​នយោបាយ​របស់​កម្ពុជា នៅ​រយៈពេល​ចុង​ក្រោយ​នេះ អាច​ជំរុញ​ឲ្យ​ផែនការ​ទាយាទ​របស់ លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច បើ​ទោះ​បី​ជា​ចំហាយ​អំណាច​របស់ លោក ជា ស៊ីម នៅ​មាន​តិចតួច​ក៏ដោយ ក៏​វា​មិន​មែន​ជា​ឧបសគ្គ​នោះ​ដែរ។
ក្រៅ​ពី​មាន​អំណាច​សស្ត្រាវុធ​ដ៏​សម្បើម ជា​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច​អម​ទៅ​ដោយ​កម្លាំង​ចារកម្ម​យ៉ាង​ច្រើន និង​មាន​មហា​សេដ្ឋី​ទុច្ចរិត​ក្នុង​ស្រុក​សម្រាប់​រក​ចំណូល​បំប៉ន​ទៀត​នោះ លោក ហ៊ុន សែន ប្រហែល​ជា​នឹង​មិន​រារែក​ទេ​ក្នុង​ការ​សម្រេច​បំណង​ធំ​របស់​លោក គឺ​ការ​ប្រគល់​នាទី​នាយក​រដ្ឋមន្ត្រី​ឲ្យ​ទៅ​កូន​ប្រុស​ច្បង​របស់​លោក៕

No comments: