ដោយ សិរីមុនី
2015-05-15
ចម្រៀងគឺជាចំណែកសំខាន់មួយដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃប្រទេសជាតិនីមួយៗ។ ចម្រៀងមានតួនាទីផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងបង្កើនសក្ដានុពលសេដ្ឋកិច្ច និងកិត្យានុភាពល្អដល់ប្រទេសកម្ពុជា។ កវីនិពន្ធអាចប្រើប្រាស់បទចម្រៀងអោយអន្ទងយកភាពសោការបស់មនុស្សម្នាក់ៗបាន និងជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម។
ប្រជាពលរដ្ឋដែលនិយមស្ដាប់ចម្រៀងលើកឡើងថា បទចម្រៀងភាគច្រើនចម្លងពីគេដោយគ្មានការនិពន្ធ និងច្នៃប្រឌិតស្នាដៃដោយខ្លួនឯង។ ការមិនបង្កើនគុណភាពសរសេរបទចម្រៀងនេះបានបណ្ដាលឲ្យមហាជនរិះគន់ថា បទចម្រៀងសម័យថ្មីល្បីមិនយូរស៊ូនឹងបទចម្រៀងចាស់មិនបាន។ បទចម្រៀងដែលខ្វះគុណភាពនេះហើយដែលជាហេតុបណ្ដាលឲ្យបាត់បង់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជា។
និស្សិតនៃវិទ្យាស្ថានឯកជនមួយក្នុងរាជធានីភ្នំពេញ លោក រក្សា លើកឡើងថា លោកចូលចិត្តស្ដាប់ចម្រៀងណាស់ ពិសេសពេលទំនេរ។ លោកបន្តថា នៅពេលយើងហត់មានតែចម្រៀងទេដែលជាឱសថនៃអារម្មណ៍ដ៏ពូកែ។ ប៉ុន្តែលោកថា លោកចូលចិត្តស្ដាប់បទចម្រៀងសម័យដើមជាជាងសម័យឥឡូវនេះ។
លោកមិនចូលចិត្តបទចម្រៀងសម័យឥឡូវព្រោះថា អ្នកចម្រៀងមិនសូវពីរោះ និងមិនសូវមានអត្ថន័យ៖ «ពេលខ្លះបទថ្មីហ្នឹងយកពីគេមកស្ដាប់ឆាប់សាំ ស្ដាប់បានប៉ុន្មានសាំ និងធ្វើឲ្យវប្បធម៌ខ្មែរធ្លាក់ចុះ»។
លោកបន្ថែមថា បទចម្រៀងបច្ចុប្បន្នស្ដាប់ឆាប់ធុញ និងហាក់មិនសូវយល់ពីអារម្មណ៍នៃអ្នកស្ដាប់នោះទេ និងម្យ៉ាងខ្វះខ្លឹមសារអប់រំ និងមានលាយឡំរូបភាពអវិជ្ជមានច្រើន។ លោកអះអាងថា វីដេអូនៃបទចម្រៀងខ្លះមានបង្កប់រូបភាពអាសអាភាសអំពើអត្តឃាត មានចងក លេបថ្នាំ លោតទឹកសម្លាប់ខ្លួន និងកាប់ចាក់គ្នាជាដើម ដែលរូបភាពទាំងនេះបណ្ដាលឲ្យយុវវ័យយកត្រាប់តាម និងមានភាពឃោរឃៅ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកស្ដាប់នេះ លោក ស៊ូ ខេមរិន្ទ មានរហស្សនាមថា កវីពូកែប៉ាកការស់ម្ចាស់ស្ទឹងសែន បាននិយាយថា លោកគាំទ្រឲ្យអ្នកនិពន្ធចម្រៀងស្រុកខ្មែរត្រូវតែសរសេរបទចម្រៀង និងបទភ្លេងដោយខ្លួនឯង។ ការហ្វឹកហាត់ និងការពង្រឹងគុណភាពនិពន្ធបទចម្រៀង គឺជាការបង្ហាញពីទេពកោសល្យ និងសមត្ថភាពរបស់ជនជាតិខ្មែរ។ លោកលើកឡើងថា បើកវីខ្មែរគិតតែចម្លងពីគេមកធ្វើជារបស់ខ្លួននោះ គឺគ្មានន័យ គ្មានតម្លៃ និងធ្វើឲ្យប្រទេសដទៃមាក់ងាយថា អ្នកនិពន្ធខ្មែរអន់ និងគ្មានចំណេះដឹងក្នុងការសរសេរពិតប្រាកដ។
យ៉ាងណាក៏ដោយ កវីម្ចាស់បទ "មេឃអើយចន្ទអើយ" រូបនេះបន្តថា តាមពិតមានអ្នកនិពន្ធខ្មែរមួយចំនួនក៏មានចំណេះដឹងផ្នែកនិពន្ធគ្រាន់គ្រាប់ និងសរសេរបានល្អប្រសើរដែរ ប៉ុន្តែមិនមានឱកាសសម្រាប់បញ្ចេញស្នាដៃ និងម្យ៉ាងនៅពេលចេញបទចម្រៀងលើទីផ្សារត្រូវបានគេលួចចម្លងទាំងគឃ្លើនមិនរអានឹងច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាបន្តិចសោះឡើយ។
លោក ស៊ូ ខេមរិន្ទ៖ «ចម្រៀងវាបម្រើប្រយោជន៍ច្រើនណាស់ដល់តម្លៃអប់រំ ដូចជាចម្រៀងស្នេហាជាតិ ទឹកដី សម្រែកឈាមខ្មែរអ្នកស្នេហាជាតិអី ឃើញទេ? អាហ្នឹងវាផ្ដល់តម្លៃអប់រំហើយ។ ក្រសួងអប់រំ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវលើកទឹកចិត្ត។ យើងត្រូវបង្កើតកម្មវិធីប្រកួតប្រជែងដោយឯករាជ្យ មិនមែនសម្រាប់តែបម្រើនយោបាយ និងកម្មវិធីប្រកួតប្រជែងលុយពីរបីរយនោះទេ ធ្វើអ៊ីចឹងអ្នកនិពន្ធដែលមានឧត្ដមគតិពិតប្រាកដគេមិនចង់បានអាលុយកំប៉ិកកំប៉ុកហ្នឹងទេ»។
លោក កវី ម្ចាស់បទ "មេឃអើយចន្ទអើយ" រូបនេះបន្ថែមថា មានមធ្យោបាយមួយទៀតដែលអាចលុបបំបាត់ការចម្លងចម្រៀងពីគេ គឺអ្នកស្ដាប់ត្រូវឈប់គាំទ្រ និងមិនត្រូវផ្ដល់តម្លៃបទចម្រៀងដែលចម្លងពីគេ។ កវីរូបនេះអះអាងថា បើសិនអ្នកស្ដាប់បន្តគាំទ្រដល់បទចម្រៀងចម្លង គឺរឹងរឹតតែជំរុញដល់ក្មេងដែលចេះនិពន្ធជំនាន់ក្រោយខ្ជិល និងលែងមានគំនិតខិតខំនិពន្ធដោយខ្លួនឯង ហើយបន្តបង្កើនវប្បធម៌លួចចម្លងពីគេតទៅទៀត។
ទាក់ទងនឹងការលើកឡើងរបស់កវីនេះ អាជីវករនៅផ្សារសាមគ្គីម្នាក់ លោក សុង លាភ និយាយថា បច្ចុប្បន្នលោកលក់ស៊ីឌី (CD) ចម្លងហ្នឹងលែងដាច់ដូចមុនហើយ។ លោកនិយាយថា ការលក់មិនដាច់នេះ ដោយសារតែអ្នកទិញលែងចូលចិត្តប្រើស៊ីឌី និង ឌីវីឌី (VCD) តែអ្នកស្ដាប់ងាកមកប្រើអ៊ីនធឺណិត ដើម្បីបើកហ្វេសប៊ុក (Facebook) យូធូប (Youtube) និងស្ដាប់តាម អឹមភីស្រ៊ី (MP3) វិញម្ដង។
លោកបន្តថា ដោយសារការលក់មិនដាច់ និងត្រូវបានក្រុមហ៊ុនគេហាមមិនឲ្យលក់ស៊ីឌី ចម្លងផងនោះ ឥឡូវលោកបានបន្ថែមមុខទំនិញដែលត្រូវលក់ ដូចជាត្រូវលក់គ្រឿងទេស ឬចាប់ហួយផ្សំនឹងការលក់ឌីស (Disk) ជាដើម ដើម្បីបានលុយបង់ថ្លៃជួលតូប៖ «ចម្រៀងពីដើមស្ដាប់ទៅនៅតែពីរោះ អានេះស្ដាប់ទៅបានតែមួយឆាវ ហើយស្ងាត់ឈឹង។ គ្នាបញ្ចុះតម្លៃអស់ពីចិត្តហើយ ពីមុនលក់ដាច់ តែឥឡូវអត់ដាច់សោះ»។
លោកអះអាងថា ការលក់បទចម្រៀងមិនដាច់នេះ មូលហេតុមួយទៀត ដោយសារចម្រៀងភាគច្រើនលួចចម្លងពីគេ ហើយភាគច្រើននៃអ្នកទិញចង់បានតែរបស់ថោក ប៉ុន្តែមានគុណភាពល្អ។
រីឯលោក យឹង យន កវីម្ចាស់បទ "សម្រស់ហ្វ្លរីដា (Florida)” និយាយថា ចំពោះការផលិតបទចម្រៀងលក់មិនដាច់ និងមិនមានអ្នកស្ដាប់គាំទ្រប្រហែលដោយសារការនិពន្ធចម្រៀងមិនមានការទាក់ទាញមនោសញ្ចេតនាអារម្មណ៍របស់អ្នកស្ដាប់ និងការនិពន្ធបទភ្លេងនៅមានកម្រិត ឬលួចចម្លងពីគេដោយគ្មានភាពអៀនខ្មាសជាដើម។ ការសរសេរបទចម្រៀង និងបទភ្លេង នៅមានកម្រិតដោយសារអ្នកនិពន្ធខ្វះសមត្ថភាពផ្នែកសរសេរចម្រៀង និងខ្វះការលើកទឹកចិត្តពីស្ថាប័នពាក់ព័ន្ធ។
លោកបន្ថែមថា ការដែលរដ្ឋាភិបាលមិនយកចិត្តទុកចំពោះឧស្សាហកម្មចម្រៀងនេះ បានធ្វើឲ្យវិស័យចម្រៀងនេះធ្លាក់ចុះ និងធ្វើឲ្យកវីនិពន្ធជំនាន់ក្រោយបាត់បង់ជំនឿចិត្ត និងលែងចង់ចាប់អាជីពជាអ្នកនិពន្ធ៖ «ហើយបើគាត់និពន្ធល្អ មិនមែនគេស្ដាប់តែក្នុងស្រុកទេ គឺស្ដាប់ទូទាំងពិភពលោក។ ចម្រៀងហ្នឹងគឺអាចទាយឧស្សាហកម្មផ្សេងឲ្យដើរ»។
លោកលើកឡើងទៀតថា អ្នកនិពន្ធសព្វថ្ងៃត្រូវគេបិទសិទ្ធិសេរីភាព និងកំណត់ដែនក្នុងការនិពន្ធ។ លោកបន្តថា ការកំណត់ដែននៃការនិពន្ធនេះហើយដែលហេតុបណ្ដាលឲ្យអ្នកនិពន្ធមិនមានគំនិតទូលំទូលាយ និងម្យ៉ាងដោយសារស្នាដៃនៃអ្នកនិពន្ធមិនមានការការពារត្រឹមត្រូវដោយច្បាប់។ លោកអះអាងថា កម្ពុជាមានច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា តែច្បាប់នេះមានតែនៅលើក្រដាស ប៉ុន្តែអត់មានការអនុវត្តឲ្យបានត្រឹមត្រូវនោះទេ។
ទាក់ទងនឹងករណីនេះ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឆ្លើយតបថា ការរំលោភកម្មសិទ្ធិបញ្ញានៃស្នាដៃនិពន្ធ អ្នកនិពន្ធត្រូវតែដាក់ពាក្យប្ដឹងទៅតុលាការ ហើយរដ្ឋាភិបាលនឹងជួយអន្តរាគមន៍ជុំវិញបញ្ហានេះ។ លោកបន្តថា មិនមែនក្រសួងដែលពាក់ព័ន្ធជាអ្នកដាក់ពាក្យប្ដឹងនោះទេ។
វិញការនិពន្ធនេះដែរ លោកមានប្រសាសន៍ថា កម្ពុជាមានទីផ្សារតូច ប្រជាជនតិច និងមិនមានវប្បធម៌នៃការអាននិងស្ដាប់។ ចំណែកឯការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញាវិញ កម្ពុជាកំពុងរឹតបន្តឹង និងលើកទឹកចិត្តដល់អ្នកនិពន្ធទាំងអស់ សូមកុំបាក់ទឹកចិត្តនិងបន្តការនិពន្ធរបស់ខ្លួនតទៅទៀត៖ «សិទ្ធិអ្នកនិពន្ធជាមួយនឹងសិទ្ធិអ្នកនិពន្ធចម្រៀង គឺយើងត្រូវមានការពារដោយច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា»។
លោកបន្ថែមថា លោកក៏ជាអ្នកនិពន្ធមួយរូបដែរ ដូច្នេះលោកយល់ពីទឹកចិត្តរបស់អ្នកនិពន្ធ។ ទន្ទឹមនឹងនេះដែរ ក្រសួងអប់រំកំពុងយកចិត្តទុកដាក់ចំពោះគុណភាពអប់រំនៅកម្ពុជា ឲ្យមានគុណភាព ប៉ុន្តែក៏មិនមានន័យថា ភ្លេចគិតដល់អ្នកនិពន្ធនោះឡើយ។
ទោះបីជាយ៉ាងនេះក្តី កវីនិពន្ធដែលផលិតស្នាដៃដោយខ្លួនឯង បានទទូចទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះអ្នកនិពន្ធ ដោយត្រូវការពារស្នាដៃនិពន្ធ លើកទឹកក្នុងការនិពន្ធ និងបង្កើតវគ្គបណ្ដុះបណ្ដាលដល់អ្នកនិពន្ធ។ កវីនិពន្ធបន្តថា បើសិនរដ្ឋាភិបាលនៅតែមិនយកចិត្តទុកដាក់ទេនោះ ការនិពន្ធនឹងមានការធ្លាក់ចុះ ហើយស្នាដៃនៃការសរសេរនឹងមិនអាចប្រៀបធៀបទៅនឹងស្នាដៃបរទេសបានឡើយ។
អ្នកនិពន្ធសង្កត់ធ្ងន់ថា ចម្រៀងមួយបទដែលពីរោះ និងមានការគាំទ្រពីមហាជន ការនិពន្ធត្រូវប្រកបដោយអត្ថរស មានន័យពីរោះរណ្ដំចិត្ត អត្ថន័យមានន័យសម្រាប់ការអប់រំ និងអត្ថរូបដោយផ្សារភ្ជាប់ទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម៕
No comments:
Post a Comment