A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 May 2015

"គជប​គួរ​បង្កើត​ក្រម​សីលធម៌​និង​វិធាន​ផ្ទៃក្នុង​ជា​ជាង​លើក​សំណុំរឿង​មួយ​ករណី​ម្ដងៗ"



ដោយ ម៉ម មុនីរតន៍
2015-05-04


លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Morm Moniroth

មន្ត្រី​ជាន់​ខ្ពស់ អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ជំនាញ​ផ្នែក​កិច្ចការ​បោះឆ្នោត យល់​ឃើញ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ គ.ជ.ប គួរ​បង្កើត​វិធាន​ផ្ទៃ​ក្នុង​របស់​ស្ថាប័ន និង ក្រមសីលធម៌​របស់​ខ្លួន​ជា​មុន​សិន ដើម្បីឲ្យ​វា​​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ ទៅ​នឹង​ច្បាប់​បោះឆ្នោត​ថ្មី ជាជាង​លើក​យក​សំណុំរឿង​មួយ​ករណី​ៗ មក​ដោះស្រាយ។

ការ​ថ្លែង​រិះគន់​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ កើត​មាន​ឡើង បន្ទាប់​ពី​លោក រ៉ុង ឈុន ដែល​ជា​សមាជិក នៃ គ.ជ.ប ថ្មី ត្រូវ​បាន​អង្គប្រជុំ​លើក​មក​ពិភាក្សា ក្រោយ​ពី​លោក​ត្រូវ​បាន គ.ជ.ប រក​ឃើញ​ថា មាន​កំហុស ព្រោះ​តែ​បាន​ចូលរួម​ក្នុង​សកម្មភាព ទិវា​​ពលកម្ម​អន្តរជាតិ ហើយ​ចាត់​ទុក​ថា សកម្មភាព​នោះ គឺ​ជា​សកម្មភាព​​នយោបាយ។

នាយក​ប្រតិបត្តិ នៃ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត ដោយ​សេរី និង យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (Comfrel) ចាត់​ទុក​ថា ការ​បកស្រាយ​ណា​មួយ​របស់ សមាជិក គ.ជ.ប ថ្មី​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង របស់​លោក រ៉ុង ឈុន នោះ​ថា គឺ​វា​ហាក់​ផ្ទុយ​ពី​អ្វី ដែល​មាន​កំណត់​ដោយ​ច្បាប់​បោះឆ្នោត​ថ្មី និង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​គ.ជ.ប ថែម​ទៀត​ផង។



ប្រតិកម្ម​របស់​លោក គល់ បញ្ញា ដែល​ជា​នាយក​ប្រតិបត្តិ របស់​អង្គការ ខុមហ្រ្វែល នៅ​ពេល​នេះ កើត​មាន​ឡើង​បន្ទាប់​ពី គ.ជ.ប បាន​កោះប្រជុំ​បន្ទាន់​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី ៤ ឧសភា នៅ​ទីស្ដីការ​នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត ជុំវិញ​សំណុំរឿង​របស់​លោក រ៉ុង ឈុន។

អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហជីព​ផង លោក រ៉ុង ឈុន ត្រូវ​រង​ការ​ស្ដី​បន្ទោស​ពី​ប្រធាន គ.ជ.ប និង​ប្រឈម​ចំពោះ​ការ​ចោទ​ប្រកាន់ ពី​គណបក្ស​ប្រជាជន​កម្ពុជា​ភ្លាម ថា​កំពុង​អនុវត្ត​ខុស​ពី​នីតិវិធី ច្បាប់​បោះឆ្នោត​ថ្មី និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​ឯករាជ្យ​ភាព របស់​គ. ជ.ប។ មូលហេតុ​នៃ​កំហុស​នេះ ព្រោះ​រូប​លោក​បាន​ចូលរួម សកម្មភាព​កាល​ពី​ថ្ងៃ​ទី ១ ឧសភា សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ ហើយ​សកម្មភាព​ទាំង​នោះ លោក រ៉ុង ឈុន ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​បាន​ចូលរួម​ទៅ​ក្នុង​សកម្មភាព​នយោបាយ​ទៅ​វិញ។

យ៉ាង​ណា​លោក គល់ បញ្ញា អះអាង​ថា គ.ជ.ប មិន​គួរ​លើក​បញ្ហា​មួយ​ករណី​ៗ មក​ដោះស្រាយ តួយ៉ាង​ដូច​សំណុំរឿង​របស់​លោក រ៉ុង ឈុន នេះ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​ថ្លែង​ថា ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​សុ​ក្រឹត្យ និង​យុត្តិធម៌​ទៅ​បាន គឺ​ចាំបាច់​ណាស់ គ.ជ.ប ត្រូវ​មាន​បទបញ្ជា​ផ្ទៃ​ក្នុង ក្រមសីលធម៌ និង​បទដ្ឋាន​គតិ​យុត្តិ​មួយ​ជាន់​ទៀត​របស់​ខ្លួន ឲ្យ​ស៊ី​គ្នា​ទៅ​នឹង​ច្បាប់​បោះឆ្នោត​ថ្មី ទើប​អាច​ធានា​ពី​ភាព​ត្រឹមត្រូវ នៃ​ការ​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​បាន ។ លោក​ចាត់​ទុក​ថា បើ​មិន​ដូច្នេះ​ទេ ការ​បកស្រាយ​ណា​មួយ អំពី​ការ​ចូលរួម​សកម្មភាព​នានា ដោយ​មិន​ប្រាកដ​និយម​នោះ នឹង​បង្កើត​ជា​មន្ទិល​សង្ស័យ​ទៅ​វិញ។ លោក គល់ បញ្ញា បន្ត​ថា៖ «ទាំង​អស់​គ្នា​គឺ​មិន​អាច​ទៅ​ធ្វើ​ក្រៅ​ច្បាប់​ដែល​យើង​បាន​កំណត់។ ប៉ុន្តែ​ខ្ញុំ​ថា​ការ​កំណត់​ត្រូវ​តែ​ច្បាស់លាស់ កុំ​ឲ្យ​ស្អី​ទៅ​ហៅ​ថា​សកម្មភាព​គណបក្ស​នយោបាយ ដែល គ.ជ.ប ត្រូវ​តែ​ហាម​សមាជិក​យើង​ចូលរួម ។យើង​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់» ។

បើ​ទោះ​ជា​បែប​ណា លោក គល់ បញ្ញា អះអាង​ថា សម្រាប់​ច្បាប់​បោះឆ្នោត​ថ្មី​នេះ គឺ​ពុំ​មាន​មាត្រា​ណា​មួយ ដែល​ហាម​ឃាត់​សម្រាប់​សកម្មភាព​មនុស្ស​ធម៌ នៅ​ក្នុង​សង្គម​ឡើយ ពោល​គឺ​លើកលែង​តែ​ចូលរួម នៅ​ក្នុង​សកម្មភាព​នយោបាយ ហើយ​បើ​សមាជិក​នោះ ជា​ប្រធាន​អង្គការ សមាគម​​វិញ ត្រូវ​លាលែង​ពី​តួនាទី ក្នុង​ន័យ​ដើម្បី​ចៀសវាង​ទំនាស់​ផលប្រយោជន៍​ប៉ុណ្ណោះ។

ថ្លែង​ប្រាប់​អ្នក​កាសែត ក្រោយ​ប្រជុំ​បិទ​ទ្វារ​បាន​បញ្ចប់ ដែល​ប្រើ​ពេល​ប្រមាណ ៣ម៉ោង លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​គ.ជ.ប ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៤ ឧសភា នោះ​គឺ​ជា​ការ​ប្រជុំ ដែល​ពុំ​មាន​ដាក់​កំហិត​ប្រឆាំង​លើ​លោក រ៉ុង ឈុន ឬ ពិន័យ​អ្វី​ណា​មួយ​​ទេ។ក៏ប៉ុន្តែ​កិច្ច​ប្រជុំ​នោះ គឺ​ជា​ការ​ដាស់​សតិ​អារម្មណ៍ គ្រប់​សមាជិក នៃ គ ជ ប ទាំង​អស់​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មាន​ភាព​ឯករាជ្យ។ ជាពិសេស ត្រូវ​ចៀសវាង​ការ​ចូលរួម​នៅ​ក្នុង​សកម្មភាព របស់​គណបក្ស​នយោបាយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់ អព្យាក្រឹត្យ​ភាព​របស់​គ.ជ.ប ប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា បន្ត​ថា៖ «ករណី​ឯកឧត្ដម រ៉ុង ឈុន ឯកឧត្ដម​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បាន​ធ្វើ​ការ​ក្រើន​រំលឹក ចំពោះ​សមាជិក​គ.ជ.ប​ទាំង​អស់ យកចិត្ត​ទុកដាក់​ក្នុង​ការ​ធ្វើ​អ្វី​មួយ គឺ​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​សាធារណមតិ​លោក​យល់​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព និង​អព្យាក្រឹត្យ​ភាព​គ.ជ.ប» ។

ចំណែក​លោក រ៉ុង ឈុន សមាជិក គ ជ ប ថ្មី កូតា​មក​ពី​គណបក្ស​សង្រ្គោះជាតិ អះអាង​ថា លោក​នៅ​តែ​ប្រកាន់​ជំហរ ប្រ​សិន​បើ​កិច្ចការ ដែល​ត្រូវ​ចូលរួម​នោះ សម្រាប់​សកម្មភាព​សង្គម ហើយ​កំណត់​ដោយ​ច្បាប់ និង​វិធាន​ផ្ទៃ​ក្នុង​នៃ​គ.ជ.ប ។ លោក រ៉ុង ឈុន បន្ត​ថា៖ «អ្វី​វា​នៅ​តែ​ដដែល បើ​សិន​ជា​ត្រូវ​ថា​ច្បាប់​ត្រូវ​ចង្អុល​បង្ហាញ​ថា​មាន​ច្បាប់​ហាមឃាត់។ ដូច​ជា​ការ​ចូលរួម​ជា​មួយ​គណបក្ស​នយោបាយ ជា​មួយ​អី​សព្វ​បែប​យ៉ាង​​អី​ហ្នឹង​ដែល​ច្បាប់​ហាមឃាត់។ យើង​ត្រូវ​គោរព​ច្បាប់​ទាំង​អស់​គ្នា ពីព្រោះ​ពលរដ្ឋ​គ្រប់រូប​មិន​ថា​អ្នក​ណា​មាន​ឋានៈ​តួនាទី​ប៉ុណ្ណា​ទេ ត្រូវ​នៅ​ក្រោម​ច្បាប់​ទាំង​អស់​គ្នា» ។

ពុំ​មាន​មាត្រា​ណា​មួយ នៃ​ច្បាប់​បោះឆ្នោត​ថ្មី ត្រូវ​ហាម​ប្រាម​សមាជិក​របស់​ខ្លួន ក្នុង​ការ​ចូលរួម​សម្រាប់​សកម្មភាព​មនុស្សធម៌​ទេ។ ក៏ប៉ុន្តែ មាន​មាត្រា ១៣ នៃ​ច្បាប់​ថ្មី​នេះ កំណត់​ថា ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន ដោយ​មិន​លម្អៀង ដោយ​ឈរ​លើ​គោលការណ៍ គោរព​ច្បាប់​ដោយ​មិន​ទទួល​ការ​គាប​សង្កត់ ការ​គំរាមកំហែង ការ​បំភិតបំភ័យ ឬ​ការ​បង្គាប់​បញ្ជា​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​បុគ្គល ឬ ស្ថាប័ន​ណា​មួយ​ឡើយ៕

No comments: