A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 May 2015

គណៈកម្មការ​ទី​១​រដ្ឋសភា​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចូល​បំភ្លឺ​រឿង​ទំនាស់​ដីធ្លី​នៅ​កោះកុង


ដោយ ដែន អយុធ្យា
2015-04-30 RFA
សាយ សំអាល់ ៦២០
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Brach Chev

ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា នឹង​កោះ​ហៅ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៥​ឃុំ​នៅ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) ព្រោះ​សង្កេត​ឃើញ​ទំនាស់​បាន​បន្ត​កើត​មាន និង​មិន​ទាន់​មាន​ដំណោះស្រាយ។
បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង បាន​រិះគន់​ចំណាត់​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​ហាក់​មិន​រវល់​អើពើ​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ប៉ុន្តែ​បែរ​ជា​បាន​ងាក​ទៅ​គាំទ្រ​សកម្មភាព​ល្មើស គំរាម​កំហែង​ពលរដ្ឋ​ពី​សំណាក់​ភាគី​ក្រុមហ៊ុន​វិនិយោគ​ទៅ​វិញ។
លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ឬ​ហៅ​កាត់​ថា​គណៈកម្មការ​ទី​១ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ថា គណៈកម្មការ​នេះ​នឹង​អញ្ជើញ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ មក​ពី ៥​ឃុំ​ក្នុង​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន យូញៀន ឌីវីឡុបមែន នៅ​ដើម​ខែ​ឧសភា ខាង​មុខ។
លោក​បន្ត​ថា គោល​បំណង​អញ្ជើញ លោក សាយ សំអាល់ មក​បំភ្លឺ​ជូន​គណៈកម្មការ​ទី​១ ពេល​នេះ ព្រោះ​ចង់​ដឹង​អំពី​ការ​វិវឌ្ឍ​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​កើត​មាន​រវាង​ពលរដ្ឋ​ទាំង ៥​ឃុំ ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន ត្រូវ​មន្ត្រី​គណៈកម្មការ​អន្តរ​ក្រសួង​បាន​លទ្ធផល​វិជ្ជមាន ឬ​អវិជ្ជមាន​អ្វី​ខ្លះ ព្រោះ​បញ្ហា​នេះ គណៈកម្មការ​ទី​១ បាន​ឃើញ​ថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ចិន យូញៀន បាន​បន្ត​ធ្វើ​សកម្មភាព​គំរាម​កំហែង​ឲ្យ​ពលរដ្ឋ​ជាង ៣០០​គ្រួសារ ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ធ្លាប់​រស់នៅ​ទាំង​បង្ខំ និង​មិន​ទាន់​មាន​ការ​ព្រមព្រៀង​ពី​ប្រជាពលរដ្ឋ៖ «រាជ​រដ្ឋាភិបាល​បាន​ចង្អុល​ទិស​ឲ្យ​អន្តរ​ក្រសួង ដោះស្រាយ​ផល​ប៉ះពាល់​ទាំង​ឡាយ​រវាង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន។ ហើយ​គោលការណ៍​របស់​រដ្ឋាភិបាល គឺ​តម្រូវ​ឲ្យ​ដោះស្រាយ​ដោយ​ការ​ជជែក​គ្នា​ដោយ​សន្តិវិធី និង​មិន​ឲ្យ​មាន​ការ​គំរាម​កំហែង ឬ​បង្ខិតបង្ខំ​ទេ។ ហើយ​រហូត​ដល់​ដំណាក់​កាល​មួយ​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​នូវ​ការ​ដោះស្រាយ​ទាំង​នោះ​ទេ គឺ​រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ទៀត ឲ្យ​មាន​ការ​កាត់​ឆ្វៀល​ដី​ជាក់ស្តែង​ជូន​ពលរដ្ឋ។ ដូច្នេះ ការ​ដែល​គណៈកម្មការ​ទី​១ អញ្ជើញ លោក សាយ សំអាល់ ទៅ​បំភ្លឺ គឺ​ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​នេះ»


ទាក់ទិន​បញ្ហា​នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ដោះស្រាយ​ទំនាស់​ដីធ្លី បាន​ឆ្លើយ​តប​តាម​រយៈ​លិខិត​ថា នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​បំភ្លឺ​ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន យូញៀន តាម​ការ​អញ្ជើញ​របស់​ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ខាង​មុខ។
ទាក់ទិន​បញ្ហា​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង បាន​រិះគន់​ភាព​យឺតយ៉ាវ​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ថា​មាន​ទំនោរ​គាំទ្រ​ក្រុមហ៊ុន​ចិន យូញៀន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ចាត់​ទុក​សកម្មភាព​រួម​គំនិត បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​របស់​មន្ត្រី​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ ទៅ​នឹង​របប ប៉ុល ពត កាន់​អំណាច​ដូច​គ្នា​ដែរ ព្រោះ​បាន​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ជាពិសេស​អាជ្ញាធរ​បាន​បិទ​ទ្វារ​វត្ត​ពយ​ជប៉ុន មួយ​កន្លែង និង​បាន​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត ព្រម​ទាំង​បាន​បិទ​ទ្វារ​សាលារៀន​មួយ​កន្លែង​ទៀត​មិន​ឲ្យ​គ្រូ បង្រៀន​សិស្ស​ថែម​ទៀត។
ផ្ដើម​ពី​បញ្ហា​នេះ លោក អ៊ិន គង់ជិត បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល ត្រូវ​ពិចារណា​បញ្ឈប់​រាល់​សកម្មភាព​គំរាម​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​ផ្តល់​ជូន​ក្រុមហ៊ុន​វិនិយោគ​ត​ទៅ​ទៀត ព្រោះ​សកម្មភាព​បណ្ដេញ​ពលរដ្ឋ​នា​ពេល​កន្លង​មក មិន​ខុស​គ្នា​សកម្មភាព​ជម្លៀស​ពលរដ្ឋ​ឲ្យ​ចេញ​ពី​លំនៅឋាន ដែល​មេ​ដឹក​នាំ​សម័យ​ខ្មែរ​ក្រហម ឬ ប៉ុល ពត ធ្លាប់​អនុវត្ត​នោះ​ទេ៖ «បើ​សិន​ជា​រដ្ឋាភិបាល​នៅ​តែ​បង្ខំ​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ គឺ​មិន​ខុស​គ្នា​ពី​របប​ខ្មែរ​ក្រហម ដែល​បង្ខំ​ជម្លៀស​ប្រជាជន​ចេញ​ពី​ភូមិឋាន​ទេ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ជីវិត និង​គ្មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​ទេ និង​ធ្លាក់​ចូល​ទៅ​ភាព​ក្រីក្រ ព្រោះ​សព្វថ្ងៃ​នេះ​បើ​ពិនិត្យ​ទៅ​មើល​ជីវភាព​របស់​ប្រជាពលរដ្ឋ​ភាគ​ច្រើន ដែល​គាត់​ព្រម​ចាក​ចេញ​ទៅ​រស់នៅ​ទីតាំង​ថ្មី​តាម​ការ​ដោះស្រាយ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន គឺ​ពួក​គាត់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ក្រីក្រ ដោយសារ​តែ​តំបន់​នោះ​មិន​មាន​ការងារ​ដែល​នាំ​ឲ្យ​គាត់​អាច​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​ទេ ហើយ​គាត់​បាន​ប្រឈម​ជំងឺ​គ្រុនចាញ់​ថែម​ទៀត ព្រោះ​តំបន់​នោះ​គ្មាន​មណ្ឌល​សុខភាព​ទេ»
បន្ថែម​លើ​នេះ ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ចំនួន ៥​ឃុំ​នៅ​ស្រុក​គីរីសាគរ និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ក៏​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​លំនៅឋាន និង​ដី​កសិកម្ម​ពួក​គាត់​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន យូញៀន និង​ផ្តល់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​នៅ​លើ​ទីតាំង​ដើម ដូច​អ្វី​ដែល​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក។
ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​ភាគ​ច្រើន​បាន​មក​តាំង​ទី​លំនៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ដាំ​ដំណាំ​កសិកម្ម មាន​ដូង ខ្នុរ និង​ដំណាំ​រួម​ផ្សំ​ច្រើន​ទៀត​នៅ​លើ​ទីតាំង​នេះ​ចំនួន ៣​ជំនាន់ គឺ​ចាប់​តាំង​ពី​ជំនាន់​សង្គម​រាស្ត្រ​និយម ក្រោម​ការ​ដឹក​នាំ​របស់​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ រហូត​មក​ដល់​ពេល​នេះ​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: