A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 May 2015

យូមែន​រ៉ៃត៍​វ៉ច្ឆ​ [HRW]ទទូច​ឲ្យ​កម្ពុជា​កុំ​ទទួល​យក​ជន​ភៀស​ខ្លួន​តាម​ការ​ស្នើសុំ​របស់​អូស្ត្រាលី


ដោយ យាង សុជាមេត្តា
2015-04-30 RFA
តវ៉ា ជន​ភៀស​ខ្លួន អូស្ត្រាលី ៦២០
ពលរដ្ឋ​លើក​បដា​តវ៉ា​ប្រឆាំង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​នៅ​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៤។
RFA/Khe Sonorng


អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ទី​៣០ មេសា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​បាន​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា កម្ពុជា នៅ​មាន​សមត្ថភាព​ទាប និង​មាន​កំណត់​ត្រា​មិន​ល្អ​ទាក់ទង​ការ​ផ្តល់​ក្តី​សុខ​ដល់​ជន​ភៀស​ខ្លួន។
ការ​ទទូច​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា មាន​ជន​ភៀស​ខ្លួន​យ៉ាង​ហោច​ណាស់​ក៏ ៤​នាក់​ដែរ បាន​ដាក់​ពាក្យ​ស្នើសុំ​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា។
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​៣០ ខែ​មេសា ពី​ទីក្រុង​ស៊ីដនី (Sydney) ប្រទេស​អូស្ត្រាលី យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ទាត់​ចោល​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ទាក់ទង​នឹង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ (Nauru) ហើយ​ងាក​មក​ផ្តល់​ការ​ការពារ​ឲ្យ​បាន​សមរម្យ​ដល់​ជន​ភៀស​ខ្លួន និង​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា រួច​ហើយ។
យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ដែរ​ថា បើ​ទោះ​ជា​ក្នុង​ពេល​បច្ចុប្បន្ន កម្ពុជា មាន​ជន​ភៀស​ខ្លួន​មួយ​ចំនួន​រស់នៅ​ក៏ដោយ ក៏ប៉ុន្តែ​ជន​ភៀស​ខ្លួន​ទាំង​នោះ​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក ដូចជា ភាព​ក្រីក្រ បញ្ហា​អសន្តិសុខ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេងៗ។ ដោយសារ​ប្រការ​នេះ ទើប យូមែន រ៉ៃត៍ វ៉ច្ឆ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ការពារ និង​ជួយ​ដល់​ជន​ភៀស​ខ្លួន​ដែល​មាន​ស្រាប់ ហើយ​កម្ពុជា គួរ​ធានា​ថា សិទ្ធិ​របស់​ជន​ភៀស​ខ្លួន​ទាំង​នោះ ត្រូវ​បាន​គោរព និង​ការពារ​ដោយ​ច្បាប់​អន្តរជាតិ។


ក្រៅ​ពី​លើក​ឡើង​ពី​កង្វះ​សមត្ថភាព និង​កំណត់​ត្រា​មិន​ល្អ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​ភៀស​ខ្លួន យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​កត់​សម្គាល់​អំពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ដែល​បាន​រត់​គេច​ខ្លួន​ចូល​កាន់​ទឹក​ដី​កម្ពុជា។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទាំង​នោះ​មាន​ដូចជា ការ​ចាប់​បញ្ជូន​ខ្លួន​ពួក​គេ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ជាដើម។
យូមែន រ៉ៃត៍ វ៉ច្ឆ កត់​សម្គាល់​បន្ថែម​ថា ចំពោះ​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ១៣​នាក់ ដែល​កម្ពុជា បាន​ផ្តល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ​នោះ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​រក​ប្រទេស​ទី​៣ ដើម្បី​ផ្តល់​ការ​តាំង​ទីលំនៅ​ដល់​ពួក​គេ​ដូច​គ្នា។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា ប្រការ​នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង ក៏​កំពុង​បារម្ភ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ទៅ​ក្នុង​សង្គម​កម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ យល់​ឃើញ​ថា បញ្ហា​នេះ​វា​ក៏​នឹង​កើត​ឡើង​ដូច​គ្នា​ចំពោះ​ជន​ភៀស​ខ្លួន ដែល​អូស្ត្រាលី គ្រោង​បញ្ជូន​ពី​កោះ​ណាវរូ ឲ្យ​មក​រស់នៅ​កម្ពុជា។
រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ចុះ​កិច្ច​ព្រមព្រៀង​ទាក់ទង​នឹង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នៅ​កោះ​ណាវរូ មក​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នោះ កម្ពុជា ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​តាម​ការ​ស្នើ​របស់​អូស្ត្រាលី ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ប្រមាណ ៣៥​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អូស្ត្រាលី។
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រហូត​មក​ទល់​ពេល​នេះ មាន​ជន​ភៀស​ខ្លួន​ចំនួន ៤​នាក់​ហើយ​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​មក​រស់នៅ​កម្ពុជា ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​រ៉ូហ៊ីនយ៉ា (Rohingya) មក​ពី​ប្រទេស​ភូមា (Myanmar) និង ៣​នាក់​ទៀត​ជា​ជនជាតិ​អ៊ីរ៉ង់ (Iran)។
ចំពោះ​ការ​លើក​ឡើង​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ស្នើសុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ មេសា។
ដោយ​ឡែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​បញ្ជាក់​នៅ​ក្រោយ​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់ ខម មីត លើក​ទី​១០ នៅ​សណ្ឋាគារ​សុខា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មេសា ថា រហូត​មក​ទល់​ពេល​នេះ ពិត​ជា​មាន​ជន​ភៀស​ខ្លួន​ចំនួន ៤​នាក់​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា ប្រាកដ​មែន។ យ៉ាង​ណា​ក៏ដោយ លោក ស ខេង អះអាង​ថា កម្ពុជា មិន​ទាន់​សម្រេច​ចិត្ត​យ៉ាង​ណា​នៅ​ឡើយ​ចំពោះ​ការ​ស្នើសុំ​របស់​ពួក​គេ ដោយ​ត្រូវ​រង់ចាំ​ពិនិត្យ​មើល​ទៅ​លើ​លក្ខខណ្ឌ​សមស្រប​ជា​មុន​សិន៖ «មក​ដល់​ពេល​នេះ​មិន​ទាន់​និយាយ​អី​បាន​ទេ ដោយសារ​យើង​មិន​ទាន់​បាន​សម្រេច។ យើង​ត្រូវ​តែ​ពិនិត្យ ធ្វើ​ម៉េច​ឲ្យ​បាន​ត្រឹមត្រូវ»
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ មក​កម្ពុជា ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​មនុស្សធម៌ និង​ស្ម័គ្រ​ចិត្ត ហើយ​ថា កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ។ យ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា កម្ពុជា ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី នោះ​ទេ ដោយ​ហេតុ​ថា កម្ពុជា នៅ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​រដ្ឋាភិបាល​កម្ពុជា ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: