ដោយ អ៊ុំ រង្សី
2015-05-05
ក្រុមអង្គការសង្គមស៊ីវិលប្រមាណជាង ២៥០ស្ថាប័ននៅក្នុងប្រទេសកម្ពុជា បានទាមទារអោយរដ្ឋាភិបាលបើកចំហកិច្ចពិគ្រោះយោបល់ និងកែសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាសាធារណៈ។
ក្រុមសង្គមស៊ីវិលយល់ថា ច្បាប់នេះមានប្រសិទ្ធភាព និងមានភាពឯករាជ្យពិតប្រាកដទៅបាន លុះត្រាណាមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ។
ការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការបញ្ឈប់ការអនុម័តសេចក្ដីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅឯការិយាល័យរបស់អង្គការអុកស្វាម (Oxfam) នៅព្រឹកថ្ងៃទី៤ ខែឧសភា។ សន្និសីទនេះធ្វើឡើងក្នុងគោលបំណងរក្សាការពារនូវសិទ្ធិ សេរីភាព និងជំរុញអោយមានចលនានៃការបង្កើតអង្គការសង្គមស៊ីវិល។
អ្នកសម្របសម្រួលផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ (Licadho) លោក អំ សំអាត បានលើក ឡើងថា សង្គមស៊ីវិលចង់ ឃើញរដ្ឋាភិបាលកម្ពុជា បើកកិច្ចពិគ្រោះយោបល់ ជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះជាសាធារណៈ ពីព្រោះសង្គមស៊ីវិលមិនចង់ឃើញច្បាប់មួយដែលបង្កើតឡើងក្រោមរូបភាពបំបិទសិទ្ធិសេរីភាព ធ្វើឡើងដោយគណបក្សនយោបាយ និងគ្មានការបើកចំហព័ត៌មាននោះទេ។
លោក អំ សំអាត បានលើកឡើងទៀតថា សង្គមស៊ីវិលចង់ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដើម្បីធានាបាននូវច្បាប់ដែលមានភាពឯករាជ្យ តម្លាភាព និងកសាងបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៖ «ខ្ញុំគិតថា ក្នុងនាមសង្គមស៊ីវិលយើងមានសិទ្ធិទាមទារឲ្យរដ្ឋាភិបាលបញ្ចេញច្បាប់គ្រប់គ្រងសមាគម និងអង្គការជាសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យ និងដើម្បីធានាថា ច្បាប់នេះបានគោរពសិទ្ធិសេរីភាពពលរដ្ឋ»។
ជាមួយគ្នានេះដែរ ប្រធានលេខាធិការដ្ឋាននៃក្រុមអង្គការសិទ្ធិមនុស្ស លោក សួន ប៊ុនសក្តិ បានលើកឡើងដែរថា សង្គមស៊ីវិលព្រួយបារម្ភនៅពេលច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញទៅមិនផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍកម្ពុជា ពិតប្រាកដ។ លោកបន្តថា សង្គមស៊ីវិលមិនជំទាស់នោះទេ ប្រសិនណារដ្ឋាភិបាលផ្ដល់សេចក្ដីព្រាងច្បាប់ជាផ្លូវការដល់សាធារណជន និងត្រូវបើកទូលាយដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បានយល់ បានដឹង និងបើកកិច្ចពិគ្រោះយោបល់ជុំវិញបញ្ហានេះរហូតមានការឯកភាពគ្នាជាផ្លូវការ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសាកសួរបន្ថែមជុំវិញការទាមទាររបស់ក្រុមសង្គមស៊ីវិលបានទេ កាលពីថ្ងៃទី៤ ខែឧសភា។
ទាក់ទងនឹងសេចក្ដីព្រាងច្បាប់ខាងលើនេះដែរ កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ច្បាប់ស្ដីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងត្រូវឆ្លងគណៈរដ្ឋមន្ត្រី ក្នុងខែឧសភា ឆ្នាំ២០១៥ នេះ ដោយលោកអំពាវនាវអោយមានការផ្ដល់យោបល់ជាជាងការរារាំងកុំអោយមានការអនុម័តច្បាប់នេះ។
លោកនាយករដ្ឋមន្ត្រីក៏បានរិះគន់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានយកលុយពីបរទេសដើម្បីនិយាយអាក្រក់ពីរដ្ឋាភិបាលនោះ។ លោកបន្តថា ការបង្កើតច្បាប់នេះ គឺដើម្បីការគ្រប់គ្រងមួយ មិនមែនដើម្បីរារាំងសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលនោះទេ៕
No comments:
Post a Comment