A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

ពលរដ្ឋ​ខណ្ឌ​ច្បារអំពៅ​ប្រារព្ធ​ពិធី​បែប​សាសនា​ដើម្បី​ទប់ស្កាត់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ


ដោយ អ៊ុំ រង្សី
2015-05-15


ពលរដ្ឋ​សហគមន៍​តាងៅ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ធ្វើ​ពិធី​បួង​សួង​សុំ​សេចក្ដី​សុខ និង​សូម​បញ្ចៀស​ការ​បណ្ដេញ​ចេញ​ពី​លំនៅ​ទាំង​បង្ខំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៥។
Provided Photo
ពលរដ្ឋ​សហគមន៍​តាងៅ ឋិត​នៅ​តាម​បណ្ដោយ​ប្រឡាយ​ព្រែក​បារាំង ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​អ្នក​សហគមន៍​ដែល​រង​ការ​បណ្ដេញ​ចេញ​ដទៃ​ទៀត ប្រមាណ​ជាង ៦០​នាក់ បាន​ប្រារព្ធ​ពិធី​បែប​សាសនា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដើម្បី​សុំ​សេចក្ដី​សុខ ទប់ស្កាត់​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

ការ​ប្រារព្ធ​ពិធី​បែប​សាសនា​របស់​ពលរដ្ឋ​សហគមន៍​តាងៅ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​សេចក្ដី​ជូន​ដំណឹង​ពី​សាលា​ខណ្ឌ​ច្បារអំពៅ ស្ដីពី​ការ​ដោះស្រាយ​សំណង់​បណ្ដោះអាសន្ន​លើ​ដី​របស់​រដ្ឋ​ដែល​ត្រូវ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុស​ច្បាប់​តាម​រាជធានី ទីក្រុង និង​ទីប្រជុំជន។ សេចក្ដី​ជូន​ដំណឹង​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​តាងៅ ភ័យ​ខ្លាច​ពី​បញ្ហា​អសុវត្ថិភាព និង​បាត់បង់​លំនៅឋាន​នៅ​ពេល​ខាង​មុខ។

តំណាង​ពលរដ្ឋ​សហគមន៍​តាងៅ លោកស្រី ខៀវ សារ៉ុន បាន​ឲ្យ​ដឹង​ថា ពិធី​សាសនា​មាន​ធ្វើ​ជា​រូប​សំពៅ​ធំ​មួយ ដោយ​ដាក់​ពោត សណ្ដែក ល្ង ស្រូវ អង្ករ និង​គ្រឿង​រណ្ដាប់​ដទៃ​ទៀត គឺ​ជា​ពិធី​បួងសួង​សុំ​សេចក្ដី​សុខសាន្ត និង​បញ្ចៀស​ការ​បណ្ដេញ​ទាំង​បង្ខំ​ណា​មួយ។ លោកស្រី​បន្ត​ថា ពលរដ្ឋ​ទាំង​អស់​ក្នុង​សហគមន៍​មិន​ចង់​ចាក់​ចេញ​ពី​តំបន់​នេះ​ទេ និង​ចង់​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

តំណាង​សហគមន៍​រូប​នេះ​បាន​និយាយ​ទៀត​ថា ពលរដ្ឋ​សហគមន៍​តាងៅ មិន​បាន​ទន្ទ្រាន​កាន់​កាប់ និង​សាង​សង់ផ្ទះ​នៅ​តាម​ដង​ព្រែក​បារាំង​នេះ​ដោយ​ខុសច្បាប់​នោះ​ទេ គឺ​ពួកគាត់​បាន​ទិញ និង​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ លោកស្រី​បន្ត​ថា មន្ត្រី​ខណ្ឌ​ច្បារអំពៅ ថា នឹង​ជូន​ដំណឹង​ពី​គម្រោង​អភិវឌ្ឍ​នេះ ថា​តើ​នឹង​អនុវត្ត ឬ​អត់​នោះ​នៅ​ក្រោយ​ចូល​ឆ្នាំ ២ ឬ ៣​ថ្ងៃ តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខណ្ឌ​នៅ​តែ​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ។ ចំណុច​នេះ​ហើយ​ដែល​សហគមន៍​ចង់​ឲ្យ​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​គម្រោង​អភិវឌ្ឍន៍​ព្រែក​បារាំង​នេះ។



ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​កម្មវិធី​ចងក្រង​សហគមន៍​ដើម្បី​សិទ្ធិ​លំនៅឋាន​នៃ​អង្គការ​សមធម៌​កម្ពុជា លោក ស៊ូ សាវឿន បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពិធី​សាសនា​របស់​សហគមន៍​តាងៅ នៅ​ពេល​នេះ ដោយសារ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​គ្នា​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ព្រែក​បារាំង និង​មិន​មាន​ការ​បក​ស្រាយ​ច្បាស់​ពី​អាជ្ញាធរ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ប្រជុំ ឬ​បើក​វេទិកា​សាធារណៈ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់​ច្បាស់​ពី​បញ្ហា​នេះ៖ «តាម​ការ​សង្កេត​របស់​ខ្ញុំ​ឃើញ​ថា កន្លង​មក​សហគមន៍​នេះ​មាន​បញ្ហា​ជា​ច្រើន ពិសេស​បញ្ហា​កង្វះ​ព័ត៌មាន​ជុំវិញ​ការ​អភិវឌ្ឍ​តំបន់​ព្រែក​បារាំង ហើយ​យើង​អត់​ដឹង​ច្បាស់​ពិត​ប្រាកដ​នោះ​ទេ ម្តង​លឺ​ថា​ស្តារ​ប្រឡាយ​ដាក់​ប្រព័ន្ធ​លូ និង​ម្ដង​លឺ​ថា​លុប​ប្រឡាយ​ដាក់​លូ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ចំណុច​នេះ»។

ឆ្លើយ​តប​នឹង​បញ្ហា​ខាង​លើ អភិបាល​រង​ខណ្ឌ​ច្បារអំពៅ លោក ហោ វាសនា មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពិធី​បែប​សាសនា​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ប៉ុន្តែ​កន្លង​មក​នេះ​ខាង​ខណ្ឌ​ធ្លាប់​បាន​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​រួច​ហើយ ឃើញ​ថា ពលរដ្ឋ​ក៏​បាន​ឯកភាព​​ហើយ​ដែរ។ លោក​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​នេះ ជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​យើង​កំពុង​តែ​សិក្សា​ពី​ផល​ប៉ះពាល់​នៅ​ឡើយ៖ «គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ដោយ​សាលា​ខណ្ឌ​ច្បារអំពៅ ជា​អ្នក​អនុវត្ត​តាម គឺ​អភិវឌ្ឍ​ព្រែក​បារាំង ធ្វើ​ជា​ផ្លូវ ដោយ​មាន​ប្រព័ន្ធ​លូ​ខាង​ក្រោម មាន​សួន​ច្បារ មាន​ស្ថានីយ​ចម្រោះ​ទឹក​ស្អុយ​បង្ហូរ​មក​ចូល​ក្នុង​ទន្លេ ហើយ​គម្រោង​ទាំង​នេះ​យើង​បាន​ប្រជុំ និង​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​រួច​ហើយ ឃើញ​ថា ពលរដ្ឋ​បាន​ឯកភាព​រួច​ហើយ​ដែរ»។

​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​ខណ្ឌ​ច្បារអំពៅ លេខ​០១៦ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា ព្រែក​បារាំង គឺ​ជា​ព្រែក​សាធារណៈ និង​ជា​ផ្លូវ​ទឹក​ដ៏​សំខាន់​សម្រាប់​រំដោះ​ទឹក​ចេញ​ពី​តំបន់​ជុំវិញ​ព្រែក កុំ​ឲ្យ​ជន់​លិច​លំនៅឋាន​របស់​ពលរដ្ឋ តែ​ស្ថានភាព​ព្រែក​បច្ចុប្បន្ន​ត្រូវ​បាន​កកស្ទះ​ដោយ​សំរាម ការ​បង្ហូរ​កាកសំណល់​ពី​សំណង​ក្បែរ​នោះ។ ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​បែប​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ប្រគល់​ភារកិច្ច​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ស្ដារ​ព្រែក​នេះ​ឡើង​វិញ ដោយ​សាងសង់​ប្រឡាយ​បេតុង​ទំហំ ៤​ម៉ែត្រ គុណ ៦​ម៉ែត្រ នៅ​ខាង​ក្រោម និង​ស្ថាបនា​ផ្លូវ​ខាងលើ​កម្រាស់ ២០​សង់ទីម៉ែត្រ ទទឹង ១៤​ម៉ែត្រ មាន​លូ​ម្ខាង​មុខ​កាត់ ០,៨​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ចេញ និង​កែលំអ​បរិស្ថាន អនាម័យ របៀប​រៀប​រយ​ជុំវិញ​តំបន់​ព្រែក​ទាំង​មូល៕

No comments: