A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 May 2015

សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​គ្មាន​សកម្មភាព​ទប់ស្កាត់​បទល្មើស​លើ​ផ្ទៃ​សមុទ្រ



School of Vice: This CPP administration is far more efficient at signing treaties giving away Cambodia's islands, territorial waters and border lands to neighbouring countries; and to the country in the east in particular?

----


ដោយ ដែន អយុធ្យា
2015-05-07
  


សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo/Provided


មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ថា​គ្មាន​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ និង​បទល្មើស​នេសាទ​ជាដើម ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​លំហ​សមុទ្រ​ខេត្ត​នេះ​ទេ។
ពលរដ្ឋ​ចោទ​ថា បទល្មើស​នេសាទ ឬ​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​មាន​ប្រេង​សាំង​ជាដើម អាច​ធ្វើ​សកម្មភាព​ក្នុង​លំហ​សមុទ្រ​ទៅ​បាន ទំនង​ជា​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​នៃ​ស្ថាប័ន​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​ជា​ថ្នូរ​ទទួល​បាន​សំណូក​លុយ​កាក់។
មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​មួយ​ចំនួន បាន​បង្ហាញ​ភាព​មិន​ទទួល​ខុស​ត្រូវ ឬ​ឆ្លើយ​ដាក់​គ្នា​ចំពោះ​សកម្មភាព​បង្ក្រាប​បទល្មើស​ទំនិញ​គេច​ពន្ធ ឬ​បទល្មើស​ផ្សេងៗ​កំពុង​កើត​មាន​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ។

បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ និង​តំបន់​ទំនប់​រលក​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​នេសាទ​បាន​បន្ត​កើត​មាន ជាពិសេស​សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ​មាន​ម៉ូតូ គ្រឿង​ឧបភោគ​បរិភោគ និង​ប្រេង​សាំង​ជាដើម។

ទាក់ទិន​បញ្ហា​នេះ លោក លី ឌី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​មន្ត្រី​ដឹក​នាំ​ស្ថាប័ន​ជំនាញ​ជលផល ឬ​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ ជាដើម ថា​អាច​ជាប់​ពាក់ព័ន្ធ​បទល្មើស​នៅ​លើ​លំហ​សមុទ្រ ទើប​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ ឬ​បទល្មើស​នេសាទ​ជាដើម បាន​បន្ត​កើត​មាន និង​គ្មាន​សកម្មភាព​បង្ក្រាប៖ «បទល្មើស​នេសាទ ឬ​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​មាន​ប្រេង​សាំង​ជាដើម បើ​យើង​ទៅ​ពិនិត្យ​ជា​លក្ខណៈ​មនុស្ស​ច្រើន ឬ​ប្រមូល​ផ្តុំ​មិន​បាន​ជួប​បទល្មើស​ទេ។ ប៉ុន្តែ​បើ​ទៅ​ជា​លក្ខណៈ​ឯកជន ឬ​លួច​ទៅ​ពិនិត្យ​មើល​ស្ងាត់ៗ​នៅ​ក្នុង​លំហ​សមុទ្រ នឹង​ជួប​ប្រទះ ពិសេស​អាច​សួរ​នាំ ឬ​ឲ្យ​អ្នក​នេសាទ​ខ្មែរ​ជា​អ្នក​ជូន​ដំណើរ ឬ​ចង្អុល​បង្ហាញ​ទីតាំង​បង្ក​បទល្មើស​នេសាទ ឬ​ទំនិញ​គេច​ពន្ធ​មាន​ម៉ូតូ​គេច​ពន្ធ ប្រេង​សាំង​គេច​ពន្ធ ជាដើម កំពុង​ធ្វើ​សកម្មភាព​នា​ខេត្ត​ព្រះសីហនុ។ អំពើ​ពុក​រលួយ​នៅ​លើ​លំហ​សមុទ្រ បើ​គ្មាន​អ្នក​មាន​អំណាច​កាង​ការពារ ឬ​នៅ​ពី​ក្រោយ​បទល្មើស​ទេ គឺ​បទល្មើស​នៅ​លើ​លំហ​សមុទ្រ​មិន​អាច​ធ្វើ​សកម្មភាព​បាន​ទេ»។



ចំណែក លោក ឃុន សាវឿន មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ទស្សនៈ​ថា បទល្មើស​គ្រប់​ប្រភេទ​មាន​បទល្មើស​នេសាទ បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ មាន​ប្រេង​សាំង​ជាដើម អាច​ធ្វើ​សកម្មភាព​ទៅ​បាន​ទាល់​តែ​មាន​ការ​អនុញ្ញាត ឬ​បើក​ដៃ​ពី​ស្ថាប័ន​ជំនាញ​បង្ក្រាប​បទល្មើស។ មន្ត្រី​រូប​នេះ បាន​លើក​យក​ម៉ូតូ​គ្មាន​ស្លាក​លេខ​ដែល​កំពុង​ធ្វើ​ចរាចរ​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​កំពុង​ដាក់​លក់​នៅ​តាម​ហាង​នានា​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ភាគ​ច្រើន​ជា​ប្រភេទ​ម៉ូតូ​គេច​ពន្ធ។

ផ្ដើម​ពី​បញ្ហា​នេះ ទាំង​ប្រជាពលរដ្ឋ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​គណៈកម្មការ​អង្កេត បោស​សម្អាត ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា ឬ​គណៈកម្មការ​ទី​១០ ត្រូវ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ជុំវិញ​កង្វល់​នាំ​ទំនិញ​គេច​ពន្ធ និង​បទល្មើស​ផ្សេងៗ ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​លំហ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

លោក ឃុន សាវឿន សង្កត់​ធ្ងន់​ថា បទល្មើស​នេសាទ​សមុទ្រ ឬ​ទំនិញ​គេច​ពន្ធ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​នៅ​ក្នុង​លំហ​សមុទ្រ​ខេត្ត​ព្រះសីហនុ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​លើ​លំហ​សមុទ្រ។ បើ​មិន​ដូច្នេះ​ទេ បទល្មើស​មិន​អាច​ធ្វើ​សកម្មភាព​បាន​ទេ៖ «នៅ​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​លក់​ម៉ូតូ​អត់​មាន​ពន្ធ​ជាច្រើន​កន្លែង ប៉ុន្តែ​មិន​ឃើញ​មាន​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ។ សំណួរ​សួរ​ថា តើ​ម៉ូតូ​អត់​ពន្ធ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន​នា​មូលដ្ឋាន​នេះ តើ​ថវិកា​ដែល​ទទួល​បាន​ត្រូវ​ប្រមូល​ចូល​ពន្ធ​រដ្ឋ ឬ​ក៏​ប្រមូល​ចូល​ហោប៉ៅ​ឯកជន។ បញ្ហា​នេះ គឺ​បាន​កើត​មាន​អនាធិបតេយ្យ​នា​ខេត្ត​ព្រះសីហនុ ហើយ​ម៉ូតូ​អត់​ពន្ធ​ទាំង​នេះ​នាំ​ចូល​មក​ពី​ណា? អ្នក​ណា ឬ​ក្រុម​ណា​ជា​អ្នក​អនុញ្ញាត?»។

ឆ្លើយ​តប​បញ្ហា​នេះ លោក ឌឹម សំបូរ អនុប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ មាន​ប្រសាសន៍​ថា រាល់​បទល្មើស​ផ្សេងៗ​ដែល​កើត​មាន​នៅ​លើ​លំហ​សមុទ្រ ទាល់​តែ​មាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ទើប​ស្ថាប័ន​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប។ លោក​បន្ត​ថា សកម្មភាព​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​មាន​ដូចជា បទល្មើស​នេសាទ និង​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ គឺ​មាន​ស្ថាប័ន​ជលផល និង​ស្ថាប័ន​គយ​ជាដើម​ជា​អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​បង្ក្រាប​ទៅ​វិញ។ ចំណែក​ស្ថាប័ន​លោក ទាល់​តែ​មាន​បណ្ដឹង ឬ​សំណើ​សុំ​កិច្ច​សហការ​ពី​ស្ថាប័ន​ជំនាញ ទើប​មាន​សកម្មភាព​បង្ក្រាប៖ «កន្លង​មក​សកម្មភាព​បង្ក្រាប​បទល្មើស​កន្លង​មក គឺ​ខ្ញុំ​បាន​សហការ​ជាមួយ​នគរបាល​សេដ្ឋកិច្ច ដោយ​បាន​បង្ក្រាប​ការ​នាំ​ចូល​ជង្គង់​មាន់​ខូច​គុណភាព​ជាដើម។ បញ្ហា​នេះ បើ​សិន​ជា​មាន​សំណើ​សុំ​អន្តរាគមន៍ ឬ​មាន​សំណើ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​មាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ជាដើម គឺ​ខាង​ស្ថាប័ន​នេះ​អាច​ចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​បាន»។

ត្រង់​ចំណុច​នេះ លោក នេន ចំរើន ប្រធាន​ជលផល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ស្ថាប័ន​ខ្លួន​មិន​មាន​មធ្យោបាយ​ដើម្បី​ចេញ​ប្រតិបត្តិការ​បទល្មើស​នេសាទ ឬ​បទល្មើស​ផ្សេងៗ​នៅ​លើ​លំហ​សមុទ្រ​ទេ។ លោក​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ ទៅ​លើ​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ និង​ស្ថាប័ន​ជំនាញ​ដទៃ​ទៀត ទើប​មាន​មធ្យោបាយ និង​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ៖ «សមត្ថភាព និង​កម្លាំង​របស់​ខ្ញុំ​ក្នុង​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ គឺ​បាន​ត្រឹម​ជិត​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ទេ ប៉ុន្តែ​បើ​នៅ​ក្នុង​លំហ​សមុទ្រ ទាល់​តែ​ខាង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ ឬ​គណៈកម្មការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ ទើប​មាន​លទ្ធភាព និង​មាន​មធ្យោបាយ​គ្រប់គ្រាន់»។

ទោះ​យ៉ាង​ណា លោក ឌឹម សំបូរ អនុប្រធាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ ថ្លែង​ថា រាល់​ការ​ចុះ​បង្ក្រាប​បទល្មើស​ផ្សេងៗ​មាន​បទល្មើស​នេសាទ និង​ទំនិញ​គេច​ពន្ធ​ជាដើម ទាល់​តែ​សំណើ ឬ​ពាក្យ​បណ្ដឹង​ពី​ស្ថាប័ន​ពាក់ព័ន្ធ៖ «អង្គភាព​ខ្ញុំ​នេះ គឺ​គ្រាន់​តែ​ជា​អង្គភាព​អន្តរាគមន៍​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះ​អាសន្ន​ពី​គ្រោះ​ធម្មជាតិ មាន​លិច​ទូក​នៅ​ក្នុង​លំហ​សមុទ្រ​ជាដើម ហើយ​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់ គឺ​ខាង​ស្ថាប័ន​ខ្ញុំ​ត្រៀម​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា»។

ផ្ដើម​ពី​បញ្ហា​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា ស្ថាប័ន​ជំនាញ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ គឺ​បង្កើត​ឡើង​ឲ្យ​តែ​ល្អ​មើល និង​ហាក់​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​របស់​ខ្លួន​ទេ។ លោក​បន្ត​ថា រាល់​ថ្ងៃ​នេះ បទល្មើស​ដែល​ធ្វើ​សកម្មភាព​នៅ​លើ​លំហ​សមុទ្រ​ខេត្ត​នេះ មាន​ដូចជា បទល្មើស​នេសាទ បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ មាន​ប្រេង​សាំង និង​ម៉ូតូ​ជាដើម គឺ​មាន​រូបភាព​អនាធិបតេយ្យ ប៉ុន្តែ​សកម្មភាព​បង្ក្រាប​របស់​ស្ថាប័ន​ជំនាញ​មាន​តិចតួច។ បញ្ហា​នេះ លោក សុខ សុខុម បង្ហាញ​មន្ទិល​សង្ស័យ​ថា បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ ឬ​បទល្មើស​នេសាទ អាច​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ការ​បង្ក្រាប ទំនង​ជា​អាច​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ផ្ដើម​ដោយ​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស ឬ​ជន​ល្មើស​មាន​ជាប់​សែស្រឡាយ​មន្ត្រី​មាន​អំណាច។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ស្នើ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ថ្នាក់​ជាតិ ត្រូវ​មាន​វិធានការ​ទប់ស្កាត់ ឬ​ឈាន​ដល់​បង្ក្រាប​បទល្មើស​នេសាទ ឬ​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​មាន​ប្រេង​សាំង​ជាដើម ឲ្យ​មាន​ប្រសិទ្ធភាព៖ «មាន​តែ​ស្ថាប័ន​រដ្ឋាភិបាល ឬ​ថ្នាក់​ជាតិ​ទេ​ដែល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ឬ​ពង្រឹង​តួនាទី​របស់​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​ផ្សេងៗ​នៅ​លើ​លំហ​សមុទ្រ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ទើប​សកម្មភាព​បង្ក្រាប​បទល្មើស​លើ​លំហ​សមុទ្រ​មាន​ប្រសិទ្ធភាព​ឡើង​វិញ។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​នៅ​តែ​បណ្តោយ ឬ​គ្មាន​វិធានការ​ទប់ស្កាត់​មន្ត្រី​ជំនាញ​ទាំង​នោះ​ទេ បទល្មើស​នឹង​បន្ត​កើត​មាន ហើយ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ខាតបង់​ថវិកា​រដ្ឋ​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​អំពើ​ពុក​រលួយ​នៃ​បទល្មើស​នេសាទ ការ​រត់​ពន្ធ​ទំនិញ​គេច​ពន្ធ​មាន​ម៉ូតូ និង​ប្រេង​សាំង​ជាដើម»។

បន្ថែម​លើ​នេះ មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​គណៈកម្មការ​អង្កេត បោស​សម្អាត ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា ឬ​គណៈកម្មការ​ទី​១០ បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត​លើ​ករណី​ទំនិញ​គេច​ពន្ធ​កំពុង​កើត​មាន​នា​ខេត្ត​ព្រះសីហនុ ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​លំនៅឋាន​នៅ​តំបន់​ទំនប់​រលក​តំបន់​ស្ទឹងហាវ បាន​អះអាង​ថា សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ​នៅ​តាម​លំហ​សមុទ្រ​ខេត្ត​នេះ នៅ​តែ​បន្ត​កើត​មាន​ដោយ​គ្មាន​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ណា​មួយ​បង្ក្រាប​ទេ។ ជាង​នេះ ក្រុម​ប្រជាពលរដ្ឋ ក៏​បាន​ចោទ​ស្ថាប័ន​មួយ​ចំនួន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​សកម្មភាព​បង្ក្រាប​បទល្មើស​ក្នុង​លំហ​សមុទ្រ មាន​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​ជាដើម ថា​អាច​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​នេសាទ និង​បទល្មើស​នាំ​ទំនិញ​គេច​ពន្ធ​ផ្សេងៗ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ៕

No comments: