A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 May 2015

ក្រសួង​រ៉ែ​គ្រោង​ចេញ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទៅ​ឲ្យ​សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី

ដោយ អ៊ុក សាវបូរី
អាជីវកម្ម​រ៉ែ​មាស រតនគិរី ៦២០
ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ មេសកូ ហ្គូល (Mesco Gold) កំពុង​សាងសង់​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Ratha Visal
ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម ឬ​សិប្បកម្ម​លើ​ធនធាន​រ៉ែ​មាស ទៅ​ឲ្យ​ប្រជា​សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ឲ្យ​អាជីវកម្ម​ដែល​កំពុង​ដំណើរ​ការ​សព្វថ្ងៃ​ដោយ​គ្មាន​ច្បាប់ ឬ​បែប​អនាធិបតេយ្យ​នោះ ក្លាយ​ទៅ​ជា​អាជីវកម្ម​មួយ​ស្រប​ច្បាប់។ អាជ្ញាប័ណ្ណ​នោះ នឹង​ផ្តល់​ទៅ​ឲ្យ​ពលរដ្ឋ និង​អាជីវករ​កំពុង​ជីក​មាស​នៅ​ទីនោះ ក្រោយ​ពី​អ្នក​ភូមិ និង​អាជីវករ​ទាំងអស់​រួម​គ្នា​បង្កើត​ជា​សហគមន៍​រួច។
ក្រសួង​រ៉ែ និង​ថាមពល ត្រៀម​ចេញ​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​មាស ឲ្យ​សហគមន៍​រ៉ែ​មាស​ចុងផ្លាស់ ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នៅ​ដើម​ខែ​មិថុនា ខាង​មុខ​នេះ។
ការ​ត្រៀម​ផ្តល់​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​មាស​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​អធិការកិច្ច​ក្រសួង​រ៉ែ និង​ថាមពល បាន​ចុះ​ទៅ​ពិនិត្យ​ការ​ជីក​យក​មាស​នៅ​តំបន់​ចុងផ្លាស់ ដែល​គ្មាន​ច្បាប់​ទម្លាប់ ហើយ​ក្រសួង​ចង់​ឲ្យ​អាជីវកម្ម​នោះ​ក្លាយ​ទៅ​ជា​អាជីវកម្ម​ស្រប​ច្បាប់ ដើម្បី​បាន​ប្រាក់​ចំណូល​ជាតិ​ផង អាច​គ្រប់គ្រង​ការ​ជីក​យក​រ៉ែ​មាស​មិន​ត្រូវ​បច្ចេកទេស​ផង និង​គ្រប់គ្រង​បាន​នូវ​ផល​ប៉ះពាល់​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច​ផង។


មន្ត្រី​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ថា នៅ​ចុង​ខែ​ឧសភា និង​ដើម​ខែ​មិថុនា ក្រសួង​នឹង​ប្រគល់​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​មាស​មាន​រយៈពេល ១​ឆ្នាំ ឲ្យ​សហគមន៍​រ៉ែ​មាស​ចុងផ្លាស់ បន្ទាប់​ពី​អាជីវករ និង​ពលរដ្ឋ​ដែល​ជីក​មាស​ឯកជន បាន​រួម​គ្នា​ជា​សហគមន៍៖ «ដែល​យើង​រំពឹង​ថា​នឹង​អាច​ដោះ​តែ​ម្តង​ហ្នឹង​ឲ្យ​វា​ចប់ កុំ​ឲ្យ​ថា​ដូច​លើក​មុន​កន្លង​មក  យើង​ទៅ​បង្ក្រាប​គាត់​ទៅ ហើយ​យើង​ត្រឡប់​មក​វិញ គាត់​កើត​ឡើង​វិញ​ទៀត​ទៅ។ ឥឡូវ​នេះ​យើង​រុញ​គាត់​ឲ្យ​ចូល​ទៅ​ក្នុង​ច្បាប់ មាន​ច្បាប់​អនុញ្ញាត​អី​ត្រឹមត្រូវ ជួយ​តំរែតម្រង់​គាត់​អី យើង​ទៅ​ចងក្រង​ជា​សហគមន៍​ជា​អី​អ៊ីចឹង​ទៅ ជា​ដំណោះស្រាយ​មួយ​ដែល​ជា​ដំណោះស្រាយ​រយៈពេល​វែង ហើយ​រំពឹង​ថា​នឹង​មាន​និរន្តរភាព ដែល​អាច​ដោះស្រាយ​ឲ្យ​គាត់​ពី​ធ្វើ​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់​ដែល​គាត់​ត្រូវ​រត់​ពួន​ធ្វើ​ក្នុង​ទី​ងងឹត​ហ្នឹង ឲ្យ​គាត់​មក​នៅ​ទី​ភ្លឺ​វិញ​នេះ»
លោក​ថា ការ​ជីក​យក​រ៉ែ​មាស​គ្មាន​ការ​ទទួល​ខុស​ត្រូវ បាន​ធ្វើ​អាជីវកម្ម​អនាធិបតេយ្យ​ចាប់​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​ចុងផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ ក្រសួង​រ៉ែ និង​ថាមពល ទើប​ចុះ​ពិនិត្យ​ភាព​អនាធិបតេយ្យ​នៃ​ការ​ជីក​មាស​នោះ ដើម្បី​បង្វែរ​អាជីវកម្ម​រ៉ែ​មាស​គ្មាន​ច្បាប់ ឲ្យ​មក​ទទួល​ខុស​ត្រូវ​ស្រប​ច្បាប់​វិញ។ លោក​បន្ត​ថា អាជ្ញាប័ណ្ណ​នេះ​នឹង​កាត់​យក​ដី​ប្រមាណ ៤៣​ហិកតារ ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​រុក​រក​រ៉ែ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ រ៉ុង ឆេង។ លោក​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​រ៉ែ​មាស​ឲ្យ​សហគមន៍​ចុងផ្លាស់​នេះ ជា​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​ដែល​បាន​កំណត់​ជម្រៅ​ជីក​យក​រ៉ែ មិន​ឲ្យ​លើស​ពី ២០​ម៉ែត្រ​ចុះ​ក្រោម និង​កំណត់​ការ​បង់​ពន្ធ និង​សួយសារ​រាល់​ឆ្នាំ។ រីឯ​ក្រសួង អាច​ដក ឬ​បន្ត​អាជ្ញាប័ណ្ណ​ឲ្យ​សហគមន៍ នៅ​ពេល​ដែល​សហគមន៍​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ ឬ​មិន​បាន​គោរព ជាដើម។
បញ្ហា​នេះ​ដែរ អាជីវករ​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់ ថ្លែង​ថា ក្រសួង​រ៉ែ និង​ថាមពល ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​សហគមន៍​ចុងផ្លាស់​អាច​ជីក​រ៉ែ​មាស​ស្រប​ច្បាប់ ដោយ​គ្មាន​ការ​គោះ​យក​លុយ​ក្រៅ​ច្បាប់​នោះ គាត់​អបអរ​សាទរ ប៉ុន្តែ​គាត់​បារម្ភ​ខ្លាច​អាជ្ញាប័ណ្ណ​នោះ​ដាក់​គំនាប​មក​លើ​ពួក​គាត់​ខ្លាំង​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា គាត់​បាន​បង់​លុយ​ឲ្យ​ទៅ​អ្នក​រត់​ការ​យក​អាជ្ញាប័ណ្ណ គឺ​អាជីវករ​ម្នាក់ៗ​គេ​ឲ្យ​យក​ប្រាក់ ១​លាន​រៀល៖ «បាន​ជីក​ហើយ ប៉ុន្តែ​គេ​ឲ្យ​ផ្អាក កាល​គេ​ឲ្យ​ធ្វើ​សំណុំ​បែបបទ​ចូល​ជា​សហគមន៍ ឥឡូវ​ធ្វើ​ហើយ​គេ​សុំ​លុយ​មួយ​រណ្ដៅ ១​លាន​រៀល ដើម្បី​រត់​ការ តែ​តម្លៃ​ថ្លៃថ្នូរ​អា​របៀប​ដូច​ថា ដី​ក្នុង ១​ហិកតារ​គេ​យក​ប៉ុន្មាន ឬ​មួយ​អា​គេ​យក​ប៉ុន្មាន​អត់​ទាន់​ឆ្លើយ​តប​ទេ»
បន្ថែម​លើ​នោះ អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា ឲ្យ​ដឹង​ថា អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​មាស ត្រូវ​ដាក់​ប្រាក់​តម្កល់​ចំនួន ៨​លាន​រៀល។ លោក​បន្ថែម​ថា ក្រៅ​ពី​ការ​ចុះ​អធិការកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី ក្រសួង​ក៏​បាន​ចុះ​ទៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង មើល​អាជីវកម្ម​ថ្ម​អារ។ មន្ត្រី​ក្រសួង​បាន​ពិនិត្យ​មើល​បច្ចេកទេស​អារ​ថ្ម​ក្រានីត ដែល​តម្រូវ​ឲ្យ​ការ​ជីក​យក​ថ្ម​នោះ​គោរព​តាម​អាជ្ញាប័ណ្ណ ដែល​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​ថ្មីៗ​បង្កើត​ជា​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ទៀត​ផង៕

No comments: