ដោយ សូត សុខប្រាថ្នា
2015-05-11
សកម្មជនការពារព្រៃឡង់ ខេត្តកំពង់ធំ ចោទអាជ្ញាធរមានសមត្ថកិច្ចស្រុកសណ្ដាន់ ថាប្រើប្រាស់លិខិតរដ្ឋបាលសម្រាប់កាប់ឈើសាងសង់អធិការដ្ឋាននគរបាលស្រុក គឺគ្រាន់តែជាលេសដើម្បីរបររកស៊ីកាប់ឈើរបស់ខ្លួនតែប៉ុណ្ណោះ ពីព្រោះសកម្មភាពដឹកឈើចេញពីព្រៃជាច្រើនខែមកហើយ ប៉ុន្តែគ្មានឃើញឈើនៅអធិការដ្ឋាននគរបាលស្រុកឡើយ។ យ៉ាងណាក៏ដោយ អាជ្ញាធរស្រុកបញ្ជាក់ថា សកម្មភាពកាប់ឈើតាមលិខិតស្នើសុំ គឺអាជ្ញាធរបញ្ជាឲ្យផ្អាកជាយូរណាស់មកហើយ។
ក្រោយពេលប្រជាសហគមន៍ការពារព្រៃឡង់ នៅខេត្តកំពង់ធំ នាំគ្នាទៅពិនិត្យដល់ទីតាំងអធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ប៉ុន្តែមិនឃើញមានឈើដែលដឹកចេញពីព្រៃឡង់ ដូចក្នុងលិខិតរបស់អាជ្ញាធរនោះ ពួកគាត់យល់ថា លិខិតស្នើសុំ គឺគ្រាន់តែហេតុផលមួយដើម្បីអាចឱ្យអធិការស្រុករកស៊ីឈើផ្ទាល់ខ្លួនទៅវិញ។
សកម្មជនការពារព្រៃឡង់ រស់នៅឃុំដងកាំបិត លោក ជុំ យីន មានប្រសាសន៍ថា លិខិតអនុញ្ញាតសុំកាប់ឈើចំនួន ១៥ម៉ែត្រគូប ពីសំណាក់អធិការស្រុកសណ្ដាន់ ដោយមានហត្ថលេខាយល់ព្រមពីសំណាក់អភិបាលស្រុកសណ្ដាន់ គឺលោក អ៊ុន បុត្ត ផង ចេញកាលពីដើមខែមករា ដើម្បីកាប់ឈើក្នុងតំបន់ព្រៃឡង់ មកធ្វើការិយាល័យគឺផ្ទុយស្រឡះ។ លោកអះអាងថា រហូតមកដល់ខែឧសភា គឺគេមិនឃើញមានឈើនៅក្នុងអធិការដ្ឋាននគរបាលស្រុកឡើយ។
លោកបន្តថា ពេលបណ្ដាញព្រៃឡង់ ចាប់បានគោយន្តដឹកឈើរបស់កូនលោក អួង ម៉ូលី ដែលជាអធិការស្រុកសណ្ដាន់ កាលពីខែមេសា គេបានបង្ហាញលិខិតអនុញ្ញាត ប៉ុន្តែធាតុពិតគឺអាចជារបររកស៊ីរបស់អធិការស្រុករូបនោះច្រើនជាង ពីព្រោះកន្លងមកគេឃើញតែសកម្មភាពដឹកឈើចេញពីព្រៃឡង់ ហើយយកទៅលក់បន្តនៅតំបន់ក្បែរក្រុមហ៊ុន ស៊ី.អរ.ស៊ី.ខេ (CRCK)៖ «តាមខ្ញុំយល់ គឺគ្រាន់តែលេសមួយដើម្បីឱ្យអភិបាលស្រុកគាត់វ៉ៃត្រា ហើយគាត់យកលេសដើម្បីអារឈើនៅតំបន់ព្រៃឡង់ ដើម្បីជាលក្ខណៈរកស៊ីដើម្បីផលប្រយោជន៍របស់ក្រុមគ្រួសារគាត់តែប៉ុណ្ណឹង»។
លិខិតមួយច្បាប់របស់អធិការស្រុកសណ្ដាន់ លោក អ៊ួង ម៉ូលី ផ្ញើទៅអភិបាលស្រុកសណ្ដាន់ កាលពីថ្ងៃទី៩ ខែមករា ស្នើសុំអារ និងដឹកឈើនៅក្នុងឃុំដងកាំបិត ចំនួន ១៥ម៉ែត្រគូប ដើម្បីយកមកធ្វើការិយាល័យ និងបន្ទប់ឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្ន។ សំណើនោះ អភិបាលស្រុកសណ្ដាន់ គឺលោក អ៊ុន បុត្ត បានយល់ព្រមនៅថ្ងៃដដែល។
ទោះបីយ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការស្រុកសណ្ដាន់ លោក អ៊ួង ម៉ូលី ដើម្បីឆ្លើយតបការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១០ ខែឧសភា។ ក៏ប៉ុន្តែកាលពីថ្ងៃទី៧ មេសា លោក អ៊ួង ម៉ូលី ធ្លាប់បានអះអាងថា លោកមិនបានរកស៊ីឈើនោះទេ រួមទាំងកូនចៅលោកផង។ លោកបញ្ជាក់ថា លិខិតសុំអនុញ្ញាតកាប់ឈើមកធ្វើការិយាល័យក្នុងអធិការដ្ឋានស្រុកគឺពិតជាមានមែន ប៉ុន្តែសកម្មភាពនោះបានបញ្ឈប់ជាយូរណាស់មកហើយ។
បន្ថែមលើនេះ អភិបាលស្រុកសណ្ដាន់ លោក អ៊ុន បុត្ត បញ្ជាក់ថា ដោយឃើញជញ្ជាំងការិយាល័យនៃអធិការដ្ឋានស្រុកពុកផុយ ស្របការស្នើសុំពីខាងអធិការផង ខាងលោកបានឱ្យខាងរដ្ឋបាលព្រៃឈើស្រុកសម្រួលលើបញ្ហានេះ។
លោកបន្តថា ឈើកាប់យកមកធ្វើទីស្នាក់ការ គឺបានខ្លះហើយ ប៉ុន្តែមានការចោទប្រកាន់ពីខាងសហគមន៍ខ្លាំងពេក ខាងលោកក៏បញ្ជាឱ្យគេផ្អាកទៅវិញ ចំណែកឈើបានដឹកមកខ្លះ គឺគេបានយកទៅធ្វើជញ្ជាំងការិយាល័យនោះហើយដែរ៖ «បាទ! យកបានមកខ្លះហើយ ប៉ុន្តែវាមិនគ្រប់។ បើទោះបីជាមិនគ្រប់ក៏ខ្ញុំប្រាប់ឱ្យផ្អាក ឬបញ្ឈប់ទៅ។ ប៉ុណ្ណឹងបានហើយ មិនបាច់ធ្វើទៀតទេ ហើយសល់ប៉ុន្មានយើងរកទិញអ្នកស្រុកអ្នកភូមិដើម្បីមកបង្គ្រប់មក»។
អភិបាលស្រុកដដែលឱ្យដឹងដែរថា ខាងលោកតែងប្រុងប្រយ័ត្នណាស់ នៅពេលចេញលិខិតអនុញ្ញាតអ្វីមួយ ព្រោះខ្លាចក្រែងមានមន្ត្រីខ្លះមានឱកាសយកលិខិតនោះទៅធ្វើរឿងមិនត្រឹមត្រូវ។
ទោះបីយ៉ាងណាក៏ដោយ ប្រជាសហគមន៍ព្រៃឡង់ ចង់ឱ្យរាជរដ្ឋាភិបាលគប្បីពិនិត្យឡើងវិញដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើតទៅទៀត ពីព្រោះមានមន្ត្រីខ្លះតែងតែបំពានលើច្បាប់ និងបំពានទៅលើប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដោយចូលរួមបំផ្លាញព្រៃឈើ ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួន។
យ៉ាងណាច្បាប់ស្ដីពីព្រៃឈើ ឆ្នាំ២០០២ មាត្រា ១០០ ចែងពីបទល្មើសដែលប្រព្រឹត្តឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាល កងយោធា ឬមន្ត្រីផ្សេងៗទៀត ដើម្បីធ្វើអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោល ជួយដល់អាជីវកម្ម និងសកម្មភាពគ្រប់យ៉ាងពាក់ព័ន្ធរឿងព្រៃឈើ គឺត្រូវជាប់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួនពី ១០លានរៀល ទៅ ១០០លានរៀល។ ក៏ប៉ុន្តែទោះជាច្បាប់បានចែងដូច្នេះក្ដី តែមន្ត្រីប្រព្រឹត្តល្មើសព្រៃឈើគេកម្រឃើញអាជ្ញាធរអនុវត្តច្បាប់ចាប់យកមកដាក់ទោសតាមច្បាប់នេះណាស់៕
No comments:
Post a Comment