2015-05-10 RFA
ព្រះសង្ឃខ្មែរក្រោមដែលទើបនឹងចេញពីពន្ធនាគារកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅ បានស្នើទៅកាន់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ លើកយកបញ្ហានៅក្នុងពន្ធនាគារព្រៃស ទៅពិភាក្សា ដើម្បីដោះស្រាយឲ្យមានលក្ខណៈល្អប្រសើរ ព្រោះថានៅក្នុងពន្ធនាគារនោះ លំបាកនឹងរស់នៅ បន្ទប់ចង្អៀត និងបរិស្ថានមិនល្អជាដើម។
ព្រះសង្ឃខ្មែរក្រោមមានថេរដីកាបែបនេះ នៅក្នុងសន្និសីទកាសែតស្ដីពីការចាប់ខ្លួន ការឃុំខ្លួន និងជីវភាពរស់នៅក្នុងពន្ធនាគារ នៅព្រឹកថ្ងៃទី១០ ខែឧសភា។
បញ្ហាកង្វះអនាម័យក្នុងការរស់នៅរបស់អ្នកទោសច្រើននាក់ស្នាក់នៅក្នុងបន្ទប់តូចចង្អៀត អំពើពុករលួយ ភាពអយុត្តិធម៌ និងបញ្ហាមិនប្រក្រតីមួយចំនួនទៀតកំពុងកើតឡើងនៅក្នុងពន្ធនាគារព្រៃស។ បញ្ហាទាំងនេះ ត្រូវបានលើកឡើងដោយព្រះសង្ឃបីអង្គគង់នៅវត្តស្ទឹងមានជ័យ ដែលទើបចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ ព្រះសង្ឃទាំងនោះរួមមាន ព្រះសង្ឃ សឺន ហាយ ព្រះតេជព្រះគុណ ឃិត វណ្ណៈ និងព្រះតេជព្រះគុណ សាង កុសល។
អតីតអ្នកទោសដែលធ្លាប់ជាប់ពន្ធនាគារព្រៃស ក្នុងចំណោមព្រះសង្ឃទាំងបីអង្គខាងលើ ព្រះតេជព្រះគុណ សឺន ហាយ បានមានសង្ឃដីកានៅក្នុងសន្និសីទកាសែតនៅឯវត្តស្ទឹងមានជ័យ ថា អស់រយៈពេលជាង ៥ខែ ដែលព្រះតេជព្រះគុណជាប់ក្នុងពន្ធនាគារ ព្រះតេជព្រះគុណសង្កេតឃើញថា ពន្ធនាគារមិនមែនជាកន្លែងដែលយកមនុស្សអាក្រក់ទៅកែប្រែអោយល្អនោះទេ ផ្ទុយទៅវិញជាកន្លែងដែលយកមនុស្សល្អទៅធ្វើអោយអាក្រក់ទៅវិញ៖ «គុកព្រៃសជាឋាននរកភ្នែកស្រស់សម្រាប់អ្នកទោស ព្រោះថា ភាពពុករលួយ ភាពកង្វះអនាម័យ ការកេងប្រវ័ញ្ចលើអ្នកទោស ភាពមិនប្រក្រតី ការយកអ្នកទោសដែលស្នេហាជាតិ ភាពអយុត្តិធម៌ កំពុងតែកើតមានឡើងលើអ្នកទោស»។
ព្រះតេជព្រះគុណអង្គនេះ មានថេរដីកាទៀតថា តាមការស្រាវជ្រាវរបស់ព្រះអង្គឃើញថា ក្នុងមួយឆ្នាំៗ ប្រទេសអូស្ត្រាលី បានផ្ដល់ជំនួយជាច្រើនមកកាន់ពន្ធនាគារព្រៃស ដើម្បីធ្វើអោយប្រព័ន្ធគ្រប់គ្រងក្នុងពន្ធនាគារព្រៃស ក៏ដូចជាពិរុទ្ធជនឲ្យមានលក្ខណៈល្អប្រសើរ ប៉ុន្តែអ្នកទោសក្នុងពន្ធនាគារនេះបែរជាមានស្ថានភាពធ្ងន់ធ្ងរ ទាំងផ្លូវកាយ និងផ្លូវចិត្តទៅវិញ។ ព្រះតេជព្រះគុណបានស្នើឲ្យគណបក្សនយោបាយធំទាំងពីរគិតគូរ និងដោះស្រាយបញ្ហានេះជាបន្ទាន់។
ទាក់ទងនឹងបញ្ហានេះ អ្នកសម្របសម្រួលផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងខាងលើវាជារឿងពិត មិនមែនកើតឡើងតែក្នុងពន្ធនាគារព្រៃស នោះទេ។ លោកថា ពន្ធនាគារកម្ពុជា មានភាពមិនប្រក្រតីជាច្រើន ពិសេសបញ្ហាពុករលួយ ព្រមទាំងបញ្ហាជាច្រើនទៀតដែលទាមទារអោយរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធធ្វើការស៊ើបអង្កេត៖ «សម្រាប់ស្រុកគេ ពន្ធនាគារគឺជាទីកន្លែងសម្រាប់ឲ្យអ្នកទោសដែលធ្វើខុសមានឱកាសកែប្រែខ្លួន ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា មិនទាន់មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ មិនទាន់មានការអប់រំណែនាំដល់អ្នកទោសដើម្បីចេញពីពន្ធនាគារវិញ មានមុខរបរល្អប្រសើរនោះទេ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ចាត់ទុកថា នេះជាព័ត៌មានសំខាន់ដែលក្រសួងមានសមត្ថកិច្ចត្រូវតែគិតគូរពិចារណា និងធ្វើការស៊ើបអង្កេតដើម្បីអោយពន្ធនាគារកម្ពុជា ក្លាយទៅជាទីកន្លែង កែប្រែមនុស្សពិតប្រាកដ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ នឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយគណៈកម្មការពាក់ព័ន្ធក្នុងរដ្ឋសភា៖ «ក្នុងនាមខ្ញុំជាតំណាងរាស្ត្រគណបក្សជំទាស់ ខ្ញុំនឹងយកបញ្ហាដែលភាពមិនប្រក្រតីទៅពិភាក្សាដើម្បីរកដំណោះស្រាយជាមួយគណៈកម្មការក្នុងរដ្ឋសភា ក៏ជាតំណាងគណបក្សប្រជាជន ដើម្បីធ្វើអោយស្ថានភាពក្នុងពន្ធនាគារកម្ពុជាប្រសើរឡើង»។
ចំណែកឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា ការលើកឡើងរបស់ព្រះតេជព្រះគុណខាងលើ គឺជាសម្ដីរបស់អ្នកទោសដែលចេញពីពន្ធនាគារប៉ុណ្ណោះ ដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយ ដូចនេះពិបាកយកមកជាការពិតណាស់។ លោកថា បើព្រះតេជព្រះគុណខាងលើមានចេតនាល្អ គួរតែមានលិខិតត្រឹមត្រូវដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធ៖ «ខ្ញុំយល់ថា ការលើកឡើងរបស់ព្រះសង្ឃខាងលើពិបាកជឿណាស់ ព្រោះព្រះសង្ឃទាំងនោះជាអ្នកធ្លាប់ជាប់ពន្ធនាគារ និងបានធ្វើអោយប៉ះពាល់ដល់សង្គមជាច្រើន ដូច្នេះបើចង់ឲ្យគេជឿត្រូវតែធ្វើជាគំរូគេ»។
ទាក់ទងនិងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីពន្ធនាគារព្រៃស បាននៅឡើយនៅថ្ងៃទី១០ ខែឧសភា។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ស្តីអំពីស្ថានភាពបច្ចុប្បន្ននៃពន្ធនាគារកម្ពុជា និងសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលទីថ្ងៃ២០ ខែមករា ឆ្នាំ២០១៥ បានបង្ហាញថា ការរំលោភបំពាន ការរើសអើង ការកេងប្រវ័ញ្ច និងអំពើពុករលួយ កំពុងបន្តកើតមានឡើង និងជាលក្ខណៈប្រព័ន្ធក្នុងពន្ធនាគារប្រទេសកម្ពុជា៕
No comments:
Post a Comment