A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 8 May 2015

អាដហុក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ឆបោក​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស



ដោយ ថា កិត្យា
2015-05-07
  


សន្និសីទ​សារព័ត៌មាន​ស្ដីពី​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ឆបោក​ប្រជាពលរដ្ឋ នា​ទីស្នាក់ការ​សមាគម​អាដហុក (Adhoc) នៅ​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ស្នើ​អោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស រួមមាន​ក្រុមហ៊ុន រ៉ៃស៍ ណេតឆឺរ៉ល (Rice Natural) និង​ក្រុមហ៊ុន សេនឆឺរី (Century)។

សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​សមាគម​អាដហុក ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ជាង ២០០​នាក់ ដែល​ចាញ់​បោក​ក្រុមហ៊ុន​ទាំង​ពីរ​នេះ ក្នុង​ម្នាក់ៗ​អស់​ប្រាក់ ៤០០​ដុល្លារ។ ទាក់ទិន​បញ្ហា​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​តាមដាន ហើយ​សន្យា​ដោះស្រាយ​ឲ្យ​បាន​ឆាប់។
​រហូត​មក​ដល់​ពេល​នេះ សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា សមាគម​អាដហុក នៅ​តែ​ពុំ​ទាន់​ឃើញ​មាន​ការ​ដោះស្រាយ​ណា​មួយ​ពី​ភាគី​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ឈ្មោះ Rice Natural និង ក្រុមហ៊ុន Century ក្នុង​ការ​សង​ប្រាក់​មក​ពលករ​រងគ្រោះ​វិញ​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៥ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្គាប់​ដាច់​ណាត់​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បញ្ចប់​បញ្ហា​ជាមួយ​ពលករ​ដែល​រងគ្រោះ​មិន​ឲ្យ​លើស​ពី ៤៥​ថ្ងៃ​ក៏ដោយ។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ទីស្នាក់ការ​សមាគម​អាដហុក ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ឧសភា ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ធន សារាយ ស្នើ​អោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដក​ប្រាក់​ធនាគារ​របស់​ក្រុមហ៊ុន​ទាំង​ពីរ មក​សង​ពលករ​រង​គ្រោះ​នូវ​ប្រាក់​ដែល​បាន​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ​កន្លង​មក​ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត។ ស្រប​ពេល​នេះ​ដែរ លោក​ក៏​ស្នើ​អោយ​តុលាការ និង​ក្រសួង​មាន​សមត្ថកិច្ច ត្រូវ​តែ​ស្វែង​រក​ចាប់​ជន​ឆបោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ទី​១ សុំ​ឲ្យ​ក្រសួង​ការងារ យក​លុយ​តម្កល់​របស់​ក្រុមហ៊ុន​ទាំង​ពីរ មក​សង ព្រោះ​បង​ប្អូន​យើង​ឥឡូវ​នេះ កំពុង​ជួប​បញ្ហា​ដូច​គាត់​លើក​ឡើង​អ៊ីចឹង ថា​ពួក​គាត់​ទៅ​ខ្ចី​បុល​លុយ​គេ ហើយ​ការប្រាក់​ចេះ​តែ​ឡើង ហើយ​ក៏​គ្មាន​លុយ​សង​ការប្រាក់​ផង ជាពិសេស​តិច​ទៀត​នេះ នឹង​ប្រឈម​ការ​រឹប​អូស​យក​ផ្ទះ​សម្បែង​ទៀត។ តែ​កាល​ណា​គាត់​អស់​ផ្ទះ​សម្បែង​ទៀត មិន​ដឹង​ទៅ​នៅ​ណា​ទៀត? ទី​២ គឺ​ទាមទារ​ឲ្យ​តុលាការ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ហ្មត់ចត់»។


សំណើ​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សមាគម​អាដហុក ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ ២០១​នាក់ ក្នុង​ខែ​មេសា ឆ្នាំ​២០១៥ មក​ពី​គ្រប​បណ្ដា​ខេត្ត​រាជធានី ដែល​ក្រុម Rice Natural និង​ក្រុមហ៊ុន Century ជ្រើស រើស​ពលករ​ទៅ​ធ្វើ​ការ​ផ្នែក​កសិកម្ម ឧស្សាហកម្ម និង​សំណង់​នៅ​ប្រទេស​ជប៉ុន ដោយ​តម្រូវ​អោយ​ពួកគាត់​បង់​ប្រាក់​ជា​មុន​ក្នុង​ម្នាក់ ៤០០​ដុល្លារ។ ប៉ុន្តែ​នៅ​ទីបំផុត ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ទម្លាក់​ផ្លាក​ក្រុមហ៊ុន​ចោល​មិន​គោរព​តាម​សន្យា​របស់​ខ្លួន​ក្នុង​ការ​រក​ការងារ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​បង់​ប្រាក់​ទាំង​នេះ​ទេ។

ពលករ​ទាំង​នេះ​រៀបរាប់​ថា ពួកគេ​បាន​សម្រេច​ខ្ចី​ប្រាក់​ពី​ធនាគារ​ដោយ​ដាក់​បញ្ចាំ​នូវ​ផ្ទះសំបែង ដីធ្លី ដើម្បី​បង់​អោយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ជា​មុន​សិន​ជា​ថ្នូរ​នឹង​ការ​នាំ​ពួកគេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដើម្បី​រក​ប្រាក់​បាន​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បន្ទាប់​ពី​ពួកគេ​ពុំ​អាច​រក​ការងារ​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស។

ពលករ​ម្នាក់​ក្នុង​ចំណោម​ពលករ​អស់​ប្រាក់ ៤០០​ដុល្លារ ទាំង ២០១​នាក់​នោះ លោក សាត សៀត មក​ពី​ខេត្ត​ព្រៃវែង និយាយ​ថា ដោយសារ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​យ៉ាប់យ៉ឺន​ពេក ទើប​លោក​ចង់​ទៅ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​នៅ​ទីបំផុត លោក​ត្រូវ​រង​ការ​បោកប្រាស់​ពី​ក្រុមហ៊ុន​ហើយ​ក្លាយ​ជា​កូន​បំណុល​គេ​ដែល​ពុំ​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​វិញ​ឡើយ។ លោក​ក៏​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវ​សាកសួរ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​មុន​នឹង​ចំណាយ​លុយ​ដើម្បី​បាន​ទៅ​ធ្វើ​ការ​នៅ​បរទេស៖ «ខ្ញុំ​បង់​លុយ​ឲ្យ​ក្រុមហ៊ុន​អស់ ៤០០​ដុល្លារ ឥឡូវ​គេ​រត់​បាត់​ហើយ។ ឥឡូវ​ហ្នឹង គឺ​ឲ្យ​គេ​សង​លុយ​មក​ពួក​យើង​ទាំងអស់​វិញ។ រក​លុយ​នៅ​ស្រុក​នេះ វា​តឹង​ពេក ពិបាក​រក​ពេក ដូច្នេះ​ចង់​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស វា​បាន​លុយ​ច្រើន ដើម្បី​ជួយ​គ្រួសារ​ខ្ញុំ​ឲ្យ​បាន​រីក​ចម្រើន»។

ទាក់ទិន​នឹង​ករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​អះអាង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​តាមដាន​ករណី​នេះ​រហូត។ លោក​បន្ត​ថា លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្គាប់​ឲ្យ​ទីភ្នាក់ងារ​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​ទាំង​ពីរ​នេះ ដោះស្រាយ​ជូន​ពលករ​ទាំង​នេះ​មិន​អោយ​លើស​ពី ៤៥​ថ្ងៃ​ដែរ។ បើ​ពុំ​ដូច្នេះ​ទេ ក្រសួង​ការងារ​នឹង​ដក​ប្រាក់​ដែល​តម្កល់​ចំនួន ១០​ម៉ឺន​ដុល្លារ ជូន​ពលករ​ទាំង​នោះ​វិញ៖«ក្នុង​ករណី​ដែល​ភាគី​ទាំង​ពីរ​ដោះស្រាយ​ហើយ តែ​មិន​ទាន់​សម្រេច ហើយ​មាន​ភស្តុតាង​បញ្ជាក់​ថា នេះ​ជា​ករណី​យក​កម្រៃ​សេវា​មួយ​ដែល​មិន​បាន​បំពេញ​កិច្ច​ការងារ​នោះ គឺ​ប្រាក់ ១០​ម៉ឺន​ដុល្លារ​នេះ នឹង​ប្រគល់​ជូន​ទៅ​បង​ប្អូន​កម្មករ​វិញ»។

​បើ​តាម​តួលេខ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ថា ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន ៣៨ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ។ ប៉ុន្តែ​សមាគម​អាដហុក អះអាង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៦០ ដែល​មាន​សិទ្ធិ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េ​ខាងត្បូង និង​ជប៉ុន ជាដើម។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ទៅ​បោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រួច​ទម្លាក់​ផ្លាក​ក្រុមហ៊ុន​ចោល ហើយ​គេច​ខ្លួន​បាត់។

ដោយ​ផ្អែក​លើ​បទពិសោធន៍​នេះ សមាគម​អាដហុក បញ្ចេញ​អនុសាសន៍​មួយ​ចំនួន​ជូន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ទៀងទាត់​លើ​សកម្មភាព​របស់​ក្រុមហ៊ុន និង​មណ្ឌល​ផ្សេងៗ ឲ្យ​បាន​ហ្មត់ចត់។ ជាមួយ​គ្នា​នេះ មុន​នឹង​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ការ​ជ្រើសរើស​ពលករ​នោះ ក្រសួង​ព័ត៌មាន​ត្រួត​ពិនិត្យ​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​បរទេស​នៃ​ប្រទេស​ទទួល និង​ចំនួន​ពលករ​ឲ្យ​បាន​ជាក់លាក់​ជា​មុន​សិន។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ត្រូវ​មាន​វិធានការ ឬ​ដក​អាជ្ញាប័ណ្ណ​ជា​បន្ទាន់​នូវ​ក្រុមហ៊ុន​ណា​ដែល​មាន​បញ្ហា​ប្រព្រឹត្តិ​ផ្ទុយ​នឹង​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ឲ្យ​បាន​ទាន់​ពេល​វេលា៕

No comments: