A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 May 2015

កម្ពុជា​ប្ដេជ្ញា​ទប់ស្កាត់​មិន​ឲ្យ​មាន​អ្នក​កើត​ជំងឺ​អេដស៍​ថ្មី​ទៀត​នៅ​ត្រឹម​ឆ្នាំ​២០២០



អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក​វេជ្ជបណ្ឌិត ទា ផល្លា (កណ្ដាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ដោយ ហង្ស សាវយុត
2015-05-01 RFA


រដ្ឋាភិបាល​កម្ពុជា កំពុង​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ៣​លាន ៧​សែន​ដុល្លារ សម្រាប់​រយៈពេល ៣​ឆ្នាំ​ទៅ​មុខ ក្នុង​ការ​ទិញ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ ជួយ​សង្គ្រោះ​អ្នក​កើត​ជំងឺ​អេដស៍​នៅ​ទូទាំង​ប្រទេស​នេះ​ចំនួន​ប្រមាណ ៧​ម៉ឺន​នាក់។
ការ​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​នេះ គឺ​បន្ទាប់​ពី​មូលនិធិ​សកល (Global Fund) ដែល​ធ្លាប់​តែ​ផ្ដល់​ជំនួយ​ទឹក​ប្រាក់​ប្រមាណ ៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​គម្រោង​ប្រឆាំង​មេរោគ​អេដស៍​នោះ បាន​កាត់​បន្ថយ​ជំនួយ​ប្រមាណ​ជា ៤០% មក។
មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​ប្រទេស​កម្ពុជា ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​ហើយ​ថា នឹង​ប្រឹងប្រែង​ទប់ស្កាត់​បញ្ចប់​ការ​ចម្លង​មេរោគ​អេដស៍​មិន​ឲ្យ​មាន​អ្នក​ជំងឺ​ថ្មី​នៅ​ត្រឹម​ឆ្នាំ​២០២០ ខាង​មុខ។ ការ​ប្ដេជ្ញា​ចិត្ត​នេះ គឺ​ជា​ផែនការ​មួយ​ដើម្បី​ឆ្ពោះ​ទៅ​រក​ប្រទេស​កម្ពុជា គ្មាន​អ្នក​ជំងឺ​អេដស៍​ឲ្យ​បាន​មុន​ផែនការ​កំណត់​របស់​ពិភពលោក​នៅ​ឆ្នាំ​២០៣០។
អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ គឺ​លោក​វេជ្ជបណ្ឌិត ទា ផល្លា។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត បន្ទាប់​ពី​ចូលរួម​បើក​កិច្ច​ប្រជុំ​សម្រប​សម្រួល​ប្រចាំ​ឆមាស​ឆ្នាំ​២០១៥ សម្រាប់​មណ្ឌល​មិត្ត​ជួយ​មិត្ត (MMM) នៅ​ឯ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ថា រដ្ឋាភិបាល និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ កំពុង​យក​ចិត្ត​ទុក​ដាក់​លុប​បំបាត់​ការ​ចម្លង អេច្ឆ.អាយ.វី (HIV) ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ជំងឺ​អេដស៍​ថ្មី​នៅ​ត្រឹម​ឆ្នាំ​២០២០ ខាង​មុខ។ លោក​វេជ្ជបណ្ឌិត ទា ផល្លា បញ្ជាក់​ទៀត​ថា ក្នុង​ផែនការ​លុប​បំបាត់​មិន​ឲ្យ​មាន​អ្នក​ជំងឺ​អេដស៍​ថ្មី​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ក៏​កំពុង​ប្រឹងប្រែង​លើ​វិធានការ​មួយ​ចំនួន​ទៀត ដើម្បី​សង្គ្រោះ​អ្នក​កើត​ជំងឺ​អេដស៍​មិន​ឲ្យ​ស្លាប់​ទៀត​ទេ។ លោក​វេជ្ជបណ្ឌិត ទា ផល្លា អះអាង​ថា ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ ដោយសារ​ការ​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​អត្រា​ប្រេវ៉ាឡង់​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ចំនួន​ថយ​ចុះ​យ៉ាង​ទាប៖ «លើក​មុន​ការ​ចម្លង​ក្នុង​មួយ​ថ្ងៃ​នោះ គឺ​អាច​ដល់ ១០០​ករណី។ ឥឡូវ​នេះ គឺ​យើង​ឆ្លង​ប្រហែល​ជា ២​នាក់​ទេ​ក្នុង​មួយ​ថ្ងៃ។ អ៊ីចឹង គឺ​យើង​បាន​កាត់​បន្ថយ ប៉ុន្តែ​យើង​ចង់​ឲ្យ​ការ​ចម្លង​ហ្នឹង​នៅ​ទាប​ជាង ៣០០​ករណី​ក្នុង​មួយ​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​២០២០»
អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​ប្រមាណ ៧​ម៉ឺន​នាក់ ក្នុង​ចំណោម​នោះ គឺ​អ្នក​ដែល​មក​ទទួល​ថ្នាំ​ពន្យារ​ចំនួន​ប្រហែល ៥​ម៉ឺន​នាក់។ តាម​ការ​និទស្សន៍​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ផ្ទុក​មេរោគ​អេដស៍ ៧​ម៉ឺន​នាក់​នោះ អាច​មាន​អ្នក​ស្លាប់​ប្រហែល ២.០០០​នាក់​ក្នុង​មួយ​ឆ្នាំៗ។


ដៃគូ​សហការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ បាន​លើក​សរសើរ​ថា ក្នុង​រយៈពេល ៣-៤​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​ចំពោះ​បញ្ហា​អ្នក​កើត​ជំងឺ​អេដស៍​យ៉ាង​ច្រើន។
អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិ​នៃ​បណ្ដាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុង​ប្រទេស​កម្ពុជា លោក ស៊ន សុធារិទ្ធ មាន​ប្រសាសន៍​ថា បន្ថែម​ពី​លើ​ចំនួន​អ្នក​ជំងឺ​អេដស៍​ប្រមាណ ៧​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​នោះ កាល​ពី​ពេល​ថ្មីៗ​ចំនួន​អ្នក​ផ្ទុក អេច្ឆ.អាយ.វី (HIV) នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង បាន​ផ្ទុះ​ឡើង​ជាច្រើន​រយ​នាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍។ លោក ស៊ន សុធារិទ្ធ បញ្ជាក់​ទៀត​ថា ករណី​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ខេត្ត​បាត់ដំបង នោះ គឺ​លោក​ឃើញ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ទាន់​ពេលវេលា ដូចជា​ចាប់​ផ្ដើម​សង់​អគារ​មួយ​សម្រាប់​ចែក​ចាយ​ឱសថ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំ​នោះ​ផ្ទាល់ ដែល​ស្រុក​ខ្មែរ​មិន​ទាន់​មាន​កម្មវិធី​ណា​ដូច​នៅ​ឃុំ​នោះ​នៅ​ឡើយ។
លោក ស៊ន សុធារិទ្ធ បញ្ជាក់​ថា រដ្ឋាភិបាល​មិន​មែន​ជួយ​អន្តរាគមន៍​តែ​ផ្នែក​សុខាភិបាល ដើម្បី​កាត់​បន្ថយ​ការ​ឈឺ និង​ស្លាប់​ប៉ុណ្ណោះ​ទេ គឺ​រដ្ឋាភិបាល​កំពុង​តែ​មាន​ផែនការ​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​ទៀត៖ «គឺ​យើង​អន្តរាគមន៍​ផ្នែក​មិន​មែន​សុខាភិបាល តាំង​ពី​សេវា​សង្គម​ផ្សេងៗ គាត់​ត្រូវ​មាន​មុខ​របរ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត កុំ​ឲ្យ​គាត់​បាក់​ទឹក​ចិត្ត។ ជា​កសិករ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ធ្វើ​ការងារ​បាន​វិញ»
ក្រុម​អ្នក​ជំងឺ​អេដស៍​មួយ​ចំនួន​ឲ្យ​ដឹង​ថា កាល​ពី​ដំបូង​នៅ​ពេល​ដែល​គេ​ដឹង​ថា ខ្លួន​ឯង​មាន​ផ្ទុក អេច្ឆ.អាយ.វី គឺ​មាន​ការ​តក់ស្លុត និង​អស់​សង្ឃឹម ក៏ប៉ុន្តែ​ក្រោយ​ពី​មាន​កម្មវិធី​បណ្ដាញ​ចុះ​អប់រំ និង​លើក​ទឹក​ចិត្ត គឺ​ពួក​គេ​មាន​ស្មារតី​ឡើង​វិញ និង​មាន​សង្ឃឹម​ជា​ថ្មី។
អ្នក​ជំងឺ​អេដស៍​ម្នាក់​ដែល​ស្កាត់​មក​ពី​ខេត្ត​បាត់ដំបង ដើម្បី​ចូលរួម​ប្រជុំ​សម្រប​សម្រួល​ប្រចាំ​ឆមាស​ឆ្នាំ​២០១៥ សម្រាប់​មណ្ឌល​មិត្ត​ជួយ​មិត្ត (MMM) នៅ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា គាត់​ផ្ទុក​មេរោគ​អេដស៍​ជាច្រើន​ឆ្នាំ​មក​ហើយ គឺ​គាត់​មិន​មាន​អារម្មណ៍​តក់ស្លុត​ទេ។ ប៉ុន្តែ​អ្វី​ដែល​រូប​គាត់ និង​អ្នក​ជំងឺ​អេដស៍​ជាច្រើន​ទៀត​ចង់​បាន គឺ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្សេងៗ ជួយ​លើក​ទឹក​ចិត្ត គឺ​ភាព​មិន​រើសអើង និង​ការ​ផ្ដល់​ការងារ ដើម្បី​ឲ្យ​មាន​លទ្ធភាព​រក​កម្រៃ​ប្រចាំ​ថ្ងៃ ពីព្រោះ​អ្នក​ផ្ទុក​មេរោគ អេច្ឆ.អាយ.វី មួយ​ចំនួន​ជា​អ្នក​ក្រីក្រ ហើយ​បើ​កាល​ណា​គាត់​គ្មាន​ការងារ​ធ្វើ គឺ​គាត់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក៖ «បើ​គាត់​ចំណាក​ស្រុក ការ​ទៅ​យក​ថ្នាំ​លេប​ពន្យារ​ជីវិត គឺ​ត្រូវ​បោះបង់​ខកខាន។ អ៊ីចឹង​ចង់​ឲ្យ​អង្គការ ឬ​ក៏​ស្ថាប័ន​សហគ្រាស​ណា​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​យើង»
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ មូលនិធិ​សកល (Global Fund) ធ្លាប់​បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ ៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក មក​ឲ្យ​កម្ពុជា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្នុង​មួយ​ឆ្នាំៗ។ ក៏ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ មូលនិធិ​សកល បាន​កាត់​បន្ថយ​ជំនួយ​នេះ​ប្រហែល ៤០% ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក ទៅ​លើ​ការ​ទិញ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ក្នុង​រយៈពេល ៣​ឆ្នាំ​ទៅ​មុខ។
ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​ថា អ្នកស្រី​គាំទ្រ​ចំពោះ​ការ​បង្កើន​ថវិកា​ជាតិ ចំណាយ​ដើម្បី​ទិញ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​នោះ ក៏ប៉ុន្តែ​អ្នកស្រី​ចង់​ឲ្យ​ការ​ប្រើប្រាស់​ថវិកា​នោះ​មាន​តម្លាភាព​ពិត​ប្រាកដ៖ «យើង​ព្រួយ​បារម្ភ​ថា តើ​ថវិកា​ហ្នឹង​ប្រើប្រាស់​មាន​តម្លាភាព​ឬ​ទេ? ហើយ​ការ​បែង​ចែក​ហ្នឹង​ជួយ​លើក​ទឹក​ចិត្ត​ផ្ដល់​ថ្នាំ​គ្រប់គ្រាន់​ដល់​អ្នក​ជំងឺ​អេដស៍​ដោយ​មិន​រើសអើង​ឬ​ក៏​អត់?»
គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​ការ​ពិនិត្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផ្ដល់​ថ្នាំ និង​អាហារូបត្ថម្ភ​ដល់​អ្នក​ជំងឺ​អេដស៍​ឲ្យ​បាន​ដល់​ដៃ​ពិត​ប្រាកដ ទើប​ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​យ៉ាង​ជោគជ័យ៕

No comments: