ដោយ៖ ណាត សុភាព និង សុវណ្ណ ប៉ុនថៃ | ថ្ងៃសៅរ៍ ទី31 មករា 2015,
ក្រុមជនជាតិដើមជាង ១០០នាក់នៅខេត្តរតនគិរី បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងមិនឲ្យក្រុមហ៊ុនវៀតណាមចុះឈូសឆាយដីព្រៃបំរុងទុករបស់ដូនតាពួកគេតែក្រុមហ៊ុនមិនព្រមធ្វើតាមនោះទេ ។
ក្រុមជនជាតិទាំងនោះរួមមាន ជនជាតិភ្នង ព្គួយ ឡាវ ជាដើម បានប្រមូលផ្តុំតវ៉ាប្រឆាំងក្រុមហ៊ុនវៀតណាមកាលពីថ្ងៃសុក្រម្សិលមិញ ។ តែការតវ៉ានោះមិនមានហិង្សាកើតឡើងនោះទេ ។
តំណាងក្រុមជនជាតិដើមភាគតិចរស់នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី លោក ប៊ី សាមី ប្រាប់ VOD នៅថ្ងៃសៅរិ៍នេះថា ប្រមាណជា២សប្តាហ៍ចុងក្រោយនេះក្រុមហ៊ុនវៀតណាមឈ្មោះ “ក្រុមហ៊ុនដូនពេញអាគ្រីកូ ឬហៅថា ហងអញយ៉ាល័យលំផាត់” បានឈូសឆាយចូលដីព្រៃបំរុងទុកពួកគេប្រមាណ ២០០ហិកតាហើយ ។ លោកថា ព្រៃនោះជាកន្លែងសម្រាប់ពួកគេរកសាច់ រកផ្លែឈើ និងខ្វៀលគោ ក្របីជាដើម ។ លោកស្នើសុំទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ជួយទប់ស្កាត់ក្រុមហ៊ុននោះជាបន្ទាន់និងផ្តល់ដីព្រៃទាំងនោះជូនពួកគេសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតដូចដើមវិញ ។
លោក អាវឹង ដែលជាអ្នកបកប្រែឲ្យប្រធានក្រុមហ៊ុនវៀតណាមលោក យី ហ៊ង ឲ្យដឹងថា ពួកគេធ្វើការឈូសឆាយដីព្រៃនោះមិនប៉ះពាល់ដល់ដីប្រជាពលរដ្ឋនោះទេ ព្រោះរដ្ឋាភិបាលបានផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុនរបស់លោកលើផ្ទៃដីប្រមាណជាង៨ពាន់ហិកតាដើម្បីដាំកូនប្រេងខ្យល់ និងពោត ។ លោកបញ្ជាក់ថា កន្លងទៅអាជ្ញាធរ និងប្រជាពលរដ្ឋទាំងនោះបានព្រមព្រៀងគ្នាដោយក្រុមហ៊ុនកាត់ដីប្រមាណជាង១ពាន់ហិកតាក្នុងចំណោម៨ពាន់ហិកតាជូនពលរដ្ឋនៅតំបន់នោះទៀតផង ។
ជនជាតិដើមភាគតិចទាំងនោះអះអាងថា ពួកគេរស់នៅស្រុកភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៦០ មកហើយដីព្រៃបំរុងទុកនោះមានទំហំប្រមាណ៥០០០ហិកតា ដោយមានប្រជាពលរដ្ឋជាង២០០គ្រួសារអាស្រ័យផលពីដីព្រៃនោះ ។ ចាប់ពីឆ្នាំ២០១០ មានក្រុមហ៊ុនវៀតណាម“ក្រុមហ៊ុនដូនពេញអាគ្រីកូ ឬហៅថា ហងអញយ៉ាល័យលំផាត់” បានឈូសឆាយចូលដីព្រៃបំរុងទុកពួកគេ ហើយត្រូវបានផ្អាកទៅវិញមួយរយៈដោយសារពលរដ្ឋចេញតវ៉ា ។ យ៉ាងណាក៏ដោយ ឆ្នាំ២០១៤ ក្រុមហ៊ុនវៀតណាមនៅតែបន្តឈូសឆាយលើដីនោះបន្តបន្ទាប់និង២សប្តាហ៍ចុងក្រោយនេះ បានឈូសឆាយចូលដីព្រៃបំរុងទុកនោះប្រមាណ២០០ហិកតា ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment