A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

The CPP demands the CNRP respect the 22nd July agreement [Don't try to distort the truth, it's the CPP which needs to respect that agreement] បក្ស​ប្រជាជន​កម្ពុជា​ទាមទារ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​គោរព​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២​កក្កដា

ហេង សំរិន ៦២០
ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​៣៦​ឆ្នាំ ៧ មករា នៅ​ព្រឹក​ថ្ងៃ​ទី ៧ មករា ២០១៥ នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា នា​រាជធានី​ភ្នំពេញ។
 RFA/Brach Chev
លោក ហេង សំរិន ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គោរព​កិច្ច​ព្រមព្រៀង​នយោបាយ​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ឆ្លើយ​តប​ការ​លើក​ឡើង​នេះ គណបក្ស​សង្គ្រោះ​ជាតិ ថា​ខ្លួន​កំពុង​អនុវត្ត ប៉ុន្តែ​នៅ​ពេល​នេះ គណបក្ស​ប្រជាជន ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​ប្រែ​ស្រអាប់។
ជា​ថ្មី​ម្តង​ទៀត លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ប្ដេជ្ញា​អនុវត្ត​កិច្ច​ព្រមព្រៀង​នយោបាយ ២២ កក្កដា រវាង​បក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បញ្ចប់​វិបត្តិ​នយោបាយ​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣។
លោក ហេង សំរិន ប្រាប់​ទៅ​ភាគី​គណបក្ស​នយោបាយ​ម្ខាង​ទៀត​នៃ​កិច្ច​ព្រមព្រៀង ឲ្យ​ប្រយ័ត្ន​ប្រយែង​ការ​ថ្លែង​សារ​នយោបាយ​ណា​មួយ​នៅ​ទី​សាធារណៈ​ដែល​ខុស​ពី​ការ​ពិត។ ទោះ​ថ្លែង​មិន​ចេញ​ឈ្មោះ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​គណបក្ស​តែ​មួយ​គត់​ដែល​ជា​ភាគី​កិច្ច​ព្រមព្រៀង​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ លោក ហេង សំរិន ថា ការ​គោរព​កិច្ច​ព្រមព្រៀង​នោះ ដើម្បី​រួម​កម្លាំង​គ្នា​ធានា​ការពារ​ស្ថិរភាព​ក្នុង​សង្គម៖ «យើង​សង្ឃឹម​ថា ឥស្សរជន​នយោបាយ​ទាំង​ឡាយ នឹង​ប្រយ័ត្ន​ប្រយែង​ការ​ថ្លែង​សារ​នយោបាយ​ឲ្យ​មាន​ប្រយោជន៍​ដល់​កិច្ច​ព្រមព្រៀង»
ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥ ជា​ការ​ប្រារព្ធ​ខួប ៣៦​ឆ្នាំ ដែល​គណបក្ស​ប្រជាជន ថា​ជា​ថ្ងៃ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។ គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ រៀបចំ​ឲ្យ​អ្នក​ចូលរួម​រាប់​ពាន់​នាក់​ដោយ​មាន​វត្តមាន លោក ហេង សំរិន  លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​បក្ស និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​យ៉ាង​ច្រើន​ទៀត។ ប៉ុន្តែ​អវត្តមាន​ប្រធាន​បក្ស លោក ជា ស៊ីម។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា អវត្តមាន លោក ជា ស៊ីម ដោយសារ​បញ្ហា​សុខភាព។ កម្មវិធី​នោះ​ក្រៅ​ពី​ការ​ថ្លែង​របស់ លោក ហេង សំរិន មាន​ការ​សម្ដែង​របាំ បង្ហោះ​ប៉េងប៉ោង និង​លែង​សត្វ​ព្រាប​ផង​ដែរ។ ជា​រឿយៗ សំឡេង​ជយោ ៧​មករា លាន់​រំពង​ពេញ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន នា​ក្រុង​ភ្នំពេញ៖ «បើ​នៅ​តែ​ចាប់​ចឹង កិច្ច​ព្រមព្រៀង​មិន​បាន​អនុវត្ត​ល្អ​ដោយ​រលូន​ទេ»
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម ស្វាគមន៍​ប្រសាសន៍​របស់ លោក ហេង សំរិន ប៉ុន្តែ​លោក​យល់​ថា ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ដីធ្លី ធ្វើ​ឲ្យ​មាន​ភាព​ស្រអាប់​នៃ​កិច្ច​ព្រមព្រៀង​នេះ។
កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ មេ​ដឹក​នាំ​កំពូលៗ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាព​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​អង្គុយ​ធ្វើ​ការងារ​នៅ​ក្នុង​រដ្ឋសភា និង​ព្រមព្រៀង​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋ​នានា ជាពិសេស​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត។
ប៉ុន្តែ សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត សុខ ទូច មិន​ទាន់​ជឿ​ថា គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​ត្រឹមត្រូវ​នៅ​ឡើយ។ ជាង​នេះ​ទៅ​ទៀត លោក​បណ្ឌិត សុខ ទូច រិះគន់​គណបក្ស​កាន់​អំណាច​ថា ការ​ថ្លែង​នេះ​ជា​ការ​កេង​ចំណេញ​នយោបាយ ដោយ​ខ្លួន​ឯង​មិន​សូវ​គោរព​តាម​កិច្ច​ព្រមព្រៀង ប៉ុន្តែ​ស្រែក​ឲ្យ​គេ​គោរព​ទៅ​វិញ៖ «អ្វី​ដែល​អ្នក​នយោបាយ​និយាយ​គ្រាន់​តែ​និយាយ​ទេ តែ​ការ​អនុវត្ត​នៅ​មាន​កម្រិត​នៅ​ឡើយ»
លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ទៀត​ថា អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​ពូកែ​និយាយ ប៉ុន្តែ​ធ្វើ​បាន​តិច។ លោក​ថា បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​នេះ​បង្កើត​រហូត​មក​ទល់​ពេល​នេះ គ.ជ.ប ថ្មី នៅ​តែ​មិន​ទាន់​បង្កើត​ចេញ ហើយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ចាប់​ខ្លួន។

មនុស្ស​ជិត ១​ម៉ឺន​នាក់ ចូលរួម​អបអរ​សាទរ​ខួប​ថ្ងៃ ៧ មករា នៅ​ខេត្ត​កំពង់ឆ្នាំង

ដោយ ជិន ជេដ្ឋា
ខេត្ត​កំពង់ឆ្នាំង៖ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ សិស្សានុសិស្ស និង​ពលរដ្ឋ​មក​ពី​ស្រុក​ទាំង​៨ នៃ​ខេត្ត​កំពង់ឆ្នាំង សរុប​ជិត ១​ម៉ឺន​នាក់ (៩.៥៨២​នាក់) ចូលរួម​ទិវា​ជ័យ​ជម្នះ​ថ្ងៃ ៧ មករា លើក​ទី​៣៦ នៅ​ក្នុង​បរិវេណ​សាលា​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥។ ពិធី​នេះ​មាន​សម្ដែង​ឈុត​ឆាក​កាប់​សម្លាប់​មនុស្ស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ ប៉ុល ពត ហើយ​មាន​អ្នក​ចូលរួម​ខ្លះ​ប្រែ​ទឹក​មុខ​ក្រៀមក្រំ​ពេល​ទស្សនា​ឈុត​នេះ។
៧​មករា​កំពង់ឆ្នាំង ៦២០
ឈុត​សម្ដែង​មួយ​បង្ហាញ​ពី​សកម្មភាព​កាប់​សម្លាប់​មនុស្ស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ ប៉ុល ពត កាល​ពី​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥។ RFA/Chin Chetha
នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក កីឡា មាន​ប្រសាសន៍​ថា ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៣៦ នៃ​ទិវា​ជ័យ​ជម្នះ​ថ្ងៃ ៧ មករា ឆ្នាំ​នេះ សម្រាប់​ខេត្ត​កំពង់ឆ្នាំង មាន​ភាព​អធិកអធម​ជាង​ឆ្នាំ​ទៅ ដោយ​មាន​អ្នក​ចូលរួម​ច្រើន មាន​ពិធី​លែង​ព្រាប ឬ​ប៉ោងៗ និង​រាប់​បាត្រ​ព្រះសង្ឃ​ជាដើម៖«ជាក់ស្ដែង​រាល់​ដង​អ្នក​ចូលរួម​ក្រោម ១​ម៉ឺន​នាក់ តែ​ពេល​នេះ​តួលេខ ៩.៥៨២​នាក់ អាច​កើន​ជាង ១​ម៉ឺន​នាក់»
នៅ​ក្នុង​ពិធី​ដែល​ចូលរួម​ដោយ​សម្ដេច​ចៅហ្វាវាំង គង់ សំអុល និង​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ជាច្រើន​នាក់​ទៀត បាន​អបអរ និង​ដឹង​គុណ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​ពី​កងទ័ព​វៀតណាម ដើម្បី​រំដោះ​កម្ពុជា ពី​របប​យង់ឃ្នង និង​សម្លាប់​មនុស្ស​ជិត ២​លាន​នាក់ នៅ​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ពិធី​នេះ​បាន​បញ្ចប់​នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​រាប់បាត្រ​ព្រះសង្ឃ។

លោក សុខ អាន អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ជួយ​ប្រៀន​ប្រដៅ​កូន​ចៅ​កុំ​ឲ្យ​ភ្លេច​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត

ដោយ វោហារ ជាតិ
ខេត្ត​តាកែវ៖ មន្ត្រី និង​ប្រជាពលរដ្ឋ​គាំទ្រ​បក្ស​ប្រជាជន ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥ ប្រារព្ធ​ទិវា​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ ដែល​មាន​មន្ត្រី​សាលា​ខេត្ត កង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​សរុប​ជិត ៥​ពាន់​នាក់​ចូលរួម។
ពិធី​នេះ ធ្វើ​ឡើង​នៅ​សួនច្បារ​ក្នុង​ក្រុង​តាកែវ ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន ចូលរួម ដូចជា លោក សុខ អាន ប្រធាន​ក្រុម​ការងារ​បក្ស​ប្រជាជន ​ប្រចាំ​ខេត្ត​តាកែវ លោក ចាន់ សារុន អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ម៉ុក ម៉ារ៉េត អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជាដើម និង​មន្ត្រី​បក្ស​ប្រជាជន​ខេត្ត​ដទៃ​ទៀត ក៏ប៉ុន្តែ​មិន​មាន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ​ចូលរួម​ទេ។
ក្នុង​ពិធី​មាន​រយៈពេល​ពេញ​មួយ​ព្រឹក​នេះ លោក សុខ អាន មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យល់​ប្រាប់​អ្នក​ចូលរួម​អំពី​ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ​វាយ​ផ្ដួល​រំលំ​របប ប៉ុល ពត ក្រោម​កិច្ច​អន្តរាគមន៍​របស់​កងទ័ព​វៀតណាម ដែល​នាំ​ឲ្យ​មាន​ថ្ងៃ ៧ មករា នេះ​ឡើង។ ក្រៅ​ពី​នេះ លោក​បាន​រិះគន់​មន្ត្រី​បក្ស​ប្រឆាំង​មិន​ចំ​មុខ ដែល​មិន​ទទួល​ស្គាល់​ថ្ងៃ ៧ មករា ថា​ជា​គូ​បដិបក្ខ​នៃ​បក្ស​ប្រជាជន និង​រដ្ឋាភិបាល​សព្វថ្ងៃ។
លោក សុខ អាន ដែល​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​នយោបាយ​អំពាវនាវ​ដល់​អ្នក​ចូលរួម​កើត​ទាន់​ក្នុង​របប​ខ្មែរ​ក្រហម ឲ្យ​ជួយ​ប្រៀន​ប្រដៅ​កូន​ចៅ​កុំ​ឲ្យ​ភ្លេច​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​លោក​ថា បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់​បាន​ស្លាប់​យ៉ាង​វេទនា៖ «ជាពិសេស​ក្មួយៗ​យុវជន​ហ្នឹង ពេល​គេ​បង្អាប់ ៧ មករា ត្រូវ​ចេះ​តប​ត​វិញ ថា ៧ មករា រំដោះ​ក្បាល​អ្នក​ឯង​មក ហើយ​ម៉េច​ក៏​ទៅ​វ៉ៃ ៧ មករា វិញ នៅ​ពេល​ហ្នឹង​បន់​ឲ្យ​តែ​រស់​រាន​បន់​ឲ្យ​តែ​អ្នក​ណា​មក​ជួយ ប្រភព​ដើម គឺ​រឿង​ប្រល័យ​ពូជ​សាសន៍ វា​ឃោរឃៅ​ពេក វា​សាហាវ​ពេក» 
ក្រៅ​ពី​អំពាវនាវ​ដល់​មនុស្ស​ជំនាន់​មុន លោក សុខ អាន ជា​រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ​នោះ ក៏​បាន​ផ្ដោត​លើ​មនុស្ស​កើត​ក្រោយ​ថ្ងៃ ៧ មករា ផង​ដែរ ដោយ​លោក​បាន​ជំរុញ​ឲ្យ​ក្រុម​យុវជន ត្រូវ​ចេះ​ក្រោក​ឈរ​ប្រឆាំង​តប​ត​ទៅ​នឹង​អ្នក​រិះគន់​ថ្ងៃ ៧ មករា តាម​គ្រប់​រូបភាព ដូចជា យុវជន​ត្រូវ​ចេះ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ទាំង​នោះ តាម​រយៈ​បណ្ដាញ​ព័ត៌មាន​សង្គម​ហ្វេសប៊ុក (Facebook) ជាដើម៖ «លោក​តា​លោក​យា​យ​មីង​មា​ឪពុក​ម្ដាយ សុំ​កុំ​ភ្លេច​យក​ពេល​វេលា​ជួប​ជុំ​គ្រួសារ​ពេល​យប់ៗ​អី​ហ្នឹង តំណាល​ឲ្យ​ចៅៗ តំណាល​ឲ្យ​ក្មួយៗ​តំណាល​ឲ្យ​កូន​ស្ដាប់​ផង ថា​សម័យ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត វា​យ៉ាង​ម៉េច​ខ្លះ»
ការ​ប្រារព្ធ​ទិវា​ថ្ងៃ ៧ មករា ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង បាន​ចាត់​ទុក​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​ខ្មៅ​ងងឹត ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ឈ្លាន​ពាន​កម្ពុជា និង​ជា​ថ្ងៃ​ដែល​កម្ពុជា បាត់​បង់​ឯករាជ្យ​ភាព។ ពិធី​នេះ​បាន​បញ្ចប់​ទៅ​នៅ​វេលា​ថ្ងៃ​ត្រង់​នា​ថ្ងៃ​ដដែល ដោយ​មាន​ចែក​ជូន​រង្វាន់​ម៉ូតូ កង់ និង​ម៉ាស៊ីន​បូម​ទឹក​ដល់​សិស្សានុសិស្ស​ប្រឡង​ជាប់​ខាង​សូត្រ​កំណាព្យ អំពី​ថ្ងៃ ៧ មករា និង​កីឡាករ​កីឡាការិនី​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ មាន​ស្នាដៃ​ដណ្ដើម​បាន​ពាន​រង្វាន់​ពី​ការ​ប្រកួត​កីឡា​នានា ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​កន្លង​មក។
ខេត្ត​តាកែវ មាន​បក្ស​នយោបាយ​ចំនួន​៥ ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​មាន​តែ​បក្ស​ពីរ​ប៉ុណ្ណោះ​ទទួល​បាន​សំឡេង​គាំទ្រ គឺ​បក្ស​ប្រជាជន បាន ៤​កៅអី និង​បក្ស​សង្គ្រោះ​ជាតិ ៤​កៅអី ដែល​លទ្ធ​ផល​នេះ បក្ស​សង្គ្រោះ​ជាតិ តវ៉ា​ថា​មាន​ការ​កេង​បន្លំ៕

No comments: