ពលរដ្ឋភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ចោទអាជ្ញាធរថាឈូសបំផ្លាញផ្ទះ ១១ខ្នងដែលពួកគាត់បានតាំងទីលំនៅក្នុងភូមិនោះប្រមាណជាង ៣០ឆ្នាំមកហើយ ដើម្បីប្រកបរបរដាំត្រកួន កញ្ឆែត ជាដើម។ ការចោទនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកន្លែងដែលមានផ្ទះ និងដើមឈើរលំ ដោយសារគ្រឿងចក្រឈូសឆាយផ្ទះពួកគាត់ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។
អ្នកភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្មេងចាស់ប្រុសស្រីប្រមាណ ៣០នាក់ បានលើកបដាទាមទាររស់នៅលើដីរបស់ខ្លួនឡើងវិញ ទាមទារឲ្យបញ្ឈប់ការបណ្ដេញចេញ និងទាមទារឲ្យគោរពសិទ្ធិមនុស្ស ជាដើម។ ក្រៅពីនោះ ពួកគេបានលើកបង្ហាញសិទ្ធិរស់នៅស្របច្បាប់ ដូចជាប័ណ្ណសម្គាល់អចលនទ្រព្យ អត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
លោកស្រី ទិល សារ៉ន អាយុ ៥៣ឆ្នាំ ថ្លែងថា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌដង្កោ មិនបានជូនដំណឹងមុនទេ ស្រាប់តែយកគ្រឿងចក្រមកឈូសដើមអង្កាញ់ច្រើនដើមកាច់ឲ្យដួលរលំសង្កត់លើផ្ទះ សង្កត់ងាប់ឆ្កែ មាន់ ទា និងសម្ភារៈក្នុងផ្ទះ ដោយពួកគាត់មិនបានដឹងមូលហេតុ ព្រោះគាត់ចេញទៅដាំត្រកួន និងកញ្ឆែតនៅបឹងទំពុន៖ «ខ្ញុំថាវាជាអំពើប្លន់ មិនមែនមកលួច មិនមែនមកកៀងមកដេញដូចជំនាន់ ប៉ុល ពត ទេ នេះប្លន់តែម្តង មកវ៉ៃកម្ទេចប្លន់យកតែម្តង គឺប្លន់ខ្ញុំតែម្តង»។
លោក ទិល សាម៉ន ថ្លែងថា គាត់មកតាំងលំនៅក្រោយសាលារៀនកសិកម្មចម្ការដូង នៅឆ្នាំ១៩៨៥ ដីកាលនោះនៅក្នុងខណ្ឌមានជ័យ នៅឡើយ ហើយគាត់ធ្វើរបរដាំត្រកួន និងធ្វើស្រែប្រាំងនៅក្នុងទឹកបឹងទំពុន។ នៅឆ្នាំ១៩៩៣-១៩៩៤ នាយកសាលាកសិកម្មចម្ការដូង បានសុំដីកាយអាចម៍ដីស្រែប្រាំងរបស់គាត់ទៅធ្វើជាទំនប់ស្រះចិញ្ចឹមត្រី។ គាត់ឲ្យកាយដី ដោយគិតថានឹងបានប្រឡាយមានទឹកស្រោចស្រែប្រាំង។ ប៉ុន្តែការកាយដីនោះ ធ្វើឲ្យដីស្រែប្រាំងលែងប្រើបាន គាត់ក៏ដាំត្រកួន កញ្ឆែត រហូតមក។ នៅពេលជិតបោះឆ្នោតឆ្នាំ២០១៣ ដីគាត់ត្រូវគណៈកម្មការជាតិ មកវាស់វែងដើម្បីធ្វើកម្មសិទ្ធិ។ គណៈកម្មការជាតិ ប្រាប់ថា ដីគាត់មានទំហំជាង ៩ពាន់ម៉ែត្រការ៉េ និងប្រាប់ឲ្យរង់ចាំយកប្លង់នៅពេលក្រោយ។ ស្រាប់តែថ្មីៗនេះ ដីគាត់បែរជានៅក្នុងប្លង់ លោក ម៉ៅ សុផល ដែលទិញដីបឹងទំពុន លាតមកដល់ដីគាត់ឯណេះវិញ។ គាត់ធ្វើពាក្យតវ៉ាទៅសាលាសង្កាត់ និងខណ្ឌដង្កោ។ ស្រាប់តែថ្ងៃទី៥ ខែមករា ផ្ទះគាត់ និងផ្ទះអ្នកភូមិ ១១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី រស់នៅ ១៩គ្រួសារ ត្រូវគ្រឿងចក្ររបស់សមត្ថកិច្ចខណ្ឌដង្កោ សម្រុកឈូសពង្រាបយកតែម្តង។ គាត់បានស្ទុះទៅរារាំងមិនឲ្យគេឈូស ក៏រងរបួសទាំង ២នាក់ប្រពន្ធ៖ «មានទំនាស់មកពីមានឈ្មួញវាទិញដីនៅកណ្ដាលបឹងឯណោះ វាវាស់មកដល់គល់ឈើហ្នឹងតែម្តង»។
បំភ្លឺចំពោះការចោទថាអាជ្ញាធរប្លន់ដីនោះ ចៅសង្កាត់ដង្កោ លោក វើក សាមឿន ពន្យល់ថា កន្លែងដែលអ្នកភូមិខ្វា អះអាងថាដីកាន់កាប់ពីឆ្នាំ១៩៨៥ នោះ គឺមិនពិតទេ។ លោកថា ដីនោះជាដីរបស់រដ្ឋ។ នៅអំឡុងពេលជិតបោះឆ្នោតឆ្នាំ២០១៣ ក្រុមគ្រួសារ លោក ទិល សាម៉ន ទើបទៅសង់ផ្ទះរស់នៅលើជើងទេរទំនប់ចុងទួល។ លោកបន្តថា បើគាត់ពិតជាតាំងលំនៅពីឆ្នាំ១៩៨៥ មែន គឺមិនមែននៅជើងទេរទំនប់បែបនេះទេ ព្រោះទំនប់ជាដីខណ្ឌព្រំប្រទល់សាលាភូមិន្ទកសិកម្មចម្ការដូង និងទំនប់បឹងទំពុន ហើយក៏មិនពាក់ព័ន្ធដី លោក ម៉ៅ សុផល ដែរ៖ «ក្រោយមកបានសាលាក្រុងនេះចេញលិខិតបង្គាប់ឲ្យរុះរើចេញ ដោយបញ្ជាឲ្យសាលាខណ្ឌរុះរើ សាលាខណ្ឌក៏បង្កើតគណៈកម្មការចម្រុះមួយទៅរុះរើ ដោយមានព្រះរាជអាជ្ញាអមទៅចូលរួមការរុះរើហ្នឹង ហើយសំណល់របស់គាត់ឈើអីបន្តិចបន្តួចដែលគាត់មានតិចតួចហ្នឹង យើងយកមកទុកនៅសាលាខណ្ឌ ខណ្ឌគាត់អ្នករក្សាទុក»។
នៅក្នុងការពិនិត្យកន្លែងរស់នៅរបស់អ្នកភូមិខ្វា ដែលតវ៉ានោះ មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការសិទ្ធិលំនៅឋាន រួមទាំងអ្នកសារព័ត៌មាន បានឃើញមនុស្សក្មេងចាស់ប្រុសស្រីរើសសម្ភារៈពីកន្លែងផ្ទះរលំ ដោយមានដើមឈើធំៗសង្កត់ពីលើ មកប្រក់តង់រស់នៅលើខ្នងទំនប់ចុងទួល ក្នុងភូមិខ្វា តំបន់ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។
មន្ត្រីអង្គការសិទ្ធិលំនៅឋាន លោក ណន អូនី ថ្លែងថា បើមើលតាមឯកសារ និងភូមិសាស្ត្រដែលអ្នកភូមិបង្ហាញ គឺពួកគាត់ពិតជាបានរស់នៅលើដីនោះ អំឡុងពេលកងទ័ពវៀតណាម ចូលកាន់កាប់ប្រទេសកម្ពុជា នោះពិតមែន ព្រោះមានអត្តសញ្ញាណប័ណ្ណពលរដ្ឋមានរូបកំពូលប្រាំ គឺគាត់រស់នៅស្របច្បាប់មុនសម័យរដ្ឋកម្ពុជា ឬមុនរាជរដ្ឋាភិបាលអាណត្តិទី២ទៅទៀត។ លោកថា ការតាំងលំនៅបែបនោះ គឺស្របតាមរដ្ឋធម្មនុញ្ញ មិនគួរអាជ្ញាធរបណ្ដេញពួកគាត់ទេ៖ «របបប្រជាធិបតេយ្យគេមិនអនុញ្ញាតឲ្យអាជ្ញាធរដែនដីធ្វើការបំផ្លិចបំផ្លាញប្រជាពលរដ្ឋទេ ក៏ប៉ុន្តែរដ្ឋត្រូវតែមានភារកិច្ចការពារប្រជាពលរដ្ឋ»។
បញ្ហានេះដែរ មន្ត្រីអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស កំពុងឃ្លាំមើលសកម្មភាពអាជ្ញាធរ និងប្រជាពលរដ្ឋ ១៩គ្រួសារ ក្នុងភូមិខ្វា ដែលមានជម្លោះដីធ្លីនោះ៕
No comments:
Post a Comment