A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 June 2015

A brief biography of Chea Sim ជីវប្រវត្តិ លោក ជា ស៊ីម

ជា ស៊ីម ៦២០
លោក ជា ស៊ីម ចូលរួម​ប្រជុំ​សភា​ដំបូង និង​សម័យ​ប្រជុំ​សភា​លើក​ទី​១ នីតិកាល​ទី​៥ ដោយ​មិន​មាន​វត្តមាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​មិថុនា ក្នុង​អាយុ ៨៣​ឆ្នាំ។ លោក គឺ​ជា​ពលរដ្ឋ និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ដែល​បាន​ឆ្លង​កាត់​សម័យ​កាល​ជាច្រើន​ក្នុង​នយោបាយ​កម្ពុជា គឺ​ចាប់​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង រហូត​ដល់​ពេល​បច្ចុប្បន្ន។
តើ លោក ជា ស៊ីម មាន​ជីវប្រវត្តិ​បែប​ណា?
ឈ្មោះ​របស់ លោក ជា ស៊ីម ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​អស់​រយៈពេល​ជិត ៤០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ថ្ងៃ​ដែល​កងទ័ព​វៀតណាម ចូល​ឈ្លាន​ពាន​កម្ពុជា ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម​មក​ម្ល៉េះ។
កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២ ក្នុង​ត្រកូល​កសិករ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក ជា ស៊ីម បាន​ចូលរួម​ជាមួយ​ចលនា​តស៊ូ​មួយ​ឈ្មោះ​ថា ចលនា​ខ្មែរ​ឥស្សរៈ នៅ​អាយុ ១៥​ឆ្នាំ។ ចលនា​ខ្មែរ​ឥស្សរៈ គឺ​ជា​ចលនា​ខ្មែរ​កុម្មុយនីស្ត​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥១ ក្រោម​ការ​ដឹក​នាំ​របស់ លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន ដែល​មាន​គោលដៅ​បណ្ដេញ​អាណានិគម​និយម​បារាំង ចេញ​ពី​ប្រទេស​កម្ពុជា។ លោក ជា ស៊ីម បាន​តស៊ូ​ជាមួយ​ចលនា​នេះ​រហូត​ដល់​ឆ្នាំ​១៩៥៤ ពេល​ដែល​បារាំង បញ្ចប់​ការ​ធ្វើ​អាណានិគម​និយម​ទាំង​ស្រុង​នៅ​ភូមិ​ភាគ​ឥណ្ឌូចិន បន្ទាប់​ពី​បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ។
នៅ​ពេល​ក្រោយ​មក​ទៀត លោក ជា ស៊ីម ដែល​មាន​កម្រិត​វប្បធម៌​ត្រឹម​ពុទ្ធិក​មធ្យមសិក្សា បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ជាមួយ​ពួក​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧០ បន្ទាប់​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ពេល​នោះ​ជា​ព្រះ​ប្រមុខ​រដ្ឋ ត្រូវ​បាន​លោក​សេនា​ប្រមុខ លន់ នល់ និង​បក្ខពួក​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​តំណែង ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស។
នៅ​ក្នុង​ការ​តស៊ូ​ជាមួយ​ពួក​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ដើម្បី​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ លោក ជា ស៊ីម ត្រូវ​បាន​តែង​តាំង​ជា​បន្តបន្ទាប់​ឲ្យ​ធ្វើ​ជា​ប្រធាន​ឃុំ និង​ក្រោយ​មក​ជា​ប្រធាន​ស្រុក។ ក្នុង​ចន្លោះ​ពេល​នេះ លោក​ក៏​បាន​ក្លាយ​ជា​មេ​បញ្ជាការ​យោធា​មួយ​រូប​របស់​ចលនា​ខ្មែរ​ក្រហម​ផង​ដែរ។
បន្ទាប់​ពី​កងទ័ព​ខ្មែរ​ក្រហម​បាន​ទទួល​ជ័យជម្នះ​លើ​កងទ័ព​របស់​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ លោក ជា ស៊ីម បាន​នៅ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ របស់​ពួក​ខ្មែរ​ក្រហម​បន្ត​ទៀត​រហូត​ដល់​ឆ្នាំ​១៩៧៨។
នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨ លោក ជា ស៊ីម គឺ​ជា​សមាជិក​រដ្ឋសភា​តំណាង​ប្រជាជន​កម្ពុជា របស់​ខ្មែរ​ក្រហម ហើយ​លោក​ក៏​ជា​លេខា​បក្ស​ស្រុក​ពញាក្រែក ក្នុង​តំបន់​២០ នៃ​ភូមិ​ភាគ​បូព៌ា​ផង​ដែរ។ យ៉ាង​ណា​ក៏ដោយ នៅ​ឆ្នាំ​១៩៧៨ លោក ជា ស៊ីម រួម​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ភាគ​បូព៌ា​ប្រមាណ ៣០០​នាក់​ផ្សេង​ទៀត បាន​រត់​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​គេច​ពី​ការ​តាម​កម្ចាត់​របស់​កងទ័ព​ខ្មែរ​ក្រហម។ គឺ​នៅ​ប្រទេស​វៀតណាម នេះ​ហើយ​ដែល លោក ជា ស៊ីម បាន​ជួប​ជាមួយ​ខ្មែរ​កុម្មុយនីស្ត​របស់​ក្រុម លោក ប៉ែន សុវណ្ណ និង​អតីត​មន្ត្រី​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ដូចជា លោក ហេង សំរិន និង​លោក ហ៊ុន សែន ជាដើម។
ក្រោយ​មក ពួក​គេ​បាន​រួម​គ្នា​បង្កើត​ចលនា​តស៊ូ​មួយ​ឈ្មោះ​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨។ ចលនា​នេះ​មាន​គោលដៅ​វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​វៀតណាម។ ក្នុង​ពេល​នោះ លោក ជា ស៊ីម ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អនុប្រធាន​នៃ​រណសិរ្ស លោក ហេង សំរិន ជា​ប្រធាន​រណសិរ្ស និង​លោក ហ៊ុន សែន ជា​សមាជិក​រណសិរ្ស​ទទួល​បន្ទុក​ខាង​យុវជន។
ក្រោយ​ពី​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ លោក ជា ស៊ីម រួម​ជាមួយ​មន្ត្រី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដទៃ​ទៀត បាន​ធ្វើ​ដំណើរ​ចូល​មក​ទីក្រុង​ភ្នំពេញ​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​កាន់​តួនាទី​ធំៗ​ជា​ហូរហែ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី ដែល​វៀតណាម ទើប​បាន​លើក​បន្តុប​ឡើង។
ជា​រួម ក្នុង​រយៈពេល ៣៦​ឆ្នាំ​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ពេល​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ លោក ជា ស៊ីម បាន​កាន់​តំណែង​សំខាន់ៗ​ជាច្រើន។ លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​តំណាង​រាស្ត្រ ជា​ប្រធាន​រដ្ឋសភា ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​មាន​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ចាប់​ពី​ឆ្នាំ​១៩៩៩ មក។
ក្រៅ​ពី​នេះ លោក​ក៏​ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ប្រទាន​គោរមងារ​ជា «សម្ដេច» នៅ​ឆ្នាំ​១៩៩៣ និង​ត្រូវ​បាន​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ប្រទាន​គោរមងារ​ជា «សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល» នៅ​ឆ្នាំ​២០០៧ ផង​ដែរ។ លើស​ពី​នេះ លោក​ក៏​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស និង​គ្រឿង​ឥស្សរិយយស​ជាច្រើន​ផ្សេង​ទៀត។
រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​មរណភាព​របស់ លោក ជា ស៊ីម នៅ​ពេល​នេះ​ថា​ជា​ការ​បាត់បង់​វីរជន​ឆ្នើម​មួយ​រូប ដែល​បាន​យក​កម្លាំង​កាយ​ចិត្ត និង​ស្មារតី ចូលរួម​ដឹក​នាំ​កម្លាំង​តស៊ូ​រំដោះ​ប្រទេស​ឲ្យ​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សន្តិភាព ការ​ពង្រឹង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​កែទម្រង់​លើ​គ្រប់​វិស័យ​ជាដើម។ ចំណែក​អ្នក​វិភាគ​ព្រឹត្តិការណ៍​នយោបាយ​វិញ​យល់​ឃើញ​ថា ក្នុង​នាម​ជា​អ្នក​នយោបាយ​ម្នាក់ លោក ជា ស៊ីម មិន​សូវ​បាន​បន្សល់​ទុក​នូវ​កំហុស​ឆ្គង​ច្រើន​នោះ​ទេ។
គេ​នៅ​ចាំ​បាន​ថា ក្នុង​ពេល​កម្ពុជា ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០០៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ ដោយ​បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​បន្ថែម​មួយ ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​រដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​ក្នុង​ពេល​តែ​មួយ ដែល​អ្នក​វិភាគ និង​អ្នក​ច្បាប់​និយាយ​ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ។ យ៉ាង​ណា​ក៏ដោយ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​នោះ លោក ជា ស៊ីម មិន​ព្រម​ចុះ​ហត្ថលេខា​លើ​រដ្ឋធម្មនុញ្ញ​បន្ថែម​នោះ​ទេ។
ក្នុង​ពេល​ប្រឈម​មុខ​គ្នា​នោះ លោក ជា ស៊ីម ក៏​ត្រូវ​បាន លោក ហុក ឡង់ឌី អគ្គស្នងការ​នគរបាល​ជាតិ បង្ខំ​ឲ្យ​ចាក​ចេញ​ទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​យក​ឱកាស​នោះ​ទុក​ឲ្យ លោក ញឹក ប៊ុនឆៃ ដែល​ពេល​នោះ​ជា​អនុប្រធាន​ព្រឹទ្ធសភា ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បន្ថែម​នោះ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០០៤។ បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​នៅ​ពេល​នោះ​ថា លោក ជា ស៊ីម ទៅ​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ​ក៏ដោយ ប៉ុន្តែ​ការ​ចាក​ចេញ​របស់​លោក​នៅ​ពេល​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ខ្វែង​គំនិត​គ្នា​រវាង លោក ជា ស៊ីម និង​លោក ហ៊ុន សែន។
ទោះ​ជា​យ៉ាង​ណា សម្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​មរណភាព​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ថា​ជា​ការ​បង្ហាញ​ភាព​បរាជ័យ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​ផ្សាយ​ថ្ងៃ​ទី​៩ មិថុនា សរសេរ​ថា លោក ជា ស៊ីម គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប ដែល​គេ​មិន​ដែល​បាន​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋ​អន្តរជាតិ​ធ្ងន់ធ្ងរ ដែល​អាច​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។
យ៉ាង​ណា​ក៏ដោយ​ចុះ ចំពោះ​ការ​បាត់បង់​រូប លោក ជា ស៊ីម ដែល​ជា​ប្រធាន​របស់​បក្ស​កាន់​អំណាច​យូរ​ឆ្នាំ​នៅ​កម្ពុជា ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​ប្រជែង​អំណាច​ក្នុង​ជួរ​បក្ស ឬ​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នយោបាយ​កម្ពុជា នោះ​ឡើយ ព្រោះ​ថា គណបក្ស​បាន​ត្រៀម​អ្នក​ឡើង​ទទួល​តំណែង​បន្ត​រួច​ហើយ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បន្ទាប់​ពី លោក ជា ស៊ីម ទៅ លោក​នឹង​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹក​នាំ​ការងារ​គណបក្ស​បន្ត​ទៀត។
បើ​និយាយ​ពី​ជីវិត​គ្រួសារ​វិញ លោក ជា ស៊ីម បាន​រៀបការ​ជាមួយ​ភរិយា​របស់​លោក គឺ​អ្នកស្រី ញ៉ែម សឿន នៅ​ឆ្នាំ​១៩៥៥។ ពួក​គេ​ទាំង​ពីរ​នាក់ បាន​បន្ត​ជីវិត​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយ​គ្នា​រហូត​ដល់​ពេល លោក ជា ស៊ីម ទទួល​មរណភាព។ លោក ជា ស៊ីម មាន​កូន​ទាំងអស់​ចំនួន ៧​នាក់ ប្រុស ៤​នាក់ និង​ស្រី ៣​នាក់។ យ៉ាង​ណា​ក៏ដោយ ខុស​ពី​កូន​របស់ លោក ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្សេង​ទៀត ដែល​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​យោធា ក្នុង​រដ្ឋសភា និង​ក្នុង​ជួរ​រដ្ឋាភិបាល គេ​ពុំ​ឃើញ​មាន​កូន​របស់ លោក ជា ស៊ីម កាន់​តំណែង​ធំៗ​នោះ​ឡើយ៕
----------------------------------------------------------

ជី​វប្រ​វត្ដិ​របស់លោក ជា ស៊ីម​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃចន្ទ ទី8 មិថុនា 2015, Voice of Democracy Radio

មើលរូបភាពបន្ថែម
ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម កាល​ពី​នៅ​រស់
​លោក ជា ស៊ីម គឺជា​អ្នកនយោបាយ​វ័យ​ចំណាស់​លេចធ្លោ​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា ។ លោក​ទទួលបាន​ការគោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​ជាតិ​ទូទៅ ពី​ថ្នាក់ដឹកនាំ​ជាតិ និង​អន្ដរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​និង​លើ​ពិភពលោក​ផងដែរ ។ លោក​បាន​ក្លាយជា​ប្រធាន​រដ្ឋសភា​ចាប់តាំងពី​ឆ្នាំ ១៩៨១ ដល់ ១៩៩៨ ហើយ​បាន​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​មួយ​ឆ្នាំ​បន្ទាប់ គឺ​ចាប់តាំងពី​ឆ្នាំ ១៩៩៩ រហូតមកដល់​ឆ្នាំ​២០១៥​នេះ ។ ក៏ប៉ុន្ដែ​ដោយសារតែ​មាន​បញ្ហា​សុខភាព​នៅ​រយៈពេល​ចុងក្រោយ​នេះ លោក ជា ស៊ីម តែងតែ​អ​វត្ដ​មាន​ពី​ការងារ ដោយ​ប្រគល់​ភារកិច្ច​ទៅ​អនុប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ជំនួស​វិញ ។​
​លោក ជា ស៊ីម បាន​កើតចេញ​ពី​ត្រកូល​កូន​កសិករ​ក្នុងស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៣២ ។ ឪពុក​របស់​លោក​មាន​ឈ្មោះ ជា សៅ ហើយ​ម្ដាយ​ឈ្មោះ ប៉ែន ណាវ ដែល​ពួកគាត់​ប្រកប​របរ​ធ្វើស្រែ​ចម្ការ ។ លោក ជា ស៊ីម ជា កូន​ទី​បី​ក្នុង​គ្រួសារ​ដែល​មាន​កូនប្រុស​បួន​នាក់ និង​កូនស្រី​ម្នាក់ ។ កូន​បង​គេ​បង្អស់​ជា​កូនប្រុស​មានឈ្មោះ ជា សន កូន​ទី​ពីរ ជា នូ ជា​កូនស្រី កូន​ទី​បី​គឺ​លោក ជា ស៊ីម កូន​ទី​បួន ឈ្មោះ ជា ផន ជា​កូនប្រុស និង កូនប្រុស​ពៅ​ឈ្មោះ ជា ផុន ។​

​កាល​ពី​កុមារភាព ដោយសារ​តែ​ស្រលាញ់​វប្បធម៌​ខ្មែរ និង​ព្រះពុទ្ធសាសនា លោក ជា ស៊ីម បាន​ទៅ​បួស​ធ្វើជា​សាមនេរ ដើម្បី​ទទួលបាន​ការសិក្សាអប់រំ​នៅក្នុង​វត្ដ​អារាម ។ លោក​បាន​បញ្ចប់​កម្រិត​សិក្សា​មធ្យម​ទូទៅ​ពី​ពុទ្ធិក​មធ្យមសិក្សា និង​សាលា​នយោបាយ​ជាន់ខ្ពស់ បណ្ឌិត​កិត្តិយស​ខាង​ទស្សនៈវិជ្ជា ។​
​នៅ​ចន្លោះ​ឆ្នាំ ១៩៥១ ដល់ ១៩៥៤ លោក ជា ស៊ីម បាន​ចូលរួម​ក្នុង​ចលនា​បដិវត្ដន៍​របស់​ខ្មែរឥស្សរ​ដើម្បី​ជួយ​ស្វែងរក​ឯករាជ្យ​សម្រាប់​ប្រទេស​កម្ពុជា ។​
​នៅក្នុង​ឆ្នាំ ១៩៥៥ លោក​បាន​រៀបការ​ជាមួយ​ស្ដ្រី​ម្នាក់ ឈ្មោះ ញែម សឿន ។ ពួកគេ​ទាំង​ពីរ​រស់នៅ​ជាមួយគ្នា​ដោយ​បាន​បង្កើត​បាន​កូន​៧​នាក់ កូនប្រុស​៤​នាក់ និង​កូនស្រី​៣​នាក់ ។ កូនច្បង​របស់​គាត់​ឈ្មោះ ជា សាក ភេទ​ប្រុស កូន​ទី​ពីរ ឈ្មោះ ជា សំអាត ភេទ​ស្រី កូន​ទី​បី ឈ្មោះ ជា សំ​អេង ភេទ​ស្រី កូន​ទី​បួន​ឈ្មោះ ជា ប៉ិន ភេទ​ស្រី កូន​ទី​ប្រាំ​ឈ្មោះ ជា ធា ភេទ​ប្រុស កូន​ទី​ប្រាំមួយ​ឈ្មោះ ជា ថា ភេទ​ប្រុស និង​កូន​ទី​ប្រាំពីរ​ឈ្មោះ ជា សុមា​ធី ភេទ​ប្រុស ។​
​ចាប់ពី​ឆ្នាំ ១៩៥៤ ដល់ ឆ្នាំ​១៩៧៥​    ​លោក ជា ស៊ីម បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ ហើយ​ត្រូវបាន​តែងតាំង​ជា​មេឃុំ និង​ចៅហ្វាយស្រុក​ជា​បន្ដបន្ទាប់ ។​
​នៅក្នុង​របប​ប៉ុល ពត ចន្លោះ​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៨ លោក​នៅតែ​តស៊ូ​ប្រឆាំង​ជា​លក្ខណៈ​សម្ងាត់ និង​បើកចំហរ​ទៅ​នឹង​របប​នេះ​ផងដែរ ។ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ លោក​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។ ការតែងតាំង​នេះ​ដោយសារតែ​លោក​ត្រូវបាន​គេ​មើលឃើញ​ពី​ប្រវត្តិ​តស៊ូ និង​តួនាទី​របស់​លោក​កាល​ពី​អតីតភាព ។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៨ និង​១៩៧៩ លោក​បាន​បាត់បង់​កូនប្រុស​ច្បង​ជា​ទី​ស្រឡាញ់​របស់លោក​គឺ លោក ជា សាក់ និង​បងប្អូន​បង្កើត​របស់​លោក​គឺ លោក ជា សន លោក ជា ផន និង ជា ផុន​។ ពួកគេ​ត្រូវបាន​គេ​ចាត់ទុកជា​វីរៈបុរស​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ។​
​បន្ទាប់មក ពី​ថ្ងៃ​៧ ខែ​មករា ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ​១៩៨១ លោក ជា ស៊ីម ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រជាជាតិ​បដិវត្ត​កម្ពុជា និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ។​
​ចាប់ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩៣ រយៈពេល​១២​ឆ្នាំ លោក​ក៏​មាន​តួនាទី​ជា​ប្រធាន​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា ជា​តំណាងរាស្ដ្រ​ខេត្ដ​ព្រៃវែង និង​ជា​ប្រធានរដ្ឋសភា​នៃ​រដ្ឋ​កម្ពុជា ។​
​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៩​    ​លោក​ត្រូវបាន​ជ្រើសរើស​ជា​តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ និង​ក្រោយមក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោ​រម្យ​ងារ​ជា សម្ដេច ជា ស៊ីម ។​
​ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៥ ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​កាលបរិច្ឆេទ​សំខាន់ៗ​របស់លោក ជា ស៊ីម​
​អតីតភាព​ការងារ​របស់​លោក ជា ស៊ីម មុន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​៖
​ចន្លោះ​ឆ្នាំ​១៩៤៧ ដល់ ១៩៥៤ ​ចូលរួម​ក្នុង​ចលនា​តស៊ូ​ខ្មែរឥស្សរៈ​
​ចន្លោះ​ឆ្នាំ ១៩៥១ ដល់ ១៩៥៤បម្រើ​ក្នុង​ចលនា​តស៊ូ​ខ្មែរឥស្សរៈ ដើម្បី​ឯករាជ្យ​មាតុភូមិ​កម្ពុជា
ចន្លោះ​ឆ្នាំ ១៩៧០ ដល់ ១៩៧៥បម្រើ​ក្នុង​ចលនា​តស៊ូ​ស្នេហា​ជាតិ និង​បន្ដបន្ទាប់​ជា​ប្រធាន​ឃុំ ប្រធាន​ស្រុក
ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៨តស៊ូ​សម្ងាត់ និង​ចំហ​ប្រឆាំង​របប​ប៉ុលពត
​ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨ក្លាយ​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា
​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៨១
ជា​សមាជិក​ក្រុមប្រឹក្សា ប្រជាជន​បដិវត្ដន៍​កម្ពុជា និង ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ
ពី​ឆ្នាំ ១៩៨១ ដល់ ១៩៩៣
ជា​ប្រធាន​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា ជា​តំណាងរាស្ដ្រ​ខេត្ត​ព្រៃវែង និង​ជា​ប្រធានរដ្ឋសភា​នៃ​រដ្ឋ​កម្ពុជា​
ថ្ងៃទី១៧ ខែតុលា ឆ្នាំ​១៩៩១ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
​ថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ ១៩៩៣ជា​តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ
​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៩ជា​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា
​នៅ​ថ្ងៃ​ទី​០៩ ខែ វិច្ឆិកា ឆ្នាំ​១៩៩៣
ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្ដម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោ​រម្យ​ងារ​ជា សម្ដេច
​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ១៩៩៨ជា​តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ​ម្ដងទៀត
​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៩៨លាលែង​ពី​សមាជិក​រដ្ឋសភា​មណ្ឌល​ភ្នំពេញ
ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​១៩៩៩ ដល់​២០១៥ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បទពិសោធន៍​សំខាន់ៗ​ជា​សមាជិក​ព្រឹទ្ធសភា​៖
​ថ្ងៃទី​០២ ខែមិនា ឆ្នាំ​១៩៩៨
លោក ជា ស៊ីម ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ទស្សនៈវិជា្ជ ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ​ពី The Southern California University
​ថ្ងៃទី១១ ខែមិនា ឆ្នាំ​១៩៩៩
លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​១
​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៦លោក​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​ព្រឹទ្ធសភា ភូមិភាគ​ទី​១ មណ្ឌល​ភ្នំពេញ​
ថ្ងៃទី ២០ ខែ​មិនា ឆ្នាំ​២០០៦
លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​២
​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៧
​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​នូវ​គោរមងារ​ជា​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម
​ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០០៩
ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​តម្លើង​ឋានន្ដរស័ក្ដិ​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​
​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ ២០១០
លោក ជា ស៊ីម បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​វិស័យ​កសិកម្ម ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វប្បធម៌​ពិភពលោក​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១០
លោក ជា ស៊ីម បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ទស្សនៈវិជ្ជា ផ្នែក ភាពជា​អ្នកដឹកនាំ​ជាន់ខ្ពស់​កិច្ចការ​ព្រឹទ្ធសភា ពី​សាកលវិទ្យាល័យ ឌឹ អូ ផិន សឺ​មី​នែ​រី នៃ​រដ្ឋ​កាលីហ្វ​រញ៉ា សហរដ្ឋអាមេរិក

​គ្រឿង​ឥស្សរិយយស ដែល​លោក ជា ស៊ីម ទទួលបាន​៖
​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ឆ្នាំ​១៩៩២មុនិ​សា​រាភ័ណ្ឌ ថ្នាក់​មហា​សេរី​វឌ្ឍន៍​
​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០០១ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​
​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០០១សុវត្ថា​រា ថ្នាក់​មហា​សេរី​វឌ្ឍន៍​
​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ​២០០១ការពារជាតិ ថ្នាក់​មាស​២ ប្រាក់​២ សំរឹទ្ធ​២
​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ​២០០១សេនា​ជ័យ​សិទ្ធ​
​ថ្ងៃទី០៧ ខែ​មិនា ឆ្នាំ​២០០៣ជា​តូ​បការៈ
​ថ្ងៃទី២៨ ខែ​មិនា ឆ្នាំ​២០០៨ឯករាជ្យ​ជាតិ​
​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៨
​គ្រឿង​ឥស្សរិយយស មាស ខ្ពស់​បំផុត​ពី ឯកឧត្តម ជុម ម៉ាលី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឍឹមបក្ស​ប្រជាជនប​ដិ​វត្ត​ន៍ឡាវ និង​ជា​ប្រធានរដ្ឋសភា​ប្រធាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​ ​កម្រិត​បណ្ដុះបណ្ដាល​មុខ​វិជ្ជាជីវៈ លើ​វគ្គ​នយោបាយ​ជាន់ខ្ពស់
​ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​១៩៩៨
ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ផ្នែក ទស្សនៈវិជ្ជា នៅ​សាកលវិទ្យាល័យ​កាលីហ្វ​ញ៉ា សហរដ្ឋអាមេរិក
​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០០៧
ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​ទស្សនៈវិជ្ជា និង​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ប៊ុន​រ៉ា​ត​ថា​នី នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏
​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១០ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​កិត្តិយស​ផ្នែក​ទស្សនៈវិជ្ជា និង​ស្រាវជ្រាវ​កសិកម្ម​នៅ​សាកលវិទ្យាល័យ​ស្រាវជ្រាវ​វប្បធម៌​ពិភពលោក​ពី​សាធារណរដ្ឋ​ចិន
​​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១០
​ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់បណ្ឌិត​កិត្តិយស ទស្សនៈវិជ្ជា ផ្នែក​ភាពជា​អ្នក​ដឹកនាំ​កិច្ចការ​ព្រឹទ្ធសភា នៅ​សាកលវិទ្យាល័យ ឌឺ​អូ​ជិន​សឺ​មី​ណឺ​រឺ សហរដ្ឋអាមេរិក ៕

No comments: