ដោយ តាំង សារ៉ាដា
2015-05-14
2015-05-14
គ្រួសារជនរងគ្រោះពីការវាយប្រហារដោយទឹកអាស៊ីដកាលពី ១៦ឆ្នាំមុន ជំរុញឲ្យគណបក្សប្រឆាំងធ្វើអន្តរាគមន៍ស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះតាមរយៈវប្បធម៌សន្ទនាក្នុងរបត់នយោបាយបច្ចុប្បន្ន។
ពលរដ្ឋខ្មែរ-អាមេរិកាំង លោក តាត សុក្វាន់ដូ ទាមទារឲ្យបក្សប្រឆាំងពិនិត្យសើរើករណីជះទឹកអាស៊ីដកាលពីឆ្នាំ១៩៩៩ ដោយភរិយាមន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីទៅលើប្អូនស្រីលោក គឺអ្នកស្រី តាត ម៉ារីណា ដើម្បីរកយុត្តិធម៌ពិតប្រាកដសំរាប់ជនរងគ្រោះ។
លោក តាត សុក្វាន់ដូ ដែលបច្ចុប្បន្នរស់នៅទីក្រុងបូសស្តុន (Boston) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក បង្ហាញនូវក្តីសង្ឃឹមថា វប្បធម៌សន្ទនាក្នុងបរិបទនយោបាយសព្វថ្ងៃនេះអាចជាយន្តការមួយក្នុងការរកយុត្តិធម៌សំរាប់គ្រួសាររបស់លោកដែលរងការឈឺចាប់អស់រយៈពេល ២៦ឆ្នាំមកហើយនោះ៖ «បើបក្សប្រឆាំងមានតម្លាភាពត្រូវយករឿងហ្នឹងមកជជែកសាជាថ្មី។ ខ្ញុំសូមឲ្យគណបក្សប្រឆាំងលើកយករឿងហ្នឹងមកជាឧទាហរណ៍សង្គមខ្មែរ ដើម្បីឲ្យមនុស្សក្នុងសង្គមយើងមានតម្លៃខ្លះ កុំឲ្យគណបក្សប្រជាជនចេះតែធ្វើបាបគេ ហើយចេះតែរួចខ្លួន ហើយអ្នករងគ្រោះមិនដែលបានយុត្តិធម៌។ ម្លោះហើយខ្ញុំចង់ឲ្យគណបក្សប្រឆាំងគាស់រំលើងរឿងហ្នឹងសាជាថ្មីដើម្បីបន្តរឿងតទៅទៀត»។
ដោយសារតែរឿងស្នេហាត្រីកោណ អ្នកស្រី ឃួន សុផល ប្រពន្ធរបស់លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី ១៦ឆ្នាំមុន គឺនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩ បានដឹកនាំឧក្រិដ្ឋជនមួយក្រុមវាយធ្វើបាប និងជះទឹកអាស៊ីដខ្លាំងយ៉ាងជោកជាំពេញរាងកាយអ្នកស្រី តាត ម៉ារីណា ដែលកាលណោះមានវ័យ ១៦ឆ្នាំ ជាតារាខារ៉ាអូខេដ៏ស្រស់ស្អាត។
ជុំវិញការទាមទាររបស់លោក តាត សុក្វាន់ដូ ឲ្យបក្សប្រឆាំងលើកយកវប្បធម៌សន្ទនាដើម្បីរកយុត្តិធម៌ឲ្យប្អូនស្រីរបស់លោកនោះ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា គណបក្សប្រឆាំងនៅតែខិតខំប្រឹងប្រែងក្នុងការស្វែងរកយុត្តិធម៌ជនរងគ្រោះទូទៅតាមរយៈការកែទម្រង់ប្រព័ន្ធតុលាការ៖ «ការតស៊ូរបស់គណបក្សសង្គ្រោះជាតិ គឺរកយុត្តិធម៌ជូនប្រជាពលរដ្ឋ រកយុត្តិធម៌ជូនសង្គម។ នៅករណីណាក៏ដោយដែលប្រជាពលរដ្ឋរងនូវអំពើអយុត្តិធម៌ យើងត្រូវតែតស៊ូមតិដើម្បីកែទម្រង់ ជាពិសេស ប្រព័ន្ធតុលាការដែលសព្វថ្ងៃនេះប្រព័ន្ធតុលាការមិនធ្វើឲ្យប្រជាពលរដ្ឋ ជឿទុកចិត្តបាន និងមិនអាចរកយុត្តិធម៌ជូនប្រជាពលរដ្ឋបាន ដូច្នេះវាស្ថិតក្នុងដំណាក់កាលតស៊ូមតិរបស់យើង»។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ឈឹម ផលវរុណ មានប្រសាសន៍ថា វប្បធម៌សន្ទនាពុំមានឥទ្ធិពលទៅលើអំណាចតុលាការនោះឡើយ ប៉ុន្តែវប្បធម៌សន្ទនាអាចចរចាគ្នាដើម្បីកែលំអនីតិវិធីតុលាការ ដែលមិនទាន់ល្អឲ្យកាន់តែល្អ៖ «វប្បធម៌នយោបាយគ្រាន់តែជាសីលធម៌នយោបាយនៃសុឆន្ទៈ កុំឲ្យអ្នកនយោបាយវាយប្រហារជេរប្រមាថគ្នា។ ឯរឿងយុត្តិធម៌ក្នុងករណីណាក៏ដោយយើងត្រូវពិនិត្យមើលថា តើតុលាការប្រតិបត្តិដល់ណា ហើយករណីហ្នឹងត្រូវបានបញ្ចប់ហើយ ឬនៅ ឬមួយមិនទាន់បញ្ចប់? ប៉ុន្តែឲ្យវប្បធម៌សន្ទនាទៅដោះស្រាយតុលាការដូចជាមិនអាចធ្វើទៅរួចទេ។ បើអាច អាចវប្បធម៌សន្ទនានឹងជជែកគ្នាកែលំអនូវអ្វីដែលមិនទាន់ល្អ។ ឧទាហរណ៍នៅក្នុងវិស័យតុលាការមានបុគ្គល ឬនីតិវិធីណាមិនទាន់ល្អអាហ្នឹងជជែកគ្នាកែលំអឲ្យវាល្អ អាហ្នឹងវាជាសុឆន្ទៈក្នុងការកែទម្រង់ទេ។ ប៉ុន្តែបើថា ឲ្យវប្បធម៌សន្ទនាទៅធាក់ថយ ឬឲ្យទៅមានឥទ្ធិពលទៅលើអំណាចតុលាការឲ្យកាត់សេចក្ដីក្នុងរឿងណាមួយគឺអត់មានទេ»។
ទោះជាយ៉ាងណាក៏ដោយ ទូរទស្សន៍អប្សរារបស់គណបក្សកាន់អំណាចនៅកម្ពុជា កាលពីចុងឆ្នាំ២០១១ បានចុះផ្សាយសម្ដីរបស់អតីតប្រធានតុលាការក្រុងភ្នំពេញ លោក ជីវ កេង ថា សមត្ថកិច្ចកម្ពុជា បានធ្វើកិច្ចការរកយុត្តិធម៌ដល់ជនរងគ្រោះទៅតាមផ្លូវច្បាប់គ្រប់ជ្រុងជ្រោយ៖ «ករណីជះទឹកអាស៊ីដលើកញ្ញា តាត ម៉ារីណា នេះ ត្រូវបានតុលាការក្រុងភ្នំពេញ ធ្វើការជំនុំជម្រះចប់សព្វគ្រប់អស់ហើយ តាមសាលក្រមលេខ ៧៨.ជ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០០ ហើយសាលក្រមនេះបានចូលជាស្ថាពរទៅហើយ ហើយសម្រេចផ្ដន្ទាទោសជនល្មើសឈ្មោះ ឃួន សុផល រយៈពេលមួយឆ្នាំ ហើយព្យួរទោសដោយសាកល្បងរយៈពេល ៥ឆ្នាំ។ អ៊ីចឹងមានការអនុវត្តចប់សព្វគ្រប់អស់ហើយ»។
មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ធ្លាប់មានប្រសាសន៍ថា ជនរងគ្រោះនៅតែអាចបន្តប្ដឹងសើរើលើសំណុំរឿងជះទឹកអាស៊ីដខ្លាំងនេះបាន ដោយសារការកាត់សេចក្ដីរបស់តុលាការក្រុងភ្នំពេញ កន្លងមកមិនបានជូនដំណឹងដល់ជនរងគ្រោះ ឬសាច់ញាតិជនរងគ្រោះ។
ចំណែកអ្នកស្រី តាត ម៉ារីណា ប្រាប់វិទ្យុអាស៊ីសេរី កាលពីឆ្នាំ២០១៤ ថា អ្នកស្រីនៅតែប្ដេជ្ញារកយុត្តិធម៌សម្រាប់ខ្លួនឯង និងសម្រាប់ជនរងគ្រោះផ្សេងទៀត។ អ្នកស្រីបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា អ្នកស្រីនឹងប្ដឹងសើរើករណីនេះទៅសាលាឧទ្ធរណ៍នៅពេលណាអ្នកស្រីបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យផ្នែកវេជ្ជសាស្ត្រ៕
No comments:
Post a Comment