ភ្នំពេញៈ យ៉ាងហោចណាស់ក៏មានឈើប្រណីតប្រមាណ ២០ ម៉ឺនម៉ែត្រគុប ស្ថិតនៅក្នុង ខេត្តរតនគិរី ដែលកំពុងដឹកជញ្ជូនរាល់ថ្ងៃឥតឈប់ឈរដាក់ចូលក្នុងឃ្លាំងស្តុកឈើរបស់ក្រុមហ៊ុនចំនួន ៤ ដែលល្បីល្បាញក្នុងការរកស៊ីលើវិស័យព្រៃឈើ ជាកម្មសិទ្ធិរបស់ឧកញ៉ានិងឈ្មួញជនជាតិវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារធនធានធម្មជាតិដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារធនធានធម្មជាតិ បានឲ្យដឹងថា ក្រោយពីបានចុះអង្កេតដោយផ្ទាល់នៅគ្រប់កន្លែងកាប់បំផ្លាញព្រៃឈើនៅក្នុង ខេត្តរតនគិរី អស់រយៈពេលជាង ១ សប្តាហ៍បានរកឃើញថា ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ក្រុមហ៊ុនឧកញ៉ា អាន ម៉ាឌី ក្រុមហ៊ុន ៧២ របស់វៀតណាម និងក្រុមហ៊ុន ហ៊ង អាញ របស់វៀតណាម មានការដឹកជញ្ជូនជារៀងរាល់ថ្ងៃ ឥតឈប់ឈរ។
លោក ឆឺយ ឧត្តមរស្មី នាយកអង្គការការពារធនធានធម្មជាតិ ដែលឡើងកាន់តំណែងស្នងពីឪពុករបស់លោក គឺលោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់នៅក្នុងពេលការចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុង ខេត្តកោះកុង នោះថ្លែងថា៖ «ក្រុមហ៊ុនដែលកំពុងកាប់បំផ្លាញព្រៃឈើធំៗទាំងបួននេះ សុទ្ធសឹងតែមានអាជ្ញាប័ណ្ណដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ឲ្យស្របច្បាប់»។
លោកបានថ្លែងឲ្យដឹងថា ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព មាន ៨ កន្លែងធំៗនៅក្នុង ខេត្តរតនគិរី គឺមានកន្លែងស្តុកឈើនៅទីរួម ខេត្តរតនគិរី ២ កន្លែង អូរជុំ ១ កន្លែង នៅ ស្រុកបកែវ មាន ១ កន្លែង វ៉ឺនសៃ មាន ១ កន្លែង តាវែង មាន ១ កន្លែង អណ្តូងមាស ១ កន្លែង និងនៅអូរយ៉ាដាវ ១ កន្លែងដែលមានទីតាំងធំជាងគេដែលជាច្រកនាំចេញទៅប្រទេសវៀតណាម។
លោកថា៖ «ក្រុមហ៊ុននេះបានឲ្យលុយទៅឈ្មួញកណ្តាលរាប់ពាន់នាក់ដើម្បីដើរទិញឈើ រួចយកមកវាយលេខចូលក្រុមហ៊ុន ទ្រី ភាព ដែលសរុបឈើមានក្នុងទីតាំងក្រុមហ៊ុនទាំង ៨ កន្លែងប្រមាណជា ១៥ ម៉ឺនម៉ែត្រគុបជាប្រភេទឈើលេខ ១»។
លោកបន្តថា ចំណែកក្រុមហ៊ុនឧកញ៉ា អាន ម៉ាឌី វិញមានកន្លែងស្តុកឈើធំៗចំនួនពីរនៅ ក្នុងខេត្តនោះគឺមានទីតាំងនៅស្រែពក និងក្របីជ្រំ ដែលមានប្រភេទឈើចម្រុះ ហើយទីតាំងពីរកន្លែងនេះមានឈើសរុបប្រមាណជា ៤ ម៉ឺនម៉ែត្រគុបឡើងទៅរួមទាំងកន្លែងសិប្បកម្មដ៏ធំនៅក្នុងនោះទៀត។ រីឯក្រុមហ៊ុន ៧២ របស់វៀតណាមមានទីតាំងនៅ ភូមិបង្កើង ស្រុកបកែវ មានឈើសរុបប្រមាណជា ១ ម៉ឺនម៉ែត្រគុបឡើងទៅ ព្រមទាំងមានសិប្បកម្មដ៏ធំនៅក្នុងក្រុមហ៊ុន ហើយនាំចេញទៅប្រទេសវៀតណាម និងក្រុមហ៊ុន ហ៊ង អាញ មានកន្លែងស្តុកឈើធំៗចំនួនពីរកន្លែងគឺនៅស្រុកអណ្តូងមាស និងចំណុចស្រែពក ដែលមានឈើប្រមាណជា ១ ម៉ឺនម៉ែត្រគុបឡើងទៅ ថែមទាំងមានកន្លែងសិប្បកម្មមួយដ៏ធំទៀតផង។
លោកថា៖ «ខ្ញុំសូមអំពាវនាវទៅដល់រដ្ឋាភិបាលមេត្តាជួយមើលករណីនេះផង ពីព្រោះអាជ្ញាធរខេត្តពុំហ៊ានតតាំងជាមួយក្រុមហ៊ុនទាំងនោះទេដោយសារពួកគាត់លើកឡើងថា ក្រុមហ៊ុនមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល តែអ្វីដែលខ្ញុំឃើញនោះគឺគាត់ធ្វើលើសអាជ្ញាប័ណ្ណដែលអនុញ្ញាតឲ្យគាត់ធ្វើ»។
លោក ផាន់ ភឿន នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានថ្លែងថា លោកពុំបានដឹងអំពីបញ្ហានោះទេ ប៉ុន្តែប្រសិនបើមានមែននោះគឺគេមានលិខិតអនុញ្ញាតពីក្រសួងមក ដូច្នេះខាងលោកពុំអាចធ្វើអ្វីបាននោះទេ។ លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះវាស្ងាត់ស្ងៀមហើយ»។
យោងតាមរបាយការណ៍របស់អង្គការ Global Witness (GW) ដែលចេញផ្សាយនាពេលកន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ដែលជាក្រុមហ៊ុនកាប់ឈើធំបំផុតរបស់កម្ពុជា បានរំលោភច្បាប់ជាតិ និងអន្តរជាតិ តាមរយៈការបង្កើតបណ្តាញរត់ពន្ធសម្ងាត់ ដើម្បីជួយសម្រួលដល់ «ការកាន់កាប់ខ្នាតធំរបស់ឧស្សាហកម្ម» លើតំបន់ព្រៃអភិរក្សនិងឧទ្យានជាតិ។ បណ្តាញកាប់ឈើខុសច្បាប់ដ៏ស្មុគស្មាញមួយ ពឹងផ្អែកលើការពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល យោធា ប៉ូលិស និងគយ ដើម្បីដឹកជញ្ជូនឈើអភិរក្ស ឆ្លងកាត់ប្រទេស និងឡើងលើទូក ឆ្ពោះទៅទីក្រុងហុងកុង ដែលជាកន្លែងគេគិតថា ឈើនឹងបញ្ជូនទៅប្រទេសចិន តាមរយៈតំបន់សេដ្ឋកិច្ចពិសេសក្រុង Shenzhen។
បុគ្គលិករបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលបានបដិសេធមិនធ្វើការអត្ថាធិប្បាយបានថ្លែងថា៖ «ខ្ញុំធ្វើការទាក់ទងតែផ្នែករដ្ឋបាលទេ ខ្ញុំមិនដឹងទេរឿងកាប់ឈើនោះ»។ ចំណែកឯក្រុមហ៊ុន អាន ម៉ាឌី ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
កាលពី ថ្ងៃទី២៦ ខែកម្ភៈ ក្រុមហ៊ុន ទ្រី ភាព បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយអំពាវនាវសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅលើក្រុមឈ្មួញរកស៊ីកាប់និងដឹកជញ្ជូនឈើមួយចំនួន ដែលបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន ទ្រី ភាព គ្រុប ដើម្បីបិទបាំងការរកស៊ីខុសច្បាប់៕
No comments:
Post a Comment