A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Villagers in Siem Reap accused a Vietnamese company of burning their homes អ្នក​ភូមិ​នៅ​សៀមរាប​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា​​ដុត​បំផ្លាញ​ទីជម្រក​ពួកគេ

ក្រុមហ៊ុន​ចម្ការ​ដំឡូង​មី​របស់​វៀតណាម មួយ​ឈ្មោះ​ថា "សហគមន៍​ទឹក​ខ្មៅ" កំពុង​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ។
ទំនាស់​នេះ​នាំ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ប្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប រហូត​ដល់​មាន​ការ​ដឹកនាំ​កម្លាំង​ប៉ូលិស​ប៉េអិម​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ ២​នាក់ ហើយ​អ្នក​ភូមិ​ប្រុសៗ​មួយ​ចំនួន​ទៀត​នាំ​គ្នា​រត់​គេច​ខ្លួន​ដោយសារ​ភ័យ​ខ្លាច។
ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ជប់រំដេង ស្រុក​ស្វាយលើ កំពុង​អំពាវនាវ​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចុះ​ស៊ើប​អង្កេត និង​ជួយ​រក​យុត្តិធម៌​ដល់​ពួកគេ​ឱ្យ​បាន​ត្រឹមត្រូវ។
ការ​អំពាវនាវ​ធ្វើ​ឡើង​បន្ទាប់ពី​ពួកគេ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ "សហគមន៍​ទឹក​ខ្មៅ" ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើ​ចម្ការ​ដំឡូង​មី ហើយ​ក្រុមហ៊ុន​នោះ បាន​ប្ដឹង​តុលាការ​ខ្មែរ​ឱ្យ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ​ដោយ​មិន​ដឹង​មូលហេតុ។
អ្នក​ភូមិ​ជប់រំដេង ម្នាក់​ក្នុង​ចំណោម​មួយ​ចំនួន​ទៀត គឺ​អ្នកស្រី យុង គឹមលាង។ អ្នកស្រី​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា កន្លង​ទៅ​តុលាការ​ខេត្ត​សៀមរាប បាន​ដឹកនាំ​កម្លាំង​ប៉ូលិស និង​ប៉េអិម​ជា​ច្រើន​នាក់​ទៅ​ចាប់​ខ្លួន​ប្ដី​របស់​គាត់​ឈ្មោះ វ៉ែន ឡន និង​បុរស​ម្នាក់​ទៀត​ឈ្មោះ បឿន សុខ។
ស្ត្រី​ដដែល​បញ្ជាក់​ថា ក្នុង​រដូវ​ដំឡូង​មី​ត្រូវ​ទទួល​ផល​នេះ គឺ​មេការ​ក្រុមហ៊ុន និង​ជនជាតិ​វៀតណាម ជា​ច្រើន​ទៀត​តែង​ជួល​អ្នក​ភូមិ​ឱ្យ​ដើរ​កាប់​ដើម​ដំឡូង​មី​ក្នុង ១​ថ្ងៃ ឱ្យ​ថ្លៃ ២​ម៉ឺន​រៀល ចំណែក​អ្នក​ចង​បាច់​ដើម​ដំឡូង​គឺ​គេ​ឱ្យ ៣០០​រៀល​ក្នុង​១​បាច់។ នៅ​ពេល​ដែល​ក្រុមហ៊ុន​វៀតណាម ជួល​អ្នកភូមិ​ខ្មែរ​ឱ្យ​កាប់​ដើម​ដំឡូង​អស់ ១​ហិកតារ គឺ​គេ​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដាំ​វិញ​ភ្លាម ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​គឺ​ក្រុមហ៊ុន​វៀតណាម បាន​ចោទ​អ្នកភូមិ​ខ្មែរ​ថា បាន​កាប់​បំផ្លាញ​ដំណាំ​របស់​ពួកគេ៖ «ហើយ​ហៅ​សមត្ថកិច្ច​ចុះ​មក​ចាប់​មក​ដល់​ម៉ោង ៣​កន្លះ​ចាប់​មនុស្ស​ចេញ​មក ទាត់​ធាក់​វាយ​សន្លប់​សូម្បី​តែ​ខ្ញុំ​មនុស្ស​ស្រី​ពោះ​ធំ​ហ្នឹង ចាប់​ខ្ញុំ​វាយ​ខ្នោះ​ទាញ​ខ្ញុំ​បោក​ពី​សមត្ថកិច្ច​មួយ​ទៅ​សមត្ថកិច្ច​មួយ​ប្ដីៗ​អ្នក​នៅ​ផ្ទះ​ក្បែរៗ​ហ្នឹង​ដេញ​ចាប់​មិន​ឱ្យ​មាន​នៅ​ផ្ទះ​មួយ​ទេ។ ហេតុ​អ្វី​បានជា​យួន ទៅ​ធ្វើ​បាន​ប្រជាពលរដ្ឋ​ដោយ​ព្រៃផ្សៃ?»

ទោះ​យ៉ាង​ណា​មន្ត្រី​តុលាការ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ចុះ​អនុវត្ត​ចាប់​ខ្លួន​អ្នក​ភូមិ​ជប់រំដេង នោះ បាន​ច្រានចោល​មិន​ធ្វើការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​ឡើយ។
ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក សំរិត សុខុន បាន​សុំ​មិន​ធ្វើការ​អធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​លោក​ជំរុញ​ឱ្យ​សួរ​ទៅ​ប្រធាន​របស់​លោក៖ «សួរ​ទៅ​មេ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ទេ ទាល់តែ​មាន​ការ​អនុញ្ញាត​ពី​គាត់ ព្រោះ​ពេល​ខ្ញុំ​ចុះទៅ​គឺ​គាត់​បញ្ជា​ឱ្យ​ខ្ញុំ​ទៅ ហើយ​ការ​សម្ភាស​អី​តាម​កាសែត ទាល់តែ​គាត់​អ្នក​បំភ្លឺ​វិញ​កុំ​ឱ្យ​ខុស​ខ្ញុំ»
​ចំណែក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយលើ លោក យឹម សុភាព ឱ្យ​ដឹង​ថា ការ​ចុះ​ចាប់ខ្លួន​អ្នក​ភូមិ​នោះ ដោយសារ​តែ​ក្រុមហ៊ុន​វៀតណាម ប្ដឹង​ពី​បទ​កាប់​បំផ្លាញ​ដំឡូង​របស់​គេ។
កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា អ្នក​ភូមិ​ជប់រំដេង ស្រុក​ស្វាយលើ ខ្លះ បាន​នាំ​គ្នា​មក​ដាក់​បណ្ដឹង​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​នេះ​នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប។
អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ ចំរើន ឱ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ទទួល​បណ្ដឹង​ពី​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​មែន ក៏ប៉ុន្តែ​លោក​មិន​ទាន់​បាន​ចុះ​ស៊ើប​អង្កេត​ជុំវិញ​រឿង​នេះ ថា​វា​កើត​ឡើង​យ៉ាង​ណា​នៅ​ឡើយ​ទេ។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មាន​គម្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ពេល​ឆាប់ៗ៕

No comments: