A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 18 June 2015

Analysis: The ethnic minority people in Ratanakiri worry about losing border lands to Vietnam ​បទ​យកការណ៍​៖ ជនជាតិដើម​ភាគតិច​ខេត្ត​រតនគិរី ព្រួយបារម្ភ​បាត់​ដី​ក្បែរ​ព្រំដែន​មួយ​ផ្នែក​ទៅ​វៀតណាម​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី12 មិថុនា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
តម្រុយ​បង្គោល​ព្រំដែន​ នៅស្រុកអូរយ៉ាដាវ​ ខេត្ត​រតនគិរី (រូបថត៖ ណាត សុភាព​)
ប្រជាពលរដ្ឋ​ជាង​៣០០​នាក់ បាន​ជជែក​គ្នា​ពី​នេះ ពី​នោះ ខណៈ​ពួកគេ​ធ្វើដំណើរ​ចូល​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​រវាង​កម្ពុជា និង​វៀតណាម ដែល​អ្នក​ភូមិ​អះអាងថា តំបន់​នោះ​វៀតណាម​គ្រប់គ្រង​រយៈពេល​៨​ឆ្នាំ​ហើយ ។​
តំបន់​ប្រទាញប្រទង់​គ្នា​នោះ មាន​ចំងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តរតនគិរី ទៅដល់ ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ។​
សម្បុរ​ខ្មៅ រាងកាយ​ស្គម ជា​ជនជាតិ​ចា​រាយ លោក សុ​ល ហ្នើ​ច ដែល​អះអាង​ថា ត្រូវបាន​វៀតណាម​ទន្ទ្រាន​យក​ដី​ចំការ​ដូនតា​របស់​ពួកគាត់​ចំនួន​៣​ឆ្នាំ បាន​រៀបរាប់​តាមរយៈ​អ្នកបកប្រែ​ថា ដី​ដែល​ស្ថិតនៅក្នុង​ភូមិឡំ​នោះ ត្រូវបាន​អាជ្ញាធរ​វៀតណាម​ទន្ទ្រាន​យក​ពី​ជនជាតិដើម​ភាគតិច​ចំនួន​៩​គ្រួសារ ក្នុង​មួយ​គ្រួសារ​យ៉ាងតិច​១​ហិច​តា​ឡើងទៅ ។ ក្នុង​វ័យ​៨២​ឆ្នាំ លោក​អះអាង​ថា រយៈពេល​៨​ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​វៀតណាម​វាតទី​យក​ដី​នោះ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​តវ៉ា​នោះទេ ។ លោក​ថា «​គាត់​ធ្វើ​ថា​ម៉េច​កុំឲ្យ​គេ​ឈ្លានពាន គេ​ដណ្តើម​យក​ដី​យើង ព្រោះ​អី​យើង​ជា​ពលរដ្ឋ​មិន​អាច​ធ្វើ​អី​កើត​ទេ ពេលណា​យួន​វា​ចុះ​ដេញ​យើង ហើយ​កាល​ហ្នឹង គាត់​ថា គាត់​ស្នាក់នៅ​ភូមិ​ឡំ ដូច្នេះ​ហើយ​គាត់​រត់​ចោល​ចំការ​គាត់ យួន​ចេះតែ​ខិតចូលៗ ។ អ៊ីចឹង​មកដល់​សព្វថ្ងៃនេះ គឺ​អស់​ច្រើន​ហើយ គាត់​ថា​អ៊ីចឹង​» ។​
​ក្នុង​សម្លៀកបំពាក់​ជា​អ្នកចំការ ឈរ​នៅ​ក្រោម​កម្តៅថ្ងៃ ដែល​ញើស​ហូរ​រហាម លោក សេ​វ ត្មាន ប្រាប់​អ្នកយក​ព័ត៌មាន VOD នៅ​កន្លែង​មាន​ជម្លោះ​នោះ​ថា បច្ចុប្បន្ន​នេះ​វៀតណាម​បាន​គ្រប់គ្រង​តំបន់​នោះ​ដោយ​ជីក​ស្រះ​ចំនួន​៧ ដែល​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ បណ្តោយ​១៣​ម៉ែត្រ និង​ជម្រៅ​៤​ម៉ែត្រ ដើម្បី​ស្តុក​ទឹក​ទុក​ស្រោចស្រប​លើ​ដាំ​ណាំ​កៅស៊ូ ដើម​ស្វាយចន្ទី ម្រេច និង​ដំឡូង​ជាដើម ។ លោក​ថា នៅ​ពេល​ពួកគាត់​បាត់បង់​ដី​នោះ ធ្វើឲ្យ​ពួកគេ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ជាពិសេស​ជីវភាព​គ្រួសារ ព្រោះ​គ្មាន​ដី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ។ លោក​បន្ថែមថា «​ឲ្យមាន​ដី​ដាំដំឡូង ជា​ពិសេស​ដី​ស្រែ ដោយ​ដី​ហ្នឹង​ជិត​អស់ហើយ ឲ្យមាន​ដី​ស្រែផង ដី​ហ្នឹង​ដីចំការ​ពិតមែន​» ។​
ឈរ​នៅ​ជ្រុង​ម្ខាង​នៅក្នុង​តំបន់​ដែល​កំពុង​ប្រទាញប្រទង់​គ្នា​នោះ លោក ស៊ុល រ៉ា​ពី​ន ប្រាប់​អ្នកយក​ព័ត៌មាន​ទាំង​សោកស្តាយ​ថា មូលហេតុ​ដែល​វៀតណាម​ទន្ទ្រាន​យក​ដី​ចំការ​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ដោយសារ​អាជ្ញាធរ​កម្ពុ​ជា​បើកដៃ​ឲ្យ ។ លោក​ថា «… ប៉ុន្តែ​ខ្មែរ​(​អាជ្ញាធរ​)​នៅ​នេះ គេ​មិន​ខ្វល់ គេ​ធ្វើ​ព្រងើយ ។ ខាង​អាជ្ញាធរ​ដូច​ជា​មេភូមិ ប៉ូលិស​អី​ពេញទំហឹង​តែម្តង បើ​ថា​ស៊ីលុយ​យួន​ហ្នឹង គឺ​ចប់​ហើយ​ដែល​ខ្មែរ​មិន​សូវ​ចេះ​មើល​ទេ កាន់តែ​កាន់ជើង​យួន​ទៀត ព្រោះ​អី​យួន​តែងតេ​ផ្តល់​លុយ​វា​បន្តិចបន្តួច​អ៊ីចឹង ដល់​ហើយ​ភ្លេច​ខ្មែរ​ខ្លួនឯង ។ ប៉ុន្តែ​ខ្ញុំ​មួយចំនួន​ទេ ខ្ញុំ​និយាយ​ហ្នឹង​» ។​

​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគិរី ដែល​ឃ្លាំ​មើល​ករណី​ព្រំដែន​នោះ លោក ឆាយ ធី យល់ថា តាម​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំង​ពីរ នៅ​តំបន់​ស គឺ​ភាគី​ទាំង​ពីរ​ពុំ​អាច​ចូល​ធ្វើ​ការអភិវឌ្ឍ ឬ​គ្រប់គ្រង​បានទេ ដោយ​ទុក​ចន្លោះ​ចាប់ពី​១​គីឡូម៉ែត្រ​ម្ខាង​ម្នាក់ ។ លោក​ថា បើ​រដ្ឋាភិបាល និង​រដ្ឋសភា មិន​ធ្វើ​កិច្ច​អន្តរាគមន៍​លើ​ករណី​នេះ​ទេ នោះ​បញ្ហា​ប្រឈម​នឹង​បន្ត​កើតមាន​នៅ​ថ្ងៃ​ខាង​មុខ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​អស់ចិត្ត ហើយ​នៅតែ​តវ៉ា​លើ​ករណី​នេះ ។ លោក​ថា «​ប្រសិន​ជា​មិន​បាន​ដោះស្រាយ​តាម​កំនត់​ការទូត​ច្បាស់លាស់​ទេ គឺ​នឹង​មាន​បញ្ហា​ហិង្សា​ពី​ព្រំដែន យើង​ឃើញជាក់ស្តែង​ថ្ងៃ​ដែល​ចុះទៅ ថ្ងៃទី​៨ វៀតណាម​សុទ្ធ​តែ​ត្រៀម​បម្រុង​ទុក ដូចជា​មាន​ប្រដាប់​ដោយ​កាំភ្លើង​អាកា មាន​តាំងពី​ដំបងឆក់ មាន​តាំងពី​ប្រើ​ឆ្កែ​កាច​អី​ជាដើម ដែល​យើង​ឃើញ​ជា​បញ្ហា​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត​» ។​

ស្រះទឹក​ដែលប្រជាពលរដ្ឋ​​អះអាង​ថា វៀតណាម​បាន​ជីក​នៅក្នុង​ទឹក​ដី​កម្ពុជា

អ្នកយក​ព័ត៌មាន VOD ដែល​ចុះ​តាមដាន​ព្រឹត្តិការណ៍​នេះ សង្កេតឃើញថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ចាម លោក ម៉ៅ មុនី​វណ្ណ បាន​ដឹកនាំ​ព្រះសង្ឃ ជនជាតិដើម​ភាគតិច និង​ក្រុម​យុវជន​ប្រមាណ​ជាង​៣០០​នាក់ ទៅ​ពិនិត្យ​នៅ​តំបន់​ប្រទាញប្រទង់​គ្នា​រវាង​កម្ពុជា​វៀតណាម កាលពី​ថ្ងៃ​ទី​៨  ខែមិថុនា ឆ្នាំ​២០១៥ នៅ​គ្រានោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ប៉ះពាល់​ពាក្យសម្តី​គ្នា​ជាមួយ​អាជ្ញាធរ និង​ប្រជាជន​ពលរដ្ឋ​វៀតណាម​ប្រមាណ​ជិត​២​ម៉ោង ខណៈ​ពួកគេ​សុំ​អាជ្ញាធរ​ចុះទៅ​ពិនិត្យ​តំបន់​ដែល​វៀតណាម​ជីក​ស្រះ​ចំនួន​៧ នៅលើ​ដី​កម្ពុជា តែ​អាជ្ញាធរ​វៀតណាម​បដិសេធ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ពលរដ្ឋ​ខ្មែរ និង​ជនជាតិដើម​ភាគតិច​នៅ​តែ​បន្ត​ចូល​ទៅ​កន្លែង​មាន​ជម្លោះ​នោះ ហើយ​មើល​បាន​ស្រះ​ចំនួន​៣​កន្លែង​តែ​ប៉ុណ្ណោះ ។ នៅ​ថ្ងៃ​នោះ​ដែរ អាជ្ញាធរ​វៀតណាម​ប្រមាណ​ជាង​១០​នាក់ ដៃ​កាន់​កាំភ្លើង​អាការ ដំបង​ឈើ ដំបងឆក់ និង​សត្វ​ឆ្កែ​មួយ​ក្បាល សម្រាប់​រារាំង​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិដើម​ភាគតិច​ចូលទៅ​តំបន់​កំពុង ប្រទាញប្រទង់​គ្នា ។ 
បើតាម​អ្នកបកប្រែ​របស់​អាជ្ញាធ​រ​វៀតណា​មឲ្យដឹងថា វៀតណាម​ថា​ដី​នោះ​ជា​តំបន់​ស ហេតុ​នេះ​ពួកគេ​មាន​សិទ្ធិ​គ្រប់គ្រង​នៅ​តំបន់​នោះ ។ អ្នកបកប្រែ​បន្តថា បើ​ក្រុមតំណាងរាស្ត្រ​ចង់​ដោះស្រាយ​បញ្ហា​នេះ សូម​ឲ្យ​ដោះស្រាយ​តាម​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ។ លោក​ថា «​គាត់​ថា​កន្លែង​ហ្នឹង​ជា​តំបន់ស មិនទាន់​បាន​បោះបង្គោល​ព្រំដែន​បាន​ជាក់លាក់ អ៊ីចឹង​កន្លែង​ហ្នឹង​គឺ​យួន​ធ្វើ​ជា​យូរណាស់​មកហើយ អ៊ីចឹង​យួន​ចូល​កាន់កាប់ ។ ហើយ​ឥឡូវ​ចាំ​ដល់​រដ្ឋាភិបាល​ទាំង​ពីរ​ប្រទេស បោះបង្គោល​ព្រំដែន​រួចរាល់​ហើយ ដី​ចូល​ខាង​ណា ខាង​ហ្នឹង​គ្រប់គ្រង ឥឡូវ​ហ្នឹង​គេ​គ្រប់គ្រង ហើយ​បើសិនជា​អស់លោក​ចង់​ប្រឆាំង ចង់​តវ៉ា​អី ទាល់តែ​តវ៉ា​តាម​បែប​ការទូត​» ។​

អាជ្ញាធរ​វៀតណាម​​ ដែល​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​មើល​ស្រះ​ទឹក​ដែល​ជីក​ដោយ​វៀតណាម​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនី​វណ្ណ ដែល​ដឹកនាំ​ព្រះសង្ឃ ប្រជាពលរដ្ឋ​ទៅ​មើល​តំបន់​នោះ​ថ្លែងថា វៀតណាម​ធ្វើ​ខុសច្បាប់ ។ លោក​ថា បើ​តំបន់​នោះ​ពិតជា​តំបន់ស​ដូច​ការអះអាង​របស់​វៀតណា​មមែន គឺ​វៀតណាម​គ្មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​តំបន់​នោះទេ ព្រោះ​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​បាន​ដោះស្រាយ​នៅឡើយ ។ លោក​ថា «​កន្លែង​នេះ យើង​នៅ​ចាត់ទុក​ថា​ដី​ខ្មែរ​នៅ​ឡើយ ព្រោះ​ជា​តំបន់​ប្រទាញប្រទង់ មិន​ទាន់​ដាច់​បាន​ទៅ​វៀតណាម ឬ​បាន​មក​កម្ពុជា​ទេ​»​។​
អ្នកនាំពាក្យ​សាលា​ខេត្តរតនគិរី លោក ម៉ឹង ស៊ីថា អះអាងថា ខេត្ត​បាន​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​ជាតិ​រួចហើយ ព្រោះ​ខេត្ត​មិន​មាន​សមត្ថភាព​ដោះស្រាយ​ទេ ។ លោក​បញ្ជាក់ថា «​កិច្ចការ​ហ្នឹង ខេត្ត​បាន​រៀបចំ​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ជាតិ​ហើយ មិនមែន​ផ្អែក​លើ​អាជ្ញាធរ​ខេត្ត​ទេ អាហ្នឹង​យើង​គ្រាន់តែ​ផ្ញើ​របាយការណ៍​ទៅ​ថ្នាក់​ជាតិ ដើម្បី​គាត់​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គាត់​យ៉ាងម៉េច​»​។​
​ដោយឡែក នៅក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ លោក ម៉ៅ មុនី​វណ្ណ ក៏​បាន​បន្ត​ដឹកនាំ​ព្រះសង្ឃ ប្រជាពលរដ្ឋ ឆ្ពោះទៅ​កាន់​ច្រក​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​មាន​ប្រវែង​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ។ លោក ម៉ៅ មុនី​វណ្ណ អះអាងថា បង្គោល​ព្រំដែន​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​វៀតណាម​កាលពី​ឆ្នាំ​២០១១​នោះ គឺ​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​២០០៥ និង​ប្រើ​ផែនទី​ក្លែងក្លាយ​ធ្វើឲ្យ​បាត់បង់​ដី​ខ្មែរ ប្រមាណ​ជិត​៥០​គីឡូម៉ែត្រ​ទៅ​ឲ្យ​វៀតណាម ។ លោក​បន្ថែមថា «​អាហ្នឹង​បើ​យើង​ប្រៀបធៀប​ហ្នឹង​ព្រំដែន​បង្គោល​ឡាក់​ជំនាន់​បារាំង នៅ​រហូត​ជាង​៤០​គីឡូម៉ែត្រ​ទៀត ខ្ញុំ​គិតថា ជិត​៥០​គីឡូម៉ែត្រ​ផង សួរ​តែ​ប៉ូលិស​ក៏​គាត់​ដឹង​ដែរ នៅ​មណ្ឌលគិរី​ក៏​ដូចគ្នា​អ៊ីចឹង​ដែរ វា​មាន​បង្គោល​ឡាក់​ជំនាន់​បារាំង ប៉ុន្តែ​នេះ​ជា​ការកំនត់​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​» ។​
ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​នេះ បានបង្ហាញ​ការ​ខឹងសម្បារ​នឹង​ការលើកឡើង​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចោទថា រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ។ លោក​អះអាង​ថា លោក​បាន​បំភ្លឺ​រួច​អស់ហើយ​កាលពី​ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ ។​
​លោក ហ៊ុន សែន ថ្លែងថា «​ប្រធាន​(​លោក សម រង្ស៊ី​)​គ្រប់គ្រង​បក្ស សមាជិក​បក្ស​មិន​បាន រហូត​ហ៊ាន​ចោទថា រាជរដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ អ្នកណា​ក្លែងក្លាយ អ្នក​ណា​មិន​ក្លែងក្លាយ​? និយាយ​គ្នា​ឲ្យ​ច្បាស់ ធ្វើ​ដល់​រាជរដ្ឋាភិបាល​មក​ប្រើ​ផែនទី​ក្លែងក្លាយ​? ស្នេហា​ជាតិ​អី​តែ​លោក​ឯង ខ្ញុំ​បាន​ឆ្លើយ​[​បំភ្លឺ​]៥​ម៉ោងជាង ទៅ​យក​អាហ្នឹង​មក​មើល​ឡើងវិញ ឬ​ក៏​ត្រូវការ​ឲ្យ​ទូរទស្សន៍​ជាតិ​ជាក់ ទូរទស្សន៍​ទាំងអស់​ចាក់​ឡើង​វិញ ខ្ញុំ​ស្នើ​ឲ្យ​ចាប់ផ្តើម​ពី​ល្ងាច​ហ្នឹងតែម្តង ចាក់​ឡើង​វិញ នូវ​អ្វី​ដែល​ខ្ញុំ​ឆ្លើយ​នៅ​ហ្នឹង​(​រដ្ឋសភា​) ផែនទី​ពី​ណា​អី​ពី​ណា កុំ​យក​ល្បែង​ក្មេង​យក​មក​លេង ។ ឥឡូវ​ខ្ញុំ​ថា បើ​ពិបាក​ពេក មាន​វិធី​តែ​ម្យ៉ាង​គត់ គឺថា​ស្បថ​ឲ្យ​រន្ទះបាញ់​តែម្តង ខែ​នេះ​រន្ទះ​ច្រើនណាស់​» ។​
គួររំឭកថា បញ្ហា​ព្រំដែន​នេះ​បាន​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ បន្ទាប់​ពី​តំណាងរាស្ត្រ​បក្សប្រឆាំង បាន​ផ្ញើ​លិខិត​ទៅ​ប្រធានរដ្ឋសភា ឲ្យចេញ​កិច្ច​អន្តរាគមន៍​ទៅក្រ​សួង​ការបទេស ក្រោយពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ រកឃើញ​ថា​ដំណាំ​១០​ហិកតា​របស់​កសិករ​ខ្មែរ​៩​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បំផ្លាញ​ដោយ​អាជ្ញាធរ​វៀតណាម តែ​លោក ហោ ណាំង​ហុង អះអាងថា មក​ពី​កសិករ​ខ្មែរ​ទៅ​ដាំ​ដំណាំ​លើ​ដី​វៀតណាម ។ ជា​បន្តបន្ទាប់​ទៀត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​បង្ហាញ​ផែនទី ដែល​យកមកប្រើ​សម្រាប់​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ដោយ​ពួកគេ​អះអាងថា ការកំណត់​ព្រំដែន​កន្ល​ង​មក​តាម​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ធ្វើឲ្យ​មាន​ការបាត់បង់​ទឹកដីខ្លះ​ទៅ​វៀតណាម ។ ប៉ុន្តែ​លោក វ៉ា គឹមហុង អះអាងថា សន្ធិសញ្ញា​នេះ​ធ្វើឲ្យ​កម្ពុជា​ចំណេញបាន​ប្រើ​ខ្សែទឹក​រួមគ្នា ។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ទៅ​ភាគី​វៀតណាម​ឲ្យ​រក្សា​ភាពស្ងប់ស្ងាត់ ខណៈ​បញ្ហា​ព្រំដែន​នៅ​ពេល​នេះ បានចាប់ផ្ដើម​កម្រើក​ឡើង​វិញ​រួមមាន ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​តំបន់​តន់​ហន់​ក្នុង​ខេត្ត​កំពត តំបន់ភ្នំ​ដិន​ក្នុង​ខេត្ត​តាកែវ និង​ច្រកព្រំដែន​អន្តរជាតិ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី  ដែល​តំណាងរាស្ត្រ​បក្សប្រឆាំង កោះហៅ​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​បំភ្លឺ និង​ផ្តល់​ផែនទី​បោះបង្គោល​ព្រំដែន​នោះ ៕ 

សូម​សរសេរ​មក លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

1 comment:

RealKhmer said...

Khmer authorities that corrupted taking money from Yuon and allow Yuon take Khmer's Land, those scumbag authorities should be caught and executed immediately.