A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 13 May 2015

Tribal people stopped a Vietnamese company from bulldozing forests inside Cambodian territories ពលរដ្ឋ​បញ្ឈប់​ក្រុមហ៊ុន​វៀតណាម​ឈូស​ដី​ព្រៃ

Mon, 11 May 2015
ផាក់ ស៊ាងលី ភ្នំពេញ ​ប៉ុស្តិ៍
http://www.postkhmer.com/sites/default/files/styles/full-screen/public/field/image/8-a.jpg?itok=oaseDNtH

ពលរដ្ឋ​ទៅ​ទប់​ក្រុមហ៊ុន​វៀតណាម​មិន​ឲ្យ​​​ឈូស​ព្រៃ​។ រូបថត អាដហុក

រតនគិរីៈ ជនជាតិ​ដើម​ភាគតិច ៨០ នាក់​មកពី​ ៣៨៤ គ្រួសារ ក្នុង​ស្រុក​អណ្តូង​មាស​ បាន​នាំ​គ្នា​បញ្ឈប់​គ្រឿង​ចក្រ​ក្រុមហ៊ុន​វៀតណាម និង​បោះ​បង្គោល​សង្គ្រោះ​ព្រៃ​ការពារ​ជាង ៣០០ ហិកតា​​ដែល​កំពុង​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ និង​ឈូសឆាយ។
ជនជាតិ​ដើម​ភាគតិច​ទំពួន និង​ចារ៉ាយ​ចំនួន ៨០ នាក់​ដែល​រួមមាន​ទាំង​អាជ្ញាធរ​ភូមិ​កាហល់ ឃុំ​ម៉ាលិក​មួយ​ចំនួន​ផង​នោះ​បាន​នាំ​គ្នា​ទៅ​ទប់ស្កាត់​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​របស់​ក្រុមហ៊ុន​ជីងលី (Jing Ly Investment Col.Ltd) ហើយ​បាន​នាំ​គ្នា​បោះ​របង​លើ​ដី​​ព្រៃ​ការពារ​ចំនួន​ ៣៦០ ​ហិកតា​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នេះ​បើ​យោង​តាម​គណៈកម្មការ​ភូមិ លោក​ សល់ យ៉ន់ ​អាយុ ៤១ ឆ្នាំ និង​អង្គការ​អាដហុក​ខេត្ត​រតនគិរី។
លោក​ សល់ យ៉ន់ ​បាន​អះអាង​​ថា៖ «តាំងពី​ខែ​មេសា​មក​អាប៊ុល ៤ គ្រឿង​​បាន​ឈូសឆាយ​ដីព្រៃ​ការពារ​យើង​រហូត​មក​ទើប​យើង​នាំ​គ្នា​ទៅ​ទប់ស្កាត់​មិន​ឲ្យ​ឈូស​ទៀត។ ពលរដ្ឋ​បាន​បោះ​បង្គោល​ធ្វើ​របង​លើ​ដី​ ៣៦០ ហិកតា»
លោក​បាន​បន្ត​ថា នៅពេល​ពួក​លោក​​កំពុង​បញ្ឈប់​អាប៊ុល​កុំ​ឲ្យ​ឈូស​នោះ​មាន​ប៉ូលិស​យាម​ក្រុមហ៊ុន​​ម្នាក់​ស្ពាយ​កាំភ្លើង ១ ដើម​បាន​ចេញ​មក​ព្រមាន​ក្រុម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ហាមឃាត់ សកម្មភាព​ឈូសឆាយ​នោះ។ ប៉ុន្តែ​ដោយ​ឃើញ​ពលរដ្ឋ​មាន​គ្នា​ច្រើន ហើយ​មិន​ខ្លាច​នោះ មន្ត្រី​ប៉ូលិស​រូប​នោះ និង​អ្នក​បើក​គ្រឿងចក្រ​បាន​នាំគ្នា​រត់​បាត់​អស់ ដោយ​បន្សល់​ទុក​គ្រឿងចក្រ​នៅក្នុង​ព្រៃ។
លោក​យ៉ន់​បាន​និយាយ​ដូច្នេះ​ថា៖ ​«ប៉ូលិស​មាន​កាំភ្លើង​អាកាស្វ័យ​បត់​បាន​សំឡុត​ដាក់​យើង​ថា ពលរដ្ឋ​គ្មាន​សិទ្ធិ​ទៅ​ហាមឃាត់​គេ​មិន​ឲ្យ​ឈូស​ទេ។ តែ​យើង​ក៏​ប្រាប់​ទៅ​វិញ​ថា នេះ​ជា​ព្រៃ​ការពារ​មាន​សត្វព្រៃ​គ្រប់​ប្រភេទ។ គ្មាន​ច្បាប់​ឈូសឆាយ​ទេ​ហើយ​គេ​ក៏​រត់​ចោល​គ្រឿងចក្រ​អស់​តែ​ម្តង​»​
http://www.postkhmer.com/sites/default/files/styles/full-screen/public/8-b.jpg?itok=6vwEVeq4

ជនជាតិ​ភាគតិច​ដាក់​ស្លាក​លើ​ដើមឈើ​ហាម​កាប់ និង​ឈូស​បំផ្លាញ​ព្រៃឈើ​។ រូបថត អង្គការ​អាដហុក
លោក​ថា ពលរដ្ឋ​បាន​បាញ់​ថ្នាំ​ក្រហម​លើ​អាប៊ុល​នោះ​ថា «ហាម​ឈូសឆាយ​ដីព្រៃ​ការពារ និង​ជម្រក​សត្វ»។ ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​ឈូសឆាយ​នោះ ប្រជាពលរដ្ឋ​នឹង​ធ្វើការ​ទប់ស្កាត់​បន្ត​ទៀត។
លោក ឆាយ ធី​ អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ បាន​ប្តឹង​ទៅ​​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ រហូត​ដល់​រដ្ឋាភិបាល និង​រដ្ឋសភា​ចាប់​តាំងពី​ឆ្នាំ ២០១៣ មក​ម្ល៉េះ ដើម្បី​ទាមទារ​ដី​ទំហំ​ ៣៦០ ​ហិកតា​ពី​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ឈ្មោះ​ជីងលី​នោះ ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំដោះស្រាយ​នៅ​ឡើយ​ ចំណែក​​ក្រុមហ៊ុន ចេះ​តែ​បន្ត​ធ្វើការ​ឈូសឆាយ​។
លោក​ ឆាយ ធី ​បាន​​ថ្លែង​ថា៖ «អ្នកភូមិ​ពិតជា​អស់​ជម្រើស​ក្នុង​ការ​រង់ចាំ​តទៅ​ទៀត ទើប​ពួកគាត់​សម្រេចចិត្ត​បែប​នេះ។ បើ​ការតវ៉ា​របស់​ពួកគាត់ មិន​បាន​ប្រើ​ហិង្សា​ទេ គឺ​វា​មិន​ខុស​ច្បាប់​ទេ»

លោក ឆាយ ធី​ បាន​បន្ថែម​ថា ជនជាតិ​ដើម​ភាគតិច​ គឺ​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធាន​ព្រៃឈើ និង​ដីធ្លី​ទាំង​នោះ​តាម​លក្ខណៈ​ប្រពៃណី​តាំងពី​ដូនតា​មក។ ប៉ុន្តែ​ការ​ផ្តល់​ដី​សម្បទាន​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពួកគាត់ និង​ពលរដ្ឋ​បី​ភូមិ​ផ្សេង​ទៀត ដោយសារ​តែ​ខ្វះ​ការសិក្សា​ពី​ផលប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់​ពី​ថ្នាក់​មូលដ្ឋាន​ទៅ។
រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ដី​ចំនួន ១៩០០ ហិកតា​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ជីងលី​ដើម្បី​​អភិវឌ្ឍ​ដាំ​កៅស៊ូ​នៅ​ឃុំ​ញ៉ាង និង​ឃុំ​ម៉ាលិក​ ក្នុង​ស្រុក​អណ្តូង​មាស​កាលពី​ខែ​វិចិ្ឆកា ២០១០។
ប្រជាសហគមន៍​បាន​អះអាង​ថា មួយ​ឆ្នាំ​ក្រោយមក ក្រុមហ៊ុន​នេះ​បាន​ទៅ​កាប់​ព្រៃ​ស្រោង ដើម​ច្បោះ និង​ឈូសឆាយ​រំលោភ​យក​ដី​សមូហភាព ព្រៃ​ការពារ ព្រៃ​កប់​សព ព្រៃអារក្ស ដីព្រៃ​ចំណី​មាត់បឹង មាត់​អូរ ត្រពាំង ដែល​បង្ក​ការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ប្រភព​ទឹក​ស្អាត និង​វប្បធម៌​​របស់​ជនជាតិ​ដើម​ភាគតិច​។
ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​ក្រុមហ៊ុន​​វៀតណាម​ជីងលី​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ម្សិលមិញ។
លោក នង ដារិទ្ធិ អភិបាល​ស្រុក​អណ្ដូង​មាស​​​បាន​ថ្លែង​ថា​លោក​បាន​ដឹង​ពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ​នោះ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​អត់​មាន​ទៅ​ទប់ស្កាត់​ពលរដ្ឋ​នោះ​ទេ ដោយ​គ្រាន់តែ​ទៅ​ពិនិត្យ​មើល​ក្រែង​លោ​ពួកគាត់​ប្រើ​អំពើ​ហិង្សា​លើ​ក្រុមហ៊ុន។
លោក ដារិទ្ធិ ​បាន​បញ្ជាក់​៖ «​បើ​គាត់​ធ្វើ​មិន​សម​ស្រប​ពី​ផ្លូវច្បាប់​ទេ យើង​នឹង​ណែនាំ​ឲ្យ​គោរព​ច្បាប់​។ អត់​មាន​ទៅ​ទប់ស្កាត់​អី​ទេ ទុក​ឲ្យ​គាត់​ធ្វើ​សិន​ទៅ រួច​ចាំ​និយាយ​គ្នា​ក្រោយ​ទៀត។ គាត់​គ្រាន់តែ​ទៅ​បោះ​តម្រុយ​បង្គោល និង​បិទ​ស្លាក​ជាដើម»

លោក​បន្ថែម​ថា ពលរដ្ឋ​​ពិតជា​បាន​ស្នើសុំ​ដី​នោះ​ទុក​សម្រាប់​សហគមន៍​មែន ប៉ុន្តែ​ការ​ស្នើសុំ​នោះ​វា​មិន​ទាន់​គ្រប់គ្រាន់​តាម​លក្ខណៈ​ផ្លូវច្បាប់ ដោយសារ​តែ​ដី​នោះ រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ធ្វើការ​អភិវឌ្ឍ​ស្រប​ច្បាប់​ទៅ​ហើយ​៕

No comments: