ដោយ យាង សុជាមេត្តា
2015-05-15
2015-05-15
អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា គណបក្សសង្គ្រោះជាតិ នឹងលើកយកកង្វល់ និងទុក្ខលំបាករបស់ពលរដ្ឋផ្ទុកមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ទៅជជែកជាមួយរដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់អំពីជីវិតរស់នៅរបស់ពលរដ្ឋផ្ទុកមេរោគអេដស៍នៅទីនោះ។
ការថ្លែងរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដូចនេះ ធ្វើឡើងក្នុងពេលដែលលោក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បានចុះទៅសួរសុខទុក្ខពលរដ្ឋផ្ទុកមេរោគអេដស៍នៅឃុំរកា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា។
លោក កឹម សុខា ដែលបានសម្ដែងនូវក្ដីរន្ធត់ និងសោកស្ដាយចំពោះករណីឆ្លងមេរោគអេដស៍នៅឃុំរកា នោះ បានថ្លែងប្រាប់ពលរដ្ឋរងគ្រោះថា លោកនឹងស្នើឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមតំណាងរាស្ត្រភាគតិចនៅរដ្ឋសភា លើកយកបញ្ហារបស់ពលរដ្ឋផ្ទុកមេរោគអេដស៍នៅឃុំរកា ទៅជជែកជាមួយដៃគូសន្ទនារបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ និងជួយផ្ដល់បន្ថែមនូវអាហារូបត្ថម្ភដល់ពលរដ្ឋរងគ្រោះ ដើម្បីឲ្យពួកគេមានកម្លាំងមាំមួនក្នុងការបន្តជីវិតរស់នៅឲ្យកាន់តែវែងតទៅទៀត។
លោក កឹម សុខា មានប្រសាសន៍ថា ដើម្បីអាចឲ្យពលរដ្ឋរងគ្រោះអាចបន្តជីវិតរស់នៅឲ្យកាន់តែវែងតទៅទៀតនោះ វាលុះណាតែពួកគាត់ទទួលបានថ្នាំពេទ្យ និងអាហារូបត្ថម្ភគ្រប់គ្រាន់។ លោក កឹម សុខា បញ្ជាក់ថា បើទោះជាពលរដ្ឋទាំងនោះមានផ្ទុកមេរោគអេដស៍ក៏ដោយ ប៉ុន្តែពួកគេនឹងមិនឯកាឡើយ ហើយលោកក៏អំពាវនាវឲ្យពលរដ្ឋទូទៅកុំឲ្យមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍។
លោក កឹម សុខា៖ «យើងខ្ញុំមកថ្ងៃនេះ គឺចង់រំលែកនូវទុក្ខកង្វល់របស់បងប្អូន ដើម្បីបង្ហាញថា បងប្អូនមិនឯកាទេ បងប្អូននៅមានពួកយើងខ្ញុំដែលជាតំណាងរាស្ត្រទាំងអស់នៅជាមួយបងប្អូន តាមឃ្លាំមើលសុខទុក្ខរបស់បងប្អូន អ្វីដែលជាកង្វល់របស់បងប្អូន យើងខ្ញុំបានកត់ ហើយយើងខ្ញុំកំពុងតែគិតគូរធ្វើយ៉ាងណាដើម្បីជួយឲ្យកាន់តែល្អថែមទៀត ឲ្យកាន់តែធំធេងថែមទៀត នូវកង្វល់និងសំណូមពររបស់បងប្អូន»។
ការផ្ទុះឡើងនូវការឆ្លងមេរោគអេដស៍នៅឃុំរកា កាលពីចុងឆ្នាំ២០១៤ បានធ្វើឲ្យពលរដ្ឋខ្មែរទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនៅពេលភ្លាមៗនោះ សូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនជឿថា មានករណីឆ្លងមេរោគអេដស៍ទ្រង់ទ្រាយធំទូទាំងឃុំបែបនេះឡើយ។
រហូតមកទល់ពេលនេះ អ្នកផ្ទុកមេរោគអេដស៍នៅភូមិរកា ដែលមានទាំងក្មេងចាស់ ប្រុសស្រី បានកើនឡើងទៅដល់ជិត ៣០០នាក់ ហើយ ៨នាក់បានបាត់បង់ជីវិត។ ក្នុងនោះគឺមានមនុស្សចាស់ ៧នាក់ និងទារកអាយុ ៧ខែម្នាក់។
តាមការប៉ាន់ស្មានដោយអង្គការសហប្រជាជាតិដែលធ្វើការប្រឆាំងនឹងជំងឺអេដស៍ បានបង្ហាញថា អ្នកផ្ទុកមេរោគអេដស៍នៅប្រទេសកម្ពុជា បច្ចុប្បន្នមានចំនួនជាង ៧៣.០០០នាក់ ហើយរាជរដ្ឋាភិបាលមានកញ្ចប់ថវិកាក្នុងការព្យាបាល និងផ្ដល់ថ្នាំពន្យារដល់អ្នកផ្ទុកទាំងនោះចំនួនជិត ៤លានដុល្លារអាមេរិកនៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧។
លោក កឹម សុខា ក៏បានអំពាវនាវឲ្យសហគមន៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជួយចូលរួមឧបត្ថម្ភគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ទាំងនោះទៅតាមលទ្ធភាពរៀងៗខ្លួន៕
No comments:
Post a Comment