A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 23 May 2015

សហភាព​អឺរ៉ុប​ចូល​រួម​ជា​មួយ​សហគមន៍​អន្តរជាតិ​រិះគន់​សេចក្តី​ព្រាង​ច្បាប់​អង្គការ



លោក Silvio Gonzato ប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ប្រចាំ​សហភាព​អ៊ឺរ៉ុប (កណ្តាល) និង​លោក Jean-Francois Cautain ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (ស្តាំ) និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥។ លោក Silvio ធ្វើ​របាយការណ៍​សរុប​នៃ​បេសកកម្ម​រយៈពេល​៤ថ្ងៃ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃអង្គារ​ ទី១៩ ខែឧសភា។ (រូបថត៖ នៅ វណ្ណារិន/VOA Khmer)

voa
22 ឧសភា 2015

ភ្នំពេញ—
មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​ពុំ​គួរ​យក​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល​ឡើយ​ ហើយ​គួរ​តែ​បើក​ចំហ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ផង​ដែរ។​

នៅ​ថ្ងៃ​សុក្រ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​បេសកកម្ម​របស់​លោក​រយៈ​ពេល​៤ថ្ងៃ​នៅ​កម្ពុជា​ លោក​សូវីអូ ហ្គុនស៊ាតូ (Silvio Gonzato) ​នាយក​ផ្នែកប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ប្រចាំ​សហ​ភាព​អឺរ៉ុប​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ មិន​គួរ​ជា​ការ​រឹតត្បិត​លើ​ដំណើរ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។​

ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​តាម​រយៈ​អ្នក​បកប្រែ​ពិសេស ​មន្ត្រី​របស់​សហភាព​អឺរ៉ុប​នេះ​ក៏​បាន​ឲ្យ​យោបល់​ថា​ ​កម្ពុជា​ដែល​មាន​អង្គកា​រសង្គម​ស៊ីវិល​ជា​ច្រើន​ ដែល​បង្ក​ឲ្យ​មាន​«​ចលនា​សង្គម​ស៊ីវិល​នេះគួរ​ត្រូវ​បាន​គេ​គិត​ថា​ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដែល​កម្ពុជា​មាន​ មិន​គួរ​គិត​ថា​ ជា​ការ​គំរាម​កំហែង​ដល់​កម្ពុជា​នោះ​ទេ»។

«ប៉ុន្តែ​ច្បាប់​នេះ​ សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​គួរ​ដាក់​កំហិត​តឹងរ៉ឹង​ពេក​ ជា​ពិសេស​ដាក់​កំហិត​រដ្ឋបាល​តឹងរ៉ឹង​ពេក​ទៅ​លើ​ NGO​ ហើយ​ក៏​មិនត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​មិន​ឲ្យ​អង្គការ​ណា​មួយ​ចុះ​ឈ្មោះ​នោះ​ទេ ​គួរ​តែ​មាន​ការ​បន្ធូរ​បន្ថយ​បន្តិច»។​



មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អ៊ឺរ៉ុប​បាន​ផ្តល់​សន្និសិទ​កាសែត​មួយ​ស្តី​អំពី​ប្រតិកម្ម​របស់​ខ្លួន​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ នៅ វណ្ណារិន/ VOA Khmer)
មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អ៊ឺរ៉ុប​បាន​ផ្តល់​សន្និសិទ​កាសែត​មួយ​ស្តី​អំពី​ប្រតិកម្ម​របស់​ខ្លួន​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ នៅ វណ្ណារិន/ VOA Khmer)
លោក​ សូវីអូ ហ្គុនស៊ាតូ​ (Silvio Gonzato)​ ក៏​បាន​បន្ត​ថា៖​ «ដំបូន្មាន​ដែល​បេសកកម្ម​មាន​នៅ​ពេល​នេះ​សម្រាប់រដ្ឋាភិបាល​កម្ពុជា​ក្តី​ ក៏​ដូច​ជា​រដ្ឋ​សភាជាតិ​ក្តី​ ព្រោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ផ្ញើ​ទៅ​កាន់​រដ្ឋ​សភា​ជាតិ​គឺ​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​គួរ​តែ​មាន​ការ​បើក​ចំហ​ និង​ដាក់​ឲ្យ​មាន​ការ​ប្រឹក្សា»។​

រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ព្រាងច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក ​ដោយ​មាន​ការ​ចូលរួម​ពិភាក្សា​តិចតូច​បំផុត​ពី​ដៃ​គូ​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​ធ្លាប់​បាន​ជំរុញ​ឱ្យ​អនុម័ត​ច្បាប់​នេះ ​ឲ្យ​បាន​មុន​ដំណាច់​ខែ​ឧសភា​នេះ ​ជា​កំហិត។​ ​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​ពុំទាន់​បាន​បញ្ចេញ​សំណៅ​ដើម​ចុង​ក្រោយ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ជា​សាធារណៈ​ ឬ​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ណា​មួយ​ថែម​ទៀត​នោះ​ទេ​ ដែល​ជាហេតុ​នាំ​ឲ្យ​មាន​ការរិះគន់​ជា​ច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល​នានា។​

លោក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ប្រចាំ​ក្រសួង​មហាផ្ទៃ​ ដែល​កំពុង​ធ្វើ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​ផ្ទាល់​ បាន​លើក​ឡើង​ថា​ ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ គឺ​មិនមែន​ជា​ការ​រឹត​ត្បិត​លើ​អង្គការសង្គម​ស៊ីវិល​នៅ​កម្ពុជា​នោះ​ទេ។​ ហើយ​ដំណើរ​ការ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ក៏​មិន​មែន​ជា​អាថ៌កំបាំង​អ្វី​នោះ​ដែរ​ ដោយ​សារ​រដ្ឋាភិបាល​បាន​បញ្ចេញ​ច្បាប់​នេះ​ជា​សាធារណៈ​ និង​ដាក់​ឲ្យ​មាន​ការ​ពិភា​ក្សា​ពីរ​លើក​រួច​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។​

«មិន​អី​ទេ​ ច្បាប់​ហ្នឹង​មិន​មាន​គោល​ដៅ​អី​ទៅ​បិទ​សិទ្ធិ​របស់​ NGO ​ទេ​ព្រោះ​យើង​ដឹង​ច្បាស់​ណាស់​ហើយ​ថា ​NGO ​គឺជា​ដៃ​គូ​អភិវឌ្ឍន៍​របស់​ជាតិ​យើង។​ ឧទាហណ៍​ថា​ បើ​គេ​មិន​ជួយ​មក​តាម​រដ្ឋាភិបាល​គឺ​គេ​ជួយ​តាម​រយៈ​ NGO​ ដូច្នេះ​ប្រាក់​ NGO​ ដែល​ទទួល​ពី​បរទេស​មក​គឺ​ជា​លុយ​របស់​ជាតិ​យើង។​ យើង​រីករាយ​ NGO​ បាន​កាន់​តែ​ច្រើន​ ​បាន​ជំនួយ​កាន់​តែ​ច្រើន​ ស្រុក​ទេស​យើង​កាន់​តែ​រីក​ចម្រើន។​ ​ យើង​អត់​មាន​ល្ងង់​ខ្លៅ​ឲ្យ​ NGO​ បាត់​លុយ​បាត់​កាក់​អី​ទេ! ​អា​ហ្នឹង​យើង​ល្ងង់​ហើយ!»

លោក​ ខៀវ សុភ័គ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្រសួង​មហា​ផ្ទៃ​នឹង​អាច​បញ្ចប់សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយ​ក្រុម​ការងារ​របស់​ក្រសួង​នឹង​ប្រជុំ​ជា​ចុង​ក្រោយ​ដើម្បី​បញ្ចប់​ច្បាប់​នា​សប្តាហ៍​ខាង​មុខ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​សប្តាហ៍​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ព្រមាន​ជា​បន្តបន្ទាប់​ដល់​អ្នក​ដែល​រិះគន់​លើ​ដំណើរការ​ធ្វើសេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ រួមមាន​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ធំៗ​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ជាដើម៕

No comments: