ដោយ៖ អុឹង ប៊ុនថន | ថ្ងៃសុក្រ ទី15 ឧសភា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម បានកម្រើកឡើងវិញនៅរយៈពេលចុងក្រោយនេះ នៅពេលដែលវៀតណាមចូលមកបាញ់ថ្នាំពុល បំផ្លាញដំណាំរបស់កសិករខ្មែរ នៅព្រំដែនខេត្តត្បូងឃ្មុំ ។ លោក ហោ ណាំហុង អះអាងថា ដីដែលកសិករខ្មែរដាំដំណាំនោះ ជាដីវៀតណាម ។ ប៉ុន្តែពលរដ្ឋខ្មែរអាយុជិត៨០ឆ្នាំ អះអាងថា ដីនោះ កសិករខ្មែរបានបង្កបង្កើនផលតាំងពីដូនតាមក ទើបតែនៅឆ្នាំ២០០៥ ពេលដែលមានសន្ធិសញ្ញាបំពេញបន្ថែម ទើបវៀតណាមចូលមកហាមឃាត់ ។
នៅក្នុងបទសម្ភាសន៍ រវាង លោក អ៊ឹង ប៊ុនថន នៃវិទ្យុVOD ជាមួយប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលស្ថិតនៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ បញ្ជាក់ថា បញ្ហាព្រំដែនជាមួយវៀតណាម ដោយសារតែការប្រើផែនទីខុសខ្នាត ។
VOD៖ តើឯកឧត្តមយល់យ៉ាងម៉េចចំពោះបញ្ហាព្រំដែននេះ?
លោក ស៊ាន ប៉េងសែ៖ តាមដែលខ្ញុំមើលផែនទីដែលខ្ញុំមាន គឺខ្នាត១/១០០០០០ ដីដែលគេ [លោក ហោ ណាំហុង] ថា ក្នុងប្រទេសយួននោះ វាខុស នឹងផែនទីខ្ញុំ ។ ដូច្នេះខ្ញុំអត់បានទៅមើលផ្ទាល់ដីដែលនៅខេត្តកំពង់ចាមពីដើម ព្រោះគ្មានពេល តែខ្ញុំមើលតាមផែនទីនៅស្រុកបារាំង គឺច្បាស់ណាស់ ដីនោះនៅក្នុងស្រុកខ្មែរ មិនមែននៅស្រុកយួន ។
VOD៖ អញ្ចឹងតើរដ្ឋាភិបាលសំអាងលើអី បើតាមលោកប្រធានគិត ដែលថាដីកសិករខ្មែរនៅត្បូងឃ្មុំដែលវៀតមកបាញ់ថ្នាំពុល ថាជាដីវៀតណាមនោះ?
លោក ស៊ាន ប៉េងសែ៖ ខ្ញុំមិនដឹងដែរ ហេតុអ្វីបានជាដីជារបស់ខ្មែរពីដើម គឺតាមអ្នកស្រុក ជាម្ចាស់ដីនៅយូរណាស់មកហើយ ។ ដូច្នេះ ធំបំផុតគឺអ្នកដែលសក្ខីភាព នៅទីកន្លែងជាដីរបស់គាត់ ។ ខ្ញុំបានផ្ទៀងផែនទីដែលខ្ញុំមានជាផែនទីពីដើមមក មិនមែនផែនទីអាមេរិកកាំង ១/៥០០០០ ទេ គឺខ្នាត១/១០០០០០ គឺដីនោះវានៅក្នុងស្រុកខ្មែរ ព្រោះក្នុងរដ្ឋធម្មនុញ្ញបានបញ្ជាក់ថា សន្ធិសញ្ញាណាដែលមានផែនទីខ្នាត១/១០០០០០ ហ្នឹង ជាផែនទីដែលយើងត្រូវយកមកប្រើ ខ្នាតខុសពីនោះ អត់អាចប្រើបានទេ ។ ហេតុអី ព្រោះផែនទីអាមេរិកកាំងធ្វើក្នុងសម័យសង្គ្រាមហ្នឹង ជាផែនទីមួយខ្មែរអត់បានទទួលស្គាល់ទេ ។ ខ្ញុំបានជម្រាបបងប្អូនយើងតាំងពីដើមមកគឺថា [សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥] ដែលលោក ហ៊ុន សែន ធ្វើហ្នឹងខុសច្បាប់ហើយ ។
VOD៖ សន្ធិសញ្ញានេះ លោកចង់សំដៅទៅលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ឬសន្ធិសញ្ញាណា?
លោក ស៊ាន ប៉េងសែ៖ បាទ ផែនទីណាដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញយើង គឺខុសហើយ ។ ខ្ញុំនិយាយតែតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ ហើយនិងសញ្ញាក្រុងប៉ារីស ជាចុងក្រោយ គឺខ្ញុំយោងទៅលើផែនទីទាំងអស់នេះ ហើយផែនទីដែលលោក ហ៊ុន សែន ដាក់មកបន្លំហ្នឹង វាខុស ។
VOD៖ បើតាមពលរដ្ឋខេត្តត្បូងឃ្មុំ ពួកគេបានបង្កបង្កើនផលលើដីនោះតាំងពីដូនតា ទើបតែនៅឆ្នាំ២០០៥ អាជ្ញាធរវៀតណាមមកហាម ។ តើសន្ធិសញ្ញាឆ្នាំ២០០៥ មានឥទ្ធិពលទៅតំបន់នោះឬទេ?
លោក ស៊ាន ប៉េងសែ៖ វាអត់មានឥទ្ធិពលទេ អាហ្នឹងតាមរដ្ឋាភិបាលលោក ហ៊ុន សែន ។ គាត់ថា សន្ធិសញ្ញាបន្ថែមដែលគាត់ធ្វើនោះត្រឹមត្រូវតាមគាត់ ។ ចំណែកគណៈកម្មការព្រំដែនកម្ពុជាដែលខ្ញុំជាប្រធានគឺថាយល់ខុសគ្នា គឺសន្ធិសញ្ញាណាផ្ទុយនឹងសន្ធិសញ្ញា [ក្រុងប៉ារីស] ដែលឲ្យលុបចោល [សន្ធិសញ្ញាមុនៗ]គាត់មិនធ្វើ ជាការខុសច្បាប់ ជាផែនទីខុសច្បាប់ ។ ដូច្នេះ ខ្ញុំនៅតែនិយាយតាំងពីដើមថា សន្ធិសញ្ញាហ្នឹង[សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥] ត្រូវតែលុបចោល ។ ប៉ុន្តែគាត់បានលុបចោល ហើយធ្វើបន្ថែមទៀត ផ្ទុយនឹងសន្ធិសញ្ញាក្រុងប៉ារីស ខ្ញុំយល់ថា ផែនទីរបស់ខ្ញុំផ្សេង ផែនដែលលោក ហ៊ុន សែន យកមកទុជាបានការនោះផ្សេង ។
VOD៖ នៅក្នុងការបំភ្លឺចំពោះមុខរដ្ឋសភា កាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការដែលលោក ស៊ាន ប៉េងសែ កាន់ផែនទីរត់នោះ ដោយសារតែប្រើផែនទីខុសគ្នាហ្នឹងហើយ ។ សម្រាប់លោកយល់ថា ផែនទីដែលលោកកាន់ និងផែនទីរបស់រដ្ឋាភិបាលកម្ពុជា សំអាងលើអី ហើយមានការទទួលស្គាល់ជាអន្តរជាតិកម្រិតណា?
លោក ស៊ាន ប៉េងសែ៖ ផែនដែលខ្ញុំកាន់គឺផែនទីបារាំង ។ តាមសន្ធិសញ្ញាក្រុងប៉ារីស ក៏គេយកផែនទីហ្នឹងប្រើដែរ ។ ហើយនៅស្រុកបារាំងក៏មានផែនទីហ្នឹងដែរ យើងអាចទិញបានដែរ តាមខ្នាត១/១០០០០០ ។ ដូច្នេះ លោក ហ៊ុន សែន ថាខ្ញុំយករត់មកស្រុកបារាំង ខ្ញុំមិនមែនរត់ទេ គឺដោយសារតែកុំមុយនីស្តចូលទៅ ខ្ញុំក៏មកស្រុកបារាំងមុនហ្នឹង ។ ផែនទីហ្នឹងខ្ញុំមកជាប់ខ្លួនសម្រាប់ ជជែកជាមួយយួនជំនាន់នោះ ប៉ុន្តែដល់ធ្លាក់ទៅ អត់បានជជែក ។ ផែនទីហ្នឹងប្រើតាំងពីក្រុងហ្សឺណែវមក អត់មានផែនទីថ្មីទេ ។ ផែនទីនោះធ្វើមុនឆ្នាំ១៩៥៣ ក្រោយ៥៣អត់មានធ្វើទេ ។ ធ្វើមុនឆ្នាំ១៩៥៣ យួនក៏ទទួលស្គាល់ដែរក្នុងឆ្នាំ១៩៦៧ ខ្ញុំនិយាយតែយួនមួយទេ ។ ហើយបន្ទាប់មក មុនឆ្នាំ១៩៧៩អាមេរិកកាំងក៏ទទួលដែរ ។ ខ្ញុំយកផែនទីហ្នឹងតាមព្រះករុណា ដែលដាក់ក្នុងរដ្ឋធម្មនុញ្ញ គ្មានផែនទីអីថ្មីទេ ។ លោក ហ៊ុន សែន អត់និយាយថា មានផែនទីពីរទេ ។ ផែនទីដែលត្រឹមត្រូវគឺផែនទីបារាំងខ្នាត១/១០០០០០ ។ ចំណែកផែនទីអាមេរិកកាំង១/៥០០០០ ធ្វើឡើងក្នុងឆ្នាំ១៩៨៥ ដែលវៀតណាមគ្រប់គ្រងកម្ពុជា ។ គាត់លាក់មិនប្រាប់ថាមានផែនទីពីរដាក់បញ្ចូលគ្នាទេ គឺផែនទីបារាំងជាង៤០សន្លឹក និងផែនទីអាមេរិកកាំង២៦សន្លឹកដាក់បញ្ចូលគ្នា ។ ដូច្នេះសន្ធិសញ្ញាក្រុងប៉ារីសគេដឹងថា ធ្វើហ្នឹងវាមិនត្រឹមត្រូវ គេលុបចោល ។ ហើយលោក ហ៊ុន សែន ដឹងហើយថាសន្ធិសញ្ញាក្រុងប៉ារីសធ្វើឡើងសម្រាប់លុបចោលសន្ធិសញ្ញាទាំងអស់នោះ ព្រោះផ្ទុយរដ្ឋធម្មនុញ្ញតែរដ្ឋាភិបាលលាក់មិនឲ្យដឹងថា មានផែនទីអាមេរិកកាំងបញ្ចូលក្នុងនោះផង ។
VOD៖ បើតាមលោកប្រធាន រដ្ឋាភិបាលបោះបង្គោលព្រំដែនផ្អែកលើផែនទីអាមេរិកាំង តែផែនទីដែលគូសដោយបារាំងដែលមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ [រដ្ឋាភិបាលមិនបានប្រើទេ] ។ ដូច្នេះ ការបោះបង្គោលព្រំដែនបានប៉ុន្មានកន្លងមក មានការទទួលស្គាលពីអន្តរជាតិទេ?
លោក ស៊ាន ប៉េងសែ៖ គណៈកម្មការព្រំដែនកម្ពុជា យើងអត់ទទួលស្គាល់ទេ ព្រោះផ្ទុយសន្ធិសញ្ញាក្រុងប៉ារីស ។ បានជាគេឲ្យលុបចោលព្រោះគេដឹងថា ពេលលោក ហ៊ុន សែន ធ្វើការក្រោមបង្គាប់គេ គឺជាផែនទីខុសទាំងអស់ ។
VOD៖ ចំណែកព្រំដែននៅខេត្តដែលបានបោះបង្គោលរួចហើយ នៅចំណុចព្រៃតាមេង មានព្រែកជីកចាស់ និងថ្មី ។ តំណាងគណបក្សសង្គ្រោះជាតិអះអាងថា បង្គោលនោះបោះចូលដីខ្មែរជិតមួយគីឡូម៉ែត្រកន្លះ ។ តើលោកយល់ម៉េចដែរ?
លោក ស៊ាន ប៉េងសែ៖ អាហ្នឹងយូណាស់ហើយ ព្រែកវិញតេនោះគឺយួនបង្ខិតចូលមកដីខ្មែរជាងមួយគីឡូយូរណាស់ហើយ ។ ហ្នឹងត្រូវលោក ហ៊ុន សែន ការពារព្រែកវិញតេនោះ តាមផែនទីដែលយើងមាន ។ បឹងតេហ្នឹងជារបស់ខ្មែរតាំងពីមុនមក។ ស្រួលទេបើដោះស្រាយតាមការពិត ទៀងត្រង់ជាមួយគ្នា រវាងប្រទេសជិតគ្នា ព្រោះបើចេះតែងចង់បានដីគេមិនចេះចប់ រស់នៅជាមួយគ្នាមិនបានទេ ៕
សូមសរសេរមកលោគ អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
No comments:
Post a Comment