ដោយ៖ ស៊ុន ណារិន និងឡាយ សាមាន | ថ្ងៃពុធ ទី20 ឧសភា 2015,
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន នៅថ្ងៃពុធនេះ ព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកលេងហ្វេសប៊ុកមួយចំនួន ដែលបានប្រើប្រាស់ពាក្យអសុរោះ ប្រមាថមើលងាយ និងបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះនៅលើហ្វេសប៊ុកផ្លូវការរបស់លោក ដោយភ្ជាប់ជាមួយរូបថតរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ដែលកំពុងរងការរិះគន់ពីបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗ ក្រោយពីលោកបានចេញលិខិតដាក់ទៅរដ្ឋសភា ដោយអះអាងប្រជាជនខ្មែរនៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងដាំដំណាំលើដីវៀតណាម។
លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុកជាលក្ខណៈ«លិខិតចំហរចំពោះជនអគតិ និងអសីលធម៌»ថា ក្នុងរយៈពេលថ្មីៗនេះ លោកបានសង្កេតឃើញជនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធព័ត៌មានសង្គមបានប្រើប្រាស់ពាក្យអសុរោះ ប្រមាថមាក់ងាយ បំផ្លើស និងវាយប្រហារបរិហារបង្កាច់កេរ្តិ៍ដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំមួយចំនួន។ លោកបន្តថាតាមការស្រាវជ្រាវ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញនូវមុខសញ្ញាមួយចំនួនខ្លះនៅក្នុងស្រុក និងមួយចំនួនទៀតនៅក្នុងប្រទេសកាណាដា សហរដ្ឋអាមេរិក និងអូស្រ្តាលីជាដើម។
លោកបានសរសេរថា«ការប្រមាថ និងការបរិហារបង្កាច់កេរ្តិ៍ គឺមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមានទម្ងន់ទោសជាធរមានស្រាប់។ ការប្រមាថ និងការបរិហារបង្កាច់កេរ្តិ៍ គឺមិនស្ថិតនៅក្នុងសេរីភាពក្នុងការបញ្ចេញយោបល់ឡើយ ក៏ប៉ុន្តែវាជាការរំលោភសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ដែលត្រូវទទួលបានការគោរពរួមទាំងច្បាប់ជាតិ និងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះសេរីភាពOnline ក៏រាប់បញ្ចូលថាជាការរំលោភបំពានផងដែរ»។
លោក ផៃ ស៊ីផាន បានព្រមានចាត់វិធានការផ្លូវច្បាប់លើជនទាំងនោះ។ លោកបានសរសេរថា«យើងខ្ញុំនឹងចាត់វិធានការណាមួយទាំងផ្លូវបច្ចេកទេស និងផ្លូវច្បាប់ ដើម្បីរក្សាសេរីភាព និងសេចក្តីថ្លៃថ្នូរក្នុងការប្រើប្រាស់Online នេះ»។
VODមិនអាចទាក់ទងលោក ផៃ ស៊ីផាន ដើម្បីបញ្ជាក់បន្ថែមលើបញ្ហានេះទេ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៣ លោក ផែល ភារុណ ដែលជាគ្រូបង្រៀនម្នាក់ត្រូវបានកោះហៅទៅតុលាការបន្ទាប់ពីលោករិះគន់មន្រ្តីនគរបាលចរចារណ៍រាជធានីភ្នំពេញលើហ្វេសប៊ុករបស់លោក។ ចំណែកកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ លោក ជេត សុវិចិត្រ ជាអ្នកគ្រប់គ្រងទីផ្សារម្នាក់ត្រូវបានឃុំខ្លួននៅខេត្តស្ទឹងត្រែង បន្ទាប់ពីលោកបានបង្ហោះរូបថតរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅលើហ្វេសប៊ុក ដោយចោទប្រកាន់ពីការជម្រិតទារប្រាក់។ ចំណែកកាលពីខែកុម្ភៈ ឆ្នាំ២០១៤ សាលាដំបូងរាជធានីភ្នំពេញបានពិន័យ សិល្បករមួយរូប អ្នកនាង ដួង ហ្សូរីដា ចំនួន២លានរៀល ដោយសារការចោទប្រកាន់គូបដិបក្ខនៅលើហ្វេសប៊ុកថាបានលួចបុគ្គលិករបស់អ្នកនាង។
របាយការណ៍របស់អង្គការលីកាដូស្តីចេញផ្សាយនៅខែឧសភានេះ បានលើកឡើងថាប្រទេសកម្ពុជាកំពុងរីកសាយភាយយ៉ាងខ្លាំងនូវការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ដោយសារកើនឡើងនូវប្រភេទទូរស័ព្ទស្មាតហ្វូន ងាយស្រួលភ្ជាប់អ៊ីនធើណែត និងមានបណ្តាញទូរស័ព្ទចល័តយ៉ាងទូលំទូលាយ។ របាយការណ៍បន្តថាក្នុងនោះប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនេះ ដើម្បីចែករំលែកព័ត៌មានក្នុងសង្គមរួមមាន ការប្រើហិង្សារបស់នគរបាល និទណ្ឌភាព អំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើជាដើម។ លីកាដូបានបញ្ជាក់ថាសេរីភាពនៃការបញ្ចេញមតិប្រភេទនេះកំពុងស្ថិតនៅក្រោមការគំរាមកំហែង ដោយសាររដ្ឋាភិបាលបានបង្កើតក្រុមអ្នកជំនាញលើប្រព័ន្ធអ៊ីនធើណែត(Cyber War Team) ដើម្បីត្រួតពិនិត្យប្រមូលព័ត៌មានពីប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសហ៊ុក និងតាមរយៈគេហទំព័រផ្សេងទៀត។
មន្រ្តីគម្រោងសិទ្ធិ និងអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន ម៉ារ៉ាណា មានប្រសាសន៍ថាជាគោលការណ៍អន្តរជាតិ រាល់ការបញ្ចេញមតិត្រូវមានព្រំដែនកំណត់ ហើយត្រូវធានាថាមិនប៉ះពាល់ដល់អ្នកដទៃ។ យ៉ាងណាក៏ដោយកញ្ញាយល់ថាប្រសិនបើរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធើណែត និងទូរគមនាគមន៍ វាពិតជាប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់បុគ្គល។
កញ្ញា សន រ៉ាម៉ាណា ឲ្យដឹងទៀតថាបើច្បាប់ស្តីពីឧក្រិដ្ឋកម្មអ៊ីនធើណែត និងទូរគមនាគមន៍ ត្រូវបានបង្កើតឡើងដើម្បីការពារសន្តិសុខសង្គម នោះជាការប្រសើរ តែបើបង្កើតឡើងដើម្បីរឹតបន្តឹងសេរីភាពប្រជាពលរដ្ឋ វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពបុគ្គលក្នុងការបញ្ចេញមតិ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment