2015-05-03 RFA
ក្រុមនិស្សិត និងមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សុទ្ធតែអះអាងដូចគ្នាថា ដើមត្នោតមានដុះច្រើនតែនៅក្នុងប្រទេសខ្មែរមួយប៉ុណ្ណោះ ដូច្នេះមួកស្លឹកត្នោត គឺជារបស់ខ្មែរ ដែលច្នៃប្រឌិតបង្កើតឡើងជាយូរមកហើយ។
ដោយសារការចង់អភិរក្ស និងរក្សាទុកមត៌កសិល្បៈនៃការធ្វើមួកត្នោតខ្មែរនេះ យុវជនជំនាន់ថ្មីមួយក្រុម កំពុងនាំគ្នាបំផុសគំនិតទៅកាន់មហាជនខ្មែរគ្រប់ស្រទាប់ ឲ្យចាប់អារម្មណ៍ និងស្គាល់មួកស្លឹកត្នោតខ្មែរឡើងវិញ ដើម្បីកុំឲ្យបាត់បង់ទៅដោយងាយៗ។
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាខេត្តសៀមរាប និងយុវជនប្រមាណ ១០០នាក់ បានរួមគ្នាជិះកង់ដង្ហែក្បួនតាមដងផ្លូវក្នុងទីក្រុង ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយមួកស្លឹកត្នោតទៅកាន់មហាជន និងភ្ញៀវទេសចរបរទេសជាច្រើន កាលពីព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា។
ក្បួនជិះកង់ផ្សព្វផ្សាយក្រោមសម្រែកថា មួកស្លឹកត្នោតមួកខ្មែរនេះ គឺក្រុមយុវជនបានចែកមួកស្លឹកត្នោតចំនួនជាង ១.០០០មួកទៅឲ្យមហាជនខ្មែរនៅតាមដងផ្លូវផង និងចែកជូនភ្ញៀវទេសចរបរទេសនៅមុខបរិវេណនៃប្រាសាទអង្គរវត្តផង។
អ្នករៀបចំក្បួនដង្ហែផ្សព្វផ្សាយ និងអភិរក្សមួកស្លឹកត្នោត គឺយុវជន សឿ សេរីរ័ត្ន ជានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាខេត្តសៀមរាប។ លោកមានប្រសាសន៍ថា ការជិះកង់ដង្ហែក្បួនផ្សព្វផ្សាយមួកស្លឹកត្នោតពេលនេះ គឺទី១ ដើម្បីរំឭកខួប ១ឆ្នាំនៃការចាប់ផ្តើមថែរក្សាមួកស្លឹកត្នោត និងទី២ ចង់ពង្រឹងការផ្សព្វផ្សាយ និងអភិរក្សមួកស្លឹកត្នោតខ្មែរឡើងវិញ។ និស្សិត សឿ សេរីរ័ត្ន បញ្ជាក់ទៀតថា មួកស្លឹកត្នោត គឺជាមួករបស់ខ្មែរ ហើយបើកាលណាមួកនេះនៅមានវត្តមានយូរអង្វែងក្នុងសង្គមខ្មែរ គឺវាមិនត្រឹមតែជាសញ្ញាដែលបង្ហាញពីអត្តសញ្ញាជាតិប៉ុណ្ណោះទេ វាថែមទាំងផ្ដល់ការងារ និងមុខរបរឲ្យប្រជាពលរដ្ឋខ្មែរ អាចរកកម្រៃប្រចាំថ្ងៃទៀតផង៖ «ខ្ញុំចង់អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយគាំទ្រនូវមួកត្នោតស្រុកខ្មែរ ដែលជាវប្បធម៌ និងជាអត្តសញ្ញាណរបស់ខ្មែរយើង»។
នេះជាលើកទីពីរហើយដែលក្រុមនិស្សិត និងយុវជនជាច្រើននៅខេត្តសៀមរាប បាននាំគ្នាដង្ហែក្បួនផ្សព្វផ្សាយមួកស្លឹកត្នោតខ្មែរនៅក្នុងទីក្រុង និងតំបន់ប្រាសាទបុរាណមួយចំនួន។ កាលពីឆ្នាំមុន ការដង្ហែក្បួនផ្សព្វផ្សាយមួកស្លឹកត្នោតនេះ បានធ្វើឡើងជាទ្រង់ទ្រាយមិនធំដូចឆ្នាំនេះទេ។
កញ្ញា ហែម គន្ធា ជានិស្សិតស្រីម្នាក់មានប្រសាសន៍ថា នាងបានចូលរួមដង្ហែក្បួនផ្សព្វផ្សាយមួកស្លឹកត្នោតខ្មែរនេះចំនួន ២លើកមកហើយ។ នាងបញ្ជាក់ទៀតថា មូលហេតុដែលនាងខិតខំចូលរួមផ្សព្វផ្សាយមួកស្លឹកត្នោតខ្មែរនេះ ដោយសារតែបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជាច្រើនបានបោះបង់ឈប់ពាក់ និងខ្លះទៀតមិនស្គាល់មួកស្លឹកត្នោតខ្មែរផង។ ហែម គន្ធា បញ្ជាក់ថា អ្នកខ្លះគិតថា មួកស្លឹកត្នោតខ្មែរ គឺគ្រាន់តែជាមួកធម្មតា ក៏ប៉ុន្តែតាមពិត វាគឺជាព្រលឹងនៃវប្បធម៌ខ្មែរដ៏សំខាន់៖ «គាត់គិតថា មួកត្នោត គឺគ្រាន់តែធម្មតា ប៉ុន្តែពេលដែលយើងផ្សព្វផ្សាយថាមួកត្នោតបង្ហាញពីអត្តសញ្ញាណរបស់យើង អ៊ីចឹងគាត់មានអារម្មណ៍ថានៅពេលដែលគាត់ពាក់មួកត្នោត គឺកំពុងបង្ហាញពីអត្តសញ្ញាណខ្មែរយើងទៅដល់ជនជាតិដទៃមើលឃើញដែរ»។
ក្រុមនិស្សិត និងយុវជននៅខេត្តសៀមរាប អះអាងថា រយៈពេល ២ឆ្នាំដែលពួកគេខិតខំផ្សព្វផ្សាយអំពីមួកស្លឹកត្នោតខ្មែរនេះ គឺទទួលបានជោគជ័យ ដោយសារតែជាបន្តបន្ទាប់ គឺឃើញប្រជាពលរដ្ឋខ្មែរខ្លះនាំគ្នានិយមពាក់វាឡើងវិញ ព្រមទាំងនៅតាមក្រុមហ៊ុនទេសចរណ៍ខ្លះ ក៏បានទិញជូនភ្ញៀវទេសចរបរទេសឲ្យពាក់វាដែរ។
នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលប្រារព្ធឡើងកាលពីថ្ងៃទី១៤-១៦ ខែមេសា កន្លងទៅ ក៏បានលើកតម្កើងមួកស្លឹកត្នោតខ្មែរដែរ ដោយគេបានធ្វើមួកស្លឹកត្នោតយក្សដ៏ធំមួយ ដាក់តាំងបង្ហាញអ្នកទេសចរទស្សនា ហើយឥស្សរជនខ្មែរខ្លះទៀត មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ដែលចូលរួមជាគណៈអធិបតីនៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏នាំគ្នាពាក់មួកស្លឹកត្នោតខ្មែរនេះដែរ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប កញ្ញា ស៊ុន សុវណ្ណនី សម្ដែងការគាំទ្រចំពោះក្រុមនិស្សិត និងយុវជនខ្លះ ដែលរួមគ្នាដង្ហែក្បួនផ្សព្វផ្សាយមួកស្លឹកត្នោតខ្មែរនោះ។ កញ្ញាបញ្ជាក់ថា វាជាសកម្មភាពដ៏ប្រពៃណីណាស់ដែលយុវជនជំនាន់ក្រោយចេះនាំគ្នាស្រឡាញ់ និងអភិរក្សដល់ព្រលឹង និងវប្បធម៌របស់ជាតិនោះ៖ «សួរកូនចៅណាក៏ដឹងដែរថា ទឹកដីដែលមានដើមត្នោត គឺជាទឹកដីយើងនៅគ្រប់ទិសទី។ អ៊ីចឹងការកម្មករកសិករភាគច្រើនពីសម័យមុន ដែលមិនមានការរីកចម្រើន គឺគេយកស្លឹកមកពាក់ ដើម្បីបិទបាំងកុំឲ្យត្រូវខ្យល់ ត្រូវក្ដៅ ដូច្នេះមួកស្លឹកត្នោត គឺពិតប្រាកដជាមួករបស់ខ្មែរយើង»។
ចំណែកអ្នកជំនាញខាងប្រវត្តិសាស្ត្រ ក៏ទទួលស្គាល់ថា មួកស្លឹកត្នោតបានបង្កើតឡើង និងមានវត្តមាននៅក្នុងសង្គមខ្មែររាប់ពាន់ឆ្នាំមកហើយ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា មានប្រសាសន៍ថា យោងតាមឯកសារ គឺមួកស្លឹកត្នោតមាននៅក្នុងសង្គមខ្មែរតាំងពីច្រើនសម័យកាលមកហើយ ដូចជានៅសម័យអង្គរក៏មានឆ្លាក់ទុករូបមួកស្លឹកត្នោតនេះ ហើយសម័យបន្តបន្ទាប់ក្រោយមក ដូចជាសម័យលង្វែកនាសតវត្សទី១៦ និងសម័យបារាំង ក៏ខ្មែរនៅតែនិយមប្រើមួកស្លឹកត្នោតដែរ គ្រាន់តែរូបរាងនៃមួកមានការវិវឌ្ឍខុសគ្នាទៅតាមសម័យកាល។ លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា បញ្ជាក់ថា កវីដ៏ល្បីល្បាញនៅសម័យបុរាណម្នាក់ គឺ ភិរម្យ ង៉ុយ បានចាប់អារម្មណ៍ទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរសម័យមុន ជាមួយនឹងដើមត្នោតយ៉ាងខ្លាំង រហូតដល់និពន្ធជាកំណាព្យយ៉ាងច្រើនបន្សល់ទុកនៅរហូតមកដល់បច្ចុប្បន្ន៖«កំណាព្យកាព្យឃ្លោងជាច្រើនបានលើកឡើងពីដើមត្នោត។ តាមទស្សនៈរបស់ខ្ញុំ គឺមួកនេះ គឺជារបស់ខ្មែរយើង ដែលលោកខំប្រឹងបង្កើតឡើងឲ្យន័យត្រឹមត្រូវទៅលើគុណភាពនៃដើមត្នោត ពីព្រោះថា យើងយកមកដាក់លើក្បាល គឺមានន័យណាស់សម្រាប់យើង»។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ចង់បំផុសគំនិតឲ្យក្រុមអ្នកអភិរក្សវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ រួមគ្នាធ្វើការស្រាវជ្រាវបន្តអំពីប្រភពដើមនៃការច្នៃប្រឌិតជាមួកស្លឹកត្នោតខ្មែរនេះ ថាតើវាចេញពីប្រភពណា ដើម្បីបញ្ជាក់ជាប្រវត្តិឲ្យច្បាស់លាស់ រួចហើយអាចចងក្រងជាឯកសារឈានទៅរកការចុះបញ្ជីមួកខ្មែរនោះទៅក្នុងបេតិកភណ្ឌពិភពលោកផង៕
No comments:
Post a Comment