A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 May 2015

អ្នក​វិភាគ​ស្វាគមន៍​ការ​លុប​ចោល​សេចក្ដី​ជូន​ដំណឹង​របស់​បក្ស​ប្រជាជន


ដោយ សិរីមុនី
2015-05-11 rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។
Photo: RFA

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​មិន​មាន​ប្រយោជន៍​អ្វី​សម្រាប់​នយោបាយ​កម្ពុជា នោះ​ឡើយ ប្រសិន​បើ​វប្បធម៌​សន្ទនា​នេះ ស្ថិត​ក្រោម​ការ​គំរាម​និង​ការ​តាម​ដាន​សកម្មភាព​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​វិភាគ​ប្រៀបធៀប​ស្ថានការណ៍​នៃ​ការ​តាម​ដាន​​នេះ ទៅ​នឹង​សម័យ ប៉ុល ពត ហើយ​ថា ការ​តាម​ដាន​នេះ​មិន​មែន​ជា​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើយ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ នៅ​ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ឲ្យ​ឈប់​អនុវត្ត​នូវ​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​វិញ ដែល​សេចក្ដី​ជូន​ដំណឹង​នោះ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខែត្រ​តាម​ដាន​ការ​ថ្លែង​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​គណបក្ស​នេះ​ចុះ​មូលដ្ឋាន។

ក្រុម​អ្នក​វិភាគ​ស្វាគមន៍​ចំពោះ​ការ​លុប​ចោល​សេចក្ដី​ជូន​ដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាត់​ឲ្យ​សមាជិក​បក្ស​ខេត្ត​តាម​ដាន​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ព្រោះ​ថា ការ​បង្កើត​ការ​តាម​ដាន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី លើក​ឡើង​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​ត្រូវ​បង្កើត​យន្តការ​ឲ្យ​បាន​ជាក់លាក់ ឬ​ត្រូវ​អនុវត្ត​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ លោក​បន្ត​ថា នៅ​ក្នុង​បរិបថ​សង្គម​បច្ចុប្បន្ន មាន​វប្បធម៌​សន្ទនា ឬ​គ្មាន​វប្បធម៌​សន្ទនា គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​សម្រាប់​នយោបាយ​កម្ពុជា។  មិន​មាន​ប្រយោជន៍​ព្រោះ​ថា វប្បធម៌​សន្ទនា​នេះ​គ្រាន់​តែ​ពាក្យ​ប្រជាភិថុតិ​ដើម្បី​កេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ។


​លោក​បណ្ឌិត កែម ឡី៖ «គ្រាន់​តែ​ពាក្យ​ពី​ម៉ាត់ វប្បធម៌​សន្ទនា ខ្ញុំ​គិត​ថា មិន​អាច​ឲ្យ​ប្រទេស​កម្ពុជា មាន​ស្ថិរភាព​នោះ​ទេ។ ប៉ុន្តែ​យើង​ត្រូវ​រៀប​ចាំ​ច្បាប់ ពង្រឹង​ធនធាន​មនុស្ស អា​ហ្នឹង​គឺជា​រឿង​ត្រឹមត្រូវ​សម្រាប់​ប្រទេស​ជាតិ»។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លុបចោល​សេចក្ដី​ជូន​ដំណឹង​ដែល​ចេញ​ប្រកាស​ឲ្យ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​គ្រប់គ្រង​រាជធានី ខេត្ត កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ចាត់ចែង​ឲ្យ​មន្ត្រី​របស់​ខ្លួន​តាមដាន​ស្ដាប់ និង​កត់ត្រា​ឲ្យ​បាន​ច្បាស់លាស់​នៃ​ការ​ថ្លែង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នូវ​ការ​បំពាន​ដោយ​បន្ត​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បាល​លើក​ឡើង​ថា ការ​លុបចោល​សេចក្ដី​ជូន​ដំណឹង​របស់​លោក សាយ ឈុំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា នោះ គឺ​ដើម្បី​គោរព​តាម​កិច្ចសន្យា​នៃ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សំឡេង​ភាគតិច​ក្នុង​សភា។

លោក​បញ្ជាក់​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ចេះ​ប្រើ​ពាក្យពេចន៍​ដែល​មាន​សីលធម៌ និង​គ្មាន​ការ​តិះដៀល​ដល់​គណបក្ស​ប្រជាជន​កម្ពុជា៖ «លិខិត​ពី​មុន​នៅ​ពេល​ស្ថានការណ៍​ក្ដៅ​ហ្នឹង លែង​មាន​ប្រសិទ្ធភាព​ហើយ ប៉ុន្តែ​យើង​ត្រូវ​អប់រំ​សកម្មជន​បក្ស​នៅ​តាម​មូលដ្ឋាន​វិញ»។

ទន្ទឹម​នឹង​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៃ​សកល​វិទ្យាល័យ អាស៊ី អឺរ៉ុប ថា ការ​បង្កើត​វប្បធម៌​សន្ទនា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ លោក​អះអាង​ថា វប្បធម៌​សន្ទនា​នេះ​ដើម្បី​បញ្ចប់​នូវ​អំពើ​ហិង្សា និង​ការ​រក្សា​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា គណបក្ស​ទាំង​ពីរ​ត្រូវតែ​ប្រកាន់​គោលការណ៍​សន្ទនា​ដើម្បី​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ។ លោក​បញ្ជាក់​ថា វប្បធម៌​សន្ទនា​នេះ​កើត​ចេញ​ពី​ការ​ស្មោះស្ម័គ្រ​រវាង​លោក និង​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន៖ «ឥឡូវ​នេះ​ឯកឧត្ដម សម រង្ស៊ី គាត់​និយាយ​នៅ​ប៉ារីស ថ្ងៃ​មុន​ថា ខ្ញុំ​ជាមួយ​នឹង​សម្ដេច ហ៊ុន សែន មាន​រឿង​ច្រើន​ហើយ​ច្រើន​មែន។ អ្នក​ដែល​ដាក់​ចេញ​នយោបាយ​មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី គឺ​ឯកឧត្ដម សម រង្ស៊ី ប៉ុន្តែ​ឥឡូវ​បែរ​ជា​ឯកឧត្ដម សម រង្សី ស្មោះស្ម័គ្រ​នឹង​នយោបាយ សែន​និង​ស៊ី​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ តើ​ល្អ ឬ​មិន​ល្អ?»។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន អំពី​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។ ក៏ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​អាវុធ​ដើម្បី​តទល់​ជាមួយ​គូបដិបក្ខ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​គ្រា​ដែល​គណបក្ស​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា ពិសេស​នៅ​ពេល​ធ្វើ​បាតុកម្ម​គឺ​កងកម្លាំង​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ។

នៅ​ត្រង់​ចំណុច​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ការ​ថែរក្សា​វប្បធម៌​សន្ទនា​នេះ គឺ​ជា​ការ​បិទ​បាំង​ការ​រំលោភ​សិទ្ធិមនុស្ស​ដែល​កងកម្លាំង​រដ្ឋាភិបាល​បាន​ប្រើ​អំពើ​ហិង្សា និង​ការ​បង្ក្រាប​ទៅ​លើ​បាតុករ​កន្លង​មក  ដូចជា​ករណី​បាញ់​ប្រហារ​ទៅ​លើ​ហ្វូង​បាតុករ​នៅ​ផ្លូវ​វ៉េងស្រេង ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ របួស​ជា​ច្រើន​នាក់ និង​ការ​បាញ់​សម្លាប់​យុវជន​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ នៅ​ពេល​ស្ថានភាព​នយោបាយ​ជាប់​គាំង​ជាដើម។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោ យឹម សុវណ្ណ លើក​ឡើង​ថា ការ​លុបចោល​នូវ​ការ​តាម​ដាន​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​ជា​រឿង​ធម្មតា ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៨ ឧសភា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​បង្ហាញ​នូវ​គោលការណ៍ ៧​ចំណុច ដែល​គណបក្ស​ទាំង​២​ចាំបាច់​ត្រូវ​គោរព​តាម​ដើម្បី​រក្សា និង​អនុវត្ត​វប្បធម៌​សន្ទនា​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក យឹម សុវណ្ណ៖ «ជា​រឿង​ធម្មតា ព្រោះ​តែ​ថ្មីៗ​នេះ​គណបក្ស​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បញ្ជាក់​ច្បាស់​ពី​និយមន័យ​នៃ​វប្បធម៌​សន្ទនា និង​ការ​ហាម​ពាក្យ​ណា​គួរ​ប្រើ និង​ពាក្យ​ណា​មិន​គួរ​ប្រើ និង​អប់រំ​ដល់​សមាជិក សមាជិកា​តាម​មូលដ្ឋាន»។

លោក យឹម សុវណ្ណ អះអាង​ថា គោលការណ៍​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ច​សន្ទនា​មាន​ដូចជា ភាព​ស្មោះត្រង់​ជាមួយ​គ្នា គោរព​និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក ចៀសវាង​ការ​ញុះញង់ ការ​លាប​ពណ៌​គ្នា ការ​ប្រើ​ពាក្យ​អសុរោះ និង​ការ​ជេរ​ប្រមាថ​គ្នា ចៀសវាង​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​តាម​គ្រប់​រូបភាព លុប​បំបាត់​ចោល​នូវ​ផ្នត់គំនិត​គុំកួន សងសឹក​គ្នា លុបចោល​នូវ​នយោបាយ​ប្រកាន់​ពូជ​សាសន៍ និង​នយោបាយ​ជ្រុល​និយម​ជាដើម។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា បើ​សិន​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ការ​តាម​ដាន​ឈ្លប​យក​ការណ៍​កម្ពុជា មិន​ខុស​អី​ពី​សម័យ​ខ្មែរ​ក្រហម​នោះ​ទេ។

លោក​បញ្ជាក់​ថា កម្ពុជា​ប្រាកដ​ជា​ដើរ​ថយ​ក្រោយ និង​ប្រាសចាក​ពី​គោលការណ៍​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ។ លោក​បន្ត​ថា ការ​បង្កើត​វប្បធម៌​សន្ទនា​នេះ​មិន​មែន​មាន​ន័យ​ថា មិន​ឲ្យ​មាន​ការ​រិះគន់ និង​បិទ​សំឡេង​ម្ខាង​ទៀត​នោះ​ទេ៖ «ខ្ញុំ​គិត​ថា ដែល​គេ​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​តាមដាន​អ៊ីចឹង គឺ​ប្រាសចាក​គោលការណ៍​ប្រជាធិបតេយ្យ​មែនទែន ប៉ុន្តែ​បើ​មាន​សញ្ញាណ​ឲ្យ​លុបចោល​ការ​តាម​ដាន​ទៅ​វិញ អា​ហ្នឹង​គឺ​ត្រឹមត្រូវ​គោលការណ៍ និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា»។

លោក​បញ្ជាក់​ថា បើសិនជា​យន្តការ​ដែល​ដាក់​ចេញ​ហើយ ប៉ុន្តែ​មិន​បាន​អនុវត្ត​នោះ​ទេ គណបក្ស​ប្រឆាំង​ត្រូវ​តែ​រិះគន់ និង​បញ្ចេញ​សំឡេង​ប្រឆាំង​តវ៉ា​នូវ​រាល់​ចំណុច​អវិជ្ជមាន។ ការ​ធ្វើ​បែប​នេះ គឺ​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ដែល​កម្ពុជា ប្រកាន់​យក។

អ្នក​វិភាគ​សង្កត់​ធ្ងន់​ថា ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដកចេញ​វិញ​នូវ​ការ​តាម​ដាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ក្ដី ក៏​ប៉ុន្តែ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​រក្សា​វប្បធម៌​សន្ទនា និង​មិន​ឲ្យ​មាន​ការ​ជេរ​ប្រមាថ និង​ការ​គំរាម​កំហែង​នោះ ជា​រឿង​ល្អ​មួយ ដើម្បី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ត្រូវ​បិទ​សិទ្ធិ​បក្ស​ប្រឆាំង​មិន​ឲ្យ​រិះគន់​នោះ​ឡើយ៕

No comments: