A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 9 May 2015

គណបក្ស​ទាំង​ពីរ​ដាក់​ចេញ​គោលការណ៍​៧​ចំណុច​រួម​គ្នា​ដើម្បី​រក្សា​វប្បធម៌​សន្ទនា



ដោយ យាង សុជាមេត្តា
2015-05-08      

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី កាល​ពី​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៥។

RFA/Hang Savyouth

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៨ ឧសភា ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​បង្ហាញ​នូវ​គោលការណ៍ ៧​ចំណុច ដែល​គណបក្ស​ទាំង​ពីរ ចាំបាច់​ត្រូវ​គោរព​តាម ដើម្បី​រក្សា និង​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យ​មាន​ប្រសិទ្ធភាព។

សេចក្តី​ថ្លែងការណ៍ ក៏​តម្រូវ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​នីមួយៗ អប់រំ ណែនាំ​ជា​ប្រចាំ​ដល់​មន្ត្រី សមាជិក សមាជិកា និង​អ្នក​គាំទ្រ​គណបក្ស​រៀងៗ​ខ្លួន ចាប់​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ឲ្យ​អនុវត្ត​នូវ​គោលការណ៍​ទាំងអស់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពី​ពេល​នេះ​ត​ទៅ។

នេះ គឺ​ជា​លើក​ទី​១​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​ដាក់​ចេញ​នូវ​គោលការណ៍​រួម​គ្នា សម្រាប់​អនុវត្ត​វប្បធម៌​សន្ទនា​ចាប់​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ មក។

សេចក្តី​ថ្លែងការណ៍​រួម​ដែល​មាន​ចុះ​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​នូវ​គោលការណ៍​ចំនួន ៧​ចំណុច ដែល​បក្ស​ទាំង​ពីរ​ចាំបាច់​ត្រូវ​គោរព​តាម។



គោលការណ៍​ទាំង​នោះ​រួម​មាន ស្មោះ​ត្រង់​ជាមួយ​គ្នា គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ចៀសវាង​ឲ្យ​ខាង​តែ​បាន​នូវ​ការ​ញុះញង់ ការ​លាប​ពណ៌​គ្នា ការ​ប្រើ​ពាក្យ​អសុរោះ និង​ការ​ជេរ​ប្រមាថ​គ្នា ដូចជា​ការ​ប្រើ​ពាក្យ "អា​ក្បាល​យួន​ខ្លួន​ខ្មែរ ពួក​កុម្មុយនីស្ត​ផ្ដាច់​ការ អាយ៉ង​យួន អា​ក្បត់​ជាតិ អា​លក់​ជាតិ អា​មេ​ចោរ ឬ​អា​កូន​ចោរ ជាដើម"។

លើស​ពី​នេះ បក្ស​ទាំង​ពីរ​ត្រូវ​ចៀសវាង​ការ​គំរាម​កំហែង និង​ការ​បំភិតបំភ័យ​តាម​គ្រប់​រូបភាព ដូចជា​ការ​ប្រើ​ពាក្យ​ចាប់​ដាក់​គុក ឬ​សង្គ្រាម​នឹង​កើត​ឡើង។ល។ ត្រូវ​លុប​បំបាត់​ចោល​នូវ​ផ្នត់​គំនិត​នៃ​ការ​គុំកួន​សង​សឹក​គ្នា ឬ​ត្រូវ​បញ្ចប់​នូវ​នយោបាយ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី លុប​បំបាត់​ចោល​នូវ​នយោបាយ​ប្រកាន់​ពូជ​សាសន៍ និង​នយោបាយ​ជ្រុល​និយម ជាដើម។

គណបក្ស​ទាំង​ពីរ​អះអាង​ថា ការ​ដាក់​ចេញ​នូវ​គោលការណ៍​រួម​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ឲ្យ​កាន់​តែ​ប្រសើរ​ឡើង នោះ​មាន​ន័យ​ថា គណបក្ស​ទាំង​ពីរ​នៅ​តែ​រក្សា​ការ​ប្រើប្រាស់​យន្តការ​ប្រជាធិបតេយ្យ​ទៅ​តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ដោយ​មាន​ទាំង​ការ​រិះគន់​តាម​របៀប​ថ្លៃថ្នូរ​ចំពោះ​ភាព​អសកម្ម និង​ភាព​អវិជ្ជមាន ក្នុង​ន័យ និង​ក្នុង​បំណង​ស្ថាបនា​ធ្វើ​ជា​កញ្ចក់ ដើម្បី​កែលំអ​ស្ថាប័ន​រដ្ឋ និង​នយោបាយ​របស់​រដ្ឋាភិបាល សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ការ​ដាក់​ចេញ​នូវ​គោលការណ៍​រួម​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​ការ​មិន​ទុក​ចិត្ត​ចំពោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល លោក ហ៊ុន សែន អះអាង​ថា នៅ​តែ​បន្ត​ថ្លែង​វាយ​ប្រហារ​ជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពេល​ខ្លះ​បាន​ធ្វើ​ឲ្យ លោក ហ៊ុន សែន ខឹង​សម្បា​យ៉ាង​ខ្លាំង។

លោក ហ៊ុន សែន កាល​ពី​ចុង​ខែ​មេសា ថែម​ទាំង​ព្រមាន​ថា​នឹង​លុប​ចោល​វប្បធម៌​សន្ទនា​ជាមួយ លោក សម រង្ស៊ី ទៀត​ផង ប្រសិន​បើ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​រូប​នេះ មិន​ព្រម​អប់រំ​ផ្ទៃ​ក្នុង​បក្ស​ឲ្យ​ត្រឹមត្រូវ។ លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ស្នើ​ឲ្យ លោក សម រង្ស៊ី បកស្រាយ​អំពី​ខ្លឹមសារ​ដែល​បាន​ថ្លែង​ក្នុង​វីដេអូ​ឃ្លីប (Video Clip) មួយ ដែល​ក្នុង​នោះ លោក សម រង្ស៊ី បាន​ចាត់​ទុក លោក ហ៊ុន សែន ថា​ជា​ចោរ។ តែ​ក្រោយ​មក លោក សម រង្ស៊ី បាន​ប្រាប់ លោក ហ៊ុន សែន ថា វា​ជា​វីដេអូ​ចាស់ មិន​មែន​ជា​វីដេអូ​ដែល​លោក​បាន​ថ្លែង​ក្នុង​ពេល​ថ្មីៗ​នោះ​ទេ។

គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ក៏​បាន​ចេញ​លិខិត​ណែនាំ​មន្ត្រី​របស់​ខ្លួន​គ្រប់​ខេត្ត-រាជធានី ឲ្យ​តាម​ដាន​ស្តាប់ និង​កត់ត្រា​នូវ​ការ​ជេរ​ប្រមាថ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ រួច​រាយការណ៍​ទៅ​ឲ្យ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​របស់​បក្ស។ ការ​ណែនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដល់​មន្ត្រី​ថ្នាក់​ខេត្ត-រាជធានី​របស់​ខ្លួន​នេះ ធ្វើ​ឡើង​បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ជំហរ​ជា​ថ្មី បន្ត​ការ​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​បក្ស​កាន់​អំណាច​ក៏ដោយ។

កន្លង​មក អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា វប្បធម៌​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ នឹង​មិន​មាន​ភាព​ស្ថិតស្ថេរ​ឡើយ ដោយ​ហេតុ​ថា វា​ជា​វប្បធម៌​សន្ទនា​ដែល​មិន​មាន​ភាព​ស្មោះ​ត្រង់។

មួយ​វិញ​ទៀត ពួក​គេ​យល់​ថា ប្រសិន​បើ​វប្បធម៌​សន្ទនា​នេះ​បង្កើត​ឡើង​គ្រាន់​តែ​ជា​ការ​បំបិទ​ការ​រិះគន់​ដើម្បី​ស្ថាបនា​នោះ នោះ​វា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​បាន​ឡើយ គឺ​វា​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច ដើម្បី​ផ្ដួល​រំលំ​ភាគី​ម្ខាង​ទៀត​ប៉ុណ្ណោះ៕

No comments: