A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

កម្ពុជា​ត្រូវ​តែ​ស្វែងរក​ផ្លូវ​ថ្មី​ដើម្បី​ការពារ​កម្មករ​កាត់ដេរ


Mon, 11 May 2015 ppp
កម្មករ​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​ការងារ​ប្រសើរ​ឡើង​នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ឧសភា​​។  ស្រេង ម៉េងស្រ៊ុន

ទិវា​ពលកម្ម​អន្តរជាតិ​​ថ្ងៃ​ទី​ ១ ខែ​​ឧសភា​ គឺជា​ពេលវេលា​ល្អ​ឥតខ្ចោះ សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ចាប់ផ្តើម​ជំពូក​ថ្មី​​ អំពី​សិទ្ធិ​ការងារ​​​ នៅក្នុង​វិស័យ​​កាត់ដេរ​។ ​ក្រុម​មន្រ្តី​​រដ្ឋាភិបាល​ អាច​បង្ហាញ​​​ពិភពលោក ឲ្យ​បាន​​​មុតមាំ​ថា ​ការ​ប្តេជ្ញា​ចិត្ត​​​ឲ្យ​មាន​តម្លាភាព ​និង​គណនេយ្យភាព​​គឺ​ពិតជា​​មាន​​មែន​នៅ​ទី​នេះ​។

សកម្មភាព​ឆ្ពោះ​​ទៅ​រក​តម្លាភាព​​ប្រសើរ​ឡើង​​​បាន​ចាប់ផ្តើម​រួច​ហើយ​​។ កាលពី​ខែ​មីនា ជា​លើក​ទី​មួយ​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តល់​ព័ត៌មាន​ប្រចាំ​ឆ្នាំ​​ ទៅ​សាធារណជន​​​​​អំពី​ចំនួន​រោងចក្រ​​ដែល​ខ្លួន​បាន​​ធ្វើ​អធិការកិច្ច​​​ក្នុង​ឆ្នាំ​ ២០១៤ និង​ចំនួន​​នៃ​ការ​ផាក​ពិន័យ​។ ការ​បង្ហាញ​ជា​សាធារណៈ​នេះ ​​មិន​ទាន់​ល្អ​ទាំង​​ស្រុង​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​ជា​ការ​ចាប់ផ្តើម​ល្អ​មួយ​។ ​ការ​បង្ហាញ​ជា​សាធារណៈ​បែប​នេះ​បន្ថែម​ទៀត​ ​ដូចជា ចំនួន​រោងចក្រ​ដែល​​ធ្វើ​អធិការកិច្ច​ ​​ការ​បំពាន​សិទ្ធិ​ការងារ​ណា​ដែល​ត្រូវ​បាន​រកឃើញ ការ​ផាក​ពិន័យ​ ​និង​ថា​​​​តើ​ការ​ផាក​ពិន័យ​នេះ​​ ត្រូវ​បាន​ប្រមូល​ត្រឹមត្រូវ​ឬ​អត់​? ​និង​ធ្វើឲ្យ​សាធារណជន​ឃើញ​​នូវ​អ្វី​ដែល​ក្រសួង​កំពុង​ធ្វើ​។



កម្មករ​កាត់ដេរ​កម្ពុជា​​ផលិត​សម្លៀកបំពាក់​​​​ដែល​លក់​ដោយ​អ្នក​បញ្ជា​​ទិញ​​ម៉ាក​ល្បីៗ​។ ប៉ុន្តែ​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​ខ្សោយ​​ជាច្រើន និង​ការ​រើសអើង​នៅ​តែ​មាន​។ ការ​តាមដាន​ផ្លូវ​នៃ​សម្លៀកបំពាក់​មួយ​​ពី​រោងចក្រ​​ម៉ៅ​ការ​ផលិត​បន្ត ​ក្នុង​ប្រទេស​​កម្ពុជា​រហូត​ដល់​​​​រោងចក្រ​នាំ​ចេញ​ធំ​ និង​រហូត​ដល់​ហាង​លក់​រាយ​​ជុំវិញ​ពិភពលោក​​​គឺជា​ការ​ពិបាក។ ​ខ្សែ​​ចង្វាក់​ផ្គត់ផ្គង់​ទាំងនេះ​ចេញ​ជា​ស្រមោល ជាមួយ​នឹង​តម្លាភាព​តិចតួច​។

ដោយ​ជិះ​រថយន្ត​​​ជុំវិញ​ខេត្ត​កណ្តាល ​​និង​រាជធានី​ភ្នំពេញ​​​កាលពី​ចុង​ឆ្នាំ​ ២០១៣ ​​សកម្មជន​​​សិទ្ធិ​ការងារ​ បាន​ចង្អុល​បង្ហាញ​ខ្ញុំ​​​​អំពី​រោងចក្រ​កាត់ដេរ​​តូចៗ​ជាច្រើន​​​​ដែល​មើល​ទៅ​ដូច​​ហ្គារ៉ាស​ឡាន​​ធំ​ជាង​ធម្មតា​បន្តិច​​​ និង​​អគារ​ស្នាក់នៅ​​​ដែល​មិន​ស្អាត​។ ​រោងចក្រ​ស្ទើរតែ​ទាំងអស់​​​មើល​មិន​ដឹង​អត្តសញ្ញាណ​ថា​ជា​រោងចក្រ​​មាន​តែ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​​​អាច​​កំណត់​អត្តសញ្ញាណ​បាន​​​ថា​ ជា​រោងចក្រ​​​កាត់ដេរ​​ ដោយសារ​ការ​​​បិទ​ការ​ផ្សាយ​ជ្រើសរើស​កម្មករ​​នៅ​លើ​ទ្វារ​រោងចក្រ។

កម្មករ​មាន​កម្រិត​ផ្សេងៗ​គ្នា​នៃ​ព័ត៌មាន​​​អំពី​​​សម្លៀកបំពាក់​ដែល​ពួកគេ​ផលិត​​។ ​ដោយ​អង្គុយ​នៅ​កៀក​ផ្លូវ​ ក្នុង​ខេត្ត​កណ្តាល​ខ្ញុំ​បាន​សម្ភាស​​ស្រ្តី​ដែល​​ធ្វើការ​នៅក្នុង​រោងចក្រ​កាត់ដេរ​តូច​មួយ​​។ ​ពួកគេ​មិន​មាន​អត្តសញ្ញាណប័ណ្ណ​​ទេ។ ​ពួកគេ​មិន​ប្រាកដ​ថា​ តើ​រោងចក្រ​នោះ​ឈ្មោះ​អ្វី ប៉ុន្តែ​បាន​គិត​ថា រោងចក្រ​នេះ​ មាន​ឈ្មោះ​ចិន​។ ​រោងចក្រ​របស់​ពួកគេ​មិន​មាន​សញ្ញា​​​​បង្ហាញ​ពី​អត្តសញ្ញាណ​​​ឲ្យ​យើង​បាន​ដឹង​នៅពេល​យើង​ជិះ​កាត់​​ទេ​។ ​កម្មករ​មួយ​ចំនួន​​នៅក្នុង​ចំណោម​កម្មករ​​​​ក្នុង​រោងចក្រ​​ម៉ៅការ​ផលិត​បន្ត​​តូចៗ​​​អាច​ប្រាប់​ខ្ញុំ​​ថា ​សម្លៀកបំពាក់​​​សម្រេច​ ​កំពុង​ត្រូវ​បាន​បញ្ជូន​​ទៅ​​​​រោងចក្រ​ធំ​ជាង​នេះ​ ​និង​ជា​ម៉ាក​ដែល​ពួកគេ​ផលិត​ឲ្យ​។

ក្នុង​ករណី​ខ្លះ​កម្មករ​ថែម​ទាំង​មិន​ដឹង​​​អំពី​កន្លែង​ដែល​ពួកគេ​ធ្វើការ​។ ផ្ទុយ​ទៅវិញ​​ ពួកគេ​ប្រើ​​​ឈ្មោះ​ហៅ​ក្រៅ​​សម្រាប់​ទីតាំង​របស់​ពួកគេ​។ ​មាន​ចម្ងល់​ជាច្រើន​​​​អំពី​ឧស្សាហកម្ម​​កាត់ដេរ​កម្ពុជា​​ ដែល​ធ្វើឲ្យ​ពិបាក​​​តាមដាន​​សិទ្ធិ​ការងារ​​។ ​ជា​ឧទាហរណ៍ ​​តើ​មាន​រោងចក្រ​ចំនួន​ប៉ុន្មាន ​ហើយ​តើ​រោងចក្រ​ទាំងនោះ​​ឈ្មោះ​អ្វី​ខ្លះ​? ​ប្រសិន​បើ​វា​ពិបាក​ស្គាល់​ឈ្មោះ​រោងចក្រ​មួយ​ ​នោះ​វា​មាន​​ឱកាស​តិចតួច​​នៃ​ការ​ផ្ទៀងផ្ទាត់​​ថា​ តើ​រោងចក្រ​នោះ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ឬ​អត់​​? ​និង​ថា​តើ រោងចក្រ​នោះ​ទទួល​បាន​​ការ​ធ្វើ​អធិការកិច្ច​ដោយ​មន្រ្តី​​ការងារ​របស់​រដ្ឋាភិបាល​​​ឬ​អត់? ​កម្មករ​ស្រីៗ​​​មកពី​រោងចក្រ​ជាច្រើន​​​បាន​ប្រាប់​ខ្ញុំ​​អំពី​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ថែម​ម៉ោង ​​និង​ការ​បណ្តេញ​ចេញ​ពី​ការងារ​​ប្រសិន​បើ​ពួកគេ​​មាន​ផ្ទៃពោះ។ ​ជា​ឧទាហរណ៍ នៅ​ក្នុង​រោងចក្រ​​ម៉ៅការ​ជួល​ផលិត​បន្ត​មួយ​​ កម្មករ​និយាយ​ថា ​​នៅពេល​មាន​ការ​​បញ្ជា​ទិញ​ច្រើន ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ​ ​​និង​នៅ​ថ្ងៃ​ធម្មតា​រហូត​ដល់​ម៉ោង​ ៩ ​យប់​​ ហើយ​ពេល​ខ្លះ រហូត​ដល់​ពាក់កណ្តាល​យប់​​​​ ឬ​ម៉ោង​ ៦ ​ព្រឹក ហើយ​ពួកគេ​​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ថែម​ម៉ោង​​ និង​​មាន​ការ​ភ័យខ្លាច​​បាត់បង់​ការងារ​​​ប្រសិន​បើ​ពួកគេ​មិន​គោរព​តាម។

តម្លាភាព​​គឺ​​សំខាន់​​​ចំពោះ​ការ​កែលម្អ​លក្ខខណ្ឌ​ឲ្យ​ប្រសើរ​ឡើង​​​ និង​​បញ្ចប់​ការ​រំលោភបំពាន​ការងារ​។ ​នៅពេល​ខ្ញុំ​​បាន​ជួប​ជាមួយ​មន្រ្តី​ក្រសួង​ការងារ​ កាលពី​ឆ្នាំ​មុន​​ ខ្ញុំ​បាន​សួរ​ពួកគេ​ថា តើ​​មាន​រោងចក្រ​ចំនួន​ប៉ុន្មាន​​ដែល​​អាច​​មាន​លក្ខណៈ​ការងារ​ខ្សោយ​​ និង​មិន​​ត្រូវ​បាន​គេ​ដឹង​។ ​ពួកគេ​មើល​ទៅ​ទ័ល​គំនិត​​ហើយ​​នៅ​ទីបំផុត​​​ទទួល​ស្គាល់​ថា ពួកគេ​មិន​មាន​​បញ្ជី​​រោងចក្រ​​កាត់ដេរ​ពេញ​​ក្នុង​​ប្រទេស​កម្ពុជា​ទេ​។

ក្រសួង​អះអាង​ថា មាន​រោងចក្រ​កាត់ដេរ​​ប្រហែល​ ១០៨៧ ​​​នៅក្នុង​បញ្ជី​កត់ត្រា​របស់​ពួកគេ​។ នេះ​គឺ​តិច​ជាង​ចំនួន​អាជីវកម្ម​​កាត់ដេរ​​ចំនួន ១២០០ ​​ដែល​បាន​ចុះបញ្ជី​​នៅ​​ក្រសួង​​ឧស្សាហកម្ម​ និង​សិប្បកម្ម​ក្នុង​ឆ្នាំ​ ២០១៤​ ​ដែល​មាន​ន័យ​ថា រោងចក្រ​យ៉ាង​ហោច​ណាស់​ ១០០ ​រោងចក្រ​កំពុង​គេច​​ពី​ការ​តាមដាន​​​ដោយ​រដ្ឋាភិបាល​តាមរយៈ​ច្បាប់​ស្តីពី​ការងារ​។ ​​ក្រុម​​អ្នក​តស៊ូ​មតិ ដើម្បី​សិទ្ធិ​​ និង​សហជីព​​ ក្នុង​ប្រទេស​កម្ពុជា​ជឿ​ថា​ ចំនួន​រោងចក្រ​​ដែល​មិន​ចុះបញ្ជី និង​មិន​​មាន​ការ​ធ្វើ​អធិការកិច្ច គឺ​មាន​ចំនួន​ខ្ពស់​ខ្លាំង​ជាង​នេះ​។ ការ​ធ្វើ​អធិការកិច្ច​វិស័យ​​ការងារ​​​របស់​កម្ពុជា​​គួរតែ​ត្រូវ​​ពង្រីក​ឲ្យ​ធំ​ជាង​មុន ការ​ធ្វើ​អធិការកិច្ច​​​ក៏​ត្រូវ​ការ​កែលម្អ​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ​។ ​ប្រព័ន្ធ​អធិការកិច្ច​​ជាយូរ​មក​ហើយ បាន​ទទួល​រង​ការ​​មិន​យក​ចិត្ត​ទុកដាក់ និង​យាយី​​ដោយ​ការ​ចោទប្រកាន់​ថា ពុករលួយ​។ ​មន្រ្តី​ក្រសួង​​បាន​ប្រាប់​ខ្ញុំ​ថា មិន​មាន​ថវិកា​​សម្រាប់​ការ​ធ្វើ​អធិការកិច្ច​​​​លើ​វិស័យ​ការងារ​។

មន្រ្តី​អធិការកិច្ច​ត្រូវ​បាន​ទុក​ឲ្យ​ធ្វើ​ការងារ ដោយ​មិន​មាន​ថវិកា ហើយ​ការ​​ចំណាយ​លើ​ការ​​ធ្វើ​ដំណើរ​​ និង​ថ្លៃ​អាហារ​ត្រូវ​ចេញ​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន។

នៅក្នុង​ការ​អនុវត្ត ការ​សូកប៉ាន់​ដោយ​​រោងចក្រ​​​ហាក់បី​ដូចជា​ការ​ឧបត្ថម្ភ​ធន​​ សម្រាប់​ការ​ចំណាយ​​របស់​មន្រ្តី​អធិការកិច្ច​។

អតីត​មន្រ្តី​អធិការកិច្ច​​ពីរ​នាក់​​បាន​ប្រាប់​ខ្ញុំ​ថា ​​អ្នកគ្រប់គ្រង​រោងចក្រ​​បាន​​ឲ្យ​លុយ​ក្នុង​ស្រោម​សំបុត្រ​​ដល់​មន្រ្តី​អធិការកិច្ច​។

កម្មករ​ពី​រោងចក្រ​មួយ​ចំនួន​បាន​ប្រាប់​ខ្ញុំ​​​អំពី​ឧទាហរណ៍​នៃ​អំពើ​ពុករលួយ​។ ​ពួកគេ​ពន្យល់​ថា​ ​អ្នក​គ្រប់គ្រង​បាន​ប្រើ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​​​ ជាមួយ​នគរបាល​មូលដ្ឋាន​ ដើម្បី​បំបិទ​សំឡេង​កម្មករ​ មិន​ឲ្យ​​លើក​ឡើង​នូវ​ក្តីបារម្ភ​របស់​ពួកគេ ហើយ​នគរបាល​​​ឃើញ​បញ្ហា​របស់​កម្មករ​​បាន​ទទួល​សំណូក​​ពី​រោងចក្រ​នៅពេល​​ទៅ​ដល់​រោងចក្រ។ ​ចំពោះ​ផ្នែក​អវិជ្ជមាន​​វិញ ​ក្រសួង​ការងារ​ឥឡូវ​នេះ​​​និយាយ​ថា ​ខ្លួន​ដឹង​​អំពី​បញ្ហា​ប្រឈម​ជាច្រើន​​ និង​បាន​​ចាប់​ផ្តួចផ្តើម​​​​​នូវ​កំណែទម្រង់​។ ​ប៉ុន្តែ​ប្រសិន​បើ​រដ្ឋាភិបាល​ពិតជា​ចង់​ដោះស្រាយ​​​​បញ្ហា​លក្ខខណ្ឌ​ការងារ​ខ្សោយ​​​នៅ​តាម​រោងចក្រ​​ និង​រោងចក្រ​​ម៉ៅការ​ផលិត​បន្ត​​មែន រដ្ឋាភិបាល​​គួរតែ​គាំទ្រ​​តម្រូវការ​ឲ្យ​មាន​​តម្លាភាព​​​ខ្លាំង​ជាង​មុន​។

ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គួរតែ​បង្ហាញ​បញ្ជី​រោងចក្រ​កាត់ដេរ​ទាំងអស់​ជា​សាធារណៈ​ បង្ហាញ​ទីតាំង​របស់​ពួកគេ ច្បាប់​​អនុញ្ញាត​ដែល​រោងចក្រ​ទាំងនោះ​​មាន ​និង​បន្ត​ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ជី​ទាំងនេះ​។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែ​ដឹកនាំ​ក្រសួង​ការងារ​ឲ្យ​ពង្រីក​ការ​ធ្វើ​អធិការកិច្ច និង​ពង្រឹង​ប្រព័ន្ធ​​ចុះ​បញ្ជី​​រោងចក្រ និង​ពិនិត្យ​មើល​កិច្ច​ខិតខំ​ប្រឹងប្រែង​​កែលម្អ​ការ​សម្របសម្រួល​​​ក្នុង​ចំណោម​​ក្រសួង​។ ​កំណែ​ទម្រង់​អធិការកិច្ច​ការងារ​​ក៏​ត្រូវការ​​ផង​ដែរ​ ​ហើយ​មន្រ្តី​ក្រសួង​គួរតែ​អភិវឌ្ឍ​​ផែនទី​ផ្លូវ​​​ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​នេះ​បើក​ចំហ​ជាង​​មុន ​និង​មាន​គណនេយ្យភាព​​ជាង​មុន។ ​នេះ​គឺ​សំខាន់​​ដើម្បី​ឲ្យ​មាន​ភាព​ជឿជាក់​លើ​រដ្ឋាភិបាល កេរ្តិ៍ឈ្មោះ​ឧស្សាហកម្ម​កាត់ដេរ ហើយ​អ្វី​ទាំងអស់​នេះ ​​គឺ​ដើម្បី​កែលម្អ​​លក្ខខណ្ឌ​ការងារ​។ ​តម្លាភាព​ និង​គណនេយ្យភាព​​​អាច​ជួយ​ធានា​ថា ​ឧស្សាហកម្ម​កាត់ដេរ​​នៅតែ​​​មិន​ត្រឹមតែ​ជា​ប្រភព​សំខាន់​​ក្នុង​ការ​ផ្តល់​ការងារ​ដល់​កម្មករ​​កម្ពុជា​ជាច្រើន​ទេ ​ប៉ុន្តែ​ថែម​ទាំង​​ជា​ប្រភព​​ត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព​៕

Aruna Kashyap ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​​​​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​​ផ្នែក​សិទ្ធិ​ស្រ្តី

No comments: