A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 May 2015

លោក រ៉ុង ឈុន មិន​បារម្ភ​ចំពោះ​គ.ជ.ប​កោះ​ប្រជុំ​ករណី​លោក​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ




ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Tin Zakariya

ដោយ យាង សុជាមេត្តា
2015-05-02


សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី លោក រ៉ុង ឈុន មិន​បារម្ភ​ចំពោះ​ការ​កោះ​ប្រជុំ​របស់ គ.ជ.ប ទាក់ទង​ទៅ​នឹង​សកម្មភាព​របស់​លោក​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១ ឧសភា ឡើយ។ ការ​បញ្ជាក់​របស់ លោក រ៉ុង ឈុន បែប​នេះ នៅ​បន្ទាប់​ពី​ប្រធាន គ.ជ.ប ប្រកាស​ថា គ.ជ.ប នឹង​បើក​កិច្ច​ប្រជុំ​ពិចារណា​លើ​ករណី លោក រ៉ុង ឈុន នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ឧសភា។

ការ​ប្រកាស​របស់ គ.ជ.ប ថា​នឹង​កោះ​ប្រជុំ​ទៅ​លើ​ករណី លោក រ៉ុង ឈុន ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​លើ​សកម្មភាព​របស់ លោក រ៉ុង ឈុន ដែល​គណបក្ស​កាន់​អំណាច​អះអាង​ថា សមាជិក គ.ជ.ប​ថ្មី​រូប​នេះ បាន​ចូលរួម​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សកម្មភាព​ហែ​ក្បួន​ជាមួយ​ក្រុម​សហជីព នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ។

ប្រធាន គ.ជ.ប​ថ្មី និង​ជា​អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ធំ លោក ស៊ិក ប៊ុនហុក មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ឧសភា ថា គ.ជ.ប នឹង​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​ទៅ​លើ​សកម្មភាព​របស់ លោក រ៉ុង ឈុន និង​ដើម្បី​ពិចារណា​ថា តើ​សកម្មភាព​របស់​គាត់​វា​ផ្ទុយ​នឹង​ច្បាប់ ឬ​ប៉ះពាល់​ដល់​ការ​អនុវត្ត និង​កិត្តិយស​របស់ គ.ជ.ប បែប​ណា​ខ្លះ។

យ៉ាង​ណា​ក៏ដោយ លោក ស៊ិក ប៊ុនហុក មិន​ទាន់​អាច​វិនិច្ឆ័យ​ថា សកម្មភាព​របស់ លោក រ៉ុង ឈុន ត្រូវ ឬ​ខុស​យ៉ាង​ណា​នោះ​ទេ គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​ជា​សមូហភាព​របស់ គ.ជ.ប នៅ​ថ្ងៃ​ច័ន្ទ ខាង​មុខ​សិន។ ប៉ុន្តែ​លោក​ថា គ.ជ.ប គឺ​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ ហើយ​លោក​ថា កន្លង​មក លោក រ៉ុង ឈុន ខ្លួន​ឯង​ក៏​ធ្លាប់​រិះគន់ គ.ជ.ប ដែរ តែ​នៅ​ពេល​នេះ លោក​បែរ​ជា​ធ្វើ​សកម្មភាព​របៀប​នេះ​ទៅ​វិញ៖ «យើង​នឹង​ពិចារណា​រឿង​ហ្នឹង ច្បាប់​ក៏​មាន​ចែង បទបញ្ជា​ផ្ទៃ​ក្នុង​ក៏​មាន​ចែង​ពី​ឯករាជ្យ ពី​អព្យាក្រឹត្យ សកម្មភាព​នេះ​កន្លង​មក​គ្មាន​សមាជិក គ.ជ.ប ណា​បាន​ធ្វើ​នោះ​ទេ ហើយ​ប្រសិន​បើ​ប្រធាន គ.ជ.ប អនុប្រធាន គ.ជ.ប និង​សមាជិក គ.ជ.ប ទាំងអស់ ទៅ​ចូលរួម​សកម្មភាព​ដូច​គាត់​អ៊ីចឹង តើ​មហាជន​ទូទៅ​គេ​វាយ​តម្លៃ គ.ជ.ប យ៉ាង​ម៉េច?»។



ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១ ឧសភា គណបក្ស​មួយ​នេះ​បាន​លើក​ឡើង​ថា ទង្វើ​របស់ លោក រ៉ុង ឈុន ចូលរួម​ជាមួយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សកម្មភាព​ហែ​ក្បួន​ជាមួយ​សហជីព គឺ​បង្ហាញ​នូវ​ទំនាស់​ផល​ប្រយោជន៍​យ៉ាង​ពិត​ប្រាកដ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​របស់ គ.ជ.ប ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ប្ដេជ្ញា​ថា ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ និង​អព្យាក្រឹត្យ។

គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រំឭក លោក រ៉ុង ឈុន ថា សមាជិក​ទាំង ៩​រូប​របស់ គ.ជ.ប លែង​ជា​សមាជិក​របស់​គណបក្ស​នយោបាយ សហជីព និង​សង្គម​ស៊ីវិល​ទៀត​ហើយ និង​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​អព្យាក្រឹតភាព​របស់​ខ្លួន។

យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន សមាជិក គ.ជ.ប​ថ្មី និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា លោក​មិន​បាន​ទៅ​ចូលរួម​ហែ​ក្បួន​ជាមួយ​កម្មករ សហជីព ដូច​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ គឺ​លោក​គ្រាន់​តែ​ទៅ​ឃ្លាំ​មើល​សកម្មភាព​របស់​សហជីព​ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​ថ្លែង​សារ​អ្វី​នោះ​ដែរ។ លោក រ៉ុង ឈុន អះអាង​ថា ការ​ឃ្លាំ​មើល​បែប​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ​ភាព​របស់ គ.ជ.ប នោះ​ទេ។

លោក រ៉ុង ឈុន ថ្លែង​នៅ​ថ្ងៃ​ទី​២ ឧសភា ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ផ្ទុយ​នឹង​ច្បាប់ ឬ​នីតិវិធី​របស់ គ.ជ.ប ឡើយ។  ដូច្នេះ​លោក​ថា លោក​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រជុំ​របស់ គ.ជ.ប លើ​ករណី​របស់​លោក​នោះ​ទេ៖ «អ្វី​ដែល​យើង​ស្បថស្បែ យើង​មើល​នៅ​ក្នុង​ឧបសម្ពន្ធ​៥ នៃ​រដ្ឋធម្មនុញ្ញ ពាក្យ​សម្បថ​ដែល​ទៅ​ស្បថ​ថ្ងៃ​ទី​១១ ទាំងអស់​គ្នា ពាក្យ​សម្បថ​ហ្នឹង​ថា​មិន​មែន​ត្រឹម​តែ​ធ្វើ​ការងារ​នៅ គ.ជ.ប ទេ គឺ​ត្រូវ​ការពារ​នូវ​បូរណភាព​ទឹក​ដី ការពារ​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការពារ​នូវ​រឿង​អយុត្តិធម៌ ធ្វើ​ម៉េច​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស វា​ល្អ។ យើង​គួរ​តែ​អនុវត្ត​តាម​ពាក្យ​សម្បថ ប្រសិន​បើ​យើង​គ្រាន់​តែ​ចូលរួម​កិច្ចការ​សង្គម​ក្រៅ​ម៉ោង​រដ្ឋបាល យើង​មិន​ទៅ​ស្រែក គ្រាន់​តែ​ទៅ​ឈរ​ឃ្លាំ​មើល វា​អត់​មាន​ប៉ះពាល់​ឯករាជ​ភាព​របស់ គ.ជ.ប នោះ​ទេ»។

ចំណែក​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់​ឃើញ​ថា ប្រសិន​បើ​ការ​ចូលរួម​របស់ លោក រ៉ុង ឈុន គ្រាន់​តែ​រួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម លោក រ៉ុង ឈុន មិន​មាន​កំហុស​ឆ្គង​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា ប្រសិន​បើ លោក រ៉ុង ឈុន ទៅ​ចូលរួម​ក្នុង​សកម្មភាព​របស់​គណបក្ស​នយោបាយ​ណា​មួយ ដូចជា​ការ​ចុះ​ជួយ​ពង្រឹង ឬ​បណ្តុះបណ្តាល​សកម្មជន​បក្ស នោះ​ទើប​សកម្មភាព​របស់​គាត់​ផ្ទុយ​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត។ លោក គល់ បញ្ញា ថ្លែង​ថា បើ​វា​គ្រាន់​តែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម វា​មិន​ត្រឹម​តែ​មិន​មាន​កំហុស​នោះ​ឡើយ តែ​វា​គួរ​តែ​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ទៀត​ផង៕

No comments: