A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 May 2015

Opposition MPs request the government to inspect border violations by Vietnam តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​ការ​រំលោភ​ព្រំដែន​ពី​សំណាក់​វៀតណាម

វ៉ា គឹមហុង ព្រំដែន ៣០៥
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។
RFA/Uon Chhin
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ និង​ដោះស្រាយ​ការ​រំលោភ​ព្រំដែន​ពី​សំណាក់​ប្រទេស​វៀតណាម នៅ​ច្រក​ព្រំដែន​តន់​ហន់ ខេត្ត​កំពត បន្ទាប់​ពី​រក​ឃើញ​ថា វៀតណាម បាន​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ ១​គីឡូម៉ែត្រ។ ប៉ុន្តែ​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។
ទឹក​ដី​ទល់​ដែន​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន កំពុង​ចោទ​ថា បាត់បង់​ទៅ​ប្រទេស​វៀតណាម នោះ គឺ​លោក​សំអាង​ទៅ​លើ​ហេតុផល​ថា ការ​កំណត់​ព្រំដែន​បច្ចុប្បន្ន​រំលោភ​ទៅ​នឹង​ផែនទី​ចាស់​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។ ព្រំដែន​នៅ​តំបន់​នោះ បច្ចុប្បន្ន​កំណត់​យក​ប្រឡាយ​៧៩ ដែល​ជីក​ដោយ​វៀតណាម នៅ​ឆ្នាំ​១៩៧៩ មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​ព្រែក​ព្រៃ​តា​មែង ឬ​ព្រែក​វិញតេ ដែល លោក អ៊ុំ សំអាន អះអាង​ថា ជា​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់​ឋិត​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត។
លោក​ថា ដូច្នេះ​ប្រឡាយ​៧៩ មិន​មែន​ជា​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​ក្នុង​ផែនទី​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣ ដែល​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៥៤ នោះ​ទេ។ បញ្ហា​រំលោភ​ព្រំដែន​ពី​សំណាក់​វៀតណាម នេះ លោក អ៊ុំ សំអាន ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ដោះស្រាយ៖ «ព្រំដែន​នៅ​ច្រក​តន់​ហន់ នេះ គាត់ (លោក វ៉ា គឹមហុង) យក​ទៅ​តាម​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ហើយ​សន្ធិសញ្ញា​នេះ​យក​តាម​សន្ធិសញ្ញា​ព្រំដែន​គោក​ខុស​ច្បាប់​ឆ្នាំ​១៩៨៥ ហើយ​ពេល​នោះ​ជា​សម័យ​យួន គ្រប់គ្រង​កម្ពុជា។ ដូច្នេះ​យួន ហៅ​ខ្មែរ​យើង​ស៊ីញេ គេ​មិន​ដែល​ឲ្យ​យើង​ចំណេញ​ទេ។ ម្យ៉ាង​វិញ​ទៀត សន្ធិសញ្ញា​ព្រំដែន​គោក​ឆ្នាំ​១៩៨៥ ហ្នឹង វា​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ទៅ​នឹង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​ទុក​ជា​មោឃភាព​នៃ​សន្ធិសញ្ញា​ទាំងអស់​ក្នុង​ទសវត្សរ៍​៨០»
មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។
ប៉ុន្តែ​ទាក់ទិន​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​នេះ​គ្មាន​ការ​ពិត​ទាល់​តែ​សោះ ព្រោះ​ថា ព្រែក​តា​មែង ដែល លោក អ៊ុំ សំអាន អះអាង​ថា​ជា​ព្រែក​ព្រំដែន​នោះ ឋិត​នៅ​យ៉ាង​ជ្រៅ​ក្នុង​ដី​វៀតណាម ហើយ​គ្មាន​ឯកសារ​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ព្រែក​ព្រៃ​តា​មែង នោះ​ជា​ព្រែក​ព្រំដែន​នោះ​ទេ៖ «ខ្ញុំ​មិន​ស្គាល់​ព្រែក​តា​មែង​អី​ទេ ប៉ុន្តែ​ព្រែក​តា​មែង មែន​ទែន​នៅ​ក្នុង​ផែនទី ១/៥០០០០ គឺ​វា​នៅ​ឆ្ងាយ​ក្នុង​ដី​វៀតណាម ប៉ុន្តែ​ខ្ញុំ​សារភាព​ថា ខ្ញុំ​មិន​ដែល​ស្គាល់​ព្រែក​វិញតេ ឬ​តា​មែង​អី​ទេ។ សូម​ឲ្យ​គាត់ (លោក អ៊ុំ សំអាន) សួរ​សំណួរ​គេ​ត្រូវ​យក​ផែនទី​ណា​ដែល​មាន​ឈ្មោះ​ត្រឹមត្រូវ​ផ្លូវ​ការ កុំ​ទៅ​យក​ពាក្យ​អ្នក​បុរាណ ឬ​ចាស់​ទុំ​គាត់​និយាយ ហើយ​យក​មក​ប្រើ​ក្នុង​ផ្លូវ​ការ វា​មិន​បាន​ទេ»

យ៉ាង​ណា​ក៏ដោយ លោក អ៊ុំ សំអាន ចាត់​ទុក​ការ​ឆ្លើយ​របស់ លោក វ៉ា គឹមហុង ថា​កំពុង​បំភ្លៃ​ប្រវត្តិសាស្ត្រ ហើយ​គាត់​នឹង​ក្លាយ​ជា​អ្នក​ទោស​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។ ការ​លេច​ឮ​ឡើង​វិញ​ពី​ការ​បាត់បង់​ទឹក​ដី​នេះ គឺ​បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន​នោះ​កាល​ពី​ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ។ កាល​នោះ លោក​បាន​ជួប​សម្ភាស​ជាមួយ​អ្នក​ស្រុក​នៅ​ទីនោះ​ជាច្រើន សុទ្ធតែ​អះអាង​ថា វៀតណាម ពិត​ជា​បាន​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ។
បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តំបន់​តន់​ហន់ នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​កោះ​ហៅ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ចូល​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​រង់ចាំ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ជា​មុន​សិន ដើម្បី​ជៀសវាង​ការ​ឆ្លើយ​បំភ្លឺ​មិន​ផ្តល់​ឱកាស​សាកសួរ​ដេញដោល​ចំណុច​សង្ស័យ​មួយ​ចំនួន ដូច​កាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំណាយ​រយៈពេល ៦​ម៉ោង​នៅ​ក្នុង​សភា​ជាតិ​កាល​ពី​ឆ្នាំ​២០១២៕

2 comments:

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders.

Anonymous said...

Yuon have expansionism in their blood.
Don't ask them to stop, make them stop.