គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីរៀបចំការការបន្ទាន់មួយ ក្នុងនោះក៏មានការជ្រើសរើស អគ្គលេខាធិការគ.ជ.បថ្មីនេះដែរ នៅក្រោយពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបញ្ចប់។
តើការងារអ្វីខ្លះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងត្រូវធ្វើបន្ទាន់ នៅក្រោយ ពិធីបុណ្យចូលឆ្នាំថ្មីនេះ?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅថាគ.ជ.បថ្មី នឹងធ្វើការងាររបស់ខ្លួនចំនួនបី សំខាន់ៗ នៅក្រោយពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា គ.ជ.ប បានបង្កើតគណៈកម្មការចំពោះកិច្ចមួយកាលពីថ្ងៃទី១១មេសាកន្លង ទៅ នៅបន្ទាប់ពីសមាជិកទាំង៩រួប បានទទួលតំណែងពីសមាជិកគ.ជ.បចាស់នោះ។
លោកបញ្ជាក់ថា នៅក្រោយពិធីចូលឆ្នាំគណៈកម្មការនេះ នឹងធ្វើកិច្ចការបីសំខាន់ៗ ទី១ រៀបចំបុគ្គលិកជាប់កិច្ចសន្យាជាង២០០នាក់ ឲ្យក្លាយទៅជាមន្ត្រីរាជការពេញសិទ្ធិដែលមានចែងក្នុងច្បាប់ ទី២ ពិនិត្យមើលរចនាសម្ព័ន្ធ ដើម្បីឲ្យគ.ជ.បថ្មីនេះ ធានានូវប្រសិទ្ធភាពការងារ និងឯករាជ្យ ទី៣ ការរៀបចំនិងការប្រព្រឹត្តិទៅអគ្គលេខាធិការដ្ឋានគជប៖ «ក្នុងករណីរៀបចំព្រះរាជក្រឹត្យជាគោលការណ៍ត្រូវមើលថា តើមន្ត្រីទាំងនោះស្របតាមព្រះរាជក្រឹត្យដែរឬអត់? ទី២មន្ត្រីមួយចំនួនទៀត មានអ្នកខ្លះ មានអាយុគ្រប់ចូលនិវត្តន៍ មានឈ្មោះខ្លះ ធ្វើការនៅស្ថាប័នផ្សេង ដូច្នេះនៅពេលនោះ ត្រូវឲ្យគាត់ធ្វើការសម្រេចចិត្តថានឹងត្រូវនៅស្ថាប័នណា?»។
ចំពោះអគ្គលេខាធិការគ.ជ.បវិញ លោក គួយ ប៊ុនរឿន បន្ថែមថា គ.ជ.ប នឹងប្រកាសជ្រើសរើសនៅក្នុងពេលឆាប់ៗនេះ។ លោក គួយ ប៊ុនរឿន ក៏បានឆ្លើយតបនឹងព័ត៌មានចចាមអារ៉ាម ថា លោក ទេព នីថា នឹងធ្វើជាអគ្គលេខាធិការគ.ជ.ប ដដែលឬយ៉ាងណានោះ? លោក បញ្ជាក់ថា គ.ជ.បនឹងប្រកាសជ្រើសរើសជាសាធារណៈ ហើយការសម្រេចយកអ្នកណាម្នាក់ នោះអាស្រ័យលើសំឡេងភាគច្រើនរបស់ថ្នាក់ដឹកនាំគ.ជ.បទាំង៩រួបនោះ៖«ព្រោះអគ្គលេខាធិការហ្នឹងជារឿងមួយសំខាន់ដែរ ក្នុងការរៀបចំយន្តការផ្សេងៗទៀត ដែលគ.ជ.បត្រូវតែបំពេញ ដើម្បីឲ្យការងារនេះទាន់ពេលវេលា«ថ្នាក់ដឹកនាំគ.ជ.បទាំង៩រួបនេះ ត្រូវបានសភាបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី៩មេសា និង បានទទួលតំណែងពីសមាជិកគ.ជ.បចាស់កាលពីថ្ងៃទី១៣ មេសានៅមុនពិធីចូលឆ្នាំថ្មីបាន ចូលមកដល់មួយថ្ងៃ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី លោក ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជានោះ បានប្ដេជ្ញាថានឹងប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ច ប្រកបដោយឯករាជ្យ អព្យាក្រឹត និងតម្លាភាព ដើម្បីធានាឲ្យការ បោះឆ្នោតក្នុងពេលខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែលគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ទទួលយកបាន។ លោក ស៊ិក ប៊ុនហុក លើកឡើងថា នៅក្រោយពេលចូលឆ្នាំថ្មីនេះ គ.ជ.បថ្មី នឹងកែប្រែបទបញ្ជាផ្ទៃក្នុង ឲ្យស្របទៅនិងច្បាប់ថ្មីដែលសភាបានអនុម័ត៖ «ការកែសម្រួលបទបញ្ជា និងនីតិវធី បទបញ្ជាផ្ទៃក្នុងទៀត ដែលគ.ជ.បត្រូវកែសម្រួល ព្រោះច្បាប់នោះនៅតែជាធរមានដដែល ដូច្នេះយើងត្រូវកែសម្រួលឲ្យស្របនឹងច្បាប់ថ្មីនេះ»។
គ.ជ.បថ្មី ត្រូវបានបង្កើតឡើងនេះ គឺមេដឹកនាំគណបក្សទាំងពីរអះអាងថា បានកើតចេញពីវប្បធម៌សន្ទនាក្រោយកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ កាលពីថ្ងៃទី២២កក្កដា ឆ្នាំ២០១៤ និងបានដាក់ចេញរួបមន្តបង្កើតគ.ជ.បថ្មីនេះ គឺសមាជិកម្ខាង៤រួបជ្រើសចេញពីគណបក្សជាប់ឆ្នោតទាំងពីរ និង១រួបទៀត ជ្រើសចេញពីអង្គការសង្គមស៊ីវិល។ គណបក្សទាំងបានឯកភាពយករួបមន្តបែបនេះ ដើម្បីធានានូវឯកភាព តម្លាភាព និងសេរី នៅពេលបោះឆ្នោតអាណត្តិក្រោយ។
ក៏ប៉ុន្តែគេនៅរង់ចាំមើលទៀតថា តើគ.ជ.បថ្មីនេះ នឹងអាចផ្លាស់ ប្ដូរប្រវត្តិសាស្ត្រកម្ពុជាក្នុងការបោះឆ្នោត ដែលធ្វើឲ្យការបោះឆ្នោតដែលគ្មានបញ្ហានិងទទួលបានគ្រប់ភាគីមែនដែរឬទេ?
លោក គួយ ប៊ុនរឿន បន្ថែមថា គ.ជ.បចង់ពន្លឿនការងាររបស់ខ្លួន នៅក្រោយពេលរៀបចំអគ្គលេខាធិការដ្ឋានរួច នឹងត្រូវរៀបចំការចុះឈ្មោះ នឹងរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលគណបក្សជាប់ឆ្នោតទាំងពីរបានព្រមព្រៀង និងមានចែងនៅក្នុងច្បាប់បោះឆ្នោតនោះ៕
No comments:
Post a Comment