A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

តើ​វប្បធម៌​សន្ទនា​អាច​ជា​ទឹក​អម្រឹត​ដូច​ក្នុង​រឿង​មហា​ភារតៈ​បាន​ដែរ​ឬ​ទេ?


Tue, 12 May 2015 ppp
គាំ ច័ន្ទរស្មី


ឈុត​មួយ​នៃ​ទេវកថា​រឿង​មហាភារៈតៈ​ដែល​ដូនតា​ខ្មែរ​អ្នក​កសាង​ព្រះ​វិស្ណុ​លោក ឫមហា​ប្រាសាទ​អង្គរវត្ត ​តែង​តែ​ស្ងើច​សរសើរ​ឆ្លាក់​ឡើង​រំលឹក​ដល់​អ្នក​ដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់​នោះ ​គឺជា​ឈុត​កូរ​សមុទ្រ​ទឹកដោះ​ដ៏​ល្បី​ល្បាញ។

បើ​ផ្នែក​ទៅ​តាម​រឿង​ទេវកថា​ខ្មែរ​មាន​ឥទ្ធិពល​ពី​ឥណ្ឌា​នេះ​ ការ​កូរ​សមុទ្រ​ទឹកដោះ​គឺ​និទាន​ដល់​ការ​ធ្វើការ​រួម​គ្នា​ដ៏​កម្រ​រវាង​ពពួក​អសុរា (សភាវៈ​អាក្រក់) ​និង​ពពួក​ទេវៈ​ (សភាវៈ​ល្អ) ពួកគេ​កូរ​សមុទ្រ​ទឹកដោះ​ ដើម្បី​ស្វែងរកទឹក​អម្រឹត​ដែល​អាច​ធ្វើ​ឲ្យ​នរណា​ម្នាក់​ដែល​បាន​ផឹក​វា​មាន​ជីវិត​ជា​អមតៈ​។​ ប៉ុន្តែ​ការ​សហការណ៍​គ្នា​នេះ​មិន​បាន​កើត​ឡើង​ដោយ​ងាយ ងាយ​នោះ​ទេ​។ អសុរា​គឺ​មាន​កម្លាំង​ខ្លាំង​ក្លា​​ប្រហាក់​​ប្រហែល​នឹង​ទេវៈ​ ​ពួកគេ​ប្រយុទ្ធ​គ្នា​អស់​រាប់​ពាន់​ឆ្នាំ​ដើម្បី​ដណ្តើម​សិទ្ធិ​អំណាច​គ្រប់​គ្រង​ពិភព​លោក​​ទាំង​មូល។ ការ​ប្រយុទ្ធ​គ្នា​បាន​បង្ក​ជា អន្តរាយ​ធ្ងន់ធ្ងរដល់​ជីវីត​លើ​ផែនដី​អស់​ជាច្រើន​ឥត​គណនា​។ វិនាស​កម្ម​នេះ​បាន​ធ្វើ​ឲ្យ​ព្រះវិស្ណុ​ព្រម​លូក​ព្រះហស្ត​ចូល​ដើម្បី​បញ្ចប់​វិវាទ​ដ៏រ៉ាំរ៉ៃនេះ​។​



បើ​ផ្នែក​តាម​សាសនា​ហិណ្ឌូ​ព្រះ​វិស្ណុ​ទ្រង់​អាច បញ្ចប់​សង្គ្រាម​របស់​ពួកគេ​ទាំង​ពីរ​ខាង​បាន​គ្រប់​ពេល​ដោយ​អំណាច​របស់​ព្រះ​អង្គ​ជា​អទិទេព​បង្កើត ចក្រវាល​ទាំង​មូល ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ដើម្បី​រក្សា​លំនឹង​ពិភព​លោក ព្រះ​អង្គ​បែរ​ជា​យក​រឿង​ទឹក​អម្រឹត ដែល​កប់​ក្នុង​សមុទ្រ​ទឹក​ដោះ​មក​ប្រាប់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​មើល​ឃើញ​អំពើ​ជា​ប្រយោជន៍​ផុត​ពី​សេចក្តី​ស្អប់​ខ្ពើម​គ្នា​រវាង​គូរ​បដិបក្ស​ទាំងពីរ។

ព្រះ​វិស្ណុ​បាន​ប្រែ​ក្លាយ​កម្លាំង​គំរាម​កំហែង​ដ៏​ខ្លាំង​ក្លា​ពីរ ផ្ទុយ​គ្នា​ដែល​អាច​នាំ​សេចក្តី​វិនាស​គ្រប់​ពេល​វេលា​ដល់​ពិភព​លោក​ទាំង​មូល មក​ផ្កួប​គ្នា​ជាកម្លាំង ស្នូល​រួម​ដើម្បី​ទាញ​យក​ទឹក​អម្រឹត​ដ៏​មាន​អនុភាព​វិញ។ សម្បជញ្ញៈ​នេះ គឺជា​ប្រយោជន៍​ដ៏​មហា សាល​ស្រោច​ស្រង់​ពិភព​លោក​ឲ្យ​ទទួល​បាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ។

សេចក្តី​អំនត់ និង​បញ្ញា​ញាណ​របស់​ព្រះអង្គ បានធ្វើ​ឲ្យ​ទ្រង់​​អាច​បញ្ចុះ​បញ្ចូល​ពួក​អសុរា​ដ៏​រ៉ឹងរុស​មក​ធ្វើ​ការ​រួមគ្នា​ជាមួយ​ពួក​ទេវៈ​ដើម្បី​កូរ​សមុទ្រ​ទឹក​ដោះ​យក​ទឹក​អម្រឹត​ដែល​ជា​ប្រភព នៃ ថាមពល​វិជ្ជមាន​អមតៈ។ មូលហេតុ​ដ៏​អស្ចារ្យ​មួយ​ក្នុង​រឿង​នេះ​ដែល​សំអិត​សំអាង​ព្រះ​អទិទេព​ហិណ្ឌូអង្គ​នេះ​គឺ​ជាការ​លះ​បង់​ទាំង​សំភារៈ​ក្រៅ​កាយ​ និង​ព្រះ​កាយ​ពល​ផ្ទាល់​របស់​ព្រះ​អង្គ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​សភាវៈ​ទាំងពីរ​ឲ្យ​មាន​លទ្ធភាព​ធ្វើ​ការ​ងារ​រួម​គ្នា​ដើម្បី​កូរ​សមុទ្រ​ទឹកដោះ​ដែល​មាន​រយៈ​ពេល​ដល់​ទៅ​ ១ ពាន់​ឆ្នាំ​។​

ពេល​នោះ​ព្រះ​អង្គ​បាន​ប្រគល់​ភ្នំ​មន្ទរៈ និង​បែង​ប្រកាយ​របស់ ព្រះ​អង្គ​ផ្ទាល់​ធ្វើ​ជា​អណ្តើត​កុម៌​បាន​ជា​កំណល់​ដើម្បី​កូរ​សមុទ្រ​ទឹក​ដោះ។ ថ្វី​បើ​ការ​កូរ​នេះ​ធ្វើ​ឲ្យ​ខូច ខាត​ជីវិត​ខ្លះ​ក្តី​តែ​ខណៈ​ពេល​កូរ​នោះ​ពួកគេ​ក៏​សម្រេច​បាន​នូវ​រតនៈវត្ថុ​ជា​ច្រើន​ ផុស​ចេញ​មក​ជា​បន្ត​បន្ទាប់​បំរើ​ដល់​ប្រយោជន៍​ក្នុង​ការ​រក្សា​លំនឹង​លោក​ធាតុ​ទាំង​មូល​។

ត្បិត​តែ​រឿង​នេះ​ជា​រឿង​ទេវកថា​ក៏​ពិត​មែន​តែ​វា​ហាក់​ចង្អុល​បង្ហាញ​ពី​គោល​គំនិត​ការ​ដឹក​នាំ​ដ៏​ប៉ិន​ប្រសព្វ​សម្រាប់​សង្គម​មនុស្ស​ដូច​គ្នា។ ហើយ​វា​មិន​មែន​ជា​ការ​ចៃដន្យ​ទេ​ដែល​ព្រះ​បាទ​ជ័យ​វរ័ន្ម​ទី​ ៧ ​ជា​ពុទ្ធ​សាសនិក​ជន​ដ៏​មត់មាំ​មួយ​អង្គ​កសាង​រូប​សំណាក់​ធំៗ​ស្តី​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ​របស់​សាសនា​ហិណ្ឌូ​នៅ​គ្រប់​ច្រក​ចូល​ទៅ​កាន់​ទីក្រុង​អង្គរធំ​របស់​ទ្រង់។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គោល​គំនិត​របស់​​ទេវៈកថា​នេះ ត្រដាង​ចេញ​មក​ក្រៅ​របង​មហាប្រាសាទ​របស់​អទិទេព​ ប្រាប់​មក​កាន់​មនុស្ស​លោក​ ដោយ​ផ្ទាល់​ហាក់​ដើម្បី​ក្រើន​រំលឹក​ដល់​បណ្តា​ប្រជានុរាស្ត្រ​របស់​ទ្រង់​អំពី​ភាព​ចាំបាច់​នៃ​ការ​រួប​រួម​គ្នា​ក្នុង​សង្គម​ជា​ធ្លុង​មួយ​ជ្រោង​នយោបាយ​ជាតិ​ឡើង​ដើម្បី​ធានា​ដល់​ការ​រីក​ចម្រើនរឹងមាំ​ឥត​ឈប់ឈរ​ក្នុង​សេដ្ឋកិច្ច​ជាតិ។ ដូច​ពាក្យ​បុរាណ​ខ្មែរ​លើក​ឡើង​ថា «សាមគ្គី​ខ្មែរ​រស់ បែក​បាក់ សាមគ្គី​ខ្មែរ​ស្លាប់»។

ជា​អនិច្ចំ​នៅ​ពេល​ចក្រភព​ខ្មែរ​បាន​ដួល​រលំ​ទៅ​នៅ​ដើម​សតវត្ស​ទី ១៥ នៃ​គ.ស។ បន្តិច​ម្តងៗ ព្រះ​មហាក្សត្រ​ខ្មែរ​សម័យ​ក្រោយ​អង្គរ​បាន​បំភ្លេច​ចោល​ក្រុង​អឆ្ឆរិយ​របស់​ខ្លួន។ ជា​ការ​ពិត​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​ទទួល​បាន​ទឹក​អម្រឹត​ដែល​ធ្លាប់​ត្រូវ​បាន​តម្កើង​ឡើង ​ក៏​រុងរោចន៍​ទៅ​តាម​ទេស កាល ហើយ​ការ​ហែកហួរ​គ្នា​ក៏​កាន់​តែ​មាន​ឥទ្ធិពល​មិន​អាច​គ្រប់គ្រង​បាន ​ប្រៀប​ដូច​ទៅ​នឹង​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​អសុរៈ និង​ទេវៈ​នេះ​ដែរ។

ការ​តស៊ូ​ប្រយុទ្ធ​ស៊ី​សាច់​ហុត​ឈាម​គ្នា​ដើម្បី​ដណ្តើម​អំណាច​រវាង​ខ្មែរ និងខ្មែរ​មិន​យូរ​ដល់​រាប់ពាន់​ឆ្នាំ​តែ​រយៈ​ពេល​ប្រមាណ​ជិត​ ៥០០ ​ឆ្នាំ​មក​នេះ​ មិន​បាន​បង្រៀន​ខ្មែរ​ឲ្យ​ចេះ​ស្រលាញ់​រាប់អាន​គ្នា ការពារ​គ្នា​ជា​ធ្លុង​មួយ​ដើម្បី ​រិះ​រក​រូប​មន្ត​រស់​ឲ្យ​ផុត​ពី​ឳនភាព​នេះ​ទេ ផ្ទុយ​ទៅ​វិញ​ថ្នាក់​ដឹក​នាំ​កម្ពុជា​សម័យ​ទំនើប នៅ​ជឿ​ពាក្យ​អុច​អាល​ពី​បរទេស អោប​ក្រសោប​អំណាច បណ្តោយ​ឲ្យ​បរទេស មាន​ឥទ្ធិពល​ក្នុង​នយោបាយ​ផ្ទៃ​ក្នុង​របស់​ខ្លួន រហូត​ធ្វើ​ឲ្យ​ជន​ជាតិ​ខ្មែរ​វង្វេង​កាប់​សម្លាប់​គ្នា​ឯង​មិន​រើស​មុខ​សូម្បី​តែ​សាច់​ញាត្តិ​ខ្លួន​បង្កើត​ស៊ឹង​ដាច់​ពូជ​ខ្មែរ​ផុត​ពី​ប្រឹថពី។

បើ​យើង​ក្រឡេក​មក​ចាប់​អារម្មណ៍​ឡើង​វិញ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​ចាប់​តាំង​ពី​សតវត្ស ទី១មក ខ្មែរ​យើង​ចំណាយ​រយៈ​ពេល​ប្រមាណ​ជា ១ ១០០ ឆ្នាំ ដើម្បី​វិវឌ្ឍន៍​ខ្លួន​ឡើង​ឲ្យ​ដល់​ចំណុច​កំពូល ។ ហើយ​រយៈ​ពេល​ប្រមាណ​ជាង​ ៨០០​ឆ្នាំ​ក្រោយ​មក​ទៀត​ធ្លាក់​មក​ដល់​ចំណុច​សូន្យ​ឈឹង​ល្បី ល្បាញ ​ថា​ជា​របប​ប្រល័យ​ពូជ​សាស្ត្រ​ដ៏​អាក្រក់​បំផុត​គ្មាន​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភព​លោក។ តែកង់​ប្រវត្តិសាស្ត្រ​កម្ពុជា​មិន​ទាន់​បាន​ឈប់​នៅ​ឡើយទេ ដរាប​ណា​លេខ ១៨១.០៣៥ គីឡូម៉ែត្រ​ការ៉េ នៅ​តែ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ការ​តស៊ូ របស់​ខ្មែរ​គឺ​មិន​ងាយ​ចប់​ឡើយ ។

សំនួរ​នៅ​ត្រង់​ថា៖ តើ​ខ្មែរ​នឹង​យក​រឿង​កូរ​សមុទ្រ​ទឹក​ដោះ​មក​ស្វែង​យល់ និង​អនុវត្តន៍​ដូច​ពី​អតីត​កាល​ដែរ​ទេ? ខណៈ​នៅ​ប្រទេស​ថៃ​គ្រប់​ច្រក​ទ្វា​ចូល​ទៅ​កាន់ ក្រុង​ទេព​ (ក្រុង​បាងកក) ឯ​អាកាស​យាន្ត​ដ្ឋាន​សុវណ្ណភូមិ «ឈុត​កូរ​សមុទ្រ​ទឹក​ដោះ» បាន​ផុស​ត្រដែត​ឡើង​គួរ​ឲ្យ​ស្ងប់​ស្ងែង​ក្រៃលែង​រួច​ទៅ​ហើយ។

ដោយ​ឡែក បើ​យើង​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់​បន្តិច​ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា​ពី​អតីត​កាល យើង នឹង​រក​ឃើញ​ប្រាជ្ញា​ញាណ​ពិត​មួយ។ ​បទ​ពិសោធន៍​ដែល​យើង​គួរ​កត់​សំគាល់​នាំ​ឲ្យ​ជាតិ​សាសន៍​យើង​ទទួល​បាន​ជោគ​ជ័យ​ដ៏​មហស្ចារ្យ​នោះ​គឺ​ជា​របត់​មួយ​ដែល ព្រះ​បាទ​ជ័យវរ្ម័ន​ទី​២ បាន​ក្តាប់​ណែន​ក្នុង​ព្រះហស្ត​របស់​ទ្រង់។

ព្រះ​អង្គ​មិន​បាន​សោយ​សុខ​បន្ទាប់​ពី​ជោគ​ជ័យ រំដោះ​ចេនឡា​ទឹក​លិច​ពី​ពួកជ្វា​ឈ្លាន​ពាន ហើយ​បង្រួប​បង្រួម​នគរ​ខ្មែរ​ដ៏​បែក​បាក់​ទាំង​ពីរ (ចេនឡា​ទឹក​លិច និង​ចេនឡា​ដីគោក) មក​រួម​រស់​ជាមួយ​គ្នា​នោះ​ទេ។ ជោគ​ជ័យ​ពិត​ប្រាកដ​របស់​ទ្រង់​គឺជា​រូបមន្ត «ស្តេច​ចក្រវាល» ដែល​ទ្រង់​ប្រតិស្ឋាន​ច្បាស់​ឡើង​នៅ ឆ្នាំ​ ៨០២ នៃ​គ.ស។ រូបមន្ត​នេះ​បាន​ធ្វើ​ឲ្យ​តេជៈ​របស់​ព្រះ​អង្គ​ប្រាកដ​ខ្ពស់​ផុត​ឡើង​ពី​ឥទ្ធិពល​ត្រឹម​ជា មនុស្សា​មក​ជា​អទិទេព​ដ៏​មាន​ឫទ្ធានុភាព ហើយ​ជា​ស្តេច​លើ​អស់​ស្តេច នេះស​បញ្ជាក់​ដល់​បណ្តា​មេដឹកនាំ​តាម​តំបន់​នានា ដែល​ធ្លាប់​បែក​ខ្ញែក​ឲ្យ​ចុះ​ចូល​ក្រោម​បារមី​ព្រះ​អង្គ​តែ​មួយ ហើយ​ទទួល​ស្គាល់​ទ្រង់​ជា ស្តេច​ចក្រវាល បង្កក​បាន​ជា​គ្រិះ​គំរូ​ដ៏រ៉ឹងម៉ាំ​ដល់​ព្រះរាជា​ក្រោយៗ​មក​ទៀត​ក្នុង​ការ​កសាង​ព្រះ​ទេវណាចក្រ​ឲ្យ​ក្លាយ​ជា​មហា​អាណាចក្រ​ដ៏​ខ្លាំង​ពូកែ​តែ​មួយ​គ្រប់គ្រង​អាស៊ីប៉ែកអាគ្នេហ៍​ទាំង​មូល​ក្នុង​រវាង​តែ​​ ៣០០ ឆ្នាំ​ក្រោយ​មក​ទៀត​ប៉ុណ្ណោះ។

ចុះ​តើ​វា​យឺត​ពេល​ទេ នៅ​ពេល​ខ្មែរ​បច្ចុប្បន្ន​តម្កល់​រូបមន្ត «វប្បធម៌​សន្ទនា»​ ដែល​អ្នក​នយោ បាយ​បច្ចុប្បន្ន​កំពុង​មាន​មោទនៈភាព​ជ្រោង​ឡើង​ទល់​នឹង​ភាព​សង្ស័យ រិះគន់​ឥត​សំចៃ​មាត់ ដោយ​សារ​តែ​បទ​ពិសោធន៍​នៃ​ល្បែង​នយោបាយ​កន្លង​មក? តើ​អ្នក​នយោបាយ​ខ្មែរ​បច្ចុប្បន្ន​ប្រាកដ​ទេ​ថា៖ ខ្លួន​គឺ​រួច​រាល់​ក្នុង​ការ​ផ្លាស់​ប្តូរ​កម្ពុជា​ដ៏​ផុយ​ស្រួយ ដោយ​សង​មក​ពលរដ្ឋ​ខ្លួន​វិញ​នៅ​ភាព រុង​រឿង​ដែល​ពួក​គេ​ធ្លាប់​មាន​យូរ​អង្វែង​កាល​ពី ៧០០ ឆ្នាំ​មុន​នេះ? តើ​អ្នក​ដឹក​នាំ​ខ្មែរ​ពិត​ជា​ត្រៀម ខ្លូន​រួច​ជា​ស្រេច​មែន​ឫ​ក្នុង​ការ​តម្កល់ «វប្បធម៌​សន្ទនា» ឲ្យ​ខ្ពស់​កប់​ពពក​កក់​ជា​គ្រិះ​គំរូ​ដល់​អ្នក ដឹក​នាំ​ខ្មែរ​ជំនាន់​ក្រោយ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​ជឿន​លឿន​ទៅ​មុខ​ប្រដូច​បាន​ទៅ​នឹង​ឋានសួគ៌​ភ្ជាប់​នឹង​លោក​កិយ៍​តាំង​កម្ពុជា​នៅ​ដល់​ ៥០០០ ឆ្នាំ​នៃ ព.ស តទៅ​អនាគត​ដូច​មហិច្ចតា​របស់​ដូនតា​ដ៏​មាន​ឥទ្ធិពល​របស់​យើង​ ​ឫ​ក៏ «វប្បធម៌​សន្ទនា» មាន​តម្លៃ​ត្រឹម​ជា​ល្បែង នយោបាយ​ដើម្បី​ការ​ឈ្នះ​មួយ​ពេលៗ​រៀងៗ​ខ្លួន? ឫ​ក៏​ការ​បាក់​ស្បាត​បន្សល់​ពី​សម័យ​អាណានិគម​និយម​បរទេស​ធ្វើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ខ្មែរ​បោះបង់​ចោល​មហិច្ចតា​ដូនតា ហើយ​បណ្តោយ​ឲ្យ ឳកាស​មាស​សម្រាប់​កម្ពុជា​នេះ​រលាយ​ទៅ​តាម​ពេល​វេលា​ឫ?

កូន​ចៅ​ជំនាន់​ក្រោយ​អាច​នឹង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្តី​បន្ទោស​ដល់​ថ្នាក់​ដឹក​នាំ​ខ្មែរ បច្ចុប្បន្ន​ចំពោះ​អ្វី​ដែល​បាន​បាត់​បង់​រួច​ទៅ​ហើយ តែ​ដរាប​ណា​ដែល​អ្នក​ដឹក​នាំ​ខ្មែរ​អាច​សម្រេច​ក្តី​សុបិន​របស់​កម្ពុជា​បាន​ដោយ​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឪវាទ​របស់​ខ្លួន​សព្វ​ថ្ងៃ​ត​ទៅ​អនាគត​ជឿ​ថា​ «វប្បធម៌​សន្ទនា» គឺជា​ពិត​ជា​ទឹក​អម្រឹត​អាច​ព្យាបាល​របួស​កម្ពុជា​នៃ​យើង​ឲ្យ​បាន​ជា​សះ​ស្បើយ ដោយ​កម្ពុជា​ខ្លួន​ឯង​មិន​ចាំ​បរទេស​មក​បង្គាប់​បញ្ជា​ទៀត​នោះ។ ហើយ​ប្រាកដ​ណាស់​វា​ក៏​នឹង​អាច​ជា​មោទនភាព​សម្រាប់​ខ្មែរ​គ្រប់ៗ​រូប​ក្នុង​សម័យកាល​នេះ​ ក្នុង​ការ​រួម​គ្នា​កសាង​ប្រវត្តិសាស្ត្រ​ដ៏ អស្ចារ្យ​មួយ​សម្រាប់​បច្ចុប្បន្ន និង​អនាគត​យ៉ាង​ខ្លី​ខាង​មុខ​ដែល​នឹង​ត្រូវ បាន​គេ​យក​ទៅ​និទាន​តៗ​គ្នា​ត​ទៅ​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត។ ហើយ​ប្រាកដ​ណាស់​នេះ​ជា​ការ​វិវត្តន៍ មិន​មែន​ជា​បដិវត្តន៍​ទេ៕

No comments: