A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 May 2015

ពលរដ្ឋ​ខេត្ត​ព្រៃវែង​រិះគន់​មន្ត្រី​ពាក់ព័ន្ធ​ថា​គ្មាន​ឆន្ទៈ​បង្ក្រាប​ជនជាតិ​វៀតណាម​នេសាទ​ខុស​ច្បាប់

ដោយ ម៉ែន សុធីរ
នេសាទ​ខុស​ច្បាប់ ព្រៃវែង ៦១០
សកម្មភាព​នេសាទ​ត្រី​របស់​ជនជាតិ​វៀតណាម នៅ​ខាង​លិច​វត្ត​ពោធិ៍ថ្មី ភូមិ​ពោធិ៍ថ្មី ឃុំ​កោះសំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Hum Chamroeun
ពលរដ្ឋ​ខេត្ត​ព្រៃវែង រិះគន់​មន្ត្រី​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ ថា​គ្មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​វៀតណាម តាម​ដង​ទន្លេ​មេគង្គ​ក្រោម ម្តុំ​ជិត​ស្ពាន​អ្នក​លឿង។ ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​នេសាទ​តាម​ដង​ទន្លេ​មេគង្គ ឃើញ​សកម្មភាព​នេសាទ​បែប​នេះ​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ​រហូត​មក​ដល់​ពេល​នេះ។
ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ព្រងើយ​កន្តើយ​លើ​រឿង​នេះ​ជា​សញ្ញា​អវិជ្ជមាន​ធ្ងន់ធ្ងរ នៃ​វិនាសកម្ម​ធនធាន​មច្ឆជាតិ​នៅ​ទន្លេ​មេគង្គ ហើយ​ជា​ឧបសគ្គ​ចំពោះ​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក។
ពលរដ្ឋ​រស់នៅ​ភូមិ​ឧត្តម ឃុំ​ព្រែកសាយក ស្រុក​ពាមរ៍ នៅ​តែ​បារម្ភ​ពី​សកម្មភាព​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​ឧបករណ៍​អួន​មាន​ប្រវែង​ទទឹង ២០០​ម៉ែត្រ បណ្តោយ​ជាង ៥០០​ម៉ែត្រ និង​ជម្រៅ​ដល់​បាត​ទន្លេ​ដែល​អាច​ចាប់​ត្រី​បាន​គ្រប់​ប្រភេទ។ អ្នក​ភូមិ​អះអាង​ថា សកម្មភាព​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ធ្វើ​ឡើង​រៀង​រាល់​យប់ ដោយ​មិន​ខ្លាច​រអា​សមត្ថកិច្ច​មូលដ្ឋាន​ទេ។
ក្រុម​ប្រជាពលរដ្ឋ​ដដែល អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ត្រួត​ពិនិត្យ និង​បង្ក្រាប​បទល្មើស​នេសាទ​របស់​ជនជាតិ​វៀតណាម នេះ​តាម​ច្បាប់។
ចំណែក​តំណាង​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ក្បែរ​ស្ពាន​អ្នក​លឿង លោក ឯម ប៊ុនណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ឧសភា ថា ជនជាតិ​វៀតណាម នៅ​តែ​បន្ត​សកម្មភាព​នេសាទ​ត្រង់​ចំណុច​ក្រោម​ស្ពាន​អ្នក​លឿង​ឆ្ពោះ​ទៅ​ឃុំ​ពាមមានជ័យ បណ្ដាល​ឲ្យ​មង​អ្នក​ភូមិ​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បណ្ដែត​តាម​ទន្លេ ត្រូវ​ខ្ទេចខ្ទី​ព្រោះ​តែ​សកម្មភាព​នេសាទ​របស់​ជនជាតិ​វៀតណាម។ បន្ថែម​ពី​លើ​នេះ​ទៀត សកម្មភាព​នេសាទ​ជនជាតិ​វៀតណាម ប្រើប្រាស់​ទូក​ធុន​ធំ​មាន​ល្បឿន​លឿន​ចំនួន ៥​គ្រឿង អូស​តាម​បណ្តោយ​ទៅ​តាម​អាកាសធាតុ​នៅ​ទន្លេ​មេគង្គ​ជា​រៀង​រាល់​យប់ រហូត​មក​ដល់​ថ្ងៃ​ទី​៣ ឧសភា នៅ​មិន​ទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​អនុវត្ត​តាម​ច្បាប់​ឡើយ៖ «និយាយ​ពី​ការ​ព្រួយ​បារម្ភ ខ្ញុំ​មិន​ដឹង​រក​អី​មក​និយាយ​ឲ្យ​ស្មើ​នឹង​ការ​បាត់បង់ ការ​បាត់បង់​វា​ធំធេង​ពេក ជាពិសេស​ខ្ញុំ​បន្ទោស​មន្ត្រី​ដែល​មាន​ជំនាញ​ខាង​ហ្នឹង​តែ​ម្តង មុន​នឹង​វា​ចុះ​នេសាទ វា​ត្រូវ​ការ​រត់​ការ​បង់​លុយ​បង់​កាក់ បាទ! នេះ​ជា​ការ​ឃុបឃិត​មួយ​របស់​សមត្ថកិច្ច​តែ​ម្តង​បង»


ទាក់ទង​ករណី​នេះ អនុប្រធាន​រដ្ឋបាល​ជលផល លោកស្រី កាំង ឃីម មាន​ប្រសាសន៍​ថា លោកស្រី​បាន​ជូន​ដំណឹង​ទៅ​មន្ត្រី​ជលផល​នៅ​តំបន់​នោះ ឲ្យ​ចុះ​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី​១ ឧសភា ក៏ប៉ុន្តែ​លោកស្រី​បារម្ភ​ថា កន្លង​មក​ការ​ចុះ​បង្ក្រាប​ការ​នេសាទ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ប្រសិន​មាន​បញ្ហា​ថ្លោះធ្លោយ។ លោកស្រី​សន្យា​ទៀត​ថា នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​នេសាទ​របស់​ជនជាតិ​វៀតណាម ម្តង​ទៀត តាម​សំណើ​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ទទួល​ដំណឹង​ជា​លើក​ទី​ពីរ៖ «យើង​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ជាមួយ បាន​ធ្វើ​វា​ឈ្នះ បើ​ចឹង​ពិបាក​ទៀត។ ខ្ញុំ​ថា​ត្រូវ​ការ​សហការ​ទាំងអស់​គ្នា ទាំង​អាជ្ញាធរ​មូលដ្ឋាន ទាំង​ប្រជាពលរដ្ឋ កង​កម្លាំង​ប្រដាប់​អាវុធ​ជំនាញ​ជលផល​យើង​ហ្នឹង»
ដូច​គ្នា​នេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ស្រេង ជា មាន​ប្រសាសន៍​ថា លោក​នឹង​ចាត់​ឲ្យ​អធិការ​ស្រុក​ពាមរ៍ ចុះ​ស៊ើប​អង្កេត​ករណី​នេះ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​សហគមន៍​នេសាទ។ ប៉ុន្តែ លោក​មិន​បាន​បកស្រាយ​ពិស្ដារ​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​លោក​ជាប់​រវល់​ប្រជុំ។
ក្នុង​ករណី​នេះ​ដែរ មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ជលផល លោក សំ សត្យា យល់​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​ដ៏​ធំ​នេះ គឺ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដូចជា​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ជាដើម។ លោក សំ សត្យា សន្យា​ថា នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​នេសាទ​របស់​ជនជាតិ​វៀតណាម៖ «ខ្ញុំ​គិត​ថា​ដូច​មិន​ហ៊ាន​ឆ្លង​អា​ឧបករណ៍​មក​ទេ ខាង​សមត្ថកិច្ច​ខាង​ព្រំដែន គេ​មាន​ច្រើន​គ្នា​ដែរ ចឹង​អាច​ជា​រស់នៅ​ស្រុក​ខ្មែរ​អ៊ីចឹង​ទៅ នេះ​ខ្ញុំ​សន្និដ្ឋាន​ទេ ចឹង​យើង​អាច​កំណត់​មុខ​សញ្ញា​ហ្នឹង​ទៅ យើង​ឲ្យ​ជំនាញ​យើង​ចុះ​ស្រាវជ្រាវ​ជាមួយ​មេ​ភូមិ​មេ​ឃុំ ហើយ​យើង​អប់រំ​ណែនាំ​គាត់​ទៅ បើ​គាត់​មិន​បញ្ឈប់​ទេ ដឹង​មុខ​សញ្ញា​អី​ហើយ យើង​អាច​កសាង​សំណុំ​រឿង​ទៅ​តុលាការ​តែ​ម្តង​ក៏​បាន​ដែរ»
ទាក់ទិន​ករណី​នេះ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឱម សារ៉ាត់ យល់​ថា ករណី​នេះ​លោក​មិន​ជឿ​ថា មន្ត្រី​ជំនាញ​មិន​ដឹង​នោះ​ទេ។ លោក​ថា បើ​មន្ត្រី​ជំនាញ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ហើយ ទោះ​បី​ជា​បទល្មើស​នេសាទ​នេះ​កើត​ឡើង​ធំ​ប៉ុណ្ណា ក៏​មិន​អាច​ទប់ស្កាត់​បាន​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​បារម្ភ​ជីវភាព​ពលរដ្ឋ​ដែល​មាន​មុខ​របរ​នេសាទ​នៅ​តំបន់​នោះ អាច​នឹង​បាត់បង់ ព្រោះ​ឧបករណ៍​អួន​របស់​វៀតណាម បាន​បំផ្លាញ​ឧបករណ៍​នេសាទ​របស់​ពលរដ្ឋ​ខ្មែរ​គ្មាន​សល់។ លោក​ថា ការ​ព្រងើយ​របស់​មន្ត្រី​ជំនាញ កំពុង​បង្ក​ឲ្យ​វិនាសកម្ម​ធនធាន​មច្ឆជាតិ​ត្រូវ​បាត់បង់​ធ្ងន់ធ្ងរ និង​ជា​សញ្ញា​អវិជ្ជមាន​យ៉ាង​ធំ​សម្បើម​ដល់​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​រស់​តាម​ដង​ទន្លេ​មេគង្គ៖ «រដ្ឋបាល​ជលផល​មិន​ដឹង​ជា​យ៉ាង​ម៉េច​ទេ ចេះ​តែ​បណ្ដែត​បណ្តោយ​ឲ្យ​ចឹង ខ្ញុំ​ជឿ​ថា​មិន​មែន​រដ្ឋបាល​ជលផល​មិន​ដឹង​ទេ ប្រជាពលរដ្ឋ​គាត់​រាយការណ៍​ជូន​គ្រប់​ច្រក​គ្រប់​ល្ហក»
ប្រជា​នេសាទ​អះអាង​ថា ចាប់​តាំង​ពី​សកម្មភាព​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​របស់​វៀតណាម តាំង​ពី​ឆ្នាំ​២០១២ រហូត​ដល់​បច្ចុប្បន្ន​នេះ ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន គឺ​ផុត​ពូជ ដូចជា ត្រី​ព្រលូង ត្រី​កាហែ ត្រី​ផ្ទោង និង​ត្រី​ក្លាំងហាយ ជាដើម និង​បរិមាណ​ត្រី​កាន់​តែ​ធ្លាក់​ចុះ​បន្តិច​ម្តងៗ ព្រោះ​តែ​សកម្មភាព​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម។
កាល​ពី​ឆ្នាំ​២០១២ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លុប​បំបាត់​ការ​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ និង​អនុញ្ញាត​ឲ្យ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រើ​ឧបករណ៍​នេសាទ​ដូចជា អួន ជាដើម មាន​ប្រវែង​មិន​លើស​ពី ៥០​ម៉ែត្រ៕

No comments: